ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic TYPE R ស៊េរីថ្មី បង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសថៃ

[បរទេស] រថយន្ត Honda Civic TYPE R ស៊េរីថ្មី ដែលត្រូវបានយកមកដាក់បង្ហាញដោយផ្ទាល់ពីព្រឹត្តិការណ៍ Motor Expo 2022 លើកទី ៣៩ ដោយមិនទាន់មានកាលបរិច្ឆេទចេញលក់ជាផ្លូវការនៅឡើយ។ ប៉ុន្តែវាច្បាស់ណាស់ថានឹងត្រូវបាននាំចូលពីប្រទេសជប៉ុន (CBU) ហើយនឹងមានលក់ក្នុងចំនួនមានកំណត់នៅទីផ្សារប្រទេសថៃ។

Honda Civic TYPE R ត្រូវបានដាក់បង្ហាញចេញនៅប្រទេសជប៉ុនកាលពីខែកញ្ញាឆ្នាំមុន។ វាត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដូចគ្នានឹង Civic Hatchback ដែលជាតួទ្វារ៥ និងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំងដែលអាចផលិតកម្លាំងបាន ៣៣០ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ហើយបានផ្លាស់ប្តូរ flywheel ឲ្យស្រាលជាងមុន និងប្រព័ន្ធ rev-match system ក៏ត្រូវបានកែលម្អផងដែរ ដើម្បីធ្វើឲ្យការបើកបរកាន់តែល្អប្រសើរ។

គួរឲ្យដឹងថា រថយន្ត Honda Civic TYPE R ដែល​ត្រូវ​បាន​ដាក់បង្ហាញ​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​តុបតែង​ដោយ​គ្រឿង​បន្ថែម TYPE R ដូច​ជាកាងជ្រែកខ្យល់ spoiler ខាង​មុខ​ពណ៌​ខ្មៅ​រលោង, កាងធ្លាក់នៅ​ចំហៀង​ពណ៌​ខ្មៅ​រលោង, បំពង់ស៊ីមាំងពណ៌ខ្មៅរលោងចំនួន ៣ និងកាង spoiler ខាងក្រោយពណ៌ខ្មៅរលោងធ្វើពីអាលុយមីញ៉ូមជាដើម។

ផ្នែក​ខាង​ក្នុង​កាប៊ីន​នៅ​តែ​ផ្ដោត​លើ​ភាព​ស្ព័រ​ ត្រូវបានតុបតែងជាមួយនឹងកៅអី TYPE R ពណ៌ក្រហម និងផ្នែកផ្សេងៗ វាបានភ្ជាប់មកជាមួយនូវប៊ូតុងប្រអប់លេខអាលុយមីញ៉ូមដែលរចនាថ្មី។ លើសពីនេះ Honda Civic TYPE R ថ្មីក៏បានភ្ជាប់មកជាមួយនៅអេក្រង់បង្ហាញព័ត៌មាននៃការបើកបរដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ម៉ូដែល TYPE R។ បន្ថែមជាមួយរបៀបបើកបរ +R mode ដែលអាចបង្ហាញព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់ល្បឿនលឿន រួមជាមួយនឹងការប្តូរប្រអប់លេខ ដែលបំផុសគំនិតដោយរថយន្តប្រណាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Tesla Model 3 ទទួលបានការបញ្ជាទិញជិត ៤០០ គ្រឿងពីរដ្ឋកាលីហ្វ័រញ៉ា

[បរទេស] Caltrans ដែលត្រូវបានគេស្គាល់ថាជា California Department of Transportation បានបញ្ជាទិញរថយន្តអគ្គិសនី Tesla Model 3s ចំនួន ៣៩៩ គ្រឿង ដែលមានតម្លៃសរុបប្រហែល ១៨ លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់រថយន្តអគ្គិសនីដល់អតិថិជនរបស់ខ្លួនទាំងមូលនៃរថយន្តប្រមាណ ១ ២០០ គ្រឿងនៅឆ្នាំ ២០៣០។

យោងតាមក្រុមហ៊ុន Drive Tesla ប្រចាំប្រទេសកាណាដា បានឲ្យដឹងថា Caltrans បានបញ្ជាក់ពីការបញ្ជាទិញនេះ ហើយបានបំភ្លឺថារដ្ឋបានបញ្ជាទិញរថយន្តប្រភេទប្រភេទប៉ុង ១ (Rear-Wheel-Drive) ។ ក្នុងនោះ នៅមិនទាន់បានបញ្ជាក់ពីតម្លៃចុងក្រោយដែលបានបង់នោះទេ។

ទន្ទឹមនឹងនេះ Caltrans បានប្រាប់គេហទំព័រ Drive-Tesla-Canada “សម្រាប់រថយន្តប្រើប្រាស់សាំងនីមួយៗ យើងជំនួសដោយរថយន្តអគ្គិសនី ដែលតំណាងឲ្យរថយន្តតិចជាងមួយដែលត្រូវឈប់នៅស្ថានីយ៍ប្រេង និងដោះស្រាយជាមួយនឹងតម្លៃប្រេងដែលប្រែប្រួល រួមជាមួយនឹងតម្លៃថែទាំទាប ដែលនឹងជួយសន្សំសំចៃពេលវេលា និងប្រាក់បង់ពន្ធពេញមួយជីវិតដល់អតិថិជនរបស់យើង។

ខណៈពេលដែលមនុស្សជាច្រើនចាត់ទុក Tesla Model 3 ជារថយន្តអគ្គិសនីដ៏ប្រណិត ហើយវាជាតម្លៃដ៏ល្អបំផុតសម្រាប់អ្នកបង់ពន្ធ។ នាយកដ្ឋានសេវាកម្មទូទៅរបស់រដ្ឋកាលីហ្វ័រញ៉ាបានរួមបញ្ចូលវាជាមួយនឹងរថយន្តគ្មានការបំភាយឧស្ម័នដែលត្រូវបានអនុម័តផ្សេងទៀត មុនពេលវាត្រូវបានជ្រើសរើសដោយ Caltrans ។

តាមការសរសេរនេះ Tesla បានចែកចាយរថយន្តចំនួន ២៣៦ គ្រឿងក្នុងចំនោមរថយន្ត ៣៩៩ រួចហើយ ហើយក្នុងនោះ  Caltrans រំពឹងថារថយន្តដែលនៅសល់ ១៦៣ គ្រឿងនឹងបង្ហាញខ្លួនមុនដំណាច់ឆ្នាំ ២០២២។ Model3 ចូលរួមជាមួយក្រុមរថយន្តដែលមានថាមពលអគ្គិសនីមួយចំនួននៅក្នុងចំណាត់ថ្នាក់ Caltrans ផងដែរ។

ក្នុងនោះរួមមាន រថយន្តភីកអាប់ Ford F-150 Lightning , Nissan Leafs ចំនួន ១១ គ្រឿង, Chevrolet Bolts ១៥ គ្រឿង និង Toyota Rav4 Primes ចំនួន ៥៤ គ្រឿង។ វាក៏មានរថយន្ត Toyota Mirais ដែលបំពាក់ដោយថាមពលអ៊ីដ្រូសែន ចំនួន ៣៧ គ្រឿង តាមគណនីទាំងអស់នេះប្រហែលជាការបញ្ជាទិញរថយន្តអគ្គិសនីដ៏ធំបំផុតដែលមិនធ្លាប់មានដោយទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកនៅកម្រិតរដ្ឋ ឬសហព័ន្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ប្រកាសចេញឡានកំពូលល្បឿនថ្មី មិនខ្លាចបើកផ្លូវពិបាក

[ទីផ្សារបរទេស] Lamborghini បានប្រកាសចេញជាផ្លូវការនូវរថយន្តកំពូលល្បឿនថ្មីជាម៉ូដែល Sterrato ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនប្រកាន់ផ្លូវដូចជារថយន្ត Huracan ឡើយ។

រថយន្តថ្មីនេះមានកម្ពស់ខ្ពស់ជាងមុន ៤៤ម.ម ធៀបនឹងម៉ូដែល Huracan ដែលល្អសម្រាប់ការបើកបរលើផ្លូវពិបាក អមជាមួយតួខ្លួនខាងក្រោមការពារដោយអាលុយមីញ៉ូម និងមានប្រើប្រាស់សម្បកកង់ប្រភេទ Bridgestone Dueler AT002 ទំហំ១៩អ៊ីញ​។ កង់ទំហំធំនេះក៏មានបច្ចេកវិទ្យាអាចបើកបរបាននៅពេលធ្លាយ ដោយអាចបើកបរបានចម្ងាយ ៨០គីឡូម៉ែត្រ ក្នុងល្បឿន ៨០គ.ម/ម៉ ជាមួយសម្ពាធខ្យល់ស្ថិតនៅកម្រិតសូន្យ។

យ៉ាងណាក្ដី អ្វីដែលរថយន្ត Sterrato ចាញ់រថយន្ត Huracan គឺកម្លាំងម៉ាស៊ីន ដោយម៉ាស៊ីន១០ស៊ីឡាំង ចំណុះ ៥,២លីត្រ របស់វាអាចផលិតកម្លាំងបាន ៦០២សេះ ខណៈដែលម៉ាស៊ីនរបស់ Huracan អាចផលិតកម្លាំងបាន ៦៣១សេះ ត្បិតថាជាម៉ាស៊ីនតែមួយក្ដី។

ម៉ាស៊ីនខាងលើនេះអាចឲ្យ Sterrato ស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយចំណាយពេល ៣,៤វិនាទី ហើយល្បឿនអតិបរមានោះបានកំណត់នៅត្រឹម ២៦០គ.ម/ម៉ ប៉ុណ្ណោះ ខណៈដែលរថយន្ត Huracan អាចរត់ដល់ល្បឿន ៣២២គ.ម/ម៉។

សម្រាប់តម្លៃ មិនទាន់មានការប្រកាសចេញនៅឡើយទេ ប៉ុន្តែ Lamborghini គ្រោងផលិតត្រឹម ១៤៩៩គ្រឿង ប៉ុណ្ណោះ ដោយការផលិតនឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari បិទលែងទទួលការកុម្ម៉ង់ទិញឡាន SUV ដំបូង ក្រោយលក់ដាច់អស់ស្តុកសម្រាប់ពីរឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ferrari បានបញ្ឈប់ការទទួលកុម្ម៉ង់ទិញរថយន្ត SUV ដំបូងម៉ូដែល Purosangue ត្បិតថាអតិថិជនមិនទាន់បានសាកល្បងបើកបររថយន្តនេះនៅឡើយក្ដី។

លោក Enrico Galliera ប្រធានផ្នែកទីផ្សារ និងពាណិជ្ជកម្មរបស់ Ferrari បានបញ្ជាក់ថារថយន្ត Purosangue បានលក់ដាច់អស់ហើយសម្រាប់ទំហំផលិតរយៈពេលពីរឆ្នាំបន្ទាប់ខាងមុខ។

លោក Enrico Galliera ថ្លែងថា ៖ “វាមិនមែនជាអាថ៌កំបាំងនោះទេដែលយើងលែងទទួលការកុម្ម៉ង់។ យើងទទួលបានការចាប់អារម្មណ៍ទាំងដែលមិនទាន់បានដឹកជញ្ជូនរថយន្តជូនអតិថិជនបានសូម្បីមួយគ្រឿង។”

កន្លងមក Ferrari បញ្ជាក់ថានឹងផលិតរថយន្ត Purosangue មិនឲ្យលើសពី ២០% នៃទំហំផលិតប្រចាំឆ្នាំរបស់ខ្លួននោះឡើយ។ ជាមួយការរំពឹងរបស់ Ferrari ថាផលិតរថយន្តបានដល់ ១,៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ មានន័យថាមាន Purosangue ប្រមាណ ២ ទៅ ៣ពាន់គ្រឿង ប៉ុណ្ណោះដែលនឹងផលិតជារៀងរាល់ឆ្នាំ។

ជោគជ័យនៃការលក់របស់រថយន្ត Purosangue ចាត់ទុកថាជារឿងអស្ចារ្យមួយ ព្រោះថាវាជា SUV ដ៏ថ្លៃមហា​សាល​មួយ ដោយតម្លៃរបស់វាសឹងតែថ្លៃលើសរថយន្ត Lamborghini Urus ពីរដងឯណោះ។ ដូចជានៅអង់គ្លេសវាមានតម្លៃចាប់ពី ៣១៣ ១២០ផោន ធៀបនឹង ១៧៧ ០០០ផោន សម្រាប់រថយន្ត Urus៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-60 ស៊េរីឆ្នាំ ២០២៣ បំពាក់ម៉ាស៊ីនកូនកាត់ Mild-hybrid តម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mazda CX-60 ស៊េរីឆ្នាំ ២០២៣ ដែលមាន ៣​ ម៉ូដែលសម្រាប់ជ្រើសរើស Evolve ,GT និង Azami នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

Mazda CX-60 បំពាក់ជាមួយប៉ាណាមុខរាងជាសំបុកឃ្មុំ អបសងខាងដោយចង្កៀងប្រភេទ adaptive LED ផ្នែកចំហៀងមានថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ដល់ ២០ អ៊ីញ។ ខណៈ ស្តុបខាងក្រោយបំពាក់ដោយអំពូល LED និងទ្វារក្រោយមុខងារបើក-បិទពីចម្ងាយជាដើម។

រីឯនៅផ្នែកខាងក្នុងវិញ ដៃចង្កូតអេឡិចត្រូនិចស្រោបដោយស្បែក, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ, កៅអីអ្នកបើកបរអាចលៃតម្រូវបាន ជាមួយអង្គចងចាំ និងមុខងារកម្តៅ, កាំម៉េរា ៣៦០ ដឺក្រេ, ឧបករណ៍បំពងសំលេងចំនួន ១២ ចំនុចម៉ាក Bose , ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់, ឆ្នាំងសាកទូរសព្ទឥតខ្សែ, ដំបូលកញ្ចក់បែប panoramic sunroof, ភ្លើងលម្អ LED ambient lighting និងប្រអប់លេខស្រោបដោយស្បែកផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុនក៏ផ្តល់ជម្រើសកញ្ចប់ចំនួន ៤ សម្រាប់ CX-60 ផងដែរ រួមមានកញ្ចប់ Vision Technology package , កញ្ចប់ Luxury package, កញ្ចប់ Takumi package និងកញ្ចប់ SP package។

ដូចដែលបានបង្ហាញពីមុន រថយន្តនេះមានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

  • ម៉ាស៊ីនចំណុះ ៣,៣ លីត្រ turbodiesel ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ។
  • ម៉ាស៊ីនម៉ាស៊ូត ជាមួយប្រព័ន្ធកូនកាត់ mild-hybrid ចំណុះ ៣,៣ turbo ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងសរុបបាន ២៥១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនចំណុះ ២,៥ លីត្រ ប្រភេទ Skyactiv-G អាចផលិតកម្លាំងបាន ១៣៤ សេះ ផ្គួបជាមួយអាគុយលីចូមទំហំ ១៧,៨ គីឡូវ៉ាត់ម៉ោង មានកម្លាំង ៣២៣ សេះ​ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ។

ទាក់ទងនឹងតម្លៃវិញ សម្រាប់ CX-60 Evolve មានតម្លៃចាប់ផ្តើមពី ៣៩ ៧៨១ ដុល្លារ​ ដល់ ៤៨ ០៩៦ ដុល្លារ។ ខណៈម៉ូដែល CX-60 GT មានតម្លៃចាប់ផ្តើមពី ៤៥ ១០២ ដុល្លារ​ ដល់ ៥៣ ៥៤៦ ដុល្លារ និងម៉ូដែល CX-60 Azami មានតម្លៃចាប់ពី ៤៩ ៣២៩ ដុល្លារ ដល់ ៥៨ ០៤៣ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Serena ២០២៣ ជំនាន់ថ្មី បង្ហាញខ្លួនផ្លូវការ ភ្ជាប់មកជាមួយម៉ូដែលស៊ីសាំងតិច Hybrid

[ទីផ្សារបរទេស] រថយន្តប្រភេទ Minivans នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងផ្នែករថយន្តនៅលើពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ។ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Serena ជំនាន់ទី ៦ ថ្មី ទំហំធំទូលាយ បច្ចេកវិទ្យាទំនើបៗ ដោយមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២០ ០៩៨ ដុល្លារសម្រាប់ម៉ូដែលប្រើថាមពលចំហេះក្នុង និងតម្លៃ ៣៤ ៨៤២ ដុល្លារសម្រាប់ម៉ូដែលខ្ពស់បំផុត Hybrid នៅក្នុងទីផ្សារប្រទេសជប៉ុន ។

Nissan Serena ជំនាន់ថ្មីនេះ មានប្រវែងវែងជាងម៉ូដែលមុន ដោយមានប្រវែងតួខ្លួនសរុប ៤ ៦៩០ ម.ម ដល់ ៤​ ៧៦៥ ម.ម ទទឹងប្រវែង ១ ៦៩៥ ម.ម ដល់ ១ ៧១៥ ម.ម កំពស់ប្រវែង ១ ៨៧០ ម.ម ដល់ ១ ៨៨៥​ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៧០ ម.ម។ ដោយទទួលយកភាសារចនាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nissan ដោយបំពាក់ជាមួយចង្កៀងប្រភេទ LED ដ៏ប្រណិត រួមបញ្ចូលគ្នាជាមួយប៉ាណា V-motion មួយផ្ទាំងធំនៅខាងមុខ និងរូបរាងរាងជ្រុងជាងមុនផងដែរ។

រីឯនៅផ្នែកខាងក្នុងរបស់ minivan ជំនាន់ថ្មីបានបន្ថែមកន្លែងដាក់ជើងសម្រាប់អ្នកបើកបរ ១២០ ម.ម ខណៈកៅអីអាចដំឡើងពី ៧ ទៅ ៨កៅអី ហើយត្រូវបានរួមបញ្ចូលដូចជា កន្លែងដាក់ដបទឹក រន្ធសាក USB និង Wi-Fi ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទៃតាឡូលូត្រូវបានរចនាយ៉ាងទំនើបជាមួយនឹង digital cockpit និងប្រអប់លេខដោយស្វ័យប្រវត្តិដែលដំណើរការដោយប៊ូតុងនៅជាប់នឹងបន្ទះប្រព័ន្ធម៉ាស៊ីនត្រជាក់។ បន្ថែមពីនេះ ក៏ត្រូវបានបំពាក់ដោយទ្វាររ៉ូតមុខងារបើក-បិទដោយស្វ័យប្រវត្តិ និងទ្វារក្រោយអាចបើកជាពាក់កណ្តាល និងបិទពាក់កណ្តាសម្រាប់ងាយស្រួលផ្ទុកឥវ៉ាន់។ ម៉ូដែល Hybrid ក៏ត្រូវបានបំពាក់ជាមួយនឹងកន្លែងសាកថ្ម AC កម្លាំង ១ ៥០០ វ៉ាត់ ផងដែរ។

បើនិយាយពីផ្នែកប្រព័ន្ធសុវត្ថិភាព Nissan Serena ស៊េរីឆ្នាំ ២០២៣ ​ជំនាន់ថ្មី ទទួលបានការបំពាក់ជាមួយប្រព័ន្ធ ProPILOT 2.0 ជាស្តង់ដារ ដែលអនុញ្ញាតឲ្យបើកបរដោយស្វ័យប្រវត្តិនៅលើផ្លូវហាយវេ និងប្រព័ន្ធជំនួយពេលចូលចតពីចម្ងាយជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ិនវិញ សម្រាប់ម៉ូដែលកូនកាត់ Hybrid មានម៉ាស៊ីនចំណុះ ១,៤ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន​ ១ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រប្រភេទប៉ុង ១។ ខណៈម៉ូដែលមួយទៀត​គឺម៉ូដែលដើរដោយថាមពលចំហេះក្នុង ដែលបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Vinfast ចាប់ផ្តើមដឹកជញ្ជូនឡានអគ្គិសនីប្រមាណ ៩៩៩គ្រឿង អោយអតិថិជននៅសហរដ្ឋអាមេរិច

ក្រុមហ៊ុន VinFast កំពុងអបអរការនាំចេញរថយន្តអគ្គិសនី VF 8 ប្រភេទ SUV ជាលើកដំបូងរបស់ខ្លួនជាមួយចំនួនប្រមាណ ៩៩៩គ្រឿង ទៅកាន់សហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតរថយន្តវៀតណាមកំពុងដឹកជញ្ជូន VF 8s លើកដំបូង ដោយប្រើប្រាស់នាវា Silver Queen ពីកំពង់ផែ MPC ក្នុងទីក្រុង Haiphong ប្រទេសវៀតណាម ទៅកាន់កំពង់ផែក្នុងរដ្ឋ California ។ ការធ្វើដំណើរនេះនឹងចំណាយពេលប្រហែល ២០ថ្ងៃ ហើយអតិថិជនដំបូងរបស់សហរដ្ឋអាមេរិកអាចរំពឹងថានឹងដឹកជញ្ជូននៅចុងខែធ្នូ ឆ្នាំ២០២២។

“ការនាំចេញ VF 8s ប្រមាណ ៩៩៩គ្រឿងដំបូងគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ VinFast និង Vingroup និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានមោទនភាពសម្រាប់ឧស្សាហកម្មរថយន្តវៀតណាម”។ “ក្រុមហ៊ុន​ VinFast បាន​បញ្ជាក់​ថា វៀតណាម​បាន​ផលិត​រថយន្ត​អគ្គិសនី​ដែល​មាន​ស្តង់ដារ​ខ្ពស់​ដោយ​ជោគជ័យ​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ។ យើងសង្ឃឹមថា នៅពេលដែលរថយន្តអគ្គិសនីឆ្លាតវៃរបស់ VinFast ចេញលក់នៅតាមដងផ្លូវជុំវិញពិភពលោក វានឹងជួយផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមថ្មី ថាមពល និងរីកចម្រើនដល់មហាជនទូទាំងពិភពលោក” ។​

ក្នុងនោះ មានការបញ្ជាទិញមិនតិចជាង ៦៥ ០០០ សម្រាប់ VinFast VF 8 និង VF 9 ហើយបន្ទាប់ពីរថយន្តដំបូងសម្រាប់ទីផ្សារអាមេរិក ការនាំចេញទៅកាន់ប្រទេសកាណាដា និងអឺរ៉ុបនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ ។

VinFast សង្ឃឹម​ថា​នឹង​បង្កើន​ការ​បោះ​ជំហាន​របស់​ខ្លួន​ជាមួយ​នឹង VF 5, VF 6 និង VF 7 SUV ថ្មី​មាន​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ការនាំចេញ VF 8 ទៅកាន់សហរដ្ឋអាមេរិកបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុន VinFast បង្ហាញរថយន្តម៉ូដែលរបស់ខ្លួននៅឯពិព័រណ៍រថយន្ត Los Angeles ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ VinFast ក៏បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Autonomy ដែលជាក្រុមហ៊ុនសេវាកម្មទិញរថយន្តដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក។

VinFast VF 8 មាន ២ម៉ូដែល គឺ Eco មានកម្លាំង ៣៤៩សេះ និងកម្លាំងបង្វិល ៥០០ ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ៤២០គីឡូម៉ែត្រ ពេលសាកម្តង។ ទន្ទឹមនឹងនោះ VF 8 Plus អាចផលិតកម្លាំងបាន ៤០២សេះ កម្លាំងរមួល ៦២០ ញ៉ុតុនម៉ែត្រ និងមានចម្ងាយប៉ាន់ស្មាន WLTP ប្រមាណ ៤០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រកាសចេញឡាន Ranger ប្រភេទ Platinum

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Ranger ប្រភេទថ្មីជាប្រភេទ Platinum សម្រាប់ចរាចរណ៍លក់លើទីផ្សារអឺរ៉ុប និងនៅតាមបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោក ដោយប្រភេទថ្មីគឺជាកម្រិត Option ខ្ពស់ជាងគេ ជា Ranger ដែលមានប្រណីតភាពខ្ពស់ដាច់គេ។

រថយន្តនេះប្រើប្រាស់មកជាស្តង់ដារនូវម៉ាស៊ីនម៉ាស៊ីន ៦ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ដែលអាចផលិតកម្លាំងបាន ២៤៧សេះ។ កម្លាំងនេះបញ្ចូនទៅដល់កង់ទាំងបួនរបស់រថយន្តតាមរយៈប្រព័ន្ធបើកបរប៉ុងពីរថ្មីដែលគ្រប់គ្រងតាមបែបអេឡិចត្រូនិក។

សម្រាប់រូបរាងខាងក្រៅ Ranger Platinum នេះហាក់ខុសពីប្រភេទដទៃជាមួយការបំពាក់យ៉ានទំហំ ២០អ៊ីញ ផ្ទាំងប៉ាណាមុខមានភាពលេចធ្លោជាងមុន និងមានអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ដែលមានអត្តសញ្ញាណថ្មី។ អំពូលបំភ្លឺពេលថ្ងៃមានបង្កប់ជាមួយអំពូល LED Matrix ដែលមានមកជាស្តង់ដារសម្រាប់ Platinum នេះ ជាមួយកញ្ចក់ខ្លាំង និងកៅអីស្បែក។

សម្រាប់ខាងក្នុងវិញ មានកៅអីដែលអាចបញ្ជាដោយអេឡិចត្រូនិកបានចំនួន១០របៀប ដែលមានមុខងារកម្ដៅ និងមុខងារត្រជាក់ រួមជាមួយការលម្អដោយភ្លើងពណ៌បំភ្លឺខាងក្នុងដែលកាន់តែពិសេសជាងមុន។

បន្ថែមពីនេះលើ Ranger Platinum ក៏មានមុខងារសុវត្ថិភាពទំនើបៗជាច្រើនបំពាក់មកជាស្តង់ដារ ដោយការចេញលក់នៅអឺរ៉ុបនឹងចាប់ផ្ដើមនៅអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២៣ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បើកការស៊ើបអង្កេតករណីឡានអគ្គិសនី bZ4X បើកបានត្រឹម ២៤៦គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្នុងការធ្វើតេស្តមួយដែលធ្វើឡើងដោយអ្នកកាសែតក្នុងតំបន់ស្កាតឌីណាវី ជាមួយរថយន្ត Toyota bZ4X បានបង្ហាញថារថយន្តនេះអាចផ្ដល់ចម្ងាយបានត្រឹមពាក់កណ្ដាលនៃការអះអាងរបស់ Toyota ដែលពេលនេះនាំឲ្យមានការស៊ើបអង្កេតរួមគ្នារវាង Toyota ប្រចាំនៅអឺរ៉ុប និង Toyota ប្រចាំនៅជប៉ុន។

ទស្សនាវដ្ដីដាណឺម៉ាក FDM បានធ្វើតេស្តរថយន្ត bZ4X ប្រភេទប្រើប្រព័ន្ធបើកបរប៉ុងមួយ និងប៉ុងពីរ ដោយរថយន្តទាំងពីរសុទ្ធ​តែ​​មិនអាចផ្ដល់ចម្ងាយបើកបរដូចដែល Toyota បានអះអាង។

ជាក់ស្ដែងប្រភេទប៉ុងមួយមានចម្ងាយផ្លូវការធ្វើតេស្តជាមួយ WTLP ថាអាចបើកបរបាន ៥០៤គីឡូ​ម៉ែត្រ ប៉ុន្តែជាក់ស្ដែងបើកបានចម្ងាយត្រឹម ២៤៦គីឡូម៉ែត្រ ខណៈដែលប្រភេទប៉ុងពីរបើកបានចម្ងាយត្រឹម ២១៥គ.ម ខណៈដែលចម្ងាយបានប្រកាសគឺ ៤៦១គ.ម។

តាមការសិក្សារបស់ក្រុមហ៊ុនអាល្លឺម៉ង់ ADAC រកឃើញថារថយន្តអគ្គិសនីប្រើប្រាស់ថាមពលច្រើនជាងមុននៅពេលស្ថិតក្រោមសីតុណ្ហភាពត្រជាក់ខ្លាំង។ ដូចជារថយន្ត VW ID.3 ប្រើប្រាស់ថាមពលច្រើនជាងមុន ៩៩% ពេលបើកបរនៅក្រោមសីតុណ្ហភាព -៧អង្សាសេ ធៀបនឹងពេលបើកបរនៅ ១៤អង្សាសេ។

ប៉ុន្តែសម្រាប់រថយន្ត bZ4X ខាងលើគឺបើកបរនៅសីតុណ្ហភាព ៤អង្សាសេ មិនមែនក្រោមសូន្យឡើយ ហើយរថយន្តនេះរក្សាថាមពលមិនបានល្អប៉ុន្មានឡើយ បើធៀបនឹងគូប្រជែងដូចជា Tesla Model Y Long Range ទទួលបានចម្ងាយបើកបរ ៧០% នៃការដាក់ពិន្ទុពី WLTP និងរថយន្ត Mercedes EQA ជាមួយ Volkswagen ID.4 ទទួលបានចម្ងាយបើកបរ ៦៧%។

យ៉ាងណាក្ដីចំពោះករណីនេះ Toyota Europe និង Toyota នៅជប៉ុន កំពុងធ្វើការស៊ើបអង្កេតដើម្បីរកហេតុផលនៅពីក្រោយឲ្យបានច្បាស់លាស់ មុនការឆ្លើយតបទៅកាន់ការធ្វើតេស្តរបស់ទស្សនាវដ្ដីខាងលើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្ងៃមុខកម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប បន្ទាប់ពីមានក្រុមហ៊ុន៤ ស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿននេះ

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាជំហានដំបូងក្នុងការជម្រុយអោយប្រើ​ប្រាស់នូវយានយន្តអគ្គិសនីនៅកម្ពុជា។

ទាក់ទងទៅនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឈ្លៀតក្នុងឱកាសនេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នេះបានធ្វើការផ្តល់នូវបទសម្ភាសន៍ទៅកាន់បងប្អូនអ្នកសារព័ត៌មានថា «នាពេលនេះមានក្រុមហ៊ុន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប ប៉ុន្ដែលទ្ធផលនោះមិនទាន់ផ្ដល់ជូនទៅកាន់ក្រសួងនៅឡើយទេ ប៉ុន្តែឯកឧត្ដមទេសរដ្ឋមន្រ្ដីជឿជាក់ទៅថ្ងៃមុខ កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាបផងដែរ»។

គួររំលឹកផងដែរថា កន្លងទៅថ្មីៗនេះកម្ពុជាទើបនឹងបើកឲ្យដំណើរជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ហើយបច្ចុប្បន្នក៏បាននឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនទី២ ពីរាជធានីភ្នំពេញទៅក្រុងបាវិតផងដែរ ដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ ជាមួយគ្រោងចំណាយទឹកប្រាក់ជិត ១៧០០លានដុល្លារ ជាមួយផែនការនៃការបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+