Dongfeng Venucia V ប្រភេទ plug-in hybrid ជិះ ១០០ គីឡូម៉ែត្រស៊ីប្រេងតែ ៤ លីត្រ នឹងចេញលក់នៅខែក្រោយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Nissan គ្រោងនឹងធ្វើការដាក់លក់ជាផ្លូវការនៅរថយន្ត Dongfeng Venucia V DD-i ប្រភេទ plug-in hybrid នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតនៅលើគ្រោងឆ្អឺង VSA modular platform មានប្រវែងតួខ្លួនសរុប ៤ ៦០៧ ម.ម ទទឹង ១ ៩១៧ ម.ម កំពស់ ១ ៦២៤ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ការេចនានៅផ្នែកខាងក្រៅ រថយន្តនេះ បានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំរាងអក្សរ V តុបតែងដោយក្រូម៉េ ចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ប្រភេទ 6-spoke alloy , កញ្ចក់ចំហៀងខ្មៅ និងចង្កៀងក្រោយ LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាឡើងជាមួយពណ៌បៃតង និងពណ៌ប្រផេះ បំពាក់​កៅអីប្រភេទ gravity-free seat ​​នៅផ្នែកខាងមុខភ្ជាប់មកជាមួយមុខងារខ្យល់ត្រជាក់ និងកំដៅនៃកៅអីផងដែរ។ លើសពីនេះ ក៏បានបំពាក់អេក្រង់ភ្លោះទំហំដល់ទៅ ២៤ អ៉ីញ និងដំបូលកញ្ចក់អគ្គិសនី panoramic sunroof ទំហំធំជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Plug-in hybrid ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៩០ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើពេល ៧ វិនាទី ជាមួយកម្រិតស៊ីសាំ ៤ លីត្រក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១ ១៣២ គីឡូម៉ែត្រនៅពេលចាក់ប្រេងពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម