ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ហាធំៗ ២ នេះហើយទើបធ្វើឱ្យ​ Toyota ផ្អាកការផលិតរថយន្តជាសកលកាលពីខែមេសា

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានខកខានការផលិតរថយន្តជាសកលកាលពីខែមសាកន្លងទៅនេះដោយសារតែការរាលដាលឆ្លងជំងឺកូវីត-១៩ និងកង្វះបន្ទះឈីប។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters។

យោងតាមការលក់រថយន្តរបស់ក្រុមហ៊ុន Toyota កាលពីខែមេសាកន្លងទៅនេះបានចំនួនប្រមាណ ៦៩២,២៥៩ គ្រឿង ដែលធ្វើឱ្យការលក់នេះធ្លាក់ចុះរហូតដល់ ៩,១% បើធៀបដូចគ្នាកាលពីឆ្នាំមុន ហើយការធ្លាក់ចុះការលក់រថយន្តនេះប្រហែល ៧៥០,០០០ គ្រឿងនៅទូទាំងពិភពលោក។

ដោយទ្បែកចំពោះក្រុមហ៊ុន Toyota បានបន្ទាបផែនការផលិតរថយន្តជាសកលរបស់ខ្លួនសម្រាប់ខែមិថុនាមកនៅត្រឹមប្រហែល ៨០ ម៉ឺនគ្រឿងប៉ុណ្ណោះ ដោយសារតែរងផលប៉ះពាល់នៃវិធានការទប់ស្កាត់កូវីត-១៩ នៅក្នងប្រទេសចិន និងកាត់បន្ថយការផលិតរថយន្តពេញមួយឆ្នាំរបស់ខ្លួនមកត្រឹមចំនួន ៩,៧ លានគ្រឿង។

គួររំលឹកផងដែរថាការលក់រថយន្តរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោកបានធ្លាក់ចុះរហូតដល់ ១១,១% នៅខែមេសាបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ៧៦៣,៧០៨ គ្រឿង ស្របពេលដែលការលក់នៅក្នុងស្រុកដោយមិនរាប់បញ្ចូលនឹងការលក់រថយន្ត Daihatsu និង Hino Motors បានធ្លាក់ចុះ ១៧% ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានអគ្គិសនី BYD Seal បំបែកកំណត់ត្រាលក់រថយន្តបានចំនួន ៥មុឺនគ្រឿងក្នុងរយៈពេល២ថ្ងៃ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបើកការលក់មុនរបស់រថយន្ត BYD Seal នៅក្នុងប្រទេសចិន ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ ចំនួននៃការបញ្ជាទិញមុនបានឈានដល់ ៥០ ០០០ គ្រឿង។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃម៉ាកយីហោ BYD ហើយគឺជាភាពជោគជ័យនៃត្រកូលរថយន្តអគ្គិសនី Seal ។

គួរឲ្យដឹងថា រថយន្តអគ្គិសនី BYD Seal បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ពិព័រណ៍​រថយន្ត Guangdong-Hong Kong-Macao Greater Bay Area Auto Show 2022 ជាមួយនឹងតម្លៃលក់មុន ៣១ ៩៩៨ ​ដុល្លារ ដល់ ៤៣ ៥៧៦ ដុល្លារ ។

រថយន្តអគ្កិសនី BYD Seal ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 CTB battery technology រថយន្តថ្មីនេះទទួលយកគំនិតរចនានៃរថយន្ត Ocean-X concept car ដែលខុសពីផលិតផលស៊េរី Dynasty ទាំងស្រុង។ ចំពោះការរចនាផ្នែកក្រៅខាងមុខ និងខាងក្រោយមានលក្ខណៈស្ព័រ និងទាន់សម័យ ដោយមានចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រទំហំ ១៨ – ១៩ អ៊ីញជាដើម ។

រីឯផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើងយ៉ាងទំនើប និងផាសុកភាព ដោយបានបំពាក់ជាមួយដៃចង្កូតរូបរាងថ្មី ភ្ជាប់ដោយប្រព័ន្ធ Dilink ecosystem, កុងទ័រព័ត៌មានប្រភេទLCD ទំហំ ១០,២៥ អ៊ីញ, អេក្រង់កំសាន្តទំហំ ១៥,៦ អ៊ីញដែលអាចបង្វិលបាន ដែលគាំទ្រការភ្ជាប់បណ្តាញ 5G និងឧបករណ៍បំពងសំឡេង Dynaudio ចំនួន ១២ចំនុច។

រថយន្តអគ្គិសនី BYD Seal មានជម្រើសថាមពលម៉ាស៊ីនជា ៣ ប្រភេទ៖

  • ម៉ូទ័រអគ្គិសនីមួយផលិតបានកម្លាំង ២០១ សេះ កម្លាំងរមួល ៣១០ ញូតុនម៉ែត្រ អាគុយទំហំ ៦១គីឡូវ៉ាត់ម៉ោង  អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
  • ម៉ូទ័រអគ្គិសនីចំនួនពីរមានកម្លាំង ៥២២ សេះ កម្លាំងរមួល ៦៧០ ​​ញូតុនម៉ែត្រ ប៉ុង២ អាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
  • ម៉ូទ័រអេគ្គិសនីមួយ ផលិតកម្លាំងបាន ៣០៨ សេះ កម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ប៉ុង២ អាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿលឿនពី ៣០% ដល់ ៨០% ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng ចាប់ដៃជាមួយ Peugeot បញ្ចេញរូបភាព Teaser នៃឡាន Peugeot 408 មុនពេល​ចេញជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng Peugeot នៅក្នុងប្រទេសចិនបានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser ជាផ្លូវការសម្រាប់រថយន្ត Peugeot 408 ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងទីផ្សាររបស់ខ្លួន។

សម្រាប់ការរចនារបស់វរថយន្តនេះ គឺស្រដៀងទៅនឹង Peugeot 308 SW Wagon ដោយប្រើប្រាស់គ្រោងឆ្អឹងដូចគ្នា ជាមួយការសង្កត់ធ្ងន់លើភាសានៃការរចនា “Lion Soul Aesthetics” ដោយបានបំពាក់ជាមួយប៉ាណាខាងមុខឲ្យឈ្មោះថា Dot-Matrix អបជាមួយនឹងចង្កៀងបំព្លឺពេល DRL ចង្កៀងខាងក្រោយ LED ដ៏ប្រណិត រួមជាមួយកាងខ្យល់ spoiler ភ្ជាប់ជាមួយនឹងឡូហ្គោសត្វតោថ្មី។

ផ្នែកខាងក្នុងប្រើប្រាស់ការរចនា i-Cockpit ដោយសង្កត់ធ្ងន់ទៅលើភាពប្រណីតនៃរថយន្តលក្ខណៈគ្រួសារ និងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល 3D ទំហំ ១០ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ Focal Premium Hi-Fi, ឧបករណ៍បំពងសំឡេងចំនួន ១៤ចំនុច និងបំពាក់ដោយប្រព័ន្ធជំនួយការបើកបរចុងក្រោយបំផុតពី Peugeot គាំទ្រសម្រាប់មុខងារបើកបរពាក់​ semi-autonomous ជាមួយមុខងារ Drive Assist 2.0 ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះរំពឹង នឹងមានកាករប្រើប្រាស់ម៉ាស៊ីនពីរថយន្ត 308 SW ជាមួយជម្រើស៣ប្រភេទគឺ ម៉ាស៊ីនសាំង  ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីន hybrid ផងដែរ៕

Peugeot 308 SW
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីតម្លៃម៉ូដែលនីមួយៗរបស់ Tesla នៅសហរដ្ឋអាមេរិក មុនពេលចុះបញ្ចីលក់រថយន្តនៅប្រទេសអាស៊ីមួយនេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មានព័ត៌មានដែលថាក្រុមហ៊ុន Tesla (Thailand) Co., Ltd. ត្រូវបានចុះបញ្ជីលក់រថយន្តនៅទីផ្សារប្រទេសថៃ។ សូមក្រឡេកមើលតម្លៃរថយន្តអគ្គិសនី Tesla នីមួយៗនៅសហរដ្ឋអាមេរិកជាមុនសិន។

បច្ចុប្បន្ន Tesla មានរថយន្តអគ្គិសនីចំនួន ៤ម៉ូដែលសម្រាប់ជ្រើសរើស ដែលក្នុងនោះ គឺ Model 3, Model S, Model Y និង Model X ។ តម្លៃចាប់ផ្តើមមានដូចខាងក្រោម៖

Tesla Model 3 មានតម្លៃចាប់ពី ៤៦ ៩៩០ ​ដុល្លារ ខណៈ តម្លៃ ៥៥ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល Tesla Model 3 Long Rang និងតម្លៃ ៦២ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល Telsa Model 3 Performance។

Tesla Model S មានតម្លៃ ៩៩ ៩៩០​ ដុល្លារ សម្រាប់ប្រភេទ Dual Motor AWD ខណៈ Model S Plaid Tri Motor AWD មានតម្លៃផ្តើមពី ១៣៥ ៩៩០ ដុល្លារ។

Tesla Model Y មានតម្លៃចាប់ផ្តើមពី ៦២ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល Long Range និងតម្លៃ ៦៧ ៩៩០ ដុល្លារ​ សម្រាប់ម៉ូដែល Performance ។

Tesla Model X មានតម្លៃចាប់ផ្តើមពី ១១៤ ៩០០ ដុល្លារ សម្រាប់ម៉ូដែល Dual Motor AWD និងតម្លៃ ១៣៨ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល X Plaid Tri Motor AWD ។

តម្លៃ​លក់​នេះ​មិន​រួម​បញ្ចូល​ការ​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​ដែល​ប្រែប្រួល​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​នោះ​ទេ។ រួមទាំងលក្ខណៈពិសេសដែលត្រូវចំណាយបន្ថែម ដូចជាប្រព័ន្ធបើកបរស្វ័យប្រវត្តិ Full automatic Self-Driving Capability តម្លៃ ១២ ០០០ ដុល្លារ ឧបករណ៍ភ្ជាប់ជញ្ជាំងសម្រាប់សាកថ្មនៅផ្ទះ តម្លៃ ៤០០ ដុល្លារ ។ ចំណែក​តម្លៃ​លក់​នៅ​ប្រទេស​ថៃ បើ​ពិត​ជា​មាន​ទីផ្សារ​ប្រាកដ​ជា​ខុស​ពី​នេះ​មិន​ខាន។ អាស្រ័យ​លើ​ថា​តើ​វា​ជា​រថយន្ត​ដែល​នាំចូល​រួច​ឬ​ក៏​មាន​ក្នុង​ទីផ្សារប្រទេសថៃស្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះចេញក្រោយ ប៉ុន្តែឡានភីកអាប់អគ្គិសនី Ford ទៅដល់ដៃអតិថិជនមុនឡាន Tesla Cybertruck

[ទីផ្សារបរទេស] ទោះថា Ford ប្រកាសចេញ​រថយន្ត​ភីកអាប់អគ្គិសនី​របស់​ខ្លួនក្រោយ​ការ​បង្ហាញ​វត្តមាន​របស់ Tesla Cybertruck ប៉ុន្តែក្រុមហ៊ុន​អាច​ដឹក​ជញ្ជូន​រថយន្ត​ដំបូង​ទៅ​ដល់​ដៃ​អតិថិជន មុន Tesla ចាប់​ផ្ដើម​ការ​ផលិតរថយន្តភីកអាប់​របស់​ខ្លួន​ទៅទៀត។

ជាក់ស្ដែង Ford បាន​ដឹក​ជញ្ជូន​រថយន្ត F-150 Lightning ដំបូង ទៅ​ជូន​បុគ្គលឈ្មោះ Nicholas Schmidt កាលពី​ថ្ងៃ​ព្រហស្បត្តិ៍។ នេះបើតាមការចុះផ្សាយ​របស់ Bloomberg។ Nicholas Schmidt គឺជា​ប្រធាន​ផ្នែកបច្ចេកវិទ្យានៅ​ក្រុមហ៊ុន Startup មួយ ហើយរូបគេនឹងត្រូវ​លះបង់រថយន្ត F-150 ធម្មតា ដើម្បី​ទទួល​យករថយន្ត F-150 Lightning ដែលមាន​ពណ៌​ទឹក​ប្រាក់។

កន្លងមក ទោះថា Tesla មានភាពជឿជាក់​លើ​រថយន្តភីកអាប់របស់ខ្លួន ប៉ុន្តែវាមានរយៈពេលបីឆ្នាំរាប់ចាប់តាំងពីពេលប្រកាសចេញ​មក ដោយកាល​បរិច្ឆេទ​ដឹក​ជញ្ជូន​ទៅ​អតិថិជននៅ​តែ​មិន​ទាន់​កំណត់​នៅ​ឡើយ។ ប្រការ​នេះ​បាន​ធ្វើ​ក្រុមហ៊ុន​ដូចជា Ford និងក្រុមហ៊ុន​ដទៃ​អាចចាប់យកឱកាសដើម្បីដណ្ដើម​យក​ចំណែក​ទីផ្សារអគ្គិសនីពី Tesla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អូស្ត្រាលីនឹងមានផ្លូវដែលភ្លឺ នៅពេលមេឃងងឹត

[ទីផ្សារបរទេស] រដ្ឋាភិបាលអូស្ត្រាលីកំពុង​តែ​ចាប់​អនុវត្តន៍​លើ​កម្មវិធីសុវត្ថិភាព​ដង​ផ្លូវ​តម្លៃ ២៤៥លានដុល្លារ ដែលក្នុងនោះមាន​បញ្ចូល​​នូវ​បច្ចេកទេស​​ច្នៃប្រឌិតមួយ​ចំនួន​ដើម្បី​រក្សា​សុវត្ថិភាពដល់​អ្នកបើកបររថយន្ត/ម៉ូតូ អ្នកជិះកង់ និងទៅដល់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ផង​ដែរ។

ចំណុចដែលគួរឲ្យ​ចាប់អារម្មណ៍​ជាងគេគឺការ​ដាក់​ចេញ​នូវ​ផ្លូវ​ដែល​អាច​ភ្លឺ​នៅ​ពេល​មេឃងងឹត ដែល​វា​មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្កាយ​ដែល​គេ​និយម​បិត​លើ​ដំបូល​នៃ​បន្ទប់​កាល​ពីក្មេងៗ ដោយ​ផ្លូវនេះនឹងមាន​សភាពធម្មតានៅពេលថ្ងៃ ប៉ុន្តែនៅពេលយប់វានឹងប្រែ​ជា​ភ្លឺ​ទាក់ភ្នែកតែ​ម្ដង។

ផ្អែកតាម​រដ្ឋ Victoria បាន​ឲ្យដឹងថា​គំនិតច្នៃប្រឌិតនេះនឹង​ជួយឲ្យអ្នក​បើកបរ​យានយន្ត​អាច​ដឹង​ច្បាស់​អំពី​ផ្លូវបត់​ ឬ​ផ្លូវ​កោង​ដែល​មាន​នៅ​ខាងមុខ ហើយ​អាចឲ្យ​ពួកគេបានឆ្លើយតបកាន់តែរហ័សជាងមុន​ តបទៅនឹងស្ថានភាពផ្លូវ​ខាងមុខ។

ក្រុមហ៊ុន Tarmac Linemarking បាន​ចែករំលែករូបភាព​សាក​ល្បង​ប្រើ​ប្រាស់​លើ​ដង​ផ្លូវ​មួយ​ខ្សែ ដោយ​ឃើញ​ថា​ទោះបី​ជា​មាន​ភាពងងឹត​ខ្លាំងយ៉ាងណា ខ្សែលើដងផ្លូវ​នៅ​តែ​អាច​មើលឃើញបានច្បាស់​ដោយ​សារ​ការ​ប្រើ​ប្រាស់​ទឹកថ្នាំ​ពិសេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz សម្រេចចិត្តឈប់ផលិតឡានលេខដៃ

ថ្មីៗនេះ Toyota បានប្រកាសថា រថយន្ត Supra របស់ខ្លួននឹងទទួលបានជម្រើសប្រអប់លេខដៃ ហើយ Nissan ក៏កំពុងផ្តល់ឲ្យអ្នកទិញរថយន្ត Z ថ្មីរបស់ខ្លួន នូវជម្រើសលេខដៃផងដែរ។

ប៉ុន្តែ ជារួម ប្រអប់លេខដៃ មិនជារស់នៅបានយូរប៉ុន្មានទៀតទេ ស្របពេលដែលយុគសម័យរថយន្តអគ្គិសនីខិតជិតមកដល់យ៉ាងឆាប់រហ័ស ហើយគួបផ្សំនឹងការកើនឡើងនៃតម្រូវការសម្រាប់យានជំនិះដែលប្រើប្រអប់លេខអូតូ ក្រុមហ៊ុនផលិតរថយត្តកាន់តែច្រើន ឡើងកំពុងជ្រើសរើសផ្លាស់ទីឆ្ងាយពីជម្រើសប្រអប់លេខដៃ។

បើយោងតាមគេហទំព័រ Automobilwoche បានរាយការណ៍ថា រថយន្ត Mercedes-Benz គឺជាក្រុមហ៊ុនចុងក្រោយបង្អស់មួយ ដែលសម្រេចចិត្តឈប់ផលិតរថយន្តប្រើលេខដៃ។

វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​ឡើង​នៅ​ឆ្នាំ ២០២៣ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ ដែល​បាន​កត់​សម្គាល់​ថា ការ​ប្ដូរ​ទៅ​ប្រើ​តែ​ប្រអប់លេខអូតូ ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវ​ការ​ខ្លាំង​សម្រាប់​ផលិតផល​អគ្គិសនី។

“ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី យើងឃើញថាតម្រូវការរបស់អតិថិជនកំពុងផ្លាស់ប្តូរឆ្ពោះទៅរកសមាសធាតុចល័តអគ្គិសនី អាគុយ និង ប្រព័ន្ធបើកបរអគ្គិសនី”។ នេះបើតាមសម្តីអ្នកនាំពាក្យខាងលើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញលក់មិនបានប៉ុន្មានផល ឡានអគ្គិសនី Cadillac Lyriq ឡើងថ្លៃបាត់!

ជាមួយនឹងកង្ខះបន្ទះឈីបអេឡិចត្រូនិច និង ការពន្យាពេលផលិតកម្ម ដែលមិនទាន់បានដោះស្រាយចេញ ឧស្សាហកម្មយានយន្តកំពុងតែតស៊ូធ្វើយ៉ាងណាឲ្យតាមទាន់តម្រូវការរបស់អតិថិជន។

ក្នុងករណីជាច្រើន វាបានធ្វើឲ្យឈ្មួញកណ្តាលលក់រថយន្តឡើងថ្លៃ ដែលគេធ្លាប់បានឃើញលើរថយន្ត Ford Bronco និង GMC Hummer EV ហើយឥឡូវនេះ វាក៏កើតឡើងលើរថយន្តអគ្គិសនី Cadillac Lyriq ទៀតផង។

រថយន្តអគ្គិសនីថ្មីសន្លាងរបស់ Cadillac ខាងលើ ទើបតែបានចូលសង្វាក់ផលិតកម្មនាពេលថ្មីៗនេះ ហើយតម្រូវការក៏បានកើនឡើងខ្លាំង ដែលជាមូលហេតុធ្វើឲ្យឈ្មួញដំឡើងតម្លៃរបស់វាតែម្តង។

គួររំលឹកឲ្យដឹងថា នៅពេលបើកឲ្យបញ្ជាទិញរថយន្ត Cadillac Lyriq ដំបូង វាមានតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែពេលនេះឈ្មួញបានទាមទារ ៥ ០០០ដុល្លារបន្ថែមពីលើនោះទៀត។

រថយន្ត Cadillac Lyriq ឆ្នាំ២០២៣ មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០០គីឡូវ៉ាត់ម៉ោង ក៏ដូចជា ម៉ូទ័រអគ្គិសនី មានកម្លាំង ៣៤០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ដែលអនុញ្ញាតឲ្យវាអាចរត់បានចម្ងាយ ៥០២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលសាកភ្លើងពេញម្តង។

ខណៈពេលដែល Lyriq ចេញលក់ដំបូងជាប្រភេទប៉ុងមួយ វាក៏នឹងមានជម្រើសប៉ុងពីរដែរ នៅដើមឆ្នាំ២០២៣ ជាមួយនឹងតម្លៃចាប់ពី ៦៤ ៩៩០ដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Cadillac Lyriq ឆ្នាំ២០២៣ ប្រភេទប៉ុងពីរ នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ហើយមានកម្លាំងសរុប ៥០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Honda បានប្រកាសចេញលក់ម៉ូតូចង្កះលេខ ១២៥សេសេ តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda នៅវៀតណាម បានដាក់លក់នូវម៉ូតូចង្កះលេខ Future 125 ស៊េរីឆ្នាំ ២០២២ ជាផ្លូវការដែលជាគូរប្រជែងងនឹង Honda Wave របស់ប្រទេសថៃ។

ម៉ូតូចង្កះលេខ Honda Future 125 រចនាទ្បើងបែបសាមញ្ញាមើលទៅស្រដៀងគ្នានឹង Wave របស់ថៃដោយវាបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រធម្មតាសម្រាប់មើលព័ត៌មានល្បឿន និងសាំង។ ហើយអ្វីដែលពិសេសនោះម៉ូតូចង្កះលេខនេះក៏មានប្រព័ន្ធ Shutter key ដើម្បីសុវត្ថិភាព។

សម្រាប់ម៉ូតូចង្កះលេខ Honda Future 125 បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled រួមជាមួយនឹងប្រព័ន្ធប៊ិច  PGM-FI injectors ដើម្បីជួយសន្សំសំចៃសាំង ដែលផលិតកម្លាំងបាន ៩,១សេះ និងកម្លាំងរមួល ១០,២ញ៉ូតុនម៉ែត្រ។ ដោយទ្បែកចំពោះកម្រិតស៊ីសាំងក្នុង ១ លីត្រ អាចរត់បានចម្ងាយ ៧០ គ.ម ប្រហែលនឹង Honda Wave ផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូចង្កះលេខ Honda Future 125 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ម៉ូឌែល និងមានតម្លៃចាប់ពី ១ ២៨៨ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សល់ ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទនឹងចាប់ផ្តើមហើយ!

[ព័ត៌មានក្នុងស្រុក] កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសេចក្តីប្រកាស ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ ដោយចាប់ផ្តើមប្រមូលចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

ក្នុងនោះដែរ សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានយន្តគ្រប់ប្រភេទកន្លងមកត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានយន្តគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ​ ឬបង់តាមធនាគារមួយចំនួន និងអាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញចេញពី App Store សម្រាប់ IOS និង​ Play Store សម្រាប់​ Android។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវ លតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)

ចំពោះយានយន្តរបស់ក្រសួងឬស្ថាប័ន ឬអង្គភាពដែលត្រូវ ទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ( តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសាធារណការនិងហិរញ្ញវត្ថុ។

ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋស្លាកលេខ រដ្ឋ ស្លាកលេខ ខ.ម ន.ប ពុំអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២នោះទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញតិ្តពីរស្ដីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ ការនិងដឹកជញ្ជូននៅបានរួចរាល់ជាមុនសិន។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣​ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក​ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+