Ford ឲ្យតម្រុយពីឡានភីកអាប់ Maverick ត្រៀមចេញប្រភេទថ្មី

[ទីផ្សារបរទេស] ក្នុងអំឡុងពេលប្រកាសលទ្ធផលចំណូលប្រចាំត្រីមាសទីពីរ លោក Jim Farley នាយកប្រតិបត្តិ Ford បាន​ឲ្យ​តម្រុយអំពីរថយន្ត Maverick ប្រភេទថ្មី រួមជាមួយរថយន្តម៉ូដែលថ្មីៗមួយចំនួនទៀតផងដែរ។

នាយកប្រតិបត្តិរូបនេះមិនបាននិយាយលម្អិតអ្វីឡើយអំពីរថយន្តម៉ូដែលថ្មី ប៉ុន្តែ​តាម​រយៈរូបភាពដែល​គេថត​បាន​កន្លង​មក​ បាន​បង្ហាញ​អំពី​រថយន្ត Maverick Tremor ដែល​មើល​ទៅគឺជាប្រភេទ PHEV ដែល​មាន​ប្រើប្រាស់​ប្រព័ន្ធ​បើកបរវិលកង់ទាំងបួន ឬ​ហៅ​ថា​ប៉ុងពីរ។

ពាណិជ្ជកម្ម

រថយន្តដទៃទៀតដែលលោក Jim Farley បានឲ្យតម្លៃមានដូចជា​រថយន្ត Bronco ដោយ​លោកបាន​លើកឡើងថា​គ្រប់រថយន្ត Bronco គ្រប់​ប្រភេទរួមមានប្រភេទ Badlands, Wildtrak, Everglades និង Raptor ជាដើមគឺ​ផ្ដោត​លើ​ការបើកបរ​ Off-Road ជា​ចម្បង។ យ៉ាងណាក្ដី​លោក​យល់​ឃើញថាអតិថិជនមួយចំនួនអាចនឹងទន្ទឹងរង់ចាំ Bronco ដែលមាន​ប្រណីត​ភាព​ខ្ពស់។

ម៉ូដែលបន្ទាប់គឺរថយន្ត Mustang ជំនាន់ថ្មី ដែលនឹងត្រូវបង្ហាញវត្តមាននៅថ្ងៃទី១៤ ខែកញ្ញា ក្នុងកម្មវិធី​តាំង​បង្ហាញ​រថយន្ត​អាមេរិក​ខាង​ជើង​អន្តរជាតិ ដោយលោក Jim Farley លើកឡើងថា​វាគឺជារថយន្ត​ដ៏​ទាក់ទាញ​មួយ។ មិនទាន់ចប់នោះទេ លោក Jim Farley ក៏បានឲ្យតម្រុយអំពីរថយន្តភីកអាប់ Super Duty ជំនាន់ថ្មីដែលនឹងបង្ហាញ​ខ្លួន​នៅ​អំឡុង​ចុងឆ្នាំ​២០២២នេះ​ផងដែរ៕

 

Sponsored