តើឆ្ងល់ដែរទេ! ជិះរថយន្តតែក្នុងក្រុងមិនដែលអី តែពេលជិះទៅដើរលេងឆ្ងាយៗម្តងស្រាប់តែខូច?

សម្រាប់អ្នកបើកបររថយន្តភាគច្រើនបំផុតតែនៅក្នុងក្រុង អាចនឹងមិនសូវចាប់អារម្មណ៍ពីកំហូចរថយន្តរបស់ខ្លួនឡើយ ដោយសារតែស្ថានភាពចរាចរណ៍មានការកកស្ទះ ប្រើល្បឿនយឺតជាដើម ដូច្នេះការខូចរថយន្តតាមផ្លូវ ក៏មិនទាន់កើតឡើងភ្លាមៗដែរ។ ប៉ុន្តែនៅពេលមានបុណ្យទានធំៗម្តងៗ ចេញដំណើរទៅខេត្តឆ្ងាយៗ ទើបលេចចេញរោគសញ្ញានៃកំហូច ឬអាចខូចគាំងតាមផ្លូវតែម្តង។

តើបងប្អូនដឹងទេថា ការបើកបរល្បឿនយឺតៗតែក្នុងទីក្រុង បានបង្កផលប៉ះពាល់យ៉ាងស្ងៀមស្ងាត់ដល់រថយន្តដូចខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ការធ្លាក់ចុះគុណភាពប្រេង និងមានកំណកក្នុងម៉ាស៊ីន៖ ការបើកល្បឿនយឺតៗជាប្រចាំថ្ងៃ ធ្វើឲ្យប្រេងម៉ាស៊ីនទទួលកម្តៅមិនគ្រប់គ្រាន់ ធ្លាក់ចុះគុណភាពលឿន និងបណ្តាលឲ្យមានកំណកក្នុងម៉ាស៊ីនទៀតផង។ ពេលបើកផ្លូវឆ្ងាយម្តងៗ ជាន់ល្បឿនលឿនអាចប្រឈមនឹងការសឹករិចរិលគ្រឿងបង្គុំម៉ាស៊ីន ដោយសារប្រេងថមថយគុណភាពរំអិល មិនតែប៉ុណ្ណោះបើម៉ាស៊ីនរថយន្តមានបញ្ហាបាត់ប្រេងទៀតនោះ វាអាចនឹងរីងស្ងួតលឿនផងដែរ។

២. ប្រអប់លេខ និងហ្វ្រាំង៖ ការបើកបរក្នុងទីក្រុង ជួបការកកស្ទះ និងមានភ្លើងស្តុបច្រើនកន្លែង ដូច្នេះអ្នកបើកបរ ចៀសមិនផុតពីការផ្លាស់ប្តូរចង្កឹះលេខច្រើនដង និងជាន់ហ្វ្រាំងញឹកញាប់ខ្លាំងផងដែរ ដែលបណ្តាលឲ្យទាំងគ្រឿងបង្គុំប្រអប់លេខ និងស្បែកហ្វ្រាំង ឆាប់សឹក។ អ៊ីចឹងពេលបើកក្នុងក្រុងយឺតៗ ជាន់ហ្វ្រាំងបានធម្មតា ប៉ុន្តែពេលបើកតាមខេត្តប្រើល្បឿនលឿន ទើបដឹងថា ហ្វ្រាំងជាន់លែងសូវស៊ី និងមានលាន់សំឡេងទៀតផង។

៣. អាគុយ៖ វាជាអ្នកទទួលថាមពលពីឌីណាម៉ូ។ ប្រសិនបើបើកតែក្នុងចម្ងាយខ្លីនោះវានឹងមិនទទួលបានការសាកចូលគ្រប់គ្រាន់ឡើយ បណ្តាលឲ្យអាគុយឆាប់ខូចមុនកាលកំណត់។ ពេលដែលមានបញ្ហាពាក់ព័ន្ធនឹងឌីណាម៉ូ ឬ អាគុយ ដែលមិនអាចសាកភ្លើងឲ្យគ្នាបាន ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ វានឹងលោតចេញសញ្ញារូបអាគុយក្នុងកុងទ័រ ដែលប្រឈមនឹងការរលត់ម៉ាស៊ីនរថយន្តតាមផ្លូវតែម្តង។

៤. ជើងក្រោមខូចកាន់តែច្រើន៖ អ្នកបើកបរគិតថា ខ្លួនបើកតែក្នុងក្រុងជិះតែលើផ្លូវស្អាតៗ ប្រាកដជាគ្មានបញ្ហាជើងក្រោមនោះទេ។ ការពិតទៅ ទោះបើកក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ ក៏ត្រូវឆែកមើលជើងក្រោមដែរ ព្រោះគ្រាន់តែបញ្ហាដាច់កៅស៊ូផ្នែកណាមួយ ក៏បណ្តាលឲ្យប៉ះពាល់ដល់ផ្នែកជើងក្រោមផ្សេងៗទៀតដែរ ជាពិសេសនៅពេលបើកចូលតំបន់ដែលមានផ្លូវគ្រលុក វានឹងធ្វើឲ្យខូចកាន់តែច្រើន។

៥. សំបកកង់៖ ពេលជិះតែក្នុងក្រុងបើកយឺតៗមិនសូវចាប់អារម្មណ៍សម្ពាធខ្យល់កង់នោះទេ តែពេលបើកផ្លូវឆ្ងាយ អាចធ្វើឲ្យមានបញ្ហាសំបកកង់ ឬបែកកង់ ដោយសារសំបកកង់ឡើងកម្តៅ និងមិនមានសម្ពាធខ្យល់គ្រប់គ្រាន់។

៦. ម៉ាស៊ីនរថយន្តឡើងកម្តៅខ្លាំងហួស ដោយសារការបាត់ទឹក។ រថយន្តមានបញ្ហាបាត់ទឹកបន្តិចម្តងៗដោយសារកំហូចអ្វីមួយ ក្នុងប្រព័ន្ធបញ្ចុះកម្តៅ។ បើជិះតែក្នុងក្រុង បាត់ទឹកតិចៗពេលខ្លះពួកគេគ្រាន់តែចាក់ទឹកថែមបំពេញវិញដោយគ្មានបញ្ហា។ ប៉ុន្តែពេលបើកផ្លូវឆ្ងាយ ប្រើល្បឿនលឿន កម្រិតនៃការបាត់ទឹកក៏លឿននិងស្ទើរតែរីងស្ងួតអស់ បណ្តាលឲ្យម៉ាស៊ីនឡើងកម្តៅលើសកម្រិតប្រតិបត្តិការ ហើយឈានដល់ការរលត់ម៉ាស៊ីនតាមផ្លូវតែម្តង បើអ្នកបើកបរមិនចាប់អារម្មណ៍លើកុងទ័រកម្តៅទេនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម