យោងតាមឧបសម្ព័ន្ធស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក ឲ្យដឹងថា បង្គោលសញ្ញាមានច្រើនប្រភេទ ដែលមានទ្រង់ទ្រាយផ្សេងៗពីគ្នា ដូចជា រាងមូល រាងជ្រុង រាងចតុកោណព្នាយ និងរាងជាបន្ទះជាដើម។

បង្គោលសញ្ញាដែលមានរាងខុសៗគ្នាបែបនេះ ក៏ដោយសារតែវាត្រូវបានប្រើក្នុងគោលបំណងផ្សេងគ្នាដែរ ដើម្បីជួយសម្រួល ផ្តល់ដំណឹង និងដាស់តឿនឲ្យអ្នកបើកបរត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងស្ថានភាពផ្លូវជាក់ស្តែង។ បង្គោលទាំងនោះរួមមាន៖
១. បង្គោលសញ្ញាផ្លូវកោង ឬតម្រង់ផ្លូវ ប្រើសម្រាប់បង្ហាញអ្នកបើកបរ ឲ្យដឹងពីផ្លូវកោងលើផ្ទៃរាបស្មើ ឬប្រើសម្រាប់តម្រង់ផ្លូវបើកបរ មិនឲ្យងាកចេញពីទ្រូងផ្លូវ ពិសេសនៅពេលយប់ ព្រោះមានបំពាក់បន្ទះចំណាំងផ្លាត នៅចន្លោះផ្ទៃខ្មៅ។

២. បង្គោលសញ្ញាផ្លូវកោង (កោងគ្រោះថ្នាក់) បង្គោលសញ្ញានេះ ប្រើសម្រាប់បង្ហាញអ្នកបើកបរ ឲ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើងចំណោត ឬមាត់ជ្រោះ។
៣. បង្គោលសញ្ញាផ្លូវរថភ្លើងឆ្លងកាត់ បង្គោលសញ្ញានេះ ប្រើសម្រាប់ផ្តល់ដំណឹងឲ្យអ្នកបើកបរប្រុងប្រយ័ត្នថាមានផ្លូវរថភ្លើងឆ្លងកាត់នៅចម្ងាយ ១៥០ម៉ែត្រ ឬ១០០០ម៉ែត្រ ឬ៥០ម៉ែត្រខាងមុខ។

៤. បង្គោលគីឡូម៉ែត្រ ដែលត្រូវបានដាក់សម្រាប់ចន្លោះ ១០គ.ម បង្គោលសញ្ញានេះ ប្រើសម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចម្ងាយផ្លូវ ទៅតំបន់សំខាន់ៗខាងងមុខ។ នៅលើជើងតាង ឬទីតាំងក្បែរបង្គោលនេះ មានភ្ជាប់នូវ Bench Mark។
៥. បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) បង្គោលសញ្ញានេះ ត្រូវដាក់ខាងឆ្វេងដៃ តាមទិសដៅចេញពីរាជធានីភ្នំពេញ ក្នុងចន្លោះ ១គីឡូម៉ែត្រមួយ សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចម្ងាយផ្លូវ ទៅតំបន់សំខាន់ៗខាងមុខ។ ក្នុងចន្លោះ ១០គីឡូម៉ែត្រម្តង បង្គោលសញ្ញានេះ ត្រូវដាក់ជំនួសដោយបង្គោលដែលបានរៀបរាប់នៅចំណុចទី៤ខាងលើ។ សម្រាប់បង្គោលនេះដែរ គួរកត់ចំណាំថា លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖
– ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់
– ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់៕



















