
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Beijing Auto Show ឆ្នាំ ២០២៦ ក្រុមហ៊ុន Geely បានដាក់បង្ហាញជាដំបូងនូវរថយន្តគម្រូ Robotaxi ដំបូងបង្អស់របស់ប្រទេសចិន ដែលមានឈ្មោះជាផ្លូវការថា Eva Cab។ រថយន្ត Eva Cab បំពាក់នូវបច្ចេកវិទ្យា Step 3.5 មានប៉ារ៉ាម៉ែត្ររហូតដល់ ១៩៦ ប៊ីលាន (១៩៦ ពាន់លាន) និងប្រព័ន្ធឆ្លាតវៃកម្រិតខ្ពស់ H9 មានកម្លាំងគណនាដល់ទៅ ១,៤០០ TOPS។
ក្រុមហ៊ុន Geely បានអះអាងថា រថយន្ដម៉ូឌែលនេះអាចសម្រេចបាននូវល្បឿនវិភាគទិន្នន័យ (Inference speed) ដល់ទៅ ៣៥០ TPS ជាមួយនឹងសមត្ថភាពសម្រេចចិត្តលឿនជាងអ្នកបើកបរជាមនុស្សធម្មតាដល់ទៅ ៣ ដង។ លើសពីនេះ វាក៏អាចដោះស្រាយស្ថានភាពធ្វើដំណើរប្រចាំថ្ងៃបានរហូតដល់ ៩៩% រួមទាំងស្ថានភាពស្មុគស្មាញនានា ដូចជាការបើកបរឆ្លងកាត់បញ្ជរង់ចាំបង់ប្រាក់ដោយដៃ និងការស្វែង រកផ្លូវបើកបរដោយខ្លួនឯងនៅលើផ្លូវលំតាមជនបទដែលគ្មានគំនូសសញ្ញាចរាចរណ៍ជាដើម។
ចំណុចស្នូលដ៏សំខាន់របស់រថយន្ដនេះគឺស្ថិតនៅលើប្រព័ន្ធ World Action Model (WAM) គឺបានបំលែងដំណើរការនៃការយល់ដឹង និងការសម្រេចចិត្ត បែបប្រពៃណី ឲ្យទៅជាប្រព័ន្ធបិទជិតមានសមត្ថភាពរៀបចំផែនការម៉ាក្រូ និងការវិភាគវែកញែកខ្នាតតូច។ បច្ចេកវិទ្យានេះអនុញ្ញាតឲ្យរថយន្តអាច “គិត” និង “វិនិច្ឆ័យ” ដូចជាអ្នកបើកបរដែលមានបទពិសោធន៍ខ្ពស់ នៅពេលប្រឈមមុខនឹងផ្លូវដែលមិនមានរចនាសម្ព័ន្ធច្បាស់លាស់ ឬស្ថានភាពចរាចរណ៍ដែលទាមទារការសម្រេចចិត្តដ៏ស្មុគស្មាញ។
រថយន្តគម្រូនេះត្រូវបានបំពាក់ដោយឧបករណ៍សម្រាប់ចាប់សញ្ញាចំនួន ៤៣ រួមមានទាំង LiDAR និងកាមេរ៉ាកម្រិតច្បាស់ខ្ពស់ បង្កើតបានជាបណ្តាញចាប់សញ្ញា ៣៦០ ដឺក្រេ ចំនួន ៣ ជាន់។ ប្រព័ន្ធនេះចាប់យកព័ត៌មានជុំវិញខ្លួនយ៉ាងលម្អិត ដោយកំណត់អត្តសញ្ញាណអ្នកថ្មើរជើង យានយន្ត និងឧបសគ្គនានា ដើម្បីគេចចេញពីហានិភ័យនៃការបើកបរប្រកបដោយប្រសិទ្ធភាព។ យោងតាមក្រុមហ៊ុន Geely រថយន្តនេះបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងស្ថានភាពចរាចរណ៍ស្មុគស្មាញ ដោយសម្រេចបានអត្រាជោគជ័យរហូតដល់ ៩៥% ក្នុងការបត់ត្រឡប់ក្រោយច្រើនដំណាក់កាល ដែលនេះគឺជាសូចនាករសំខាន់មួយបង្ហាញពីសមត្ថភាពបើកបរដ៏ឆ្លាតវៃដូចមនុស្សពិតៗ។
បន្ថែមពីនេះរថយន្តនេះក៏បានរួមបញ្ចូលនូវបច្ចេកវិទ្យាគ្រោងឆ្អឹងឌីជីថល AI របស់ Geely ដែលមានល្បឿនឆ្លើយតបត្រឹមតែ ៤ មីលីវិនាទី ប៉ុណ្ណោះ។ បច្ចេកវិទ្យានេះអនុញ្ញាតឲ្យមាន “ការគេចចេញពីហានិភ័យដោយស្វ័យប្រវត្តិ” សូម្បីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយផ្តល់ជូនអ្នកដំណើរនូវការការពារសុវត្ថិភាពដែលត្រូវបានពិពណ៌នាថាជា “ការគេចចេញពីហានិភ័យយ៉ាងសកម្ម និងមិនបាត់បង់ការគ្រប់គ្រងឡើយ”៕



















