Ford ចេញម៉ូឌែលប្រភេទថ្មី Maverick Tremor ប្រើប៉ុង២ និងថ្លៃជាងម៉ូឌែលធម្មតា ៣ពាន់ដុល្លារ

ក្រុមហ៊ុន Ford បានពង្រីកវិសាលភាពនៃត្រកូលរថយន្តភីកអាប់ខ្នាតតូចរបស់ខ្លួន ជាមួយនឹងការប្រកាសចេញនូវម៉ូឌែលប្រភេទថ្មី Ford Maverick Tremor សេរ៊ីឆ្នាំ២០២៣។

ក្រឡេកទៅលើរូបរាងនៃម៉ូឌែលថ្មីនេះ Ford បានធ្វើការឌីស្សាញប៉ាណាមុខថ្មី និងកាងការពារខាងក្រោមថ្មី ក្នុងការការពារការប៉ះទង្គិចបានកាន់តែប្រសើរ ព្រមទាំងបានរំលេចជាមួយពណ៌ទឹកក្រូចទៅលើ ដែកអូសសណ្តោងនៅខាងមុខទាំងសងខាង និងថាសកង់ប្រភេទ Alloyទំហំ ១៧អ៊ីញ។

ពាណិជ្ជកម្ម

លើសពីនេះ អតិថិជនក៏អាចធ្វើការបញ្ជាទិញនូវកញ្ចប់ Tremor Appearance Package ដែលតម្លៃ ១ ៤៩៥ដុល្លារ ផងដែរ ដោយក្នុងកញ្ចប់នោះមាននូវការបន្ថែមពណ៌ Carbonized Gray នៅលើដំបូល និងស៊ុមកញ្ចក់ជំហៀង និងក្រាហ្វិចពណ៌ខ្មៅលើតួរខ្លួន និងគម្របម៉ាស៊ីន។

រីឯផ្នែកខាងក្នុងត្រូវបានផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ជាក់ស្តែងកៅអីផ្នែកខាងក្នុងត្រូវបានភ្ជាប់មកជាមួយឡូហ្គូ ‘Tremor’ និងរំលេចជាមួយថ្នេរដេរពណ៌ទឹកក្រូច។

ចំណែកឯថាមពលម៉ាស៊ីន រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០សេះ និងកម្លាំងរមួល ៣៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់មកស្តង់ដាជាមួយប្រព័ន្ធបើកបរប៉ុង២ ជាមួយ Twin-clutch rear-drive unit ដែលភ្ជាប់ជាមួយមុខងារចាក់សោប៉ុង ឬ Differential Lock។

ក្រៅពីទទួលបាននូវប្រព័ន្ធបើកបរប៉ុង២ រថយន្ត Tremor ត្រូវបានផលិតឡើងផ្អែកលើកញ្ចប់ FX4 Off-Road Package ដោយបានធ្វើអោយប្រើសើរឡើងនូវប្រព័ន្ធ Suspension ដើម្បីជួយសម្រួលដល់រ៉ឺស័រ និងបូម ទាំងផ្នែកខាងមុខ និងខាងក្រោយ។ ហើយបើប្រៀបធៀបជាមួយម៉ូឌែលធម្មតា វាបានបន្ថែមនូវកម្ពស់ខ្ពស់ជាងមុនចំនួន ១អ៊ីញ(២៥អ៊ីញ) និងមានកម្ពស់ពីដី ៩,៤អ៊ីញ។

សូមបញ្ជាក់ផងដែរ Ford បានចាប់ផ្តើមទទួលការបញ្ជាទិញឡើងវិញនៃរថយន្ត Maverick សេរ៊ីឆ្នាំ២០២៣ នេះហើយ ដោយកញ្ចប់ Tremor Off-Road Package មានតម្លៃ ២ ៩៩៥ដុល្លារ និងមានតែនៅលើម៉ូឌែល XLT និង Lariat ប៉ុណ្ណោះ៕

Sponsored