[ទីផ្សារបរទេស] Bentley បានធ្វើការដុសខាត់រថយន្ត Bentayga ប្រភេទ Hybrid ដោយបានដំឡើងរយៈចម្ងាយបើកបរជាមួយថាមពលអគ្គិសនីសុទ្ធបានឆ្ងាយជាងមុនបន្តិច និងបានផ្ដល់ជម្រើស Hybrid នេះលើ Option រថយន្តចំនួនពីរថែមទៀតផងដែរ។
ការផ្លាស់ប្ដូរបានធ្វើឡើងជាមួយអាគុយចំណុះ ១៨kWh ដែលអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ ៤៤គីឡូម៉ែត្រ ឆ្ងាយជាងមុនប្រមាណ ៣គីឡូម៉ែត្រ។ ប្រព័ន្ធ Hybrid នេះមានផ្សំឡើងដោយម៉ាស៊ីនសាំង ៣,០លីត្រ V6 និងម៉ូទ័រអគ្គិសនីមួយដែលម៉ូទ័រនេះផលិតកម្លាំងបានខ្លាំងជាងមុ ៦%។
ម៉ូទ័រអគ្គិសនីថ្មី អាចផលិតកម្លាំងបាន ១៣៤សេះ ដែលធ្វើឲ្យថាមពលសរុបរបស់ Bentayga Hybrid ឡើងពី ៤៤៣សេះ ដល់ ៤៥៦សេះ និងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៣វិនាទី លឿនជាងមុន ០,២វិនាទី។
កន្លងមក Bentley បានផ្ដល់ជម្រើស Hybrid នេះតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែពេលនេះវាមានជាជម្រើសសម្រាប់ Option S និង Azure បន្ថែមទៀត។
Bentley និយាយថាការបន្ថែមជម្រើស Hybrid លើសែស្រឡាយរថយន្តខ្លួន មានន័យថាពាក់កណ្ដាលនៃរថយន្តរបស់ខ្លួន (៧ ក្នុងចំណោម ១៤) ពេលនេះគឺមានជម្រើសថាមពលអគ្គិសនី ដែលជាការឆ្ពោះទៅកាន់គោលដៅធ្វើឲ្យរថយន្តទាំងអស់មានជម្រើសថាមពលអគ្គិសនីនៅត្រឹមឆ្នាំ២០២៥ ជាឆ្នាំដែលរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Bentley បង្ហាញខ្លួន៕