ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានលក់ដាច់លឿនបំផុតនៅអាមេរិក សឹងតែជា SUV ទាំងអស់

ការសិក្សាថ្មីមួយបានបង្ហាញឲ្យឃើញពីល្បឿននៃការលក់រថយន្ត នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកូវីដ១៩ ដោយក្នុងនោះ រថយន្ត SUV វ៉ារដាច់ប្រភេទរថយន្តផ្សេងៗដាច់តែម្តង។

រយៈការវិភាគលើរថយន្តលក់ដាច់ចំនួន ៤,៤លានគ្រឿង ទាំងថ្មី និងមួយទឹក ចាប់ពីខែមិនា ដល់មិថុនា ឆ្នាំ២០២០ គេហទំព៧រ iSeeCars បានរកឃើញថា ជាមធ្យមរថយន្តមួយគ្រឿងចំណាយពេលចតនៅកន្លែងលក់ ៩៦,៩ថ្ងៃ ទើបលក់ដាច់ ខុសពីពេលមិនទាន់មានកូវីដ១៩ ត្រឹម ៥៧,៨ថ្ងៃប៉ុណ្ណោះ។

ក្នុងនោះផងដែរ រថយន្តដែលលក់ដាច់លឿនបំផុតគឺ Chevrolet Trailblazer ដែលចំណាយពេលត្រឹម ១៩ថ្ងៃប៉ុណ្ណោះ។ តាមពីក្រោយ Trailblazer គឺរថយន្តកូរ៉េ Kia ចំនួន២ម៉ូដែល Telluride និង Seltos ដែលចំណាយពេល ២៥,៧ថ្ងៃ និង ៣១,៣ថ្ងៃ ទើបលក់ដាច់។

ចំណែកឯលេខ៤ បានទៅលើ SUV ដដែល គឺ Honda CR-V Hybrid (៣៥,២ថ្ងៃ), លេខ៥ Hyundai Palisade (៣៩ថ្ងៃ), លេខ៦ Mercedes-Benz GLB (៤០,៥ថ្ងៃ) ខណៈលេខ៧ គឺ Chevrolet Bolt EV ដែលមិនមែនជា SUV ចំណាយពេល ៤១,៧ថ្ងៃ ហើយលេខ៨ Toyota RAV4 Hybrid (៤៦,១ថ្ងៃ), លេខ៩ Buick Encore GX (៤៦,៦ថ្ងៃ) និង លេខ១០ Subaru Forester (៤៧,៣ថ្ងៃ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ដឹងពេល Bugatti Chiron ជាន់ដល់ល្បឿន ៣០០គ.ម៉/ម៉ លឿនប៉ុណ្ណា អាចមើលវីដេអូនេះបាន (មានវីដេអូ)

ស្របពេលដែល Bugatti កំពុងអភិវឌ្ឍន៍រថយន្ត Chiron Super Sport 300+ ដល់ដំណាក់កាលចុងក្រោយ មុនពេលដឹកទៅឲ្យភ្ញៀវ លោក Mat Watson មកពីគេហទំព័ររថយន្តអង់គ្លេស CarWow ក៏មានឱកាសអង្គុយក្នុងរថយន្តនោះ ដើម្បីសាកល្បឿនរបស់វា។

គិតរហូតមកដល់ពេលនេះ វាមានរយៈពេល ១២ខែហើយដែល Bugatti បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល បន្ទាប់ពីដាក់បង្ហាញរថយន្ត Chiron Super Sport 300+ ដែលមានល្បឿនអតិបរមារហូតដល់ទៅ ៤៩០គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ៣០៤ម៉ាយ៍ក្នុងមួយម៉ោង។

Bugatti Chiron Super Sport 300+ បំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ quad-turbo ទំហំ ១៦ស៊ីឡាំង (W16) ដែលមានកម្លាំងសរុបរហូតដល់ទៅ ១ ៥៧៨សេះ។

យ៉ាងណាមិញ នេះគឺជាលើកទី១ សម្រាប់ Mat Watson ដែលអង្គុយក្នុងរថយន្ត Bugatti ហើយបានសាកល្បឿនរបស់វាជាលើកទី១ រហូតដល់ទៅ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចង់ដឹងថាអារម្មណ៍ពេលបានជិះដល់ល្បឿនប៉ុណ្ណេះយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើកនេះ Mercedes S-Class ឆ្នាំ ២០២១ លែងសូវបិទបាំងរូបរាងហើយ

ក្រុមហ៊ុន Mercedes-Benz កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​​អភិវឌ្ឍន៍​រថយន្ត​ S-Class ជំនាន់​ថ្មី ដែល​រថយន្ត​ប្រណីត​ជំនាន់​ថ្មី​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា តាម​រយៈ​កម្មវិធី​ពិសេស​ដែល​នឹង​ផ្សាយ​​ផ្ទាល់​តាម​អនឡាញ។

នៅ​នាទី​ចុង​ក្រោយ កាន់​តែ​ជិត​ដល់​ពេល​ប្រកាស​ចេញ គេ​អាច​​ឃើញ​កាន់​តែ​ច្បាស់​នៃ​រូបរាង​របស់ S-Class ជំនាន់​ថ្មី ដែល​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ​ជា​មួយ​ការ​បិទ​បាំង​រចនាបថ​តិច​តួច​បំផុត មិន​ដូច​ពី​មុន​ៗ​នោះ​ទេ។ យ៉ាងណាក្ដី​នៅ​ត្រង់​អំពូល​ភ្លើង​ខាង​មុខ និង​អំពូល​ខាង​ក្រោយ​​នៅ​មាន​ការ​បិទ​បាំង​យ៉ាង​ជិត​តែ​ម្ដង។ ទស្សនា​រូបភាព​ដូច​ខាង​ក្រោម​នេះ ៖

ត្បិត​ថា​រចនាបថ​ខាង​ក្រៅ​របស់ S-Class ជំនាន់​ថ្មី​​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ ១០០% ប៉ុន្តែ​​គេ​បាន​ដឹង​ច្បាស់​អំពី​រចនាបថ​ខាង​ក្នុង​របស់​រថយន្ត តាម​រយៈ​​ការ​បង្ហាញ​របស់ Mercedes នា​ពេល​កន្លង​មក។ នៅ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​អេក្រង់​រហូត​ដល់ ៥​អេក្រង់ ​ដែល​​អេក្រង់​នៅ​ចំ​កណ្ដាល​មាន​ទំហំ ១២,៨​អ៊ីញ មាន​មុខងារ​ Haptic Feedback ចំណែក​អេក្រង់​ដែល​ប្រើ​ធ្វើ​ជា​កុងទ័រ​រថយន្ត មាន​បង្ហាញ​ព័ត៌មាន​បែប 3D តែ​ម្ដង៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche សម្រេចពន្យារពេលដាក់លក់ឡានអគ្គិសនីថ្មី

កាល​ពី​ខែ​មីនា​កន្លង​ទៅ Porsche បាន​ប្រកាស​ថា​រថយន្ត​ Taycan Cross Turismo នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០​នេះ ប៉ុន្តែ​សោក​ស្ដាយ​ដោយ​​សារ​ក្រុមហ៊ុន​សម្រេច​ចិត្ត​លើក​ពេល​ការ​​ដាក់​លក់​របស់​ខ្លួន។

ផ្អែក​តាម Bloomberg បាន​ឲ្យ​ដឹង​ថា​ លោក Oliver Blume ​ជា​នាយក​ប្រតិបត្តិ​ Porsche បាន​បញ្ជាក់​ថា​រថយន្ត Taycan Cross Turismo នឹង​ចេញ​លក់​នៅ​អំឡុង​ដើម​ឆ្នាំ ២០២១ ជំនួស​វិញ។ លោក​បាន​បញ្ជាក់​ថា​ជំងឺ​កូវីដ​១៩ ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ផែនការ​ចេញ​លក់​ត្រូវ​ពន្យារពេល។

​ត្បិត​ថា​ជំងឺ​កូវីដ​១៩​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ខ្លួន​ក៏​ដោយ​ក្ដី ក៏​ក្រុមហ៊ុន Porsche នៅ​តែ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​បាន​យ៉ាង​ល្អ​បើ​មើល​លើ​លទ្ធផល​​លក់​​ក្នុង​​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០។ Porsche នៅ​តែ​អាច​រក្សា​ប្រាក់​ចំណេញ​នៅ​ឆមាស​ទី​មួយ​នេះ​បាន​ក្នុង​កម្រិត​ល្អ​មួយ ទោះ​បី​ជា​រោងចក្រ​ត្រូវ​បិទ និង​ចំនួន​លក់​ថយ​ចុះ​បន្តិច​ក្ដី។ នេះ​ក៏​ដោយ​សារ​​តែ​តម្រូវ​ការ​ដ៏​ខ្លាំង​ក្លា​នៃ​រថយន្ត Taycan, 911 Turbo និង 911 Targa៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថាមើល Audi RS7 កម្លាំង៧០០សេះ អាចយកឈ្នះ Lamborghini Aventador SV កម្លាំង៧២៩សេះអត់? (មានវីដេអូ)

ជាការពិតណាស់ រថយន្ត Audi RS7 ស៊េរីចាស់ មិនអាចយកឈ្នះលើ Lamborghini Aventador បានឡើយ ប៉ុន្តែសម្រាប់ RS7 មួយនេះបានកែម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 ពីកម្លាំង ៥៥២សេះ ឡើងទៅដល់ ៧០០សេះឯណោះ។ ជាមួយគ្នានេះ វាប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD ដែលជួយឲ្យការបញ្ជូនកម្លាំងទៅកង់ទាំង៤ កាន់តែប្រសើរ។

រថយន្ត Audi RS7

ចំពោះរថយន្ត Lamborghini Aventador SV វិញ បំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 ដែលមានកម្លាំងរហូតដល់ទៅ ៧៣៩សេះ ប្រើប្រអប់លេខ ៧វគ្គ និងប៉ុងពីរដូចគ្នា។ វាអាចស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Lamborghini Aventador SV

បើនិយាយពីការប្រៀបធៀបទម្ងន់នៃរថយន្តទាំងពីរវិញ Aventador SV ស្រាលជាង RS7 ប្រហែល ១៨០គីឡូក្រាម ដូច្នេះវារៀងមានប្រៀបជាងបន្តិច។ ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់លុយប៉ុន្មាន ទើបអាចទិញ Nissan GT-R ឆ្នាំ២០២១ បាន?

ក្រុមហ៊ុនរថយន្តជប៉ុន Nissan បានបញ្ចេញតម្លៃនៃរថយន្ត GT-R ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ស៊េរីឆ្នាំ២០២១ នេះ GT-R នៅតែបែងចែកចេញជា ២ម៉ូដែល គឺ GT-R Premium មានតម្លៃចាប់ពី ១១៣ ៥៤០ដុល្លារ និង GT-R Nismo មានតម្លៃចាប់ពី ២១០ ៧៤០ដុល្លារ។

រថយន្ត Nissan GT-R Premium បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 មានកម្លាំង ៥៦៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ AWD។ ដោយឡែក GT-R Nismo វិញ បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 ដូចគ្នា ប៉ុន្តែមានកម្លាំងដល់ ៦០០សេះ។

ក្រៅពីកម្លាំងខ្លាំងជាង GT-R Nismo ក៏មានចំណុចខុសគ្នាមួយចំនួនពី GT-R Premium ដែរ ដូចជា មានបំពាក់ដៃចង្កូតកាំម្ញី, ចង្កឹះលេខស្រោបដោយស្បែក រំលេចដោយពណ៌ក្រហម និង មានកុងទ័រពណ៌ក្រហម ជាដើម។ មិនតែប៉ុណ្ណោះ វាក៏បំពាក់កៅអីស្បែក Recaro ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងប្រកាសបញ្ចុះតម្លៃ៧៥% លើផ្លាកលេខភ្នំពេញ BG-1333

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅលើទំព័រផ្លូវការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហាញពីការលក់បញ្ចុះតម្លៃលេខភ្នំពេញ BG-1333 ត្រូវបានដាក់លក់បញ្ចុះតម្លៃ៧៥% ស្មើនឹង 1,000,000រៀល (តម្លៃពេញ 4,000,000រៀល)។ លោកអ្នកអាចចូលមើលនៅទីនេះ https://vehicle.mpwt.gov.kh/#/plates?plate=2BG1333

 

គួរបញ្ជាក់ផងដែរថា ផ្លាកលេខរាជធានី-ខេត្ត ត្រូវបានដាក់លក់បញ្ចុះតម្លៃតាមសេរីជាបន្តបន្ទាប់រួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។ បងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានជម្រើសយ៉ាងសម្បូរបែបក្នុងការជ្រើសរើសយកផ្លាកលេខរាជធានី-ខេត្តសេរីបច្ចុប្បន្ន ឬលេខបញ្ចុះតម្លៃ ឬលេខពិសេសផ្ទាល់ខ្លួនតាមការពេញចិត្តផងដែរ។


:::យោង៖ https://mpwt.gov.kh/kh/documents/declaration/286
:::ប្រព័ន្ឋស្វ័យប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីរថយន្ត៖ https://vehicle.mpwt.gov.kh
:: Hotline មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ៖ ១២៧៥

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX ស៊េរីពិសេសរំលេចដោយពណ៌ខ្មៅ មានផលិតត្រឹម ១ពាន់គ្រឿងប៉ុណ្ណោះ

​កាល​ពី​ថ្មីៗ​នេះ​​ Lexus បាន​បង្ហាញ​ចេញ​រថយន្ត​​ម៉ូដែល LX ស៊េរី​ពិសេស រួច​មក​បាន​បញ្ចេញ​រថយន្ត ES ស៊េរី​ពិសេស ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​​រថយន្ត RX ស៊េរី​ពិសេស​បន្ថែម​មួយ​ទៀត។

រថយន្ត Lexus RX ស៊េរី​ពិសេស​មាន​ឈ្មោះ​ថា RX Black Line ដែល​នឹង​មាន​ផលិត​ត្រឹម ១០០០​គ្រឿង​ប៉ុណ្ណោះ ក្នុង​នោះ​មាន RX 350 ចំនួន ៧៥០​គ្រឿង និង RX Hybrid ចំនួន ២៥០​គ្រឿង ដែល​រថយន្ត​ពិសេស​នេះ​មាន​ពាំនាំ​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​ប្រភេទ F Sport។

RX Black Line មាន​ចំណុច​ពិសេស​ដូច​ជា​​យ៉ាន់​កង់​ទំហំ ២០​អ៊ីញ​ថ្មី​ពណ៌​ខ្មៅ, ផ្ទាំង​ប៉ាណា​មាន​ក្រូម៉េ, កៅអី​ស្បែក​ពណ៌​ខ្មៅ​ដែល​មាន​រំលេច​​ពណ៌​ស​និង​ពណ៌​ខ្មៅ។ គួរ​ដឹង​ដែរ​ថា​ RX Black Line មាន​ជម្រើស​ពណ៌​ចំនួន​ពីរ​គឺ​ពណ៌​ Ultra White និង​ពណ៌​ថ្មី​ឈ្មោះ Grecian Water។

រថយន្ត​ RX Black Line នេះ​មាន​តម្លៃ ៥០ ៦៣៥​ដុល្លារ សម្រាប់​ RX 350 និង​សម្រាប់ RX Hybrid វិញ​មាន​តម្លៃ ៥១ ៨៨៥​ដុល្លារ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិននឹងផលិតឡាន Supercar លក់តម្លៃ ១,៤៥លានដុល្លារ

ក្រុមហ៊ុន​រថយន្ត​ចិន Hongqi បាន​សម្រេច​ថា​នឹង​នាំ​យក​រថយន្ត​ Concept ម៉ូដែល Hongqi S9 ដែល​​ខ្លួន​បាន​បង្ហាញ​ចេញ​កាល​ពី​ឆ្នាំ ២០១៩ យក​មក​ផលិត​លក់​លើ​ទីផ្សារ​ជា​ផ្លូវ​ការ។

រថយន្ត​ Hongqi S9 ដែល​ជា​ប្រភេទ Supercar នឹង​ផលិត​ត្រឹម​ ៧០​គ្រឿង​ប៉ុណ្ណោះ ដែល​នឹង​ផលិត​នៅ​ឆ្នាំ ២០២១ សម្រាប់​តម្លៃ ១០​លាន​យ័ន​ក្នុង​មួយ​គ្រឿង ដែល​ស្មើ​នឹង​ប្រមាណ ១,៤៥​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ចិន​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត។

រថយន្ត​នេះ​នឹង​បំពាក់​ដោយ​ម៉ាស៊ីន Turbocharged V8 ភ្ជាប់​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​សាក​ភ្លើង​បាន។ សរុប​ជា​រួច​វា​អាច​ផលិត​កម្លាំង​បាន ១៤០០​សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល​ត្រឹម ១,៩​វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៤០០​គ.ម/ម៉៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កម្លាំង៧០០សេះរបស់ Dodge ដាក់តម្លៃខ្លួន ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Dodge បានប្រកាសពីតម្លៃនៃរថយន្ត Durango SRT Hellcat ដែលនឹងមានតម្លៃចាប់ពី ៨០ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Dodge Durango SRT Hellcat នេះបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged V8 មានកម្លាំង ៧១០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD មកស្តង់ដារ។ SUV ដ៏អង់អាចនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមា ដល់ទៅ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចអូសសណ្តោងបានទម្ងន់រហូតដល់ទៅជិត ៤តោនទៀតផង។

យ៉ាងណាក៏ដោយ រថយន្ត Durango SRT Hellcat នឹងដាក់ឲ្យបញ្ជាទិញមុននៅចុងឆ្នាំនេះ។ ក្រៅពីម៉ូដែល SRT Hellcat ក្រុមហ៊ុន Dodge ក៏ផ្តល់ជម្រើសជាច្រើនម៉ូដែលទៀត ដូចជា SXT, GT, R/T, Citadel និង SRT 392 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+