Ford Explorer ឆ្នាំ ២០២០ ដូររូបរាងថ្មី ហើយអាចចូលចតស្វ័យប្រវត្តិទៀត

នាពេលថ្មីៗនេះ Ford ​បាន​បង្ហាញរថយន្ត SUV កៅអី ៣ ជួរ ម៉ូដែល Explorer ស៊េរី​ឆ្នាំ ២០២០ ជាផ្លូវការ ដោយទទួល​បាន​ការ​រចនា​ឡើង​វិញ ជា​ពិសេស​ផ្នែក​ខាង​មុខ ដូចជា ប៉ាណា, រន្ធ​បឺត​ខ្យល់ និង ចង្កៀង ផង​ដែរ ខណៈ​ផ្នែក​ខាង​ក្រោយ​ស្រដៀង​ទៅ​នឹង​ស៊េរី​មុន។ អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ​គឺ ផ្នែក​ខាង​ក្នុង ដែល​ទទួល​បាន​ការ​រចនា​ឡើង​វិញ​ទាំង​ស្រុង ហើយ​បំពាក់​គ្រឿង​បរិក្ខា​មាន​គុណភាព​ល្អ​ជាង​មុន ព្រម​ទាំង​រចនា និង​រៀប​ចំ​បាន​យ៉ាង​ល្អ​បំផុត។

Ford Explorer ប្រភេទ Base Model នឹង​បំពាក់​មុខងារ Dual-Zone Automatic Climate Control System, ប្រព័ន្ធ 4G LTE Wi-Fi Hotspot និង កៅអី​អង្គុយ​ជួរ​ទី ២ អាច​កាត់​ទៅ​មុខ-ក្រោយ ហើយ​បត់​បាន​ផង​ដែរ។ រឹត​តែ​ពិសេស គឺ អេក្រង់​ទំហំ ៨ អ៊ីញ ដំណើរការ​ដោយ​ប្រព័ន្ធ SYNC 3 ជាមួយ​មុខងារ Apple CarPlay និង Android Auto ទៀត​ផង។ ក្រៅ​ពី​ប្រភេទ Base Model រថយន្ត SUV Ford Explorer នេះ​ក៏​មាន​ប្រភេទ XLT, Limited និង Platinum ដោយ​បំពាក់​មក​ជាមួយ​នូវ​លក្ខណៈ​ពិសេស​កាន់​តែ​សម្បូរ​បែប។

ពាណិជ្ជកម្ម

ចំណែក​ឯ​ម៉ាស៊ីន​វិញ​ក៏​ខុស​គ្នា​ទៅ​តាម​ប្រភេទ​និមួយៗ​ដែរ ដូច​ជា ប្រភេទ Base Model ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង កម្លាំង ៣០០ សេះ ប្រើ​ប្រអប់លេខ​ថ្មី ១០ វគ្គ និង ប៉ុង ១ កាឡេ​ក្រោយ (RWD)។ វា​ក៏​មាន​ជា Option ប៉ុង ២ វៃឆ្លាត 4WD ដែល​មក​ជាមួយ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ស្ថានភាព​ផ្លូវ Terrain Management System សរុប​ចំនួន ៧ ប្រភេទ​ខុសៗ​គ្នា។

ក្រៅ​ពី​នេះ​គឺ ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ EcoBoost ទំហំ ៦ ស៊ីឡាំង កម្លាំង ៣៦៥ សេះ។ ដោយ​សារ​តែ​ម៉ាស៊ីន និង​គ្រោង​ឆ្អឹង​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ​ថ្មី រថយន្ត Ford Explorer ស៊េរី​ឆ្នាំ ២០២០ អាច​អូស​សណ្តោង​រហូត​ដល់​ទៅ​ទម្ងន់ ២ ៥៤០ គីឡូក្រាម​ឯណោះ។

បើ​និយាយ​ពី​ប្រព័ន្ធ​សុវត្ថិភាព​វិញ វា​បាន​បំពាក់​ប្រព័ន្ធ Co-Pilot360 មក​ស្តង់ដារ​តែម្តង ដោយ​ក្នុង​នោះ​រួម​មាន​មុខងារ Pre-collision Assist System with Pedestrian Detection, Forward Collision Warning, Automatic Emergency Braking, Lane-Keeping Assist, កាមេរ៉ា​ក្រោយ, ចង្កៀង​អូតូ និង Blind Spot Information System with Cross-Traffic Alert ផង​ដែរ។

Ford Explorer Platinum មាន​បំពាក់ប្រព័ន្ធ Active Park Assist 2.0 System ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​ចូល​ចត​​ស្វ័យប្រវត្តិ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​មួយ​ប៉ុណ្ណោះ ហើយ​អ្នកបើកបរ​មិន​ចាំ​បាច់​កាន់​ដៃ​ចង្កូត, ដាក់​លេខ, ជាន់​ហ្គ៊ែរ ឬ​ជាន់​ហ្វ្រាំង​ឡើយ។ Ford Explorer ​ឆ្នាំ ២០២០ ​មាន​តម្លៃ​ចាប់​ពី ៣២ ៧៦៥ ដុល្លារ​នៅ​សហរដ្ឋអាមេរិក៕

Sponsored