Ford បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Fiesta ស៊េរីឆ្នាំ២០២២ ដែលបានដុះខាត់រូបរាងខាងក្រៅបន្តិចបន្តួច និងមានបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាងមុនផងដែរ។
រថយន្តនេះបានបំពាក់នូវផ្ទាំងប៉ាណាមុខដែលមានទំហំធំជាងមុនបន្តិច ហើយវាបង្កប់ដោយឡូហ្គោរបស់ Ford នៅពីលើ និងមានអមដោយរន្ធខ្យល់ដ៏ធំនៅផ្នែកសងខាង ហើយអំពូលខាងមុខគឺជាប្រភេទ LED ជាស្តង់ដារផងដែរ។ ចំណែកផ្នែកខាងក្រោយមានការផ្លាស់បន្តិចបន្តួច ដោយនៅជុំវិញស្តុបក្រោយមានបន្ថែមស៊ុមពណ៌ខ្មៅ និងមានផ្ដល់ជាជម្រើសអំពូល LED ជាដើម។
នៅផ្នែកខាងក្នុងវិញគឺមានបំពាក់នូវកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ដែលអាចផ្លាស់ប្ដូរពណ៌ទៅតាមប្រភេទបើកបរ ដែលមានប្រភេទ Normal, Sport និង Eco។ វាក៏មាននូវអេក្រង់កម្សាន្តទំហំ៨អ៊ីញ ជាប្រភេទ Touchscreen ដែលបានប្រើប្រាស់ប្រព័ន្ធ SYNC 3។
Ford ក៏បានបន្ថែមនូវបន្ទះសាកថ្មស្មាតហ្វូនដោយមិនប្រើខ្សែផងដែរ ហើយនៅផ្នែកខាងក្នុងក៏មានបំពាក់នូវប្រព័ន្ធ B&O Sound System ដែលមានឧបករណ៍បំពងសំឡេងចំនួន១០គ្រាប់។
ចំពោះផ្នែកម៉ាស៊ីនវិញគឺមានជម្រើសម៉ាស៊ីន Turbocharged ចំណុះ១,៩លីត្រ ប្រភេទ EcoBoost អាចផលិតកម្លាំងបាន៩៩សេះ និងជម្រើសម៉ាស៊ីន EcoBoost Hybrid ដែលមានជាប្រភេទអាចផលិតកម្លាំងបាន១២៣សេះ និងប្រភេទដែលផលិតកម្លាំងបាន១៥៣សេះ។ មិនតែប៉ុណ្ណោះវាក៏មាននូវជម្រើសម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ EcoBoost ដែលអាចផលិតកម្លាំងបាន ១៩៧សេះផងដែរ។
Ford មិនទាន់បានបង្ហាញចេញតម្លៃសម្រាប់រថយន្ត Fiesta ស៊េរីឆ្នាំ២០២២នៅឡើយទេ ហើយគេរំពឹងថារថយន្តនេះនឹងចេញលក់ចាប់ពីដើមឆ្នាំ២០២២នៅទីផ្សារអឺរ៉ុប៕