ការថែទាំខ្សែក្រវាត់សុវត្ថិភាព | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ទោះបីខ្សែក្រវាត់ជាឧបករណ៍តូចមួយនៅលើរថយន្ត ប៉ុន្តែវាមានសារៈសំខាន់បំផុតដែលអាចជួយការពារអាយុជីវិតអ្នកបើកបរក៏ដូចជាអ្នកដំណើរនៅពេលមានគ្រោះថ្នាក់ចរាចរណ៍។ អ្នកមិនអាចដឹងច្បាស់ទេថាគ្រោះថ្នាក់នឹងកើតមានឡើងនៅពេលណា អ្វីដែលសំខាន់បំផុតគួរត្រៀមខ្លួនការពារទុកជាមុនទើបប្រសើរ។ ដូចនេះដើម្បីសុវត្ថិភាព អ្នកបើកបរគ្រប់រូបគួរយកចិត្តទុកដាក់ថែរក្សា និងសម្អាតខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវដូចខាងក្រោម៖

១. វិធីសម្អាតខ្សែក្រវាត់ ប្រសិនបើខ្សែក្រវាត់មានស្នាមប្រឡាក់ដោយសារកំពប់ភេសជ្ជៈអ្វីមួយលើ អ្នកអាចយកសាប៊ូដុំ និងទឹកក្តៅឧណ្ហៗមកលាងជម្រះចេញជាការស្រេច។ ជៀសវៀងប្រើ សាប៊ូម្សៅដោយសារវាមានជាតិកាត់ខ្លាំងដែលបំផ្លាញដល់ស្បែក និងភាពធន់របស់ខ្សែក្រវាត់។ ជាទូទៅខ្សែក្រវាត់ឡើងកខ្វក់ឬពណ៌ត្នោតគឺជាសញ្ញានៃការបំផ្លាញដែលធ្វើឲ្យគុណភាពប្រើប្រាស់ចុះខ្សោយ ព្រមទាំងងាយប្រឈមដាច់នៅពេលណាមួយ។

ពាណិជ្ជកម្ម

២. រក្សាគន្លឹះខ្សែក្រវាត់ឲ្យស្អាត តែងតែរក្សាគន្លឹះខ្សែក្រវាត់ទាំងអស់ស្អាត និងស្ងួតជានិច្ច។ តាមរយៈអ្នកជំនាញបានឲ្យដឹងថាកំទេចដី និងទឹកអាចធ្វើឲ្យគន្លឹះខ្សែក្រវាត់គាំង និងមិនអាចប្រើការបានត្រឹមត្រូវ។ ប្រើផលិតផលស្ព្រៃបាញ់ការពារច្រេះទៅលើគន្លឹះខ្សែក្រវាត់ដើម្បីរក្សាភាពភ្លឺរលោង និងបន្ថែមអាយុកាលប្រើប្រាស់បានយូរអង្វែង។ ករណីគន្លឹះខ្សែក្រវាត់គាំងឬខូច គួរប្រញាប់យកទៅឲ្យអ្នកជំនាញត្រួតពិនិត្យទើបប្រសើរ។

៣. ផ្លាស់ប្តូរខ្សែក្រវាត់ខូចឲ្យឆាប់រហ័សបំផុត ជាទូទៅខ្សែក្រវាត់ខូចមិនអាចជួសជុលបានទេ វិធីតែមួយគត់គឺផ្លាស់ប្តូរថ្មីតែម្តង។ ប្រសិនបើសង្កេតឃើញថាខ្សែក្រវាត់ចាប់ផ្តើមប្រេះថ្នេរឬសឹក វាគឺជាភាពចាំបាច់ដែលអ្នកគួរតែប្រញាប់យកទៅប្តូរថ្មីឲ្យបានកាន់តែឆាប់កាន់តែល្អ។ ចងចាំថាការប្តូរខ្សែក្រវាត់សុវត្ថិភាពត្រូវធ្វើឡើងដោយអ្នកមានជំនាញច្បាស់លាស់ និងប្រើប្រាស់ផលិត ផលខ្សែក្រវាត់ថ្មីដែលមានគុណភាពខ្ពស់។ ដើម្បីទំនុកចិត្តគួរយកទៅឲ្យក្រុមហ៊ុនរថយន្តធ្វើការផ្លាស់ប្តូរឲ្យតែម្តងទើបប្រសើរ៕

Sponsored