Ford នឹងបញ្ចេញឡានលក់ដោយគ្មានឈីបមួយចំនួន

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិកនឹងដាក់លក់ និងដឹកជញ្ជូនរថយន្តជូនអតិថិជនដោយមិនមានឈីបសឺម៉ីកុងឌុចទ័រមួយចំនួន ឬគ្រឿងបន្លាស់ដែលជាប់ពាក់ព័ន្ធនឹងឈីបនេះ ហើយសន្យាថានឹងដំឡើងឈីបជូនវិញនាពេលក្រោយតាមរយៈសាខាហាងលក់របស់ខ្លួន។

ការសម្រេចបែបនេះ គឺដើម្បីដោះស្រាយនូវវិបត្តិខ្វះខាតគ្រឿងបន្លាស់ ដោយ Ford នឹងដាក់លក់រថយន្តដែលមិនមានឈីបមួយចំនួន ដែលឈីបទាំងនេះមិនមានជាប់ពាក់ព័ន្ធនឹងមុខងារសុវត្ថិភាពសំខាន់ណាមួយឡើយ។ Ford សន្យាថានឹងផ្ញើជូនឈីបសំខាន់នៅអំឡុងពេលមួយឆ្នាំទៅកាន់សាខាហាងលក់ដើម្បីដំឡើងក្នុងរថយន្តជូនអតិថិជន។

ពាណិជ្ជកម្ម

ការចុះផ្សាយរបស់ Auto News បានឲ្យដឹងថានាយកជាន់ខ្ពស់របស់ Ford បានប្រាប់ដំណឹងនេះទៅកាន់តំណាងចែកចាយរបស់ខ្លួន​អំឡុងកិច្ចប្រជុំនៅទីក្រុងឡាសវេហ្គាស កាលពីថ្មីៗកន្លងទៅ ប៉ុន្តែគេមិនច្បាស់ថារថយន្តម៉ូដែលណាខ្លះនឹងត្រូវទទួលរងឥទ្ធិពលនេះ។

យ៉ាងណាក្ដី អ្នកនាំពាក្យ Ford ឈ្មោះ Said Deep បានរំលឹកឲ្យដឹងថារថយន្ត Explorer នឹងជារថយន្តមួយស្ថិតក្នុងចំណោមរថយន្តដែលលក់ដោយគ្មានឈីបមួយចំនួន ហើយរថយន្តនេះនឹងមិនមានមុខងារបញ្ជាសីតុណ្ហភាពសម្រាប់កៅអីអង្គុយជួរក្រោយនោះទេ ប៉ុន្តែមុខងារនេះនឹងអាចបន្ថែមបាននាពេលក្រោយ។ អ្នកដែលទិញ Explorer ដែលមិនមានឈីបមួយចំនួននឹងទទួលបានការបញ្ចុះតម្លៃ ហើយពេលដែលគ្រឿងបន្លាស់ដែលសំខាន់មានស្តុកវិញ Ford នឹងដំឡើងជូនវិញដោយមិនគិតថ្លៃ៕

Sponsored