
នេះគឺជាខ្សែជីវិតពិតរបស់លោក Chin Jit Pyng ឬគេស្គាល់ថា JP Chin ដែលជាអ្នកប្រមូលទិញឡានទំនើបៗធំបំផុតប្រចាំប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំពោះប្រវត្តិរបស់លោកមុនពេលក្លាយជាអ្នកប្រមូលឡានដ៏មានឥទ្ធិពលម្នាក់ លោក JP Chin មិនមែនកើតមកលើគំនរប្រាក់នោះទេ ពោលគឺលោកបានតស៊ូចេញពីបាតដៃទទេ ដោយបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏ជោគជ័យមួយឈ្មោះថា Silverlake Innovation Partners ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាដល់ធនាគារធំៗនៅទូទាំងប្រទេសម៉ាឡេស៊ី រហូតរកបានចំណូលរាប់រយលានដុល្លារនៅក្នុងមួយឆ្នាំៗ។ ម្លោះហើយ ដោយសារតែកាលពីក្មេង លោកមានជីវភាពខ្វះខាត និងមិនដែលមានឡានថ្មីជិះ ទើបនៅពេលជោគជ័យ លោកបានសម្រេចក្ដីស្រមៃកាលពីកុមារភាព ដោយបានប្រមូលទិញឡានលំដាប់កំពូលៗជាច្រើនគ្រឿង មកទុកក្នុងសារមន្ទីរផ្ទាល់ខ្លួនឈ្មោះថា JPM Collection។
ក្នុងនោះ ឡានកម្រៗបំផុតលើលោកដូចជា Bugatti Chiron, Bugatti Divo (ដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍), Bugatti Bolide, Ferrari Enzo, និង McLaren P1 គឺសុទ្ធសឹងតែមាននៅក្នុងការប្រមូលផ្តុំរបស់លោក។ ជាធម្មតា លោកគឺមានរថយន្តចន្លោះពី ៦០ ទៅ ១០០ គ្រឿងឯណ្ណោះនៅក្នុងស្តុក ព្រោះក៏មានការលក់ចេញ និងទិញចូលជាប្រចាំផងដែរ។
ក្រៅពីនេះ សារមន្ទីររបស់លោកក៏មាននូវរថយន្តកម្រៗដូចជា Ferrari F430 និង Ford GT40 ដែលធ្លាប់ត្រូវបានផលិតករភាពយន្តហូលីវូដទាក់ទងខ្ចីទៅថតផងដែរ។

យ៉ាងណាមិញ បើទោះបីជាមានទ្រព្យសម្បត្តិមហាសាល និងមានឡានកម្រៗជាច្រើនគ្រឿងក៏ដោយ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាគោរពកោតសរសើរលោកបំផុតនោះ គឺភាពស្មោះត្រង់ និងមនសិការស្នេហាជាតិ។ ពោលគឺសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ លោក JP Chin មិនដែលជិះឡាន Bugatti ឬ Ferrari នោះទេ ប៉ុន្តែលោកបែរជាជ្រើសរើសបើកបរឡានម៉ាក Proton ដែលជាម៉ាកឡានផលិតនៅក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ីទៅវិញ។ លោកបានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីការគាំទ្រ និងមោទនភាពចំពោះផលិតផលជាតិរបស់ខ្លួនទៅកាន់ពិភពលោក។ ម្យ៉ាងវិញទៀត ការបើកបរឡាន Proton គឺវាមានភាពងាយស្រួល មិនសូវមានអ្នកតាមសម្លឹងមើលច្រើន មិនបារម្ភរឿងខូចខាតពេលជួបផ្លូវលំបាក ឬទើសទាក់ពេលចតឡាននោះឡើយ ហើយវាថែមទាំងមានសុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់ទូទៅទៀតផង។
សរុបមក នេះសបញ្ជាក់ឱ្យឃើញថា ទោះបីជាលោក JP Chin មានលុយទិញរបស់ប្រណីតៗកម្រិតណាក៏ដោយ ក៏លោកមិនដែលបំភ្លេចដើមកំណើត និងនៅតែបន្តលើកស្ទួយសេដ្ឋកិច្ចជាតិរបស់ខ្លួនជានិច្ចផងដែរ៕
























