ផ្ទាំងផ្សាយពាណិជ្ជកម្ម

Panasonic គ្រោងបង្កើត​រោងចក្រ​ផលិតអាគុយដ៏​ធំ​ថ្មី ​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ផ្គត់ផ្គង់​ឲ្យ Tesla

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន កំពុងស្វែងរកការទិញដីនៅសហរដ្ឋអាមេរិកសម្រាប់រោងចក្រដ៏ធំមួយ ដើម្បីផលិតអាគុយរថយន្តអគ្គិសនីប្រភេទថ្មី ដើម្បីផ្គត់ផ្គង់ឲ្យទៅក្រុមហ៊ុន Tesla Inc។

គេហទំព័រ NHK បានរាយការណ៍ថា ក្រុមហ៊ុន Panasonic កំពុងសម្លឹងមើលការសាងសង់រោងចក្រ ដែលចំណាយអស់ជាច្រើនពាន់លានដុល្លារ ទាំងនៅក្នុងរដ្ឋ Oklahoma ឬ Kansas ដែលស្ថិតនៅជិតរដ្ឋ Texas ជាកន្លែងដែល Tesla កំពុងរៀបចំរោងចក្រផលិតរថយន្តអគ្គីសនីថ្មី។

ទោះបីជាយ៉ាងណាក៏ដោយ NHK មិនបានផ្តល់ពេលវេលាជាក់លាក់ សម្រាប់គម្រោងរបស់ Panasonic នៅសហរដ្ឋអាមេរិកនោះទេ។

ក្រុមហ៊ុនផ្គត់ផ្គង់អាគុយដ៏យូរសម្រាប់ Tesla ខាងលើបាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតលក្ខណៈទ្រង់ទ្រាយធំនៃប្រភេទអាគុយ lithium-ion ថ្មីសម្រាប់ Tesla នៅមុនដំណាច់ខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងខ្សែផលិតកម្មថ្មីចំនួន២ នៅរោងចក្រ Wakayama ភាគខាងលិចប្រទេសជប៉ុន។

គួរឲ្យដឹងដែរថា អាគុយប្រភេទថ្មីនោះគឺ ជាអាគុយទ្រង់ទ្រាយ 4680 (ទទឹង ៤៦ មីល្លីម៉ែត្រ និង កម្ពស់ ៨០ មីល្លីម៉ែត្រ) មានទំហំធំជាង ៥ ដងនៃអាគុយដែលផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Tesla បច្ចុប្បន្ន មានន័យថា ក្រុមហ៊ុន Tesla នឹងអាចកាត់បន្ថយថ្លៃដើមផលិតកម្ម និងធ្វើឲ្យរថយន្តរបស់ខ្លួនកាន់តែប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sony ចាប់ដៃគូជាមួយ Honda ដើម្បីនាំយកឡានអគ្គិសនីចូលទីផ្សារ នៅឆ្នាំ ២០២៥

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Sony ដែលពួកគេយល់ព្រមបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ ផលិត និងលក់រថយន្តអគ្គិសនី រួមជាមួយនឹងការផ្តល់សេវាចល័ត mobility services ផងដែរ។

“ក្រុមហ៊ុនថ្មី” នោះ នឹងត្រូវបង្កើតឡើងនៅឆ្នាំ ២០២២ ហើយរថយន្តអគ្គិសនីដំបូងរបស់វា ត្រូវបានគេរំពឹងថា នឹងឈានចូលទីផ្សារនៅឆ្នាំ ២០២៥ ខាងមុខតែម្តង។

យោងតាមសេចក្តីប្រកាសមួយ បានឲ្យដឹងថា សម្ព័ន្ធភាពទាំងពីរខាងលើនឹងប្រើប្រាស់ “សមត្ថភាពអភិវឌ្ឍន៍ចល័ត, បច្ចេកវិទ្យាផលិតតួរថយន្ត និងបទពិសោធន៍គ្រប់គ្រងសេវាកម្មក្រោយការលក់របស់ Honda”។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន Honda នឹងមិនត្រឹមតែផលិតរថយន្តអគ្គិសនីនៅក្នុងរោងចក្ររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដើរតួយ៉ាងសកម្មក្នុងការរចនា និងអភិវឌ្ឍម៉ូដែលផលិតកម្ម (production models) ផងដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Sony វានឹងរួមចំណែកជាមួយជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ និងការអនុវត្តបច្ចេកវិទ្យារូបភាព, ការចាប់សញ្ញា, ទូរគមនាគមន៍, បណ្តាញ និងការកម្សាន្ត។

គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Sony បានដាក់បង្ហាញគំរូរថយន្តអគ្គិសនីចំនួន ២ ម៉ូដែលរួចទៅហើយ គឺ Vision-S 01 Sedan នៅក្នុងព្រឹត្តិការណ៍ CES 2020 និង Vision-S 2 SUV នៅក្នុងព្រឹត្តិការណ៍ CES 2022៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus កប់ឡាន CT 200h ចូលផ្នូរជាមួយប្រភេទពិសេស លក់ផ្ដាច់មុខនៅជប៉ុន

[ទីផ្សារបរទេស] រថយន្ត Lexus CT 200h ត្រូវបានក្រុមហ៊ុន Lexus ប្រកាសថានឹងត្រូវបញ្ចប់ការផលិតនៅខែតុលា ឆ្នាំ២០២២នេះ ក្រោយពីបានចេញលក់លើទីផ្សារអស់រយៈពេល១២ឆ្នាំ ហើយ​ជាចុងក្រោយ Lexus បានបង្ហាញចេញរថយន្ត CT ប្រភេទពិសេសឈ្មោះថា “Cherished Touring” ជាការគ្នាសម្រាប់រថយន្តនេះ។

រថយន្តប្រភេទពិសេសនេះគឺមានលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុនប៉ុណ្ណោះ ដោយ​វា​មាន​រូបរាងខុសប្លែកពីប្រភេទធម្មតា​ត្រង់ចំណុចដែលវាប្រើប្រាស់ទឹកថ្នាំពណ៌ទឹកប្រាក់​លើ​គ្រឿង​ជាច្រើននៃរថយន្តរួមមានលើផ្ទាំងប៉ាណា, ស៊ុមនៃអំពូលកាត់អ័ព្ធ, ស៊ុមនៃកាងខាងក្រោយ រួមទាំងដំបូលដែលប្រើពណ៌ប្រភេទ Sonic Titanium ផងដែរ។

រថយន្តនេះដែរមានប្រើប្រាស់ម៉ាស៊ីន ១,៨លីត្រ ដែលរួមគ្នជាមួយម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបាន ១៣៤សេះ និងប្រើប្រាស់ប្រអប់លេខ CVT ដែល​ប្រើប្រព័ន្ធបើកបរវិលកង់ខាងមុខ។

តម្លៃរបស់ CT 200h ប្រភេទនេះមានចាប់ពីប្រមាណ ៣៦ ៥០០ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន ខណៈដែលរថយន្ត CT 200h ធម្មតាគឺមានតម្លៃចាប់ពីប្រមាណ ៣៣ ៤៤០ដុល្លារ។

គួររំលឹកថា Lexus CT 200h បានប្រកាសចេញជាលើកដំបូងកាលពីឆ្នាំ២០១០ ដែលត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់រថយន្ត Toyota Corolla/Auris ជាមួយប្រព័ន្ធម៉ាស៊ីន Hybrid។ រថយន្តនេះអាចលក់ចេញបានប្រមាណ ៣៨ម៉ឺនគ្រឿង ក្នុងប្រទេសចំនួន៦៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បង្ហាញចេញឡានអគ្គិសនី C40 Recharge ប្រើម៉ូទ័រអគ្គិសនីតែមួយ តម្លៃធូរថ្លៃជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានធ្វើការបន្ថែមជម្រើសម៉ូទ័រអគ្គិសនីមួយទៅលើត្រកូលរថយន្តអគ្គិសនី C40 Recharge ដែលនឹងមានដាក់លក់ក្នុងតម្លៃធូរជាងមុន។

រថយន្ត C40 Recharge មានម៉ូទ័រអគ្គិសនីមួយដែលបំពាក់នៅផ្នែកខាងមុខ និងប្រើប្រព័ន្ធបើកបរវិលខាងមុខ។ Volvo នៅមិនទាន់បានបញ្ចេញសមត្ថភាពរថយន្តថ្មីនេះនៅឡើយទេ ប៉ុន្តែបាននិយាយថាអាគុយ ៦៩kWh របស់វាអាចបើកបរបានចម្ងាយដលើ ៤៣៤គីឡូម៉ែត្រ និងសាកភ្លើងល្បឿនលឿនពី ១០% ឡើងដល់ ៨០% ប្រើពេលត្រឹម ៣២នាទី។

ដោយឡែកតម្លៃរបស់ C40 Recharge ម៉ូទ័រមួយនេះ នៅមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែការដឹកជញ្ជូនសម្រាប់ទីផ្សារអង់គ្លេសរំពឹងថានឹងចាប់ផ្ដើមអំឡុងចុងឆ្នាំ២០២២នេះ ខណៈដែលការចេញលក់នៅសហរដ្ឋអាមេរិកនៅមិនទាន់បញ្ជាក់នៅឡើយទេ។

គួរដឹងថាក្រៅពីរថយន្តប្រភេទថ្មីនេះ Volvo ក៏បានបង្ហាញចេញរថយន្ត XC40 Recharge ដែលបានដុសខាត់មុខមាត់ថ្មី ដោយ​បានបំពាក់ផ្ទាំងប៉ាណាមុខដែលលែងមានស៊ុម, អំពូលភ្លើង LED ប្ដូររូបរាងថ្មី អមជាមួយបច្ចេកវិទ្យា Adaptive និងមានផ្លាស់ប្ដូរកាងខាងក្រោមជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញរថយន្តថ្មី ដៃគូប្រកួតប្រជែងរបស់ Honda Civic នៅចិន

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Volkswagen បានបញ្ចេញនូវរថយន្ត Lamando Lស៊េរីឆ្នាំ ២០២២ ប្រភេទ C-Segment ដែល​ជា​គូប្រជែង​របស់ HONDA CIVIC នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត Volkswagen Lamando L មានទំហំប្រវែង ៤ ៧៨៤ មម, ទទឺង ១ ៨៣១, កម្ពស់ ១ ៤៦៩ មម និងប្រវែងកម្លាតកងមុខ-ក្រោយ ២ ៧៣១ មម។

ហើយរថយន្តនេះទទួលបានឌីហ្សាញស្រដៀងគ្នាទៅនឹង ID.4l ដោយប៉ាណាមុខធំ, ចង្កៀងមុខប្រភេទ Matrix LED, ចង្កៀងក្រោយ LED និងថាសកង់ស្ព័រទំហំ ១៧-១៨ អ៊ីញជាដើម។

ខណៈដែលផ្នែកខាងក្នុងត្រូវបានរចនាទ្បើងយ៉ាងប្រណិតជាមួយនឹងអេក្រង់បញ្ជាធំទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ infotainment, រន្ធខ្យល់ ឬការគ្រប់គ្រង HVAC ក្បែរឧបករណ៍បំពងសំលេង Beat, ប៊ូតុង shift-by-Wire និងកន្លែងផ្ទុកឥវ៉ាន់ខាងក្រោយទំហំ ៥៤៥ លីត្រ។

រថយន្ត Volkswagen Lamando L ត្រូវបានបង្កើតទ្បើងដោយពឹងផ្អែកលើគ្រោងឆ្អឹង MQB Evo របស់ក្រុមហ៊ុន VW Group ដែលជាគ្រោងឆ្អឺងដូចគ្នាទៅនឹងរថយន្ត VW Golf , Audi A3, Skoda Octavia និង Seat Leon ផងដែរ។ ប៉ុន្តែផ្នែកខាងមុខគឺ MacPherson strut និងក្រោយប្រើប្រាស់ Multi-Link ។

ចំពោះថាមពលនៃរថយន្ត Volkswagen Lamando L ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៤លីត្រ TSI Turbo ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៧វគ្គ DSG ដែលអាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៨,៥ វិនាទីប៉ុណ្ណោះ។

គួរឱ្យដឹងថារថយន្ត Volkswagen Lamando L ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ម៉ូឌែល តម្លៃចាប់ពី ២៥ ៣១៦ ដល់ ៣១ ៦៤៩ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault បញ្ចេញម៉ូដែលពិសេស Captur Rive Gauche Special Edition ផលិតតែ ៨០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារចក្រភពអង់គ្លេស

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានធ្វើការប្រកាសចេញនៅរថយន្ត Captur “Rive Gauche” Special Edition មានត្រឹមតែចំនួន ៨០០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារចក្រភពអង់គ្លេស។ ម៉ូដែលនេះអាចប្រើបានជាមួយម៉ាស៊ីន ICE-only និង E-Tech hybrid ជាម៉ូដែលខ្ពស់បំផុតស៊េរីថ្មីដូចនឹង RS Line ជាមួយការកែប្រែមុខមាត់តិចតួច។

សម្រាប់ផ្នែកខាងក្រៅ រថយន្ត Captur Rive Gauche Special Edition ប្រភេទ SUV នេះ មានការរចនាជាមួយពណ៌ខ្មៅរលោងទៅលើប៉ាណាមុខ, ឡូហ្គោ, អង់តែនព្រុយត្រីឆ្លាម បន្ទះដែកការពារប្រព័ន្ធបាតក្រោម, ថាសកង់ diamond-cut ទំហំ ១៨ អ៊ីញជាដើម និងថ្នាំលាបស្តង់ដាររួមមាន Oyster Grey, Arctic White, Diamond black ឬ​ Flame​ Red។

ចំពោះផ្នែកខាងក្នុង បានប្រើប្រាស់នូវពណ៌ក្រម៉ៅជាមួយនិងគ្រឿងតុបតែងពណ៌ខ្មៅពីស្បែក។ បន្ថែមជាមួយគ្រឿងបរិក្ខាស្តង់ដាររួមមានអេក្រង់កំសាន្ត Easy Link touchscreen ទំហំ ៩,៣ អ៊ីញ ភ្ជាប់ដោយមុខងារ Android Auto/Apple CarPlay, កន្លែងសាកថ្មឥតខ្សែ ម៉ាស៊ីនត្រជាក់អូតូ និងប្រព័ន្ធជំនួយការបើកបរ ADAS ផ្សេងៗផងដែរ។

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្ត Captur Rive Gauche Edition ដំណើរការជាមួយនឹងម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ TCe 90 turbocharged ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ៨៩ សេះ ឬម៉ាស៊ីន E-Tech Hybrid version 145 ។ ក្នងនោះក៏មានជម្រើសម៉ាស៊ីនចំណុះ ១,៦ លីត្រ ម៉ូទ័រអេឡិចត្រិច HSG (High-Voltage Starter Generator) អាគុយ water-cooled ទំហំ ១,២ គីឡូវ៉ាត់ម៉ោង និងប្រអប់លេខដៃ multi-mod បញ្ជូនថាមពលទៅប៉ុងខាងមុខ ដោយថាមពលរួមបញ្ចូលគ្នាផលិតកម្លាំងបាន ១៤៥ សេះ។

រថយន្ត Renault Captur “Rive Gauche” អាច​បញ្ជា​ទិញ​បាន​ហើយ​នៅ​ចក្រភព​អង់គ្លេស​ដោយ​តម្លៃ​ចាប់​ពី ៣២ ៦៤៣ ដុល្លារ សម្រាប់ម៉ាស៊ីន 1.0 TCE 90។ បើ​ប្រៀបធៀប​តម្លៃ​ដើម​សម្រាប់​ត្រកូល Captur គឺ ២៨ ២៥២ ដុល្លារ ជាមួយ​នឹង​ម៉ាស៊ីន​ដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche បានបរិច្ចាគទឹកប្រាក់ប្រមាណ ១,១ លានដុល្លារ ដើម្បីសង្គ្រោះអ៊ុយក្រែន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Porches បានបរិច្ចាគទឹកប្រាក់ទៅកាន់មូលនិធីសម្រាប់ការសង្គ្រោះប្រទេសអ៊ុយក្រែនក្នុងទឹកប្រាក់ប្រមាណ ១,១ លានដុល្លារសហរដ្ឋមេអារិក បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន កាន់តែអូសបន្លាយអស់រយៈពេល ៩ មកនេះ។

សម្រាប់មូលនិធិនេះចែកចេញជាពីរស្ថាប័នរួមមាន៖ អង្គការ UN Refugee Aid ដែលមានទំហំទឹកប្រាក់ចំនួន ៨២ លានដុល្លារ ដែលជាសមាគមអាលឺ្លម៉ងសហការគ្នាជាមួយនឹង UN Refugee Agency របស់អង្គការសហប្រជាជាតិ និងទឹកប្រាក់ចំនួន ២៧ ម៉ឺនដុល្លារដែលនៅសល់នឹងទៅមូលនិធិ Ferry Porsche ដោយផ្តោតសំខាន់ទៅលើកុមារ និងមនុស្សវ័យជំទង់ជាដើម។

លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche បាននិយាយថា យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះ។ ហើយមនុស្សជាច្រើនកំពុងត្រូវការជំនួយជាបន្ទាន់ដោយពួកគេនោះគ្មានកំហុសអ្វីទាន់តែសោះ។ ដូច្នេះហើយយើងកំពុងធ្វើការរួមចំណែក និងគាំទ្រដល់អង្គការដែលជួយប្រជាជននៅលើដីអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី អូសបន្លាយ អស់រយៈពេល ៩ កម្លងមកនេះ។

គួររំលឹកផងដែរថាមានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះ។

សូមបញ្ជាក់ថាសង្រ្គាមនេះក៏កំពុងបង្កបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមសម្រាប់ក្រុមហ៊ុនដែលកំពុងដោះស្រាយការខ្វះខាតបន្ទះឈីបរួចហើយ។ ហើយការផ្គត់ផ្គង់ក្នុងតំបន់បានប៉ះពាល់ដល់ក្រុមហ៊ុន BMW, Audi, Porsche និង Volkswagen ។ យោងតាម ​​Reuters ក្រុមហ៊ុនរថយន្តចំនួន ២២ មានការវិនិយោគនៅក្នុងរោងចក្រចំនួន ៣៨ ក្នុងប្រទេសអ៊ុយក្រែន ដោយផ្តល់ការងារដល់ប្រជាជនអ៊ុយក្រែនជាង ៦ ម៉ឺននាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តអគ្គិសនី របស់ Nio បានកើនឡើងត្រឹមតែជិត ១០% ប៉ុណ្ណោះ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការប្រកាសអំពីការលក់រថយន្តអគ្គិសនីបានចំនួន ៦,១៣១ គ្រឿងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាការកើនឡើងត្រឹមតែ ៩,៩% បើធៀបទៅនឹងឆ្នាំមុន។

ក្នុងនោះ NIO បាននិយាយថាផ្នែកមួយនៃហេតុផលនៅពីក្រោយអត្រាលក់កើនឡើងយឺតគឺការផ្អាកផលិតកម្មនៅឯរោងចក្រផលិត NIO-JAC របស់ខ្លួនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យនិទាឃរដូវចាប់ពីថ្ងៃទី ៣១ ខែមករាដល់ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២២ ។ ការលក់ NIO ភាគច្រើនលើសលប់គឺនៅក្នុងប្រទេសចិន ទោះបីជានៅចុងឆ្នាំ ២០២១ ក្រុមហ៊ុនបានចាប់ផ្តើមការលក់ផងដែរនៅក្នុងប្រទេសន័រវេស ម៉ូដែល ES8 ។

ជាមួយគ្នានេះ ការលក់ ES6 បានកើនឡើងគួរឲ្យកត់សម្គាល់ ៤៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលទាំង EC6 និង ES8 ឃើញមានការថយចុះបន្តិចពីមួយឆ្នាំទៅមួយឆ្នាំ។

  • ការលក់រថយន្តតាមម៉ូដែល

ម៉ូដែល ES6 ប្រភេទ SUV ៥ កៅអី – ៣,៣០៩ គ្រឿង កើនឡើង ៤៩% ពីមួយឆ្នាំទៅមួយឆ្នាំ

ម៉ូដែល EC6 coupe និង ES6 – ១,៧៣៨ គ្រឿង ធ្លាក់ចុះ ១៥%

ម៉ូដែល ES8 ៧ ឬ ៦ កៅអី – ១,០៨៤ គ្រឿង ធ្លាក់ចុះ ១៨% ដោយសរុបបានចំនួន ៦,១៣១ កើនឡើង ៩,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះ ការលក់សរុបក្នុងឆ្នាំ ២០២២ សម្រាប់រថយន្តអគ្គិសនី ES6 លក់បាន ៨,៥៥៦ គ្រឿង, EC6 លក់បាន ៤,៦១២ គ្រៀង និង ES8 លក់បាន ២,៦១៥ ដោយសរុបបានចំនួន ១៥,៧៨៣ គ្រឿង កើនឡើង ២៣,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។

សរុបមក ក្រុមហ៊ុន NIO បានលក់រថយន្តអគ្គិសនីចំនួន ១៨២,៨៥៣ គ្រឿង រួមទាំងជាង ៩៤,០០ គ្រឿងក្នុងរយៈពេល ១២ ខែចុងក្រោយនេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ចេញម៉ូដែលថ្មី Oshan X7 Plus Red Edition មានតែចំនួន ៧៧៧ គ្រឿងប៉ុណ្ណោះ នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Changan នៅក្នុងប្រទេសចិនបានធ្វើការបញ្ចេញនៅរថយន្ត Oshan X7 Plus Red Edition មានតែចំនួន ៧៧៧ គ្រឿងប៉ុណ្ណោះ នឹង​ចេញ​លក់​ចាប់ពីថ្ងៃ​ទី ៤ ខែមីនា ឆ្នាំ២០២២ នេះ។

រថយន្ត Oshan X7 គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Shanghai Auto Showe ២០១៩ ដែលមានតម្លៃចាប់ពី ១២ ៥០០ ដុល្លារ។ ខណៈ Oshan X7 Plus ត្រូវបានប្រកាសជាលើកដំបូងនៅ Shanghai Auto ក្នុងខែមេសា ឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថាជាម៉ូដែលខ្ពស់បំផុតរបស់ Oshan ។​ ក្នុងនោះ រថយន្ត Oshan X7 Plus Red Edition សរុបចំនួនប្រាំបួនម៉ូដែលត្រូវបានដាក់លក់ជាមួយនឹងតម្លៃចាប់ពី ១២ ៦៤៤ ដុល្លារ ដល់ ២០ ១១៩០ ដុល្លារ។

សម្រាប់រថយន្ត Oshan X7 Plus Red Edition មានប្រវែងសរុប ៤,៧៣០ ម.ម, ទទឹង ១,៨៧០ ម.ម, កំពស់ ១,៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៨៦ ម.ម។ ខណៈផ្នែកខាងក្រៅ រថយន្តនេះមានពណ៌ក្រហមភ្លឺចែងចាំង ថ្នាំលាបឆ្លាតវៃ electroplated ដែលជួយពង្រឹងភាពរឹង និងធន់នឹងអុកស៊ីតកម្ម ដើម្បីឱ្យមានភាពធន់ និងការច្រេះ។ លើសពីនេះ ប៉ាណាមុខត្រូវបានរចនាថ្មី និងចង្កៀងមុខរាងស្លីម ដែលមើលទៅគួរឲ្យទាក់ទាញ។

ចំពោះផ្នែកខាងក្នុងត្រូវបានរចនាតាមរថយន្ត Oshan X7 បានពំពាក់ជាមួយអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ និងឧបករណ៍ LCD ទំហំ ១០,២៥ អ៊ីញកៅអីពូកស្បែក microfiber ដែលផ្តល់នូវផាសុកភាពបន្ថែមទៀត។ ហើយរថយន្តថ្មីនេះក៏ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងរថយន្តឆ្លាតវៃ OnStyle 3.0 ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Oshan X7 Plus Red Edition បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ Blue Core ជំនាន់ចុងក្រោយរបស់ Changan ដែលអាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ Plus ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនីរបស់ឥណ្ឌា សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៨៥ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Hero Electric ដែលជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីរបស់ឥណ្ឌាដែលឈានមុខគេបានធ្វើការបញ្ចេញនូវម៉ូឌែលថ្មី Hero Eddy ជាមួយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៨៥ គីទ្បូម៉ែត្រ ។

ម៉ូតូ Hero Eddy ទទួលបានការឌីហ្សាញរាងការរ៉េជាមួយនឹងការបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED, កុងទ័រឌីជីថល LCD ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ និងកំណត់ទីតាំងបាន។ បន្ថែមពីនេះវាក៏មានរន្ធសាក USB ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដើម្បីសាកថ្មទូរស័ព្ទពេលចាំបាច់ផងដែរ។

ចំពោះផ្នែកថាមពលនៃម៉ូតូ Hero Eddy ត្រូវបានបំពាក់នូវម៉ូទ័រអគ្គិសនី ២៥០ W ដែលមានល្បឿនអតិបរមា ២៥គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលថាមពលអាគុយមានទំហំ ៥១,១ វ៉ាត ជាមួយការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៨៥ គីទ្បូម៉ែត្រ និងសាកភ្លើងពេញម្តងចំណាយពេលប្រហែល ៤ ទៅ ៥ ម៉ោងតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+