[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Yaris ស៊េរីឆ្នាំ ២០២៣ ដែលមានការរចនាឡើងវិញ មាន ៤ ម៉ូដែល Sport, Smart, Premium, Premium S ជាមួយតម្លៃលក់ចាប់ពី ១៦ ០០០ ដុល្លារ ដល់ ១៩ ៨០០ ដុល្លារ។
សម្រាប់ Toyota Yaris ២០២៣ មានការរចនាផ្នែកខាងក្រៅថ្មី ដោយផ្តោតលើផ្នែកខាងមុខមានប៉ាណាឲ្យឈ្មោះថា Hammerhead Design ជានិន្នាការថ្មីរបស់ Toyota អបដោយចង្កៀងមុខប្រភេទ LED ដែលរួមបញ្ចូលគ្នាជាមួយអំពូលភ្លើងពេលថ្ងៃ និងចង្កៀងក្រោយ LED និងកាងក្រោយថ្មីផងដែរ។
ការរចនាផ្នែកខាងក្នុងមិនមានការផ្លាស់ប្តូរអ្វីឡើយ អ្វីដែលគួរឱ្យកត់សម្គាល់គឺកៅអីស្បែកគុណភាពខ្ពស់ តុបតែងជាមួយពណ៌ក្រហម-ខ្មៅ និងថ្នេរដេរពណ៌ស ក្រហម កុងទ័របង្ហាញព័ត៌មានប្រភេទ full-LCD និងអេក្រង់កំសាន្ត Touchscreen ទំហំ ៩ អ៊ីញភ្ជាប់មុខងារ Apple CarPlay និង Android Auto និងរន្ធសាក USB Type-C បន្ថែមសម្រាប់កៅអីខាងក្រោយជាដើម។ បន្ថែមពីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ផងដែរ ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Toyota Yaris ស៊េរីឆ្នាំ ២០២៣ នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឹម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ផលិតកម្លាំងបាន ៩២ សេះ និងកម្លាំងរមួល ១០៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៕