នាពេលថ្មីៗនេះ MINI បានបង្ហាញម៉ូដែល Cooper S ថ្មី ប្រភេទ “60 Years Edition” ដោយផលិតមានចំនួនកំណត់សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដើម្បីអបអរដល់ខួប ៦០ ឆ្នាំ ចាប់តាំងពីរថយន្ត BMC Mini ដើម ដែលបានបន្តផលិតកម្មរហូតដល់ឆ្នាំ ២០០០ និងជារថយន្តអង់គ្លេសលក់ដាច់បំផុតក្នុងប្រវត្តិសាស្រ្ត។
MINI Cooper S 60 Years Edition នឹងត្រូវផលិតត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៣៨ ៥៣០ ដុល្លារ។ តួផ្នែកខាងក្រៅរបស់វាមានពណ៌បៃតងចាស់ (British Racing Green IV) ជាមួយនឹងការរចនាយ៉ាងស្រស់ស្អាត គួរឲ្យស្រលាញ់។ វាបំពាក់យ៉ាន់អាលុយមីញ៉ូមទំហំ ១៧ អ៊ីញ ហើយថែមទាំងមានតែម “60 Years” ដើម្បីបញ្ជាក់ថាវាជាម៉ូដែលពិសេស។
MINI បានបំពាក់កៅអីស្បែកពណ៌កាហ្វេ (Dark Cacao) និងមានថ្នេរដេរពណ៌សរំលេចគ្នាយ៉ាងទាក់ទាញ, អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ ជាមួយនឹងមុខងារ Sat-nav, Bluetooth និង Apple CarPlay ផងដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងមានមុខងារសាកថ្មទូរសព្ទមិនបាច់ប្រើខ្សែទៀតផង។
MINI Cooper S នេះបានបំពាក់ Option “Comfort Plus Pack” ដោយក្នុងនោះរួមមាន កាមេរ៉ាមើលក្រោយ, មុខងារ Park Distance Control, កញ្ចក់ចំហៀងបិទបើកអូតូ, ចង្កៀងមុខក្រោយប្រភេទ LED, ផ្តិតទឹកសេនសឺ, ប្រព័ន្ធភ្លើង Ambient Lighting និង Intelligent Emergency Call។
រថយន្ត MINI Cooper S 60 Years Edition ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩២ ហើយដំណើរការដោយប្រអប់លេខអូតូ ៧ វគ្គ៕