BMW និង Ford វិនិយោគលុយ ១៣០លានដុល្លារ ផលិតអាគុយ Solid-State Battery

ក្រុមហ៊ុនផលិតអាគុយ Solid-State Battery មានឈ្មោះថា Solid Power បានប្រកាសអំពីការវិនិយោគក្នុងចំនួនទឹកប្រាក់ ១៣០ លានដុល្លារ ដែលដឹកនាំដោយក្រុមហ៊ុន Ford, BMW និង Volta Energy Technologies។

ការវិនិយោគនេះមានគោលបំណងរៀបចំក្រុមហ៊ុន Solid Power ដើម្បីផលិតអាគុយ Solid-State Battery នៅក្នុងចំនួនច្រើន និងមានទំហំធំល្មមសម្រាប់ប្រើប្រាស់លើរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Doug Campbell នាយកប្រតិបត្តិក្រុមហ៊ុន Solid Power បានមានប្រសាសន៍ថា “ឥឡូវនេះក្រុមហ៊ុន BMW និងក្រុមហ៊ុន Ford ចូលរួមចំណែកឈានមុខគេក្នុងការប្រគួតប្រជែងលើរថយន្តអគ្គិសនី ដែលដើរដោយថាមពលអាគុយ Solid-State Battery។ ឥឡូវនេះ Solid Power គ្រោងចាប់ផ្តើមផលិតអាគុយសម្រាប់ប្រើលើរថយន្ត នៅដើមឆ្នាំ ២០២២ ដែលជាលទ្ធផលនៃការបន្តប្តេជ្ញាចិត្តរបស់ដៃគូរបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើពាណិជ្ជកម្មនីយកម្មរបស់ក្រុមហ៊ុន Solid Power”។

យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តទាំងពីរខាងលើ គ្រោងនឹងទទួលបានអាគុយទំហំ ១០០អំពែម៉ោង សម្រាប់សាកល្បង និងបំពាក់លើយានយន្ត នៅដើមឆ្នាំ ២០២២។ ក្រុមហ៊ុនផលិតរថយន្តនីមួយៗរំពឹងថា នឹងទទួលបានអាគុយសម្រាប់តម្រូវការយានយន្តផ្ទាល់ខ្លួន។

គួរឲ្យដឹងថា អាគុយ Solid-State Battery ត្រូវបានក្រុមហ៊ុនផលិតរថយន្តជាច្រើនចាប់អារម្មណ៍ និងមើលឃើញថា ជាការបោះជំហានទៅមុខយ៉ាងសំខាន់សម្រាប់រថយន្តអគ្គិសនី។ មិនតែប៉ុណ្ណោះ វាមានសុវត្ថិភាព និងដង់ស៊ីតេថាមពលច្រើនជាងអាគុយនាពេលបច្ចុប្បន្ន ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម