ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បញ្ចេញម៉ូដែលថ្មីប្រភេទ SUV កៅអី ៣ជួរ នៅទីផ្សារប្រទេសឥណ្ឌា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG Majestor ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ នៅឯពិព័រណ៍រថយន្ត BME 2025 ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌា ។

MG Majestor ផលិតឡើងផ្អែកនៅលើតួគ្រោងរបស់ភីកអាប់ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ twin-turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

Generated by pixel @ 2025-01-21T00:29:47.970200

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៤៦ ម.ម ទទឹង ២ ០១៦ ម.ម កំពស់ ១ ៨៧៦ ម.ម  ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅផ្តល់នៅហាប់ណែន និងអំណាចជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

Generated by pixel @ 2025-01-21T00:30:25.240980

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ 007 GT របស់ Zeekr សាកថ្មតែ ១៥នាទី ក៏ជិះបាន ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពនៃរថយន្តអគ្គិសនីសុទ្ធ Zeekr 007 GT ស៊េរីថ្មីចុងក្រោយ ប្រភេទ wagon គ្រោងនឹងចេញលក់ក្នុងឆមាសទី ២ ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន រួមទាំងតំបន់អឺរ៉ុប ។

Zeekr 007 GT ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦២៥ សេះ ផ្គួបជាមួយអាគុយប្រភេទ NMC Golden battery របស់ Geely សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៨៧០ គីឡូម៉ែត្រ គាំទ្រដោយប្រព័ន្ធសាកថ្មល្បឿនលឿន 800v High Voltage Platform សាកថ្មតែ ១៥នាទី ក៏អាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ក៏ដូចជាប្រព័ន្ធកាមេរ៉ានៅលើដំបូលខាងមុខ រួមទាំងកាងដែក roof-rails និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

គួរឲ្យដឹងថា Zeekr 007 GT ស៊េរីថ្មីចុងក្រោយ គ្រោងនឹងបង្ហាញខ្លួននៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៥ មុនពេលចេញលក់ជាផ្លូវការ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! VinFast ប្រកាសចូលទីផ្សារប្រទេសឥណ្ឌាដោយចេញលក់រថយន្ត VF6 និង VF7

ក្រុមហ៊ុន VinFast ដែលជាយីហោរថយន្តមកពីប្រទេសវៀតណាម បានប្រកាសចូលទីផ្សារប្រទេសឥណ្ឌាជាលើកដំបូងនៅពិព័រណ៍ Bharat Mobility Expo 2025 ។ បន្ទាប់ពីការបង្ហាញខ្លួននេះ ក្រុមហ៊ុនបានប្រកាសពីការចេញលក់រថយន្ត VF6 និង VF7 នៅក្នុងប្រទេសឥណ្ឌា។

បើយោងតាមលោក Ashwin Patil, អគ្គនាយករងក្រុមហ៊ុន VinFast Auto India, បានឲ្យដឹងថា ម៉ូដែលទាំងនេះនឹងត្រូវមានការកែសម្រួលបន្តិចបន្តួច ដើម្បីសម្របសម្រួលទៅនឹងតម្រូវការទីផ្សារឥណ្ឌា។ លើសពីនេះ ក៏មានគម្រោងបន្ថែមការលក់ម៉ូដែលថ្មីៗទៀតផងដែរ ប៉ុន្តែកំពុងសិក្សាពិចារណា។

ចំពោះព័ត៌មានលក្ខណៈបច្ចេកទេស និងផលិតកម្មរបស់រថយន្ត VF6 និង VF7 នឹងត្រូវនាំចូលទៅប្រទេសឥណ្ឌាតាមប្រព័ន្ធ CKD (Completely Knocked Down) ហើយនឹងត្រូវបានដំឡើងនៅរោងចក្រ Thoothukudi ក្នុងរដ្ឋ Tamil Nadu មានសមត្ថភាពផលិតដំបូង ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែប្រសិនបើតម្រូវការកើនឡើង សមត្ថភាពអាចពង្រីកដល់ ១,៥ លានគ្រឿងក្នុងមួយឆ្នាំ។

គួរឲដឹងថា ការចូលទីផ្សារឥណ្ឌារបស់ VinFast គឺចង់បង្ហាញពីការចូលរួមក្នុងទីផ្សារថយន្តអគ្គិសនី (EV) ដែលកំពុងតែមានការកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Avatr បញ្ចេញម៉ូដែលថ្មីស្រឡាង Avatr 06 តម្លៃខ្ទង់ ៣មុឺនដុល្លារ សាកម្តងបើកបាន ៦៥០គ.ម ឯ Option មិនធម្មតា!

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្តម៉ូដែលថ្មីស្រឡាងមានឈ្មោះថា Avatr 06 ប្រភេទ mid-size sedan ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៣៤ ១៨០ ដុល្លារ នៅក្នុងប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៤៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៤០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៣៣៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧២,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៥៩០ សេះ ផ្គួបជាមួយអាគុយទំហំ ៧២,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ាសុីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ​ ៤សុីឡាំង ទំហំ ១៥៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៣១០ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣១,៧ និង ៤៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៧០ និង ២៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅត្រូវបានភាសាការរចនាឲ្យឈ្មោះថា AVATR 2.0 design concept ដោយមានប៉ាណាមុខបិទជិត អបសងខាងដោយចង្កៀងមុខ LED រាងជាលេខ 7 ព្រមទាំងប្រើប្រាស់កញ្ចក់ចំហៀងជាប្រភេទឌីជីថល ក៏ដូចជាថាសកង់ស្ព័រ ចង្កៀងក្រោយ LED រាងស្លីម និង ducktail spoiler ។

ចំពោះនៅផ្នែកខាងក្នុងវិញ រថយន្តនេះ ទទួលបានអេក្រង់ឌីជីថលទំហំ ៣៥,៤ អ៊ីងដ៏ធំ និងអេក្រង់កម្សាន្ត ឫអេក្រង់មេទំហំ ១៥,៦អ៊ីញ ត្រូវបានប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0 រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADS 3.0 intelligent driving system របស់ក្រុមហ៊ុន Huawei ក៏ដូចជាកាមេរ៉ាមើលចំហៀង កញ្ចក់មើលខាងក្រោយឌីជីថល កន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួន២ និងលក្ខណៈពិសេសៗជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឥណ្ឌា Tata បញ្ចេញគំរូឡានអគ្គិសនីសុទ្ធថ្មីស្រឡាង សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tata Motor បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មីស្រឡាង Avinya X Concept នៅពិព័រណ៍រថយន្ត Auto Expo 2025 ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌា ។

គំរូរថយន្ត Tata Avinya X Concept ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EMA Platform របស់ក្រុមហ៊ុន Jaguar Land Rover រំពឹងថាផ្គួបជាមួយអាគុយ ដែលអាចបើកបរបានចម្ងាយ ៤៨០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈប្រអប់ជ្រុងបែប minimalistic ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានឌីស្សាញបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ព្រមទាំងមានមុខងារផ្ទេរថាមពល V2L ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី GAC Aion UT EV សាកថ្មម្តងជិះបាន ៤២០គីឡូម៉ែត្រ ឯតម្លៃលកតែខ្ទង់ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION ប្រចាំនៅទីផ្សារប្រទេសថៃ គ្រោងនឹងធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនីសុទ្ធ GAC Aion UT ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១២ ៣៥០ ដុល្លារ ដល់ ១៥ ១០០ ដុល្លារ សម្រាប់ប្រជែងជាមួយ BYD Dolphin ។

GAC Aion UT បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៥ សេះ និងអាគុយទំហំ ៤៤,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូវ៉ាត់ម៉ោង នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មពីស្ថានីយល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៤នាទីប៉ុណ្ណោះ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញរបស់ GAC Aion UT មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ឌីស្សាញឲ្យឈ្មោះថា Bird-Eye ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic មានកុងទ័រព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្តាយ! ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះ ប្រកាសក្ស័យធន និងបញ្ឈប់ប្រតិបត្តិការភ្លាមៗ

[បរទេស] Canoo ដែលជាក្រុមហ៊ុន Start-up ផលិតរថយន្តអគ្គិសនីសុទ្ធរបស់សហរដ្ឋអាមេរិក កំពុងមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជាមួយនឹងបំណុលជាង ១០០លានដុល្លារ ដោយបានប្រកាសក្ស័យធន និងបញ្ឈប់ប្រតិបត្តិការភ្លាមៗ ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តនេះ មិនមានប្រាក់ចំណូលសោះក្នុងឆ្នាំ ២០២២ ហើយនៅក្នុងឆ្នាំ ២០២៣ ទទួលបានប្រាក់ចំនូលត្រឹមតែប្រហែល ៩០០ ០០០ ដុល្លារប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Canoo បានខាតបង់ច្រើនជាង ៩០០ លានដុល្លារនៅចន្លោះឆ្នាំ ២០២២ ដល់ពាក់កណ្តាលឆ្នាំ ២០២៤ ។

នៅក្នុងឯកសារក្ស័យធនរបស់ក្រុមហ៊ុន Canoo បានបង្ហាញថាខ្លួនជំពាក់បំណុលដល់ទៅ ៤៩ ម្ចាស់បំណុលដែលមានបំណុលចាប់ពី ១០ លានដុល្លារដល់ ៥០ លានដុល្លារ ខណៈពេលដែលក្រុមហ៊ុន អះអាងថាមានទ្រព្យសម្បត្តិតិចជាង ៥០ ០០០ ដុល្លារប៉ុណ្ណោះ ។

មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានសប្តាហ៍មុនការដាក់ពាក្យសុំក្ស័យធន ក្រុមហ៊ុនបានបញ្ឈប់កម្មករ និងបិទប្រតិបត្តិការនៅរោងចក្រ Oklahoma របស់ខ្លួន ដែលមិនអាចផលិតសូម្បីរថយន្តមួយគ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ថា Denza Z9 GT បានក្លាយជាម៉ូឌែល GT ដែលមានការចែកចាយច្រើនបំផុតនៅទីផ្សារក្នុងស្រុក!

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា​ រថយន្ត Denza Z9 GT ស៊េរីឆ្នាំ២០២៥ បានក្លាយជាម៉ូឌែល GT ដែលមានការចែកចាយច្រើនបំផុតពោលគឺ ១មុឺនគ្រឿង បន្ទាប់ពីការប្រកាសចេញលក់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៤៥ ៨០០ ដុល្លារ ដល់ ៥២ ៦០០ដុល្លារ។

Denza Z9 GT ស៊េរីឆ្នាំ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e3 platform មានប្រវែងតួខ្លួនសរុប ៥ ១៩៥ ម.ម ( ៥ ១៨០​ ម.ម សម្រាប់ជម្រើស EV ) ទទឹង ១ ៩៩០ ម.ម កម្ពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម  ដំណើរការ៖

  • ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៣០៨ និង ៦៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ១៩នាទី ប៉ុណ្ណោះ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៣,៤វិនាទី។
  • បច្ចេកវិទ្យា DM 5.0 ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ២០៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ២៦៨ និិង ៥៩០ សេះ ផ្គួបជាមួយអាគុយទំហំ ៣៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងចម្ងាយសរុប ១១០០គីឡូម៉ែត្រ។

សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រប្រើភាសារចនា “Elegance in Motion” ដោយការរចនាផ្នែកខាងមុខត្រូវបានបំផុសគំនិតដោយការរចនា “vitality of the sunrise” ខណៈផ្នែកខាងក្រោយត្រូវបានបំផុសគំនិតដោយការរចនា “classical symmetrical aesthetic”។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ​ ១៣,២អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៣អ៊ីញ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១៣,២អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ អេក្រង់ AR-HUD ទំហំ ៥០អ៊ីញ កៅអីខាងមុខ និងខាងក្រោយអាចលៃតម្រូវបានតាមអគ្គិសនី និងមានមុខងារកម្តៅ ខ្យល់ និងមុខងារម៉ាស្សា ១០ ចំណុច។ លើសពីនេះ រថយន្តនេះក៏ត្រូវបានបំពាក់ដោយទ្វារអគ្គិសនីផងដែរ ព្រមទាំងភ្លើងបំភ្លឺជុំវិញ ១២៨ ពណ៌ និងដំបូលទំហំ ២,១ម៉ែត្រការ៉េ កញ្ចក់មើលក្រោយឌីជីថល និងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កោតសរសើរថយន្តអគ្គិសនី AION ល្អទាំងគុណភាព និងភាពស៊ីវិល័យ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានថ្លែងកោតសរសើរថយន្តអគ្គិសនី AION ដែលបានបង្ហាញ ពិតជាល្អទាំងគុណភាព និងភាពស៊ីវិល័យ ជាពិសេសអាគុយមិនមានការឆាបឆេះដែលមានការធានាអស់១ជីវិតថែមទៀត ហើយលើសពីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បន្តជំរុញឱ្យក្រុមហ៊ុននាំចូលរថយន្តអគ្គិសនីទាំងអស់ ប្រកួតប្រជែងដោយស្មើភាពគ្នា ដោយទាមទារឱ្យប្រកួតប្រជែងក្នុងតម្លៃ និងសេវាកម្មឱ្យបានល្អ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ ២០២៥ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ របស់ក្រុមហ៊ុន AION Cambodia ហើយរថយន្តទំនើបអគ្គិសនីទាំងពីម៉ូដែលនេះទទួលបានស្តង់ដាសុវត្តិភាពកំរិតផ្កាយ៥ពិភពលោក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា កម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងសកល ហើយរថយន្តអគ្គិសនី មានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់សារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។

លោកជំទាវ ចម និម្មល បានបន្តទៀតថា រថយន្តអគ្គិសនី បានរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក៏ដូចជាផ្ដល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចការពារបរិស្ថាននិងសុខភាពប្រជាពលរដ្ឋ​ តាមរយៈការកាត់បន្ថយឧស្ម័នពុល ជំនួសដោយការប្រើប្រាស់រថយន្តប្រេនឥន្ធនៈ និងការធានាឱ្យបាននូវសន្តិសុខថាមពល តាមរយៈការកាត់បន្ថយការពឹងផ្អែកការនាំចូលប្រេនឥន្ធនៈពីបរទេស និងភាពងាយរងគ្រោះនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈជាសកល។

លើសពីនេះ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជា មានការកើនឡើងខ្ពស់ស្របពេលនឹងការពេញនិយមនៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលធ្វើឲ្យការនាំចូលរថយន្តអគ្គិសនីមានការកើនឡើងមានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ ២០២៤ ការនាំចូលរថយន្តអគ្គិសនីមានចំនួន ៣ ៣៥៩ គ្រឿង បើធៀបឆ្នាំ២០១៩ មានតែ ៥០ គ្រឿង។

លោកជំទាវ ចម និម្មល បានសង្កេតឃើញងថាពាក់ព័ន្ធរថយន្តអគ្គិសនី អាគុយគឺជាផ្នែកដ៏សំខាន់ ដូច្នេះត្រូវស្វែងរកក្រុមហ៊ុនដែលមានសេវាកម្មល្អនិងទំនុកចិត្តខ្ពស់ តួយ៉ាងដូចជាក្រុមហ៊ុនរថយន្តអគ្គិសនីអាយអន បានធ្វើកិច្ចការយ៉ាងត្រឹមត្រូវ និងទំនុកចិត្តខ្ពស់សសម្រាប់ពលរដ្ឋ។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា ព្រោះយើងទាំងអស់គ្នានៅទីនេះ ចុងបញ្ចប់ទៅទោះក្នុងតួនាទីណាតំណែងណាជាបុរសឬស្ត្រីនៅក្នុងវ័យណានោះទេសុទ្ធតែជាអ្នកប្រើ ប្រាស់ ដែលចង់បានទំនិញដែលមានគុណភាពសេវាកម្មនិងអ្វីផ្សេងៗទៀត ហើយរថយន្តអគ្គិសនីអាយអនមានការធានារហូតដល់មួយជីវិត។

នៅក្នុងថ្ងៃបើកសម្ភោធជាផ្លូវការរថយន្តទំនើបអគ្គិសនី AION ម៉ូដែលទាំងពីរនេះ លោក ម៉េង ហេង អគ្គនាយកនៃក្រុមហ៊ុន AION Cambodia បានបង្ហាញចំណាប់អារម្មណ៍ថា « ភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាម ភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថភាពជាចម្បង។ នវានុវត្តុន៍នៃសតវត្ស ២១ បើកទូលាយឱ្យសកលមនុស្សបានងាក ឆ្ពោះមកផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់រថយន្តអគ្គិសនី ហើយក្នុងនោះប្រទេសកម្ពុជា ក៏មានទីផ្សារហក់ឡើងខ្ពស់ ព្រោះយើងបានយល់ពីអត្ថប្រយោជន៍និងភាពងាយស្រួលនៃ រថយន្តប្រើចរន្តអគ្គិសនី។ ខ្ញុំជឿជាក់ថារថយន្តទំនើបអគ្គិសនី AION HYPTEC HT និង AION V នឹងចូលខ្លួនបំពេញនូវតម្រូវការនេះដោយផ្តល់នូវភាពងាយស្រួលក្នុងការថែទាំងការបើកបររលូន ហាប់មានសន្ទុះលឿនខ្លាំង  ថែមទាំងជួយសន្សំសំចៃ។

លោកអគ្គនាយកបានបន្ថែមទៀតថា “ បេសកម្ម នៃក្រុមហ៊ុន AION Cambodia បានអនុវត្តស្របតាមអនុសាសន៍ ដ៏ឧត្តម ថ្លៃថ្លា នៃសម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត ពីការបង្កើតប្រសិទ្ធភាព និងបច្ចេកវិជ្ជា ក្នុងការប្រើប្រាស់ ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយនូវជាតិពុលនៃឧស្ម័នកាបូនិច  និងដើម្បីសុខមាលភាព សុខភាព ប្រជាជន។

លោក Wang Haoyong ដែលជានាយកគ្រប់គ្រង AION ប្រចាំអាស៊ីអាគ្នេយ៍ បានមានប្រសាសនាថា  AION នៅតែបន្តនាំមុខគេក្នុងនាមជាអ្នកត្រួសត្រាយផ្លូវពិភពលោកនៅក្នុងរថយន្តថាមពលថ្មី។ តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យាឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាបើកបរឆ្លាតវៃ និង Robotaxi។ សមិទ្ធិផលទាំងនេះបានធ្វើឱ្យ AION ក្លាយជាម៉ាកយីហោលំដាប់កំពូលនៅក្នុង “ចំណាត់ថ្នាក់ម៉ាកយីហោរថយន្តថាមពលថ្មីរបស់ប្រទេសចិន” សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។ ជាមួយនឹងការលក់លើសពីមួយលានគ្រឿងក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំ ៨ ខែ យើងបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ម៉ាកយីហោថាមពលថ្មីលក់លឿនបំផុត។

ឥឡូវនេះ AION កំពុងពន្លឿនការពង្រីកជាសាកលរបស់ខ្លួន ដោយពង្រីកទីផ្សាប្រទេសក្នុងតំបន់អាស៊ានចំនួនប្រាំបួន រួមមានប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។

រថយន្តទំនើបអគ្គិសនី Hyptec HT ២០២៥ ជាប្រភេទរថយន្ត SUV ដែលរចនាបថបែបអនាគតកាល ប្រកបដោយភាពស៊ីវីល័យ ប្រណិតភាព និងភាពខ្លាំង ទាំងការរចនា ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានដង់ស៊ីតេថាមពលខ្ពស់ និងអាគុយដែលសុវត្តិភាពល្អបំផុតនៅលើពិភពលោក។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyptec HT បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពប្រណិត ភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូ វ និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយរហូតដល់ ៦៧០ គីឡូម៉ែត្រ ។

រថយន្តទំនើបអគ្គិសនី AION V រូបរាងរចនាបថខាងក្រៅរាងដាយណូស័រអំណាចស្រស់ស្អាត ស៊ីវីល័យពោពេញដោយភាពទាក់ទាញ បំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ក្រោយ និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយរហូតដល់ ៦៥០ គីឡូម៉ែត្រ។

គូសបញ្ចាក់ផងដែលថា រថយន្តទំនើបអគ្គិសនី AION ជារថយន្តអគ្គិសនីដំបូងនឹងតែមួយគត់ដែលទទួលបានកត្តិយសដោយការចុះធ្វើអធិការកិច្ចរោងចក្រ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ “ការច្នៃប្រឌិតបច្ចេកវិទ្យាគុណភាពខ្ពស់ជំរុញការអភិវឌ្ឍន៍” កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

បើយើងងាកមកមើលអាគុយដែរជាផ្នែកសំខាន់នៃរថយន្តអគ្គិសនី AION Hyptec HT និង AION V វិញ អាគុយដែលបំពាក់ក្នុងរថយន្ត AION មានឈ្មោះថា Magazine Battery ដែលត្រូវបានបង្កើត និងអភិវឌ្ឍន៍ឡើងដោយ AION ខ្លួនឯងផ្ទាល់។អាគុយ Magazine  មានលក្ខណៈពិសេសដូចជា ភាពធន់ដែលទប់ទល់នឹងសីតុណ្ហភាពខ្ពស់ និងការផ្ទុះឆេះ។ អាគុយនេះ បានធ្វើតេស្តពីការឆេះ ឬផ្ទុះ ដោយការបាញ់គ្រាប់កាំភ្លើង ជាលិទ្ធផល មិនមានការផ្ទុះ ឬឆេះនោះទេ។ បច្ចេកវិទ្យា Magazine Battery 2.0 នេះមានប្រព័ន្ធពន្លត់ភ្លើងដោយស្វ័យប្រវត្តិ ប្រព័ន្ធទប់កម្តៅកំរិតខ្ពស់ និងប្រព័ន្ធធ្វើឲ្យថ្មមានស្ថេរភាពបំផុត។

ក្រុមហ៊ុន AION Cambodia បានប្រកាស ដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ ២០២៥ នៅទីតាំងផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៣ ០០០ ដុល្លារ និងការផ្តល់ជូនកាដូជាច្រើន។ ភ្ញៀវកិត្តិយស អតិថិជន ក៏ដូចជាអ្នកសារពត៌មានដែលបានអញ្ជើញចូលរួម យ៉ាងច្រើនកុះករនៅក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការ នៃរថយន្តទំនើបអគ្គិសនីនេះ បានសម្តែងនូវភាពសប្បាយរីករាយ និងទទួលបានបទពិសោធន៍ថ្មីផ្ទាល់ជាមួយរថយន្តអគ្គិសនីសុទ្ធ ១០០% ដែលសន្សំសច្ចៃ  ទំនើប និងសុវត្ថិភាពខ្ពស់។

គូបញ្ជាក់ផងដែរថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយអន ខេមបូឌា មានទីតាំងនៅជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី(110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញ ឬបើកសាកល្បងរថយន្តអគ្គិសនី AION អាចទំនាក់ទំនងសាកសួរព័ត៌មានបានតាមរយៈលេខទំនាក់ទំនង 061 933 333, 087 929 333 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តរបស់ប្រទេសជប៉ុនមួយ ត្រូវពិន័យប្រាក់ ១,៦ ពាន់លានដុល្លារ សម្រាប់ការក្លែងបន្លំការបំភាយឧស្ម័ន

[បរទេស] ក្រុមហ៊ុន Hino Motors ដែលជាម៉ាកផលិតរថយន្តដឹកទំនិញពាណិជ្ជកម្មរបស់ក្រុមហ៊ុន Toyota Group ត្រូវបានផាកពិន័យជាទឹកប្រាក់ ១,៦ ពាន់លានដុល្លារ ទាក់ទងនឹងការក្លែងបន្លំការបំភាយឧស្ម័ន ដែលការផាកពិន័យដ៏ធំបំផុតទី ២ ក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មានដែលដាក់ដោយទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិកសម្រាប់ការរំលោភលើច្បាប់ខ្យល់ស្អាត។

ចំពោះករណីនេះពាក់ព័ន្ធនឹងរថយន្តដឹកទំនិញប្រើម៉ាស៊ូតធុនធ្ងន់ជាង ១០០ ០០០ គ្រឿង រួមទាំងរថយន្តប្រភេទ off-road ដែលប្រើម៉ាស៊ូតផ្សេងទៀតចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ សម្រាប់រថយន្តទាំងនេះ នៅតែមានសុវត្ថិភាពក្នុងការបើកបរ ប៉ុន្តែក្រុមហ៊ុន Hino នឹងត្រូវផ្តល់ការជួសជុលដោយឥតគិតថ្លៃ ខណៈ ក្រុមហ៊ុននឹងមិនទិញចូលមកវិញនោះទេ ។

យោងតាមគេហទំព័រ ​​NPR បានឲ្យដឹងថា វិធានការនេះមានគោលបំណងធ្វើឲ្យមានតុល្យភាពនៃការបំភាយឧស្ម័នដែលក្រុមហ៊ុនបង្កឡើងក្នុងអំឡុងពេលនៃការបន្លំ។ មិនត្រឹមតែប៉ុណ្ណោះ Hino ក៏ត្រូវបានហាមឃាត់រយៈពេល ៥ឆ្នាំ ក្នុងការនាំចូលម៉ាស៊ីនម៉ាស៊ូតទៅកាន់សហរដ្ឋអាមេរិកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+