ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Malibu នឹងត្រូវឈប់ផលិតក្រោយឆ្នាំ២០២៣?

មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន Chevrolet បានឈប់ផលិតរថយន្តប្រភេទ Sedan ជាច្រើនម៉ូដែលនៅអាមេរិកខាងលើជើង រួមមានទាំងម៉ូដែល Cruze, Volt និង Impala ជាដើម។ ឥឡូវនេះ ក្រុមហ៊ុនខាងលើទំនងជានឹងឈប់ផលិតម៉ូដែល Malibu មួយទៀត។

យោងតាមគេហទំព័រ GM Authority បានឲ្យដឹងថា Malibu ទំនងជានឹងត្រូវឈប់ផលិត បន្ទាប់ពីស៊េរីឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើមិនទាន់ត្រូវបាន Chevrolet ទទួលស្គាល់ជាផ្លូវការឡើយ ប៉ុន្តែអនាគតរបស់ Malibu ហាក់ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះនៃចំនួនលក់រថយន្ត និងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ក្នុងនោះ ចំនួនលក់នៃរថយន្ត Malibu បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ Chevrolet លក់ដាច់រថយន្ត Sedan នេះ នៅសហរដ្ឋអាមេរិក សរុបចំនួន ២២៧ ៨៨១គ្រឿងក្នុងឆ្នាំ២០១៦ ប៉ុន្តែក៏ធ្លាក់ចុះមកសល់ត្រឹម ១៨៥ ៨៥៧គ្រឿងក្នុងឆ្នាំ២០១៧, ១៤៤ ៥៤២គ្រឿងក្នុងឆ្នាំ២០១៨ និង ១៣១ ៩១៧គ្រឿងក្នុងឆ្នាំ២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចាប់ដៃក្រុមហ៊ុនចិន ៥ ដើម្បីផលិតអ៊ីដ្រូហ្សែន ប្រើលើឡានដឹកទំនិញ

ក្រុមហ៊ុន Toyota នឹងសហការណ៍ជាមួយក្រុមហ៊ុនចិនចំនួន ៥ រួមមាន Beijing Automobile Group, FAW, Beijing SinoHytec, Dongfeng Motor និង Guangzhou Automobile Group ដើម្បីផលិតអ៊ីដ្រូហ្សែនសម្រាប់ប្រើលើរថយន្តដឹកទំនិញ។

ក្រុមហ៊ុនដែលស្ថិតនៅក្នុងទីក្រុងប៉េកាំងខាងលើ នឹងមានភាគហ៊ុនសរុប ៦៥% របស់ Toyota ហើយនឹងត្រូវហៅថា Fuel Cell System R&D ជាមួយនឹងទំហំទឹកប្រាក់វិនិយោគទុនដំបូងសរុប ៥ពាន់លានយ៉េន ឬ ៤៦លានដុល្លារ។

ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនជឿជាក់ថា រថយន្តអគ្គិសនី គឺជាអនាគតសម្រាប់ឧស្សាហកម្មនេះ ក្រុមហ៊ុន Toyota នៅតែជឿជាក់ថា រថយន្តប្រើអ៊ីដ្រូហ្សែន គឺជាអនាគតពិសេសប្រាកដ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌលជួលជុលរថយន្ត Ford សាខាទួលសង្កែ ចាប់បើកដំណើរការហើយ!

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តFordគ្រប់ប្រភេទក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា​ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលជួសជុលរថយន្តFord​នេះ សាងសង់ឡើងលើផ្ទៃដីទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមានប៉ុងសំរាប់ជួសជុលរថយន្តចំនួន២០ ប៉ុងសំរាប់ត្រួតពិនិត្យរថយន្តទូទៅចំនួន៣ ប៉ុងសំរាប់ថ្លឹងចង្កូតនិងកង់រថយន្តដោយប្រព័ន្ធកុំព្យូទ័រចំនួន១ សម្ភារៈបរិក្ខារ និងឧបករណ៍ជួសជុលរថយន្តត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណជាង៣០នាក់។ ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។​

មជ្ឈមណ្ឌលជួសជុលរថយន្តFord​ សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ព្រឹក​ដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យ​និងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មគ្រឿងបន្លាស់ជាដើម។

លោក ងន​ សាំង អគ្គនាយកក្រុមហ៊ុន អ​ អិម អេ ខេមបូឌា

លោក ងន​ សាំង អគ្គនាយកក្រុមហ៊ុន អ​ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលជួសជុលរថយន្តFord​ សាខាទួលសង្កែនេះ គឺជាសាខាទី៤ ដែលសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើន​នៃការប្រើប្រាស់រថយន្តFord និងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ជាពិសេសក្នុងគោលបំណងពង្រីកនូវសេវាកម្មរថយន្តFord ឲ្យកាន់តែគៀកនឹងអតិថិជន”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger រូបរាងថ្មីបង្ហាញខ្លួនឆ្នាំ២០២២?

យោងតាមគេហទំព័ររបស់ Car Expert បានធ្វើការបង្ហាញពីរូបរាង និងលក្ខណះពិសេសជាច្រើនរបស់រថយន្ត Ford Ranger ២០២២។ យ៉ាងណាមិញ រថយន្តថ្មី Ford Ranger នេះនឹងមានជម្រើស ម៉ាស៊ូត ២ ប្រភេទ និង សាំងជាមួយបច្ចេកវិទ្យា Plug-in Hybrid ផងដែរ។ សម្រាប់ម៉ាស៊ីនម៉ាស៊ូត ២នោះប្រភេទមាន ២,០ លីត្រ ប្រើប្រាស់ ទ័កប៊ូ ២ (Twin-Turbo) ម៉ាស៊ីនចំនួន ៤ កំលាំង ១៥០គីឡូវ៉ាត់ កំលាំងរមួល ៥០០Nm និង ៣,០ លីត្រ ម៉ាស៊ីនចំនួន ៦ កំលាំង ១៨៦គីឡូវ៉ាត់ កំលាំងរមួល ៦០០Nm ដែលនឹងជំនួយអោយម៉ាស៊ីន ៣,២ លីត្រស៊េរីចាស់។

គេហទំព័រ Car Expert ក៏បានរំពឹងថារថយន្តស៊េរីថ្មីនេះ អាចនឹងបំពាក់បូមប្រភេទ Fox Racing Shock ដូចទៅនឹងរថយន្ត Ford F-150 Raptor អញ្ចឹងដែរ។

បូមរថយន្ត Ford F-150 Raptor ២០២០

កាន់តែពិសេសស៊េរីនឹងបំពាក់ជាមួយប្រព័ន្ធកំសាន្ត Ford SYNC4 អេក្រង់បញ្ឈរទំហំ ១២,៨ អុីញ អាចធ្វើការភ្ជាប់ដោយប្រព័ន្ធដំណើរការ Android Auto និង Apple CarPlay បានផងដែរ។ លើសពីនេះក៏មានអេក្រង់កុងទ័រទំហំ ១០,២៥ អុីញ ដែលមានរូបរាងប្រហាក់ប្រហែលទៅរថយន្ត Ford Mustang Mach-E ផងដែរ។

ផ្នែកខាងក្នុងរបស់ Ford Mustang Mach-E

ព័ត៌មានខាងលើគឺសំដៅសម្រាប់តំបន់ធំៗមួយចំនួនដូចជា អាមេរិកកណ្តាល អឺរ៉ុប អូស្ត្រាលី និងតំបន់ផ្សេងទៀតជាច្រើននៅជុំវិញពិភពលោក ហើយយើងមិនដឹងថាសម្រាប់កម្ពុជានឹងមានលក្ខណះបែបណានោះទេ តែបើបានចឹងមែនពិតជាទំនើបខ្លាំងមែនទែន។ យ៉ាងណាក៏ដោយ រង់ចាំមើលទាំងអស់គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover ទទួលបានកញ្ចប់លុយ ៧០៥ពាន់លានដុល្លារ ពីចិន

ក្រុមហ៊ុន Jaguar Land Rover នា​ពេល​កន្លង​មក​ត្រូវ​បាន​គេ​ដឹង​ថា​ជួប​បញ្ហា​ខ្លះៗ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ ​ហើយ​ថ្ងៃ​នេះ​មាន​ដំណឹង​ល្អ​មួយ ដោយ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters បាន​ឲ្យ​ដឹង​ថា JLR ទទួល​បាន​កញ្ចប់​​ប្រាក់​កម្ចី ៧០៥​ពាន់​លាន​ដុល្លារ ពី​ធនាគារ​​ចំនួន​បួន​របស់​ចិន។ ប្រាក់​កម្ចី​នេះ​គឺ​មាន​រយៈពេល ៣​ឆ្នាំ ដែល​អាច​ឲ្យ​ JLR គ្រប់គ្រង​លើ​ចរន្ត​សាច់​ប្រាក់​បាន​កាន់​តែ​ល្អ​ប្រសើរ អំឡុង​ពេល​ជួប​វិបត្តិ​កូវីដ​១៩។

គួរ​ដឹង​ថា​បញ្ហា​ហិរញ្ញវត្ថុ​របស់ JLR គឺ​​កើត​មាន​តាំង​ពី​មុន​រង​ការ​វាយ​ប្រហារ​ពី​ជំងឺ​កូវីដ​១៩​ទៅ​ទៀត។ ​នៅ​ចុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ការ​ខាត​បង់​ទឹក​ប្រាក់​ដល់ ១១៣​ពាន់​លាន​ដុល្លារ។ ក្រោយ​មក JLR ក៏​បាន​ចាប់​ផ្ដើម​អនុវត្តន៍​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ ដូច​ជា​ជម្រុះ​បុគ្គលិក​រាប់​ពាន់​នាក់ និង​បោះបង់​ចោល​គម្រោង​ការ​ផលិត​រថយន្ត Range Rover SV Coupe លក់​ថែម​ទៀត​ផង។

តាម​រយៈ​ផែនការ​កាត់​បន្ថយ​ការ​ចំណាយ​នេះ គ្រប់​យ៉ាង​ក៏​ចាប់​​ផ្ដើម​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​បន្តិច​​ម្ដង ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ត្រូវ​ជួប​បញ្ហា​ម្ដង​ទៀត​​រឿង​វិបត្តិ​កូវីដ​១៩។ ជា​មួយ​ប្រាក់​កម្ចី​ដ៏​ច្រើន​មហាសាល​នេះ​មិន​ត្រឹម​តែ​ជួយ​ទប់​ទល់​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ឲ្យ JLR បន្ត​ការ​អភិវឌ្ឍន៍​រថយន្ត​ថ្មី​ដូច​ជា​ Jaguar XJ ជំនាន់​ថ្មី ដែល​រំពឹង​ថា​មាន​ជា​ប្រភេទ​អគ្គិសនី​សុទ្ធ សម្រាប់​ប្រកួត​ប្រជែង​នឹង​ Tesla Model S និង Porsche Taycan ផង​ដែរ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទឹកដៃឆ្លាក់កូនឡានពីឈើបានល្អិតល្អន់ខ្លាំង មិនសរសើរមិនបាន (មានវីដេអូ)

គណនី YouTube ឈ្មោះ Woodworking Art កំពុង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់ YouTube ចាប់​អារម្មណ៍​ខ្លាំង​លើ​ទឹក​ដៃ​ឆ្លាក់​កូន​រថយន្ត​ពី​ឈើ ដែល​ធ្វើ​បាន​យ៉ាង​ល្អិតល្អន់​​ធ្វើ​ឲ្យ​​ដូច​ជា​រថយន្ត​​ពិតៗ​តែ​ម្ដង។

វិចិត្រករ​ពី​ក្រោយ​គណនី YouTube ខាង​លើ​គឺ​មាន​ទីតាំង​នៅ​ប្រទេស​វៀតណាម ដែល​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ បាន​ចែក​រំលែក​វីដេអូ​អំពី​ការ​ឆ្លាក់​ឈើ​ចេញ​ជា​រថយន្ត​ ចំនួន​ ១១ ​ម៉ូដែល​រថយន្ត។ វីដេអូ​ភាគ​ច្រើន​មាន​អ្នក​ទស្សនា​លើស​ពី ៥​លាន​ដង ហើយ​វីដេអូ​នៃ​រថយន្ត Toyota Land Cruiser មាន​អ្នក​ចុច​មើល​ដល់ ៥៣​លាន​ដង​ឯណោះ។ ទស្សនា​បណ្ដា​វីដេអូ​ដូច​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន RAV4 PHV ឆ្នាំ២០២១ ថ្មីនៅជប៉ុន ជិះ១០០គ.ម៉ ស៊ីសាំង៤លីត្រ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត RAV4 PHV ស៊េរីឆ្នាំ២០២១ ថ្មី នៅក្នុងប្រទេសកំណើតរបស់ខ្លួន ខណៈម៉ូដែលនេះត្រូវបានគេហៅថា RAV4 Prime សម្រាប់ទីផ្សារដទៃ។

រថយន្ត Toyota RAV4 PHV បំពាក់ម៉ាស៊ីន Toyota Hybrid System II (THS II) ថ្មី មានកម្លាំងសរុប ៣០២សេះ ដែលជាការគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង Dynamic Force ជាមួយនឹងម៉ូទ័រអគ្គិសនីពីរ និងអាគុយ Hybrid មួយ ហើយដំណើរការដោយប្រព័ន្ធប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៦វិនាទី។

RAV4 PHV អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៩៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៥លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។

រថយន្ត SUV នេះមានបំពាក់កៅអីស្បែក, កុងទ័របង្ហាញព័ត៌មានទំហំ ៩អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Toyota Safety Sense មកស្តង់ដារតែម្តង។ Toyota បានដាក់លក់ RAV4 PHV ថ្មីនេះក្នុងតម្លៃចាប់ពី ៤២ ៨២០ដុល្លារ នៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dodge ចេញឡាន Challenger 50th Anniversary ថ្មី កាន់តែពិសេស

ក្រុមហ៊ុន Dodge បានបញ្ចេញរថយន្ត Challenger ស៊េរីឆ្នាំ២០២០ ម៉ូដែលពិសេសថ្មីមួយ ហៅថា Challenger 50th Anniversary Commemorative Edition ដើម្បីអបអរខួបលើកទី ៥០ឆ្នាំនៃរថយន្តនេះ។

រថយន្ត Challenger 50th Anniversary បំពាក់គម្របម៉ាស៊ីនពណ៌ខ្មៅ, ដំបូលពណ៌ខ្មៅ និង កាងកាត់ខ្យល់ខាងក្រោយពណ៌ខ្មៅផងដែរ។ បន្ថែមពីនេះ វាបំពាក់ចង្កៀងមុខ LED មានរន្ធបឺតខ្យល់ ជាមួយនឹងឡូហ្គូលេខ “50” មានបញ្ចេញភ្លើង ព្រមទាំងឡូហ្គូអក្សរ “Challenger50” ទៀតផង។

ម៉ូដែល 50th Anniversary នេះមានលើរថយន្ត Challenger R/T, R/T Scat Pack និង R/T Scat Pack Widebody ហើយមានពណ៌តួខ្លួនដូចជា Smoke Show, Granite, Indigo Blue, Octane Red, Pitch Black, Triple Nickel និង White Knuckle។

ចំពោះម៉ូដែល 50th Anniversary នេះ នឹងតម្លៃជាង ៤ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល Challenger R/T, ៥ ៤៩៥ដុល្លារ សម្រាប់ Challenger R/T Scat Pack និង ១១ ៤៩៥ដុល្លារ សម្រាប់ R/T Scat Pack Widebody៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A6 ប្រើម៉ាស៊ីន Plug-In Hybrid ថ្មី ចេញតម្លៃលក់ហើយ!

រថយន្ត Audi A6 50 TFSI e ប្រើម៉ាស៊ីន Plug-in Hybrid ថ្មី បានចេញលក់នៅលើទីផ្សារប្រទេសអង់គ្លេស ជាមួយនឹងតម្លៃចាប់ពី ៦៦ ១០០ដុល្លារ ដែលចែកចេញរហូតដល់ទៅ ៤ ម៉ូដែល គឺ Sport, S-Line, Black Edition និង Vorsprung។

រថយន្ត Sedan ប្រណីតនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TFSI និងម៉ូទ័រអគ្គិសនីមួយ ព្រមទាំងអាគុយ Hybrid មួយ មានកម្លាំងសរុប ២៩៥សេះ ហើយអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៥៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Audi A6 ថ្មី នឹងមានបំពាក់ទំហំពី ១៨ ដល់ ២០អ៊ីញ, ចង្កៀងមុខ Matrix LED និង HD Matrix LED, ប្រព័ន្ធបូម Sports Suspension និងចង្កៀងក្រោយ LED ព្រមទាំងប្រព័ន្ធសំលេង Bang & Olufsen ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ពន្យារពេលបង្ហាញចេញឡាន IS ស៊េរីថ្មី ព្រោះការស្លាប់របស់ George Floyd

កាល​ពី​ថ្ងៃ​ចន្ទ​ Lexus បាន​ប្រកាស​ថា​រថយន្ត IS ឆ្នាំ ២០២១ នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៩ ខែ​មិថុនា។ ​ក្រោយ​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​ពី​ការ​ពន្យារ​ពេល​ការ​បង្ហាញ​ចេញ ដោយ​សារ​​ស្ថានភាព​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។

ត្បិត​ថា​ Lexus មិន​បញ្ជាក់​ហេតុផល​ច្បាស់​ ប៉ុន្តែ​គេ​អាច​ដឹង​ថា​គឺ​ដោយ​សារ​​ការ​ស្លាប់​របស់​លោក George Floyd ដែល​លោក​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២៥​ខែ​ឧសភា ក្រោយ​ពី​ប៉ូលិស​ទីក្រុង Minneapolis បាន​យក​ជង្គង់​សង្កត់​ក​លោក​ជាប់​រយៈពេល​ជិត ៩​នាទី។

ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ ដោយ​សារ​ទង្វើ​ឃោរឃៅ​របស់​ប៉ូលិស​បាន​ធ្វើ​ឲ្យ​កើត​មាន​ការ​ជ្រួល​ច្របល់​ពេញ​សហរដ្ឋអាមេរិក ដោយ​នាំ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ទាមទារ​​រក​យុត្តិធម៌​សម្រាប់​លោក George Floyd ផង​ដែរ។

Lexus បាន​ឲ្យ​ដឹង​ថា​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​បង្ហាញ​ចេញ​រថយន្ត IS ឆ្នាំ ២០២១ នឹង​ប្រកាស​ចេញ​នា​ពេល​ឆាប់ៗ​នេះ។ Lexus បាន​រក្សា​ការ​សម្ងាត់​បាន​យ៉ាង​ល្អ​លើ​ម៉ូដែល IS ថ្មី ប៉ុន្តែ​គេ​រំពឹង​ថា​វា​នឹង​មាន​រចនាបថ​​ថ្មី ជា​មួយ​ប្រព័ន្ធ​ម៉ាស៊ីន​ថ្មី​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+