
គិតត្រឹមដើមឆ្នាំ២០២៦ ក្រុមហ៊ុនផលិតរថយន្តចិននៅតែបន្តពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅទីផ្សារសកល ប៉ុន្តែសម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅតែជាតំបន់ដែលពួកគេមិនទាន់អាចឈានជើងបាន ពេញលេញដោយសារតែមានការដំឡើងពន្ធខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ អតិថិជនមួយចំនួនបាននិយាយថា ពួកគេនឹងពិចារណាទិញរថយន្តដែលផលិតនៅប្រទេសចិន ហើយអ្នកបើកចិត្តទទួលក្នុងទទួលយករថយន្ដប្រេនរបស់ចិននខ្លាំងជាងគេបំផុតនោះគឺ យុវជនជំនាន់ Gen Z គួរបញ្ជាក់ផងដែរសម្រាប់យុវជនជំនាន់ Gen Z ត្រូវបានគេរាប់បញ្ចូលចំពោះអ្នកដែលកើតចន្លោះឆ្នាំ ១៩៩៧ ដល់ ២០១២ ។
យោងតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន Cox Automotive បានឲ្យដឹងថាចំនួនអ្នកឆ្លើយតបពាក់ព័ន្ធលើការយល់ឃើញចំពោះរថយន្ដប្រេនចិន ៦៩% សុទ្ធតែយុវជនជំនាន់ Gen Z ហើយពួកគេនិយាយថានឹងពិចារណាទិញរថយន្តប្រេនរបស់ចិន។ នេះគឺជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បើធៀបទៅនឹងចំនួន ៣៩% នៃអ្នកឆ្លើយតបសរុបទាំងអស់ពាក់ព័ន្ធជាមួយសំណួរនេះ ដោយបាននិយាយថា ពួកគេមិនសូវចាប់អារម្មណ៍ ឬមិនព្រមទិញរថយន្តដែលផលិតនៅចិនទាល់តែសោះ។ ចំណែកឯ ៣៨ ភាគរយផ្សេងទៀត បាននិយាយថាពួកគេពិតជាមានបំណងចង់ទិញខ្លាំងណាស់។ជាមួយទិន្នន័យនេះបានបង្ហាញថា យុវជនជំនាន់ Gen Z ស្ទើរ ៧០% កំពុងងាកមកចាប់លើរថយន្ដប្រេនរបស់ចិន។
ចំពោះមូលហេតុចម្បងដែលធ្វើយុវជនជំនាន់ Gen Z ចាប់អារម្មណ៍លើរថយន្តចិន មានកត្តាសំខាន់ៗចំនួន ៣៖
- តម្លៃសមរម្យ៖ រថយន្តចិនផ្តល់នូវជម្រើសតម្លៃល្អបំផុត បើធៀបនឹងសមត្ថភាព និងបច្ចេកវិទ្យាដែលមានបំពាក់ជាមួយរថយន្ដ។
- បច្ចេកវិទ្យាទំនើប៖ យុវជនជំនាន់នេះចូលចិត្តរថយន្ដមានអេក្រង់កម្សាន្ដធំៗ ប្រព័ន្ធបញ្ជាដោយសំឡេង និងមុខងារឆ្លាតវៃ ដូចអ្វីដែលក្រុមហ៊ុនចិន៖ BYD, Xiaomi, និង Zeekr កំពុងធ្វើបានយ៉ាងល្អ ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗលើរថយន្ដរបស់ពួគគេជាបន្ដបន្ទាប់។
- ការរចនាទាន់សម័យ៖ រថយន្តចិនសម័យថ្មី ភាគច្រើនលែងមានរូបរាងចម្លងពីគេទៀតហើយ ប៉ុន្តែមានស្ទីលផ្ទាល់ខ្លួនដែលមើលទៅស៊ីវិល័យ និងទាក់ទាញខ្លាំង ជាហេតុនាំឲ្យក្រុមហ៊ុនផលិតរថយន្ដចិន អាចឆក់យកបេះដូងយុវជនជំនាន់ Gen Z បាន៕
















