Ford មានដំណោះស្រាយថ្មី ដើម្បីលក់ Ranger Raptor នៅអាមេរិកបាន

Ford Ranger ត្រូវ​បាន​ដាក់​លក់​សារ​ជា​ថ្មី​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០១៩ ប៉ុន្តែ​អតិថិជន​ខក​ចិត្ត​បន្តិច​ត្រង់​ថា​គ្មាន​ប្រភេទ Ranger Raptor។

គួរ​ដឹង​ថា Ranger Raptor នេះ​មាន​​លក់​តែ​នៅ​ទីផ្សារ​ក្រៅ​សហរដ្ឋអាមេរិក​ដូច​ជា​​ថៃ និង​អូស្ត្រាលី ដែល​វា​មាន​បំពាក់​ម៉ាស៊ីន​​ម៉ាស៊ូត​ Twin-Turbo ៤ ស៊ីឡាំង កម្លាំង ២១០ សេះ។ ដោយ​សារ​ម៉ាស៊ីន​នេះ​មិន​​ត្រូវ​នឹង​ស្តង់ដារ​ឧស្ម័ន​​នៅ​អាមេរិក​ខាង​ជើង ទើប​រថយន្ត​នេះ​មិន​មាន​លក់​នៅ​សហរដ្ឋអាមេរិក។

ពាណិជ្ជកម្ម

បើ​តាម​​សារព័ត៌មាន​អូស្ត្រាលី Which Car បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា Ford កំពុង​ត្រៀម​រៀប​ចំ Ranger Raptor ដែល​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ V8 ចំណុះ ៥,០ លីត្រ របស់​រថយន្ត Mustang GT។ របាយការណ៍​បាន​អះអាង​ទៀត​ថា​គម្រោង​ការ​នេះ​កំពុង​ចាត់​ចែង​ដោយ​​ក្រុម​វិស្វករ​ Ford Australia។ គេ​មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា​គម្រោង​ការ​នេះ​នឹង​​​ធ្វើ​ឡើង​សម្រាប់​រថយន្ត​លក់​នៅ​អូស្រ្តាលី​ឬ​យ៉ាង​ណា​នោះ។ វា​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អតិថិជន​នៅ​អាមេរិក ដោយ​សារ​ម៉ាស៊ីន V8 របស់​ Mustang គឺ​អាច​ប្រើ​ប្រាស់​នៅ​អាមេរិក​បាន។ មាន​ន័យ​ថា​បើសិន​មាន​ Ranger Raptor ប្រើ​ម៉ាស៊ីន V8 នោះ​អាច​នឹង​មាន​ឈ្មួញ​នាំ​រថយន្ត​ពី​អូស្ត្រាលី​ទៅ​លក់​នៅ​អាមេរិក​ក៏​ថា​បាន៕​​

Sponsored