ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW កំពុងផលិតអាគុយជិះបានឆ្ងាយជាងមុន៣០% ប៉ុន្តែតម្លៃធូរជាងមុន៥០%

[ទីផ្សារបរទេស] អនាគតនៃរថយន្តអគ្គិសនី Neue Klasse របស់ក្រុមហ៊ុន BMW នឹងមានបំពាក់បច្ចេកវិទ្យាអាគុយលីចូម-អ៊ី​យ៉ុង​ដ៏ទំនើបដែលអាចបើកបរបានឆ្ងាយជាងមុនរហូតដល់ ៣០% ប៉ុន្តែមានតម្លៃធូរថ្លៃជាងមុន ៥០% ឯណោះ។

អាគុយដែលមានឈ្មោះថា Gen 6 កំពុងត្រូវបានអភិវឌ្ឍន៍នៅមជ្ឈមណ្ឌលអាគុយរបស់ BMW Group នៅប្រទេសអាល្លឺម៉ង់ ដោយអាគុយថ្មីនេះវាមានរូបរាងថ្មីដែលអាចឲ្យវាភ្ជាប់ទៅនឹងគ្រោងឆ្អឹងរថយន្តដោយផ្ទាល់បាន។

ការឌីហ្សាញថ្មីនេះមិនត្រឹមតែជួយបង្កើនគុណភាពបើកបរនោះទេ ប៉ុន្តែវាជួយកាត់បន្ថយការចំណាយលើអាគុយបានប្រសើរជាងមុន ៥០% ខណៈដែលការសាកភ្លើងពី ១០% ឡើងដល់ ៨០% នឹងប្រើប្រាស់ពេលវេលាតិចជាងមុន ៣០% ធៀបនឹងរថយន្តអគ្គិសនី​បច្ចុប្បន្នរបស់ BMW។

BMW មានផែនការផលិតរថយន្ត SUV អគ្គិសនីជាច្រើនម៉ូដែលដោយប្រើប្រាស់គ្រោងឆ្អឹង Neue Klasse របស់ខ្លួននៅឯរោងចក្រនៅ South Carolina ចាប់ពីឆ្នាំ២០២៥តទៅ ហើយការផលិតអាគុយ Gen 6 នឹងរ៉ាប់រងដោយក្រុមហ៊ុន Envision AESC ដែលអាចផលិតអាគុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីបាន ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវ៉ែនអគ្គិសនី Mercedes ប្រកាសចេញជាផ្លូវការ សាកពេញជិះបាន ២៨២គ.ម

[ទីផ្សារបរទេស] ក្រោយពីបានបង្ហាញចេញ Concept EQT កាលពីខែឧសភា ឆ្នាំ២០២១ ពេលនេះ Mercedes បានបង្ហាញចេញជាផ្លូវការនូវរូបរាងចុងក្រោយនៃរថយន្តវ៉ែនអគ្គិសនីសុទ្ធរបស់ខ្លួន និងបានបង្ហាញចេញ Concept EQT Marco Polo1 ផងដែរ។

រថយន្តវ៉ែន Mercedes EQT មានបំពាក់អាគុយចំណុះ ៤៥kWh ដែលអាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ២៨២គីឡូម៉ែត្រ ជាមួយម៉ូទ័រអគ្គិសនីដែលផ្ដល់កម្លាំងបាន ១២១សេះ។

រថយន្តវ៉ែននេះមានប្រវែងកង់មុខទៅកង់ក្រោយចំនួន ៤៤៩៨ម.ម ទទឹង ១៨៥៩ម.ម និងមានកម្ពស់ ១៨១៩ម.ម ប៉ុន្តែប្រភេទដែលមានប្រវែងកង់មុខទៅកង់ក្រោយវែងជាងនេះរំពឹងថាបង្ហាញខ្លួននាពេលបន្ទាប់។

ដោយឡែកសម្រាប់រថយន្ត Concept EQT Marco Polo1 ជារថយន្តវ៉ែនដែលមានបំពាក់មករួចជាស្រេចនូវមុខងារសម្រាប់​បោះជំរំ ហើយផ្នែកខាងក្នុងមានដំបូលដែលអាចបើកចេញអាចផ្ដល់ទំហំធំសម្រាប់ការឈរនៅក្នុងរថយន្តបាន និងមានបំពាក់នូវស៊ីងលាងលម្អាត ទូទឹកកកខ្នាតតូច និងមានកៅអីអង្គុយវែងចំនួនពីរ រួមជាមួយតុបាយដែលអាចបត់បាន។

Mercedes រំពឹងថានឹងបង្ហាញចេញផលិតផលសម្រេចនៃ Concept EQT Marco Polo1 នៅអំឡុងឆមាសទីពីរនៃឆ្នាំ​២០២៣ ខណៈដែលរថយន្ត EQT នឹងមានដាក់លក់តម្លៃចាប់ពី ៥១ ៣៣៩ដុល្លារ ដោយការកុម្ម៉ង់ទិញនឹងបើកទទួលឆាប់ៗខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ខ្នាតតូច Chevrolet សេរ៊ីថ្មី តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Chevrolet បានធ្វើការបង្ហាញនូវរថយន្តភីកអាប់ខ្នាតតូច Montana សេរ៊ីឆ្នាំ២០២៣ ជាផ្លូវការ ជាមួយការនាំមកនូវការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើងទាំងផាសុកភាព និងភាពសន្សំសំចៃ។

សម្រាប់រថយន្ត Montana សេរ៊ីឆ្នាំ២០២៣ ទទួលបានតែជម្រើសម៉ាស៊ីនមួយជម្រើសប៉ុណ្ណោះគឺម៉ាស៊ីនTurbo Flex ១,២លីត្រ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៥PS និងកម្លាំងរមួល ២១០ញ៉ូតុនម៉ែត្រ។ លើសពីនេះរថយន្តនេះមានកម្រិតស៊ីប្រេងត្រឹម ៧,៥លីត្រផ្លូវក្រៅក្រុង និង ៩លីត្រនៅផ្លូវក្នុងក្រុង។

Chevrolet និយាយថា Montana ថ្មីគឺលើសពីរថយន្តដឹកទំនិញ ដោយបានអះអាងថាវាជា “រថយន្ត SUV ដែលអ្នកត្រូវការ ជារថយន្តភីកអាប់ដែលអ្នកសុបិនចង់បាន” ។ បន្ថែមពីនេះ​រថយន្តនេះក៏មានប្រវែងវែងជាមុន ដោយមានប្រវែងសរុប ៤,៥ម៉ែត្រ និងទទឹង ១,៨ម៉ែត្រ ដែលជួយផ្តល់នូវកន្លែងទូលាយបំផុតសម្រាប់អ្នកដំណើរជួរទីពីរ។

បន្ថែមពីនេះ រថយន្តក៏ទទួលបាននូវ ពោងសុវត្ថិភាពចំនួន ៦ចំណុច, ប្រព័ន្ធផ្តល់ដំណឹងផ្នែកជំហៀង Blind Spot Alert, ចង្កៀងមុខប្រភេទ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រភេទឌីជីថល, សេនស័រជំនួយចូលចត, កាំម៉េរាមើលក្រោយ, ប៊ូតុងបញ្ឆេះ-ពន្លត់ម៉ាស៊ីន, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធកម្មវិធី Apple Carplay និង Android Auto។

ជាក់ស្តែងសម្រាប់រថយន្តភីកអាប់ខ្នាតតូចនេះត្រូវបានផលិតឡើងដោយបានចែករំលែកនូវតួរគ្រោងជាមួយរថយន្ត Onix, Onix Plus និង Tracker ហើយមានតម្លៃចាប់ពី ២៥ ៨៩៥ដុល្លារ នៅលើទីផ្សារប្រទេសប្រេស៊ីល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser គ្រោងនឹងត្រលប់មកកាន់ទីផ្សារសហរដ្ឋអាមេរិកវិញជាមួយម៉ូដែលថ្មី

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិជាន់ខ្ពស់របស់ Toyota បាននិយាយថា រថយន្ត Toyota Land Cruiser នឹងអាចត្រលប់មកកាន់ទីផ្សារសហរដ្ឋអាមេរិកវិញនាពេលអនាគត បន្ទាប់ពីបានអវត្តមាននៅក្នុងទីផ្សារមួយនេះ។

ខណៈពេលដែលលោក​ Hollis មិនបានបង្ហាញអ្វីទាំងអស់អំពីពេលវេលានៃការដាក់បង្ហាញនៅសហរដ្ឋអាមេរិក គាត់បានបន្តរៀបរាប់យ៉ាងលម្អិតថា “ជាក់ស្តែង រថយន្ត Land Cruiser គឺជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុនយើង ហើយ Land Cruiser ថ្មី មិនមែនជាម៉ូដែលដែលមានស្រាប់ដែលត្រូវបានផ្តល់ជូននៅកន្លែងផ្សេងទៀតក្នុងពិភពលោកនោះទេ។

គួរបញ្ជាក់ផងដែរថា Toyota Land Cruiser Series 300 ដែលមានស្រាប់ត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០២១ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌនៃការលក់ ជាមួយនឹងបញ្ជីរង់ចាំជាយូរមកហើយ និងតម្លៃខ្ពស់នៅក្នុងទីផ្សាររថយន្តមួយទឹកផងដែរ។

The Toyota Land Cruiser Series 300

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Land Cruiser Prado Series 150 ដែលមានពាក្យចចាមអារ៉ាមថានឹងទទួលបានការផលិតជំនាន់ថ្មីនៅឆ្នាំ ២០២៣ ឬ ២០២៤ ព្រោះរថយន្តនេះនៅមិនផ្លាស់ប្តូរខ្លាំងចាប់តាំងពីឆ្នាំ ២០០៩។

នៅពេលដែល Toyota បានប្រកាសថាខ្លួននឹងដក Land Cruiser ចេញពីត្រកូលសហរដ្ឋអាមេរិកបន្ទាប់ពីឆ្នាំ ២០២១ ។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តបានជំរុញឲ្យ “អ្នកចូលចិត្ត Land Cruiser ថ្មី រក្សាការអត់ធ្មនើសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត” ។

ជាមួយគ្នានេះ អតិថិជន Toyota សង្ឃឹមថា រថយន្ត Toyota Land Cruiser នឹងនៅតែប្រើតួខ្លួន body-on-frame ។ ទំនងជាចាប់ផ្តើមជាមួយនឹងប្រភេទកូនកាត់ Hybrid នៃម៉ាស៊ីនសាំង និងម៉ាស៊ូត មុនពេលរថយន្ត Land Cruiser ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ ក្នុងករណីណាក៏ដោយ អតិថិជននៅសហរដ្ឋអាមេរិកដែលចាប់អារម្មណ៍នឹងរថយន្ត Land Cruiser ចាំបាច់ត្រូវតែមានភាពអត់ធ្មត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមពីរឆ្នាំ Ford អាចផលិតឡានអគ្គិសនី Mustang Mach-E បាន ១៥ម៉ឺនគ្រឿង

[ទីផ្សារបរទេស] រយៈពេលពីរឆ្នាំក្រោយការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធ Mustang Mach-E ក្រុមហ៊ុន Ford ពេលនេះកំពុងអបអរដល់ការផលិតរថយន្តទី ១៥ម៉ឺនគ្រឿង ហើយក្រុមហ៊ុនគិតថាការផលិតនឹងបន្តមានល្បឿនកាន់តែលឿនចាប់ពីពេលនេះ។

Ford និយាយថាខ្លួនបានគោលដៅផលិតប្រចាំសម្រាប់រថយន្ត Mustang Mach-E នេះក្នុងទំហំ ២៧ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ ដូចនេះសមិទ្ធិផលថ្មីនេះគឺជារឿងសំខាន់ក្នុងការឈានដល់សម្រេចគោលដៅផលិតរបស់ខ្លួន។ សរុបជារួម Ford មានបំណងផលិតរថយន្តអគ្គិសនីឲ្យបាន ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ត្រឹមចុងឆ្នាំ២០២៣ និងឲ្យបាន ២លានគ្រឿងនៅត្រឹមឆ្នាំ២០២៦។

ជាមួយរថយន្ត Mach-E ក្រុមហ៊ុន Ford អាចឈរតំណែងលេខពីរលើទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២២​នេះ នៅពីក្រោយក្រុមហ៊ុន Tesla ដោយចំណែកទីផ្សាររវាងក្រុមហ៊ុនទាំងពីរគឺ Tesla កាន់កាប់ ៦៥% ខណៈដែល Ford កាន់កាប់ ៧%។

ការលក់របស់ Mustang Mach-E នេះដែរ បានពង្រីកដល់ប្រទេសចំនួន ៣៧ជុំវិញពិភពលោក ដែលកើនឡើងពី ២២ប្រទេសកាលពីឆ្នាំដំបូងដែលចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃដែល Toyota ប្រកាសចេញឡាន Grand Highlander

[ទីផ្សារបរទេស] Toyota បានបញ្ជាក់ច្បាស់ៗនាពេលនេះថាខ្លួនកំពុងផលិតរថយន្ត SUV កៅអីបីជួរទំហំធំថ្មី ឈ្មោះថា Grand Highlander និងបានបន្ថែមថានឹងបង្ហាញរថយន្តថ្មីនេះនៅថ្ងៃទី៨ ខែកុម្ភៈ មុនកម្មវិធីតាំងបង្ហាញរថយន្ត Chicago Auto Show ឆ្នាំ២០២៣។

ក្រុមហ៊ុនរថយន្តជប៉ុននេះនិយាយថារថយន្តម៉ូដែលថ្មី នឹងពង្រីកឈ្មោះរថយន្ត Highlander ដែលបានប្រកាសចេញជាលើកដំបូងតាំងពីឆ្នាំ២០០១។ រថយន្ត Grand Highlander នឹងមានបំពាក់ចំណុចពិសេសសម្រាប់ការប្រើប្រាស់បែបលក្ខណៈគ្រួសារផ្សងព្រេង និងស្ថិតនៅចន្លោះរថយន្ត Highlander ជាមួយរថយន្ត Sequoia។

តាមរូបភាព Teaser ដែល Toyota បង្ហាញចេញមក អាចមើលឃើញថាវាជាគឺ Option ប្រភេទ Platinum ដែលជាកម្រិតខ្ពស់មួយ និងមានប្រើប្រព័ន្ធម៉ាស៊ីនប្រភេទ Hybrid Max។ ប្រព័ន្ធម៉ាស៊ីននេះ កាលពីថ្មីៗកន្លងទៅគេបានឃើញវាលើរថយន្ត  Crown Platinum ដែលប្រើម៉ាស៊ីន Turbocharged ចំណុះ២,៤លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយនៅខាងមុខ ដែលអាចផលិតកម្លាំងបាន ៣៤០សេះ។

តាមការចុះផ្សាយកន្លងមកបានឲ្យដឹងថារថយន្ត Grand Highlander នឹងត្រូវបង្កើតជាម៉ូដែលដែលប្រើម៉ាក Lexus ផងដែរ ដោយទំនងជាប្រើប្រាស់ឈ្មោះថា Lexus TX អមជាមួយប្រណីតភាពខ្ពស់ជាង និងមានតម្លៃថ្លៃជាង Grand Highlander៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គសិនី Hatchback ដំបូងរបស់ Opel ប្រកាសចេញជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Opel បានបង្ហាញចេញរថយន្ត Hatchback ខ្នាតតូចប្រភេទអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ក្នុងនាមជារថយន្តម៉ូដែល Astra Electric និង Astra Sports Tourer Electric ដែលផលិតចេញពីប្រភេទប្រើម៉ាស៊ីនពីស្តុង ហើយប្រព័ន្ធអគ្គិសនីរបស់វាដូចគ្នាទៅនឹងរថយន្ត Peugeot E-308។

រថយន្តអគ្គិសនីនេះមានបំពាក់នូវម៉ូទ័រអគ្គិសនីមួយនៅខាងមុខដែលអាចផលិតកម្លាំងបាន ១៥៤សេះ ដូចគ្នានឹងរថយន្ត Peugeot E-308 ប៉ុន្តែកម្លាំងបង្វិលមានការកើនឡើង ១០Nm។ អ្នកបើកបរទទួលបានមុខងារបើកបរចំនួនបីរួមមាន Eco, Normal និង Sport ដោយល្បឿនអតិបរមាបានកំណត់ត្រឹម ១៧០គ.ម/ម៉។

អាគុយចំណុះ ៥៤kWh ដែលបំពាក់លើរថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានចម្ងាយ ៤១៦គ.ម ទាំងសម្រាប់ប្រភេទធម្មតា និងប្រភេទ Sports Tourer ហើយការសាកភ្លើងតាមរយៈដុំសាកល្បឿនលឿន ១០០kWh អាចសាកថាមពលឡើងដល់ ៨០% ក្នុងពេលត្រឹម ៣០នាទី។

រថយន្តអគ្គិសនីនេះនឹងចូលរួមជាមួយរថយន្ត Astra ប្រភេទប្រើប្រេងសាំង និងប្រភេទ PHEV នៅឆ្នាំ២០២៣ខាងមុខ ដោយការកុម្ម៉ង់នឹងចាប់ផ្ដើមបើកទទួលនៅអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២៣ ជាមួយតម្លៃនឹងត្រូវប្រកាសចេញនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla អាចនឹងកាន់កាប់ចំណែកទីផ្សារឡានអគ្គិសនីនៅអាមេរិកបានត្រឹម ២០% ប៉ុណ្ណោះត្រឹមឆ្នាំ២០២៥

[ទីផ្សារបរទេស] កាលពីឆ្នាំកន្លងទៅ Tesla បានកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកបានរហូតដល់ប្រមាណ ៧៩% ប៉ុន្តែបច្ចុប្បន្ននេះវាបានថយចុះមកនៅរង្វង់ ៦៥%។

បើតាមការសិក្សារបស់ S&P Global បានបង្ហាញក្ដីរំពឹងថា Tesla នឹងកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីបានមិនដល់ ២០% នៅត្រឹមឆ្នាំ២០២៥ ដោយសារសម្ពាធទីផ្សារ។

S&P Global បានរៀបរាប់ ៖ “តំណែងរបស់ Tesla កំពុងតែប្រែប្រួល ដោយសារមានជម្រើសរថយន្តអគ្គិសនីដែលធូរថ្លៃជាង និងផ្ដល់បច្ចេកវិទ្យាល្អដូចគ្នា ឬល្អជាង…កត្តានេះ អតិថិជនមានជម្រើស ហើយការចាប់អារម្មណ៍លើរថយន្តអគ្គិសនីក៏កំពុងមានការកើនឡើង ដូចនេះសមត្ថភាពក្នុងការកាន់កាប់ទីផ្សាររបស់ Tesla នឹងមានភាពលំបាកខ្លាំងនៅពេលខាងមុខ។”

គួរដឹងថារថយន្ត Model 3 ដែលមានតម្លៃធូរជាងគេក្នុងចំណោមរថយន្ត Tesla គឺមានតម្លៃចាប់ពី ៤៦ ៩០០ដុល្លារ ជាតម្លៃខ្ពស់មួយដែលប្រៀបដូចជារនាំងក្នុងការឃាំងឃាត់អតិថិជនក្នុងការទិញរថយន្ត Tesla។

ដោយឡែកងាកទៅមើល Ford, Kia, Hyundai, Chevrolet, Volkswagen និង Nissan ជាដើម សុទ្ធតែមានផ្ដល់ជម្រើសរថយន្តអគ្គិសនីតម្លៃធូរថ្លៃជាង។

ទោះយ៉ាងណាក្ដី ចំនួនលក់របស់ Tesla រំពឹងថានឹងបន្តមានការកើនឡើង ត្បិតថាចំណែកទីផ្សារត្រូវថយចុះក្ដី។ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២២នេះ ក្នុងចំណោមរថយន្តអគ្គិសនីជាង ៥២ម៉ឺនគ្រឿងដែលចុះបញ្ជីនៅអាមេរិក មានជិត ៣៤ម៉ឺនគ្រឿង ជារថយន្ត Tesla ទៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Honda គ្រោងនឹង​ផលិត​រថយន្តថាមពល​អ៊ីដ្រូសែនថ្មី នៅ​​ក្នុង​ឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងផលិតរថយន្តអគ្គិសនីថ្មី (FCEV) ដែលជារថយន្ត​ប្រភេទ plug-in hydrogen ដោយផ្អែកលើ Honda CR-V ឆ្នាំ ២០២៣ ថ្មី នៅមជ្ឈមណ្ឌលផលិតកម្ម Performance Manufacturing Center (PMC) នៅទីក្រុង Marysville រដ្ឋ Ohio ​នឹង​ចូល​ដំណើរការ​ផលិតកម្ម​នៅ​ឆ្នាំ ២០២៤។

រថយន្តនេះនឹងផ្អែកលើ CR-V ដោយសារតែជារថយន្តប្រភេទ Crossover ដែលលក់ដាច់បំផុតរបស់ Honda ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ ដំណើរការដោយម៉ូទ័រអគ្គិសនី នឹងមានជម្រើសនៃការសាកថ្មដោយផ្ទាល់ពីបណ្តាញអគ្គិសនី ឬអាចសាកដោយខ្លួនឯងនៅលើ electricity on-board ជាមួយនឹង hydrogen។ ក្នុងនោះ Honda និយាយថា នឹងផ្តល់ឲ្យម្ចាស់រថយន្តនៅសេរីភាពនៃជម្រើសក្នុងការសាកថ្មដូចជារថយន្តអគ្គិសនី សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេ ឬចាក់ប្រេងឲ្យបានឆាប់រហ័សនៅស្ថានីយ៍អ៊ីដ្រូសែន។

ជាមួយគ្នានេះ លោក Gary Robinson អនុប្រធានផ្នែក Auto Planning & Strategy ប្រចាំក្រុមហ៊ុន American Honda Motor Co., Inc. បាននិយាយថា “ក្រុមហ៊ុន Honda បានបង្កើតគោលដៅ ដើម្បីសម្រេចបាននៅអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយការផ្តល់ថាមពលអគ្គិសនីពេញលេញនៃរថយន្តរបស់យើងនៅឆ្នាំ ២០៤០ គឺមានសារៈសំខាន់ក្នុងការសម្រេចបានវា”។

មជ្ឈមណ្ឌលផលិតកម្ម (PMC) ត្រូវបានគេមើលឃើញថាជារោងចក្រផលិតឯកទេសក្នុងបរិមាណតូចមួយ ត្រូវបានទទួលខុសត្រូវលើការផលិតរថយន្តទំនើប Acura NSX ក៏ដូចជា TLX, RDX និង MDX រួមជាមួយនឹងរថយន្តប្រណាំង Honda Performance Development ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅពេលដែលដាក់បង្ហាញចេញនៅរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ក្រុមហ៊ុន Honda បាននិយាយថា រថយន្តនេះនឹងដើរតួនាទីយ៉ាងធំនៅក្នុងយុទ្ធសាស្ត្រអគ្គិសនីរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ATIV ស៊េរីឆ្នាំ ២០២៣ បំពាក់គ្រឿងតុបតែង​ខ្លួនថ្មី បន្ថែមរូបរាងកាន់តែស្ព័រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃបានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota Yaris ATIV ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលត្រូវបានតុបតែងជាមួយនឹងគ្រឿងបន្ថែម Modellista នៅក្នុងព្រឹត្តិការណ៍ Motor Expo 2022 ដោយគ្រឿងតុបតែងនេះមានតម្លៃ ១ ៣៨៦ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន។

Toyota Thailand បង្កើនជម្រើសសម្រាប់អ្នកដែលចូលចិត្តតុបតែងជាមួយនឹងគ្រឿង Modellista ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ Yaris ATIV នាពេលបច្ចុប្បន្ន ដែលរួមមាន កាងការពារបាតក្រោមផ្នែកខាងមុខ ខាងក្រោយ និងផ្នែកចំហៀង, កាង spoiler ខាងក្រោយ ឡូហ្គោ MODELLISTA និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ស្រោបដោយជាមួយនឹងសំបកកង់ប្រភេទ 205/50 R17 ដែលមានបំពាក់លើគ្រប់ម៉ូដែលទាំងអស់ ។

សម្រាប់រថយន្ត Toyota YARIS ATIV ស៊េរីឆ្នាំ ២០២២ ថ្មី មានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ Super CVT-i ជាមួយនឹង Sequential Shift ជាមួយកម្រិតស៊ីប្រេង ២៣,៣ គីឡូម៉ែត្រ/លីត្រ ។

គួរបញ្ជាក់ផងដែរថា Toyota YARIS ATIV ស៊េរីឆ្នាំ ២០២២ ថ្មី មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Sport Smart Premium និង​ Premium Luxury ជាមួយតម្លៃលក់ចាប់ពី ១៥ ០៤២ ដុល្លារ ដល់ ១៩ ៦៨៩ ដុល្លារសម្រាប់ទីផ្សារនៅប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+