[បរទេស] រូបភាពដំបូងរបស់ភីកអាប់ Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ត្រូវបានគេថតបាន ដែលកំពុងរំកិលចេញពីខ្សែសង្វាក់ផលិតកម្មនៅឯរោងចក្រផលិតរថយន្ត Michigan Assembly Plant។
ខណៈពេលដែលរថយន្ត Ford Ranger Raptor ជំនាន់ចុងក្រោយបង្អស់មានលក់នៅលើទីផ្សាររួមទាំងប្រទេសអូស្ត្រាលី និងទូទាំងទ្វីបអឺរ៉ុប ខណៈអតិថិជនអាមេរិកត្រូវរង់ចាំយូរជាងគេ ហើយ Ranger Raptor នេះត្រូវបានគេគិតថាជាគំរូមុនការផលិត ឬអាចជាគំរូផលិតកម្មសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
រូបភាពត្រូវបានចែករំលែកតាមអ៊ីនធឺណិតតាមរយៈ Ranger6G forum និងបង្ហាញពីភីកអាប់នេះ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលនៅទីផ្សារដទៃ ដោយបានតុបតែងពណ៌ប្រផេះ Cactus Grey បន្ថែមឆ្នូតពណ៌ទឹកក្រូចនៅលើរបាំងការពារភុកផ្នែកខាងមុខ ភ្លើងហ្វ្រាំងក៏ត្រូវបានប្តូរទីតាំងទ្វារឃ្លុបក្រោយទៅខាងលើដំបូលវិញ។
ចំពោះនៅផ្នែកខាងក្នុងកាប៊ីននៃម៉ូដែលនេះ ត្រូវបានតុបតែងដោយការតុបតែងបែបស្ព័រ រួមទាំងឆ្នូតពណ៌ក្រហមជុំវិញរន្ធម៉ាស៊ីនត្រជាក់ ដៃចង្កូត និងការថ្នេដេរពណ៌ក្រហមនៅលើកៅអី ផ្ទៃតាឡូ និងប្រអប់លេខជាដើម។
ទាក់ទងព័ត៌មានលម្អិតអំពីផ្នែកម៉ាស៊ីន នៅតែមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែគររំពឹងថាភីកអាប់នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០ លីត្រ Twin-turbo V6 ដូចគ្នានៃម៉ូដែលអូស្ត្រាលី និងអឺរ៉ុបជាលក្ខណៈស្តង់ដារ។ នៅប្រទេសអូស្ត្រាលី ម៉ាស៊ីននេះ អាចផលិតកម្លាំងបាន ៣៩២ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ខណៈនៅអឺរ៉ុបត្រូវបានកំណត់ត្រឹមតែ ២៨៨ សេះ និងកម្លាំងរមួល ៤៩១ ញ៉ូតុនម៉ែត្រ ដោយសារស្តង់ដារការបំភាយឧស្ម័នដ៏តឹងរឹង។ ក្នុងនោះ ម៉ូដែលអាមេរិកអាចមានថាមពលច្រើនដូច Bronco Raptor ដែលត្រូវអាចផលិតកម្លាំងបាន ៤១៨ សេះ និងកម្លាំងរមួល ៥៩៦ ញ៉ូតុនម៉ែត្រ ។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន របាយការណ៍បានលេចឡើងដែលបង្ហាញថាការផលិតកំណែអាមេរិកខាងជើងនៃ Ranger និង Ranger Raptor នឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែកក្កដាជាមួយនឹងការចែកចាយនៅក្នុងខែសីហាឬខែកញ្ញា៕