Toyota ឈប់ផលិត Prius C ព្រោះ Corolla Hybrid ថ្មី ស៊ីសាំងតិចខ្លាំង

ដោយសារតែ​វត្តមាន​រថយន្ត Corolla Hybrid ស៊េរី​ឆ្នាំ ២០២០ ឥឡូវនេះក្រុមហ៊ុន Toyota បានប្រកាស​ឈប់​ផលិត​រថយន្ត Prius C នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អនុប្រធាន​ក្រុម​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Toyota លោក Ed Laukes ទៅ​កាន់​គេហទំព័រ Motor 1។

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​ម៉ូដែល Prius C ដំបូង​ក្នុង​ឆ្នាំ ២០១២ ដែល​មាន​តម្លៃ​ថោក និង​រូបរាង​តូច​ជាង​ម៉ូដែល Prius ធម្មតា។ ជាមួយ​នឹង​ការ​ប្រើម៉ាស៊ីន Hybrid ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ មានកម្លាំង​ ៩៩ សេះ ជាក់ស្តែង Prius C ពិត​ជា​សន្សំសំចៃ​ជាង Prius ធម្មតា​ទៅ​ទៀត។

ពាណិជ្ជកម្ម

យ៉ាង​ណា​ក៏​ដោយ ការ​មក​ដល់​នៃ​រថយន្ត Corolla Hybrid ដែល​ជា​ម៉ូដែល​ថ្មី និង​កាន់តែ​សន្សំសំចៃ​ទៀត​នោះ បាន​ធ្វើ​ឲ្យ Prius C ក្លាយ​ជា​រថយន្ត​មិន​ចាំ​បាច់​តែម្តង។

បើ​យោង​តាម​ទីភ្នាក់ងារ EPA បាន​បង្ហាញ​ថា Corolla Hybrid មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ត្រឹមតែ ៤,៥ លីត្រ​ប៉ុណ្ណោះ​សម្រាប់​ការ​រត់​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ។ វា​ប្រើក់​ម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ និង​អាគុយ​ប្រភេទ nickel-metal-hydride មួយ មានកម្លាំង​​សរុប ១២១ សេះ៕

Sponsored