រថយន្ត Mitsubishi ASX ស៊េរីឆ្នាំ ២០២៣ ប្រភេទ Crossover បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi ASX ស៊េរីឆ្នាំ ២០២៣ ​គ្រោងនឹងចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ទីផ្សារប្រទេសអាឡឺម៉ង់ និងទីផ្សារនៅអឺរ៉ុបផ្សេងទៀតនៅខែមិនា ឆ្នាំ ២០២៣។

Mitsubishi ASX ស៊េរីឆ្នាំ ២០២៣ បានប្រើប្រាស់នៅគ្រោងឆ្អឹង CMF-B platform មានប្រវែងតួខ្លួនសរុប ៤២២៨ មម​ ទទឹង ១៧៩៧ មម កំពស់ ១៥៧៣ មម។ រថយន្តនេះ បានភ្ជាប់មកជាមួយប៉ាណាមុខត្រូវបានរចនាថ្មី ចង្កៀងមុខ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ។ វាក៏ភ្ជាប់មកជាមួយតួដំបូលពណ៌ខ្មៅ ឬពីរពណ៌ និងថាសកង់ស្ព័ររចនាថ្មីទាំងស្រុងផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញជាមួយនឹងមុខងារ 3D navigationសម្រាប់អេក្រង់កណ្តាល អ្នកអាចជ្រើសរើសរវាងអេក្រង់កំសាន្តផ្តេកទំហំ ៧ អ៊ីញ ឬអេក្រង់បញ្ឈរទំហំ ៩,3 អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay ឬ Android ។ កៅអីខាងក្រោយអាចបត់បានដែលផ្តល់កន្លែងធំទូលាយ ឬកន្លែងដាក់ឥវ៉ាន់បានកាន់តែច្រើន។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Mitsubishi ASX ស៊េរីឆ្នាំ ២០២៣ មានម៉ាស៊ីនជាច្រើនប្រភេទសម្រាប់ជ្រើសរើស រួមមាន៖

  • ម៉ាស៊ីនចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង កម្លាំង ៩០ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ប្រអប់លេខដៃ ៦ វគ្គ។
  • ម៉ាស៊ីនចំណុះ ១,៣ លីត្រ ទំហំ ៤ ស៊ីឡាំង Mild Hybrid កម្លាំង ១៣៨ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ប្រអប់លេខដៃ ៦ វគ្គ។
  • ម៉ាស៊ីនចំណុះ ១,៣ លីត្រ ទំហំ ៤ ស៊ីឡាំង Mild Hybrid កម្លាំង ១៥៦ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧ វគ្គ។
  • ម៉ាស៊ីនចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង Hybrid កម្លាំង ១៤១ សេះ និងកម្លាំងរមួល ១៤៨ ញ៉ូតុនម៉ែត្រ ប្រអប់លេខដៃ ៦ វគ្គ ​ផ្គួបជាមួយអាគុយទំហំ ១,៣ គីឡូវ៉ាត់ម៉ោង។
  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Plug-in hybrid កម្លាំង ១៦០ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០,៥​ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៧-៤៩ គីឡូម៉ែត្រដោយថាមពលអគ្គិសនី។

ទាក់ទងនឹងប្រព័ន្ធសុវត្ថភាពវិញ រថយន្តបានភ្ជាប់មកជាមួយ ប្រព័ន្ធហ្រ្វាំងសុវត្ថភាព, ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកគន្លង, ប្រព័ន្ធកំណត់ល្បឿន, ប្រព័ន្ធជំនួយពេលចូលចតជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម