កាលពីពេលថ្មីៗនេះ Ford បានបញ្ចេញរថយន្តស្ព័រខ្នាតតូចម៉ូដែល Focus ST ស៊េរីថ្មី ជាមួយនឹងម៉ាស៊ីន និងតួខ្លួន ២ ជម្រើស។
វាប្រើម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រថ្មី ជំនួសម៉ាស៊ីនចំណុះ ២,០ លីត្រចាស់ ហើយប្រើ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើតកម្លាំងបាន ២៧៦ សេះ។ បើធ្វើការបៀបធៀប វាមានកម្លាំងខ្លាំងជាងមុន ១២% ដោយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៦ វិនាទីប៉ុណ្ណោះសម្រាប់ម៉ូដែល EcoBoost។
Focus ST បានប្រើប្រព័ន្ធ Electronic Limited-Slip Differential (eLSD) ដែលជួយដល់ការទប់លំនឹង ក៏ដូចជា ជម្រើសនៃការបើកបរ Selectable Drive Modes ដូចជា Sport និង Track Drive Mode ជាដើម។
ក្រៅពីជម្រើសម៉ាស៊ីនសាំង Ford ក៏ផ្តល់ជាជម្រើសម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០ លីត្រ EcoBlue ផងដែរ ដែលបង្កើតកម្លាំងបាន ១៨៧ សេះ ជាម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានលើ Focus ST។ ម៉ាស៊ីនទាំង ២ ជម្រើសនេះ នឹងប្រើជាមួយលេខដៃ ៦ វគ្គស្តង់ដារ ឬ Option លេខអូតូ ៧ វគ្គ។
Focus ST ត្រូវបានផលិតឡើងលើគ្រោងឆ្អឹង C2 ថ្មី ដែលមានបំពាក់លើម៉ូដែល Focus ស៊េរីមុន ដោយកែប្រព័ន្ធបូម, ហ្វ្រាំង និង ដំណើរការយ៉ាងពិសេស។ Focus ST ស៊េរីថ្មីនេះនឹងមានជាប្រភេទ Hatchback និង Wagon (ទ្វារ៥) ជាមួយនឹងតម្លៃចាប់ពី ៣២ ០០០ ដុល្លារលើទីផ្សារបរទេស៕