អាចទេ ២ឆ្នាំទៀត Toyota នឹងក្លាយ​ជាអ្នកនាំមុខគេ​លើអាគុយ EV វិញម្តង?

ក្រុមហ៊ុន Toyota គ្រោងនឹង​ដាក់ឲ្យប្រើប្រាស់​អាគុយ​ប្រភេទ Solid-State ជាលើកដំបូង សម្រាប់​រថយន្តអគ្គិសនី នៅក្នុងឆ្នាំ​២០២៧ ឬ ២០២៨ខាងមុខ បន្ទាប់ពី​ក្រុមហ៊ុនជប៉ុននេះ បាន​ប្រកាសចាប់ដៃគូថ្មី​ជាមួយក្រុមហ៊ុនរ៉ែ Sumitomo Metal Mining Co. ដើម្បីផលិតរ៉ែកាហ្សូត សម្រាប់​បច្ចេកវិទ្យាអាគុយថ្មីនេះ។

Toyota បានអះអាងថា អាគុយថ្មីរបស់ខ្លួននេះ នឹងបង្កើនចម្ងាយបើកបរ រយ:ពេលសាកភ្លើងលឿន  ជាពិសេសវាមានទំហំកាន់តែតូច និងអាយុកាលវែង ដែលនឹងផ្លាស់ប្តូរអនាគត​ក្នុងវិស័យយានយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីក្រុមហ៊ុន Sumitomo ខាងលើនេះ Toyota ក៏បានសហការជាមួយក្រុមហ៊ុនមួយចំនួនទៀតផងដែរក្នុងប្រទេសជប៉ុន ក្នុងនោះរួមទាំងក្រុមហ៊ុនយក្ស Idemitsu Kosan ដែលក្រុមហ៊ុននេះបានប្រកាសគម្រោងសាងសង់​រោងចក្រលីចូមស៊ុលហ្វីត សម្រាប់ធ្វើជាវត្ថុធាតុដើម​ប្រើក្នុងអាគុយ Solid-State។

គួរដឹងដែរ ក្រុមហ៊ុនជប៉ុន បានព្យាយាមពង្រឹងខ្លួនក្នុងការអភិវឌ្ឍអាគុយរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាគុយចិន និងកូរ៉េខាងត្បូង ពោលគឺ Toyota ស្ថិតក្នុងចំណោមក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានវិនិយោគរួមគ្នា ក្នុងទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ ដើម្បីផលិតអាគុយក្នុងស្រុក។

គួរដឹងដែរថា ក្រុមហ៊ុនចិន CATL និង BYD ដែលជាអ្នកកាន់កាប់​ទីផ្សារអាគុយក្នុងពិភពលោករួចមកហើយនោះ ក៏គ្រោងនឹងបញ្ចេញ​បច្ចេកវិទ្យាអាគុយថ្មី ក្នុងឆ្នាំ ២០២៧ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម