Ford F-150 ឆ្នាំ ២០២១ នឹងបង្ហាញរូបភាពជាផ្លូវការនាថ្ងៃទី ២៥ ខែមិថុនានេះ ហើយពេលនេះក្រុមហ៊ុនបានបញ្ចេញរូបភាព Teaser ដំបូងនៃរថយន្តភីកអាប់ដែលផ្លាស់ប្ដូររូបរាងថ្មីនេះ។
ត្បិតថារូបភាពមិនបានបង្ហាញអ្វីច្រើន ប៉ុន្តែវាបានបញ្ជាក់ការផ្លាស់ប្ដូរការឌីហ្សាញលើចង្កៀងខាងមុខ ដែលមានរុំព័ទ្ធដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED រាងជាអក្សរ C។ កន្លងមករូបរាងខាងមុខរបស់ F-150 ស៊េរីថ្មី ត្រូវបានគេថតជាប់ជាច្រើនលើកមកហើយ ពេលវាបើកបរសាកល្បងលើដងផ្លូវ។ បើតាមរូបភាពដែលគេថតបានកន្លងមក នៅផ្នែកខាងមុខក៏មានផ្លាស់ប្ដូររន្ធខ្យល់ដែលមានឌីហ្សាញថ្មីផងដែរ។
ក្រៅពីរូបភាព Teaser នេះ ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ដែរថា រថយន្ត F-150 ឆ្នាំ ២០២១ នឹងបញ្ចេញលក់លើទីផ្សារចាប់ផ្ដើមពីចុងឆ្នាំនេះ។ គួរដឹងដែរថា F-150 ស៊េរីថ្មី អាចនឹងមានបន្ថែមនូវប្រភេទដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលនឹងមកដល់លើទីផ្សារក្នុងពេល ២ឆ្នាំទៀត៕