គ្រាន់តែសំឡេងមួយសោះ Tesla ប្រមូលឡានមកវិញជិត ៥៧៩ ០០០គ្រឿង

[ទីផ្សារបរទេស] និយតករអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Tesla Inc កំពុងប្រមូលយករថយន្តចំនួន ៥៧៨ ៦៩៧គ្រឿងនៅក្នុងសហរដ្ឋអាមេរិក មកវិញ ដោយសារតែអ្នកថ្មើរជើងប្រហែលជាមិនដឹងថារថយន្ត Tesla កំពុងបើកជិតពួកគេ។

គួរឲ្យដឹងថា ក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងពី រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) ក្រុមហ៊ុន Tesla បានចេញការប្រមូលមកវិញចំនួន ១០ រួចមកហើយនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ កំពុងប្រមូលយករថយន្ត Model S, Model X, Model Y ចាប់ពីស៊េរីឆ្នាំ២០២០ ដល់ ២០២២ មួយចំនួន និង Model 3 ចាប់ពីស៊េរីឆ្នាំ ២០១៧ ដល់ ២០២២ ដោយសារតែមុខងារ “Boombox function” អនុញ្ញាតឲ្យបញ្ចេញសំឡេងតាមរយៈឧបករណ៍បំពងសំឡេងខាងក្រៅ ខណៈពេលដែលរថយន្តកំពុងធ្វើចលនា។

យ៉ាងណាមិញ NHTSA បាននិយាយថា យានជំនិះទាំងនោះមិនគោរពតាមស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ ស្តីពីតម្រូវការសំឡេងអប្បបរមាសម្រាប់រថយន្តអគ្គិសនីនោះទេ។

ក្រុមហ៊ុន Tesla នឹងធ្វើការអាប់ដេតកម្មវិធី (over-the-air software update) ដែលនឹងបិទមុខងារ Boombox នៅពេលដែលរថយន្តស្ថិតនៅក្នុងលេខ D, N និង R៕

ប្រភព ៖ channelnewsasia

ផ្ទាំងផ្សាយពាណិជ្ជកម្ម