ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Avanza, Veloz និង Daihatsu Xenia ឆ្នាំ២០២២ ចេញផ្លូវការលើទីផ្សារឥណ្ឌូនេស៊ី ជាមួយតម្លៃជាង ១ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Daihatsu បានធ្វើការបង្ហាញចេញនូវរថយន្តប្រភេទ MVP បងប្អូនគ្នា គឺរថយន្ត Toyota Avanza, Veloz និង Daihatsu Xenia សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ។

រថយន្ត MVP ទាំងបីម៉ូឌែលនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង DNGA និង TNGA របស់ក្រុមហ៊ុន Daihatsu និង Toyota ផ្ទាល់។ ដោយវាមានប្រវែងសរុប ២ ៣៩៥ម.ម និងមានប្រវែងគម្លាតកង់ ២ ៧៥០ម.ម។

រថយន្តទាំង ៣ម៉ូឌែល ផ្តល់នូវជម្រើសម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំនួន ២ប្រភេទគឺ ចំណុះ ១.៣លីត្រ កម្លាំង ៩៧សេះ និងម៉ាស៊ីនចំណុះ ១.៥លីត្រ កម្លាំង ១០៥សេះ។ ជម្រើសម៉ាស៊ីនទាំង ២នេះនឹងបញ្ចូនថាមពលទៅកាន់កង់មុខ តាមរយៈប្រអប់លេខដៃ ៥វគ្គ ឬ CVT។

តាមរយៈរូបរាងនៃម៉ូឌែលឆ្នាំ ២០២២នេះ យើងឃើញថា រថយន្ត Toyota Avanza និង Daihatsu Xenia​ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុង ដោយលើកលែងតែការរចនាទៅលើផ្នែកមួយចំនួនដូចជា ប៉ាណាខាងមុខ, ឡូហ្គូ Toyota ឬ Daihatsu, ឡូហ្គូនៃប្រភេទរថយន្តផ្នែកខាងក្រោយ និងរបាការពារផ្នែកខាងក្រោយប៉ុណ្ណោះ។ រីឯម៉ូឌែលប្រភេទស្ព័រ Vezol គឺមានការឌីស្សាញបែបស្ព័រ និងPremium ខុសពីម៉ូឌែលទាំង ២ប្រភេទខាងលើផងដែរ ដោយទទទួលបានការឌីស្សាញថ្មីទៅលើ កាងមុខ-ក្រោយ និងចង្កៀងក្រោយថ្មីផងដែរ។

ផ្នែកខាងក្នុងនៃរថយន្តបានផ្តល់នូវភាពទូលាយ និងកៅអី ៣ជួរ ដោយអាចផ្ទុកនូវសមាជិកចំនួន ៧នាក់។ ក្នុងនោះដែរនៅជួរទី២ អាចធ្វើការបត់រាបស្មើរធ្វើជាកន្លែងសម្រាប់ធ្វើការសម្រាកបានផងដែរ។ រីឯកុងទ័របង្ហាញមានរចនាដោយមានលក្ខណៈស្តង់ដា រួមជាមួយអេក្រង់កម្សាន្តទំហំរហូតដល់ ៩អ៊ីញ។ លើសពីនេះម៉ូឌែល Veloz បានបំបាក់បន្ថែមថ្មីជាមួយកៅអីប្រភេទស្បែក, ភ្លើងលម្អ Ambient lighting, អេក្រង់កម្សាន្តនៅជាប់នឹងដំបូលសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កន្លែងសាកថ្មឥតខ្សែ, សែនស័រសម្រាប់ជំនួយដល់ការបើកបរ និងប្រព័ន្ធសុវត្តិភាព TSS ស្តង់ដារ។

នៅលើទីផ្សារឥណ្ឌូនេស៊ី Daihatsu Xenia មានតម្លៃចាប់ពី ១៣ ៣៩២ដុល្លារ, រថយន្ត Toyota Avanza មានតម្លៃចាប់ពី ១៤ ៤៦៨ដុល្លារ និង Toyota Veloz មានតម្លៃចាប់ពី ១៧ ៦២២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet ចេញឡានប្រណាំង Corvette Z06 GT3.R កម្លាំង ៦០០សេះ

រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរថយន្ត Corvette Z06 ត្រូវបានប្រកាស ឥឡូវនេះក្រុមហ៊ុន Chevrolet បានបង្ហាញចេញនូវរថយន្តប្រណាំងថ្មី គឺ Corvette Z06 GT3.R។

រថយន្ត Corvette Z06 GT3.R នឹងត្រូវជំនួសតំណែងរថយន្ត Corvette C8.R ដែលត្រូវបានប្រើនៅក្នុងការប្រកួតជាច្រើន នៅជុំវិញពិភពលោក។ វានឹងបំពាក់ម៉ាស៊ីនចំណុះ ៥,៥លីត្រ naturally aspirated V8 ដូច ម៉ូដែល Corvette C8.R និង Corvette Z06 ដែរ ប៉ុន្តែដោយសារតែច្បាស់ក្នុងការប្រណាំង វានឹងមានកម្លាំងចន្លោះពី ៥០០សេះ ទៅ ៦០០សេះ ប៉ុណ្ណោះ។ ម៉ាស៊ីននេះនឹងដំណើរការជាមួយប្រអប់លេខ ៨វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់ក្រោយ។

ជាមួយគ្នានេះដែរ Corvette Z06 GT3.R មានបំពាក់ដៃឃ្លោង double-wishbone suspension ហើយមានហ្វ្រាំងប្រភេទ motorsport-specific ៦ពីស្តុងនៅខាងមុខ និង ៤ពីស្តុងនៅខាងក្រោយ ដែលអាចធ្វើការផ្លាស់ប្តូរបានយ៉ាងរហ័ស នៅពេលប្រណាំង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Chevrolet មិនបានបង្ហាញឲ្យដឹងឡើយថា Z06 GT3.R នឹងមានតម្លៃប៉ុន្មាន ប៉ុន្តែបានបញ្ជាក់ថា វានឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រណាំង ក្នុងឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ថា ការផលិតឡានអគ្គិសនី បង្កើតការបំភាយឧស្ម័នពុល ច្រើនជាងម៉ាស៊ីនប្រើឥន្ធនៈ ៧០%

ការសិក្សាដោយក្រុមហ៊ុន Volvo Motors មួយ បាននិយាយថា ដំណើរការផលិតរថយន្តអគ្គិសនី C40 Recharge បង្កើតការបំភាយឧស្ម័នពុល ច្រើនជាងរថយន្ត XC40 ប្រើសាំង ដល់ទៅ ៧០ភាគរយឯណោះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអាយុកាលរបស់រថយន្តត្រូវបានរាប់បញ្ចូល នោះរថយន្តអគ្គិសនីនឹងមានប្រៀបជាង បើប្រៀបធៀបទៅនឹងរថយន្តប្រើប្រេងឥន្ធនៈ។

គួរឲ្យដឹងថា ការសិក្សារបស់ Volvo គិតគូរពីដំណើរជីវិតរបស់កាបូននីមួយៗ ហើយរួមបញ្ចូលទាំង ការជីកយករ៉ែនៃវត្ថុធាតុដើម ដំណើរការផលិត ការសាកភ្លើង ហើយបន្ទាប់មកបើកបររថយន្តក្នុងចម្ងាយ ២០០ ០០០គីឡូម៉ែត្រ មុនពេលបោះបង់រថយន្តចោល។

ក្រុមហ៊ុន Volvo និយាយថា ចំណុចចំណេញនឹងអាស្រ័យលើរបៀបដែលអគ្គិសនីត្រូវបានបង្កើត។ ការសិក្សានេះបានលើកឡើងពីសេណារីយ៉ូចំនួន ៣ ផ្សេងគ្នា ដោយផ្អែកលើការផ្គត់ផ្គង់អគ្គិសនីជាសកលជាមធ្យម, តុល្យភាព EU28 ដែលបានព្យាករនៃទាំងថាមពលកកើតឡើងវិញ និងធម្មតា និងចុងក្រោយគឺ ថាមពលកកើតឡើងវិញពេញលេញ (full-on renewable energy)។

យ៉ាងណាមិញ បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Volvo ការប្រើប្រាស់រថយន្តអគ្គិសនីយូរ ទើបអាចបញ្ជាក់ថា វាមិនសូវបំពុលបរិស្ថានជាងរថយន្តប្រើប្រេងឥន្ធនៈ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាផ្អែកលើគ្រោងឆ្អឹងដូចគ្នា និងប្រើគ្រឿងជាច្រើនដូចគ្នាក៏ដោយ ការផលិតរថយន្តអគ្គិសនីនាំមកនូវការបំភាយឧស្ម័នពុលកាន់តែច្រើន ដោយអាគុយតែមួយមុខ មានជិត ១ភាគ៣ ទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura Integra ឆ្នាំ២០២៣ បង្ហាញខ្លួនជាថ្មី ក្រោយបាត់មុខ ២០ឆ្នាំ ឯតម្លៃប្រហែល ៣ម៉ឺនដុល្លារ

រថយន្ត Acura Integra បានបង្ហាញខ្លួនសារជាថ្មីម្តងទៀត បន្ទាប់ពីបាត់មុខអស់រយៈពេល ២០ឆ្នាំ ព្រោះក្រុមហ៊ុនបានឈប់ផលិតវាក្នុងឆ្នាំ២០០១។

ឥឡូវនេះ ក្រុមហ៊ុន Acura បានបង្ហាញចេញនូវគំរូរថយន្ត Integra ហើយមិនខុសពីគំរូរថយន្តផ្សេងទៀតពីក្រុមហ៊ុន Acura ឬ Honda ឡើយ វាជាប្រភេទ Pre-production ដែលមានន័យថា វាសឹងតែដូចរថយន្តសម្រាប់លក់ ១០០% ទៅហើយ។ យ៉ាងណាមិញ រថយន្ត Acura Integra នឹងចេញលក់នៅឆ្នាំ២០២២ ខាងមុខនេះតែម្តង។

រថយន្ត Acura Integra នឹងមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបញ្ជាក់អំពីកម្លាំងរបស់វាឡើយ តែគេរំពឹងថា វានឹងមានកម្លាំងប្រហែល ២០០សេះ ដូចទៅនឹងម៉ូដែល Honda Civic Si ដែរ។ អ្វីដែលគេដឹងច្បាស់នោះគឺ វានឹងប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់មុខ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Acura បាននិយាយថា រថយន្ត Integra ជំនាន់ចុងក្រោយនេះ នឹងមានតម្លៃប្រហែល ៣ម៉ឺនដុល្លារ ហើយនឹងត្រូវផលិតនៅរោងចក្រ Marysville Auto Plant ក្នុងរដ្ឋ Ohio ជាមួយនឹងម៉ូដែល Acura TLX៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន RAV4 ឆ្នាំ២០២២ ជាផ្លូវការ ថែមម៉ូដែលថ្មី SE Hybrid

Toyota RAV4 គឺជារថយន្ត Crossover លក់ដាច់បំផុតនៅអាមេរិក ហើយឥឡូវនេះវាទទួលបានការអាប់ដេតមួយចំនួន សម្រាប់ស៊េរីឆ្នាំ២០២២ ផងដែរ។

អ្វីដែលជាការផ្លាស់ប្តូរធំបំផុតនោះ គឺការបន្ថែមម៉ូដែលថ្មី ហៅថា SE Hybrid ដែលគួបផ្សំរវាងភាពស្ព័រ ជាងម៉ូដែល Hybrid ធម្មតា ប៉ុន្តែមានតម្លៃថោកជាងម៉ូដែល XSE Hybrid។

រថយន្ត Toyota RAV4 ឆ្នាំ២០២២ នឹងមានបំពាក់ជាមួយនឹងពូកក្រណាត់ រំលេចដោយថ្នេរដេរពណ៌បញ្ច្រាសគ្នា ក៏ដូចជាប្រើអេក្រង់កម្សាន្តទំហំ ៧អ៊ីញ និងមានបាស ៦គ្រាប់ទៀតផង។ ក្រៅពីការបន្ថែមម៉ូដែល SE Hybrid ថ្មី រថយន្ត RAV4 ឆ្នាំ២០២២ ក៏បានបន្ថែមពណ៌ថ្មីមួយទៀត ហៅថា Calvary Blue ផងដែរ។

មិនតែប៉ុណ្ណោះ គ្រប់ម៉ូដែលនៃ RAV4 ឆ្នាំ២០២២ ឥឡូវនេះមានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ហើយនឹងត្រូវដាក់លក់នៅខែក្រោយ ក្នុងតម្លៃប្រហែល ២៦ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen សម្លាប់ចោលឡានដែលខ្លួនផលិតនៅចិនមុនគេ

បន្ទាប់ពីជោគជ័យ​ជិតរយៈពេល៤០ឆ្នាំនៅលើទីផ្សារប្រទេសចិន រថយន្ត Volkswagen Santana នឹងត្រូវបញ្ឈប់​ការផលិតឆាប់ៗនេះ ដោយវានឹងត្រូវបញ្ឈប់ការផលិតជាមួយរថយន្ត VW Tharu និងរថយន្ត Skoda Rapid ផងដែរ។ នេះបើតាម​ការចុះផ្សាយរបស់ Automotive News។

រថយន្ត Santana បានប្រកាសចេញនៅប្រទេសចិនក្នុងឆ្នាំ១៩៨៣ ដែលជាការសាកល្បងដំបូងគឺរថយន្តចំនួន១០០គ្រឿងត្រូវបានផ្គុំ​ជាមួយគ្រឿងបន្លាស់មួយចំនួនមកពីប្រទេសអាល្លឺម៉ង។ រយៈពេលបីឆ្នាំក្រោយមក រថយន្ត Santana ទី១ម៉ឺនគ្រឿងត្រូវបាន​ផលិត​ឡើង រហូតដល់ឆ្នាំ១៩៩៥ គ្រឿងបន្លាស់ជិត ៩០% នៃរថយន្ត Santana បានផលិតឡើងក្នុងប្រទេសចិន។

រថយន្តនេះបច្ចុប្បន្នត្រូវបានដំឡើងនៅ​រោងចក្រនៃទីក្រុង Yizheng ដែលស្ថិតក្រោមការកាន់កាប់របស់ VW ជាមួយក្រុមហ៊ុន SAIC Motors។ គួរដឹងថា VW មិនបានបញ្ជាក់ពីការបញ្ឈប់ការផលិតរថយន្តនេះទេ ប៉ុន្តែបានទទួលស្គាល់ថារថយន្តប្រភេទ Sedan គឺលែងពេញនិយមទៀតហើយនៅប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rivian ដាក់គោលដៅផលិតឡានឲ្យបាន១លានគ្រឿងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុនរថយន្ត Rivian បានដាក់លក់ភាគហ៊ុនជាសាធារណៈបានដោយជោគជ័យ​ដោយ​បច្ចុប្បន្ននេះក្រុមហ៊ុនមានទុនជិត ១២ពាន់លានដុល្លារ ក្នុងការពង្រីកអាជីវកម្មផលិតរថយន្តអគ្គិសនីរបស់ខ្លួន។

ផ្អែកតាមសម្ដីនាយកប្រតិបត្តិក្រុមហ៊ុនបានឲ្យដឹងថាក្រុមហ៊ុនមានគម្រោងការរីកលូតលាស់ឲ្យបានឆាប់រហ័សបំផុត ដោយ​មានគោលដៅ​ចង់​ការផលិតរថយន្តប្រចាំឆ្នាំឡើងដល់ខ្ទង់១លានគ្រឿងក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០ ដែលនេះគឺជាកម្រិតផលិតនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla។

បច្ចុប្បន្ននេះទំហំ​ផលិតរបស់ Rivian នៅរោងចក្រនៅ Illinois គឺមានចំនួន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែជាមួយការ​អាប់ដេតថ្មីនឹងធ្វើ​ឲ្យទំហំ​ផលិតរីកធំដល់ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

គួរដឹងថារថយន្តចំនួនបីប្រភេទដែល Rivian បានប្រកាសចេញគិតត្រឹមពេលនេះគឺមានរថយន្ត Rivian R1T, Rivian R1S រួមទាំងរថយន្ត Rivian EDV ដែលនឹងត្រូវផលិតឆាប់ៗ។ ការផលិតរថយន្ត R1T បាន​ចាប់ផ្ដើមតាំងពីខែកញ្ញា ខណៈដែលរថយន្តពីរទៀតនឹងចាប់ផ្ដើមនៅខែធ្នូ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំង ១០ម៉ូឌែល ទទួលបានអត្រាការវាយតម្លៃខ្ពស់បំផុតទៅលើ…. ក្នុងឆ្នាំ២០២១ នេះ

យោងតាមគេហទំព័រ Motor1 បានធ្វើការបង្ហាញចេញនូវរថយន្តចំនួន ១០ម៉ូឌែល ដែលទទួលបានអត្រាការវាយតម្លៃខ្ពស់បផុតប្រចាំឆ្នាំ ២០២១នេះ បន្ទាប់ពីបានធ្វើវាយតម្លៃទៅលើការ Performance និងប្រព័ន្ធសុវត្តិភាព ដោយក្នុងនោះរួមមាន៖

១០. រថយន្ត​​ Hyundai Sonata N-Line ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៤/១០

៩. រថយន្ត​ Audi S5 Sportback ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៤/១០

៨. រថយន្ត Mercedes-Maybach GLS 600 ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៥/១០

៧. រថយន្ត Genesis GV80 ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៥/១០

៦. រថយន្ត Porsche 911 Turbo ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៦/១០

៥. រថយន្ត Honda Civic Sedan ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៦/១០

៤. រថយន្ត​ Audi RS6 Avant ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៦/១០

៣. រថយន្ត Nissan Rogue ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៧/១០

២. រថយន្ត Genesis G80 ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៧/១០

១. រថយន្ត Mecedes-Benz S580 ឆ្នាំ២០២១ ទទួលបានការវាយតម្លៃចំនួន ៩.៧/១០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Yaris មួយគ្រឿងនេះ មានកម្លាំងជិត ៥០០សេះ

សូមស្វាគមន៍ទីកាន់រថយន្ត Toyota GR Yaris ដែលមានកម្លាំងខ្លាំងជាងគេលើពិភពលោក ជាមួយកម្លាំងខ្លាំងស្ទើស្មើរនឹងរថយន្ត ​Porsche 911 GT3។

ជាមួយថាមពលដ៏ខ្លាំងនេះ វាទទួលបានការកែច្នៃដោយក្រុមហ៊ុនកែច្នៃរថយន្ត Powertune Australia ជាមួយការប្រើពេលអស់មួយខែ ក្នុងការកែប្រែរថយន្តនេះអោយខុសពីរថយន្ត Yaris ដទៃ បន្ទាប់ពីធ្វើការកែប្រែទៅលើប្រព័ន្ធមេកានិច ដែលធ្វើឡើងទៅលើ រ៉ឺស័រស៊ូប៉ាប់ (Valve Spring)។

ខណៈម៉ាស៊ីនស្តង់ដាចេញពីរោងចក្រចំណុះ ១.៦លីត្រ ៣ស៊ីឡាំង ផលិតកម្លាំងបាន ២៦៨សេះ នាពេលនេះ Powertune Australia បានជួយអោយម៉ាស៊ីនរថយន្តនេះទទួលបានថាមពលរហូតដល់ ៤៧២,៨សេះ បន្ទាប់បានធ្វើបានធ្វើការរត់តេស្តនៅលើម៉ាស៊ីន Hub dyno ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកែច្នៃរថយន្ត Powertune Australia ពុំទាន់នាំយករថយន្តនេះក្នុងការធ្វើតេស្តល្បឿនចុងក្រោយ នៅលើទីលានប្រណាំងនៃឡើយនោះទេ ប៉ុន្តែគេរំពឹងថារថយន្តនេះនឹងអាចស្ទុះដល់ល្បឿន ២០៩គ.ម/ម៉ ប្រើពេល ១០វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញគំរូរថយន្តប្រភេទ Compact SUV ថ្មី ដែលជាគូរប្រជែង Kia Seltos

ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវគម្រូរថយន្តប្រភេទ Compact SUV ថ្មី ក្នុងកម្មវិធីពិពណ៌រថយន្ត GLLAS ឆ្នាំ២០២១ ក្នុងប្រទេសឥណ្ឌូនេស៊ី។ គម្រូរថយន្តនេះ ត្រូវបានអោយឈ្មោះថា Honda RS ដោយវានឹងត្រូវចូលផលិកម្ម ក្នុងការផលិតគ្រឿងដំបូង នាពេលប៉ុន្មានខែខាងមុខ។

គំរូរថយន្ត Compact SUV ៥កៅអីនេះ មានប្រវែងសរុប ៤,៣ម៉ែត្រ ដូចគ្នានឹងរថយន្ត Kia Seltos និង Hyundai Creta។ រីឯការរចនា វាមានការឌីស្សាញបែបស្ព័រ និងទាក់ទាញខ្លាំង ជាមួយចង្កៀងខាងមុខរាងស្លីម អមដោយអំពូលបំភ្លឺពេលថ្ងៃ អូសមកដល់ប៉ាណាប្រភេទក្រូមនៅចំកណ្តាល។ បន្ថែមជាមួយដៃទ្វាប្រភេទក្រូម, ស្រោមកញ្ចក់ពណ៌ខ្មៅ និងចង្កៀងក្រោយ LED រូបរាងស្លីមដូចផ្នែកខាងមុខ។

គួរបញ្ជាក់ផងដែរថា រថយន្តនេះនឹងដំណើរជាមួយម៉ាស៊ីនដូចគ្នានឹងរថយន្ត Honda City ជំនាន់ទី១១ដែរ ដោយដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំង ១.៥លីត្រ និងបច្ចេកវិទ្យា mild-hybrid។​ ដែលអាចផលិតកម្លាំងបាន ១២១សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឬ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+