Bentley Bentayga Hybrid អាប់ដេតថ្មី បើកដោយអគ្គិសនីសុទ្ធបានឆ្ងាយជាងមុន

[ទីផ្សារបរទេស] Bentley បានធ្វើការដុសខាត់រថយន្ត Bentayga ប្រភេទ Hybrid ដោយបាន​ដំឡើងរយៈចម្ងាយ​បើកបរ​ជាមួយ​ថាមពលអគ្គិសនីសុទ្ធបានឆ្ងាយជាងមុនបន្តិច និងបានផ្ដល់ជម្រើស Hybrid នេះលើ Option រថយន្ត​ចំនួន​ពីរថែម​ទៀត​ផង​ដែរ។

ការផ្លាស់ប្ដូរបានធ្វើឡើងជាមួយអាគុយចំណុះ ១៨kWh ដែល​អាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ ៤៤គីឡូម៉ែត្រ ឆ្ងាយ​ជាង​មុន​ប្រមាណ ៣គីឡូម៉ែត្រ។ ប្រព័ន្ធ Hybrid នេះមានផ្សំឡើងដោយម៉ាស៊ីនសាំង ៣,០លីត្រ V6 និងម៉ូទ័រអគ្គិសនីមួយដែលម៉ូទ័រ​នេះ​ផលិត​កម្លាំងបានខ្លាំងជាងមុ ៦%។

ពាណិជ្ជកម្ម

ម៉ូទ័រអគ្គិសនីថ្មី អាចផលិតកម្លាំងបាន ១៣៤សេះ ដែលធ្វើឲ្យថាមពលសរុបរបស់ Bentayga Hybrid ឡើងពី ៤៤៣សេះ ដល់ ៤៥៦សេះ និងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៣វិនាទី លឿនជាងមុន ០,២វិនាទី។

កន្លងមក Bentley បានផ្ដល់ជម្រើស Hybrid នេះតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែពេលនេះវាមានជាជម្រើសសម្រាប់​ Option S និង Azure បន្ថែមទៀត។

Bentley និយាយថាការបន្ថែមជម្រើស Hybrid លើសែស្រឡាយរថយន្តខ្លួន មាន​ន័យថាពាក់កណ្ដាលនៃរថយន្តរបស់​ខ្លួន (៧ ក្នុង​ចំណោម ១៤) ពេលនេះគឺមានជម្រើសថាមពលអគ្គិសនី ដែលជាការឆ្ពោះទៅកាន់គោលដៅ​ធ្វើឲ្យរថយន្ត​ទាំងអស់​មាន​ជម្រើស​ថាមពលអគ្គិសនីនៅត្រឹមឆ្នាំ២០២៥ ជាឆ្នាំដែលរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Bentley បង្ហាញខ្លួន៕

Sponsored