រថយន្ត RAM 1500 TRX ស៊េរីឆ្នាំ ២០២១ ដែលទើបបង្ហាញវត្តមានកាលពីពេលថ្មីៗកន្លងទៅជាភីកអាប់ដ៏ខ្លាំងក្លាមួយ ដោយសារមានបំពាក់នូវម៉ាស៊ីន Hellcat Supercharged ចំណុះ ៦,៦លីត្រ ៨ស៊ីឡាំង ផលិតកម្លាំងបានរហូតដល់ ៧០២សេះ។ ម៉ាស៊ីននេះរបស់ភីកអាប់នេះធ្វើឲ្យវាលេចធ្លោជាងភីកអាប់ F-150 Raptor ស៊េរីបច្ចុប្បន្ន ដែលមានម៉ាស៊ីនកម្លាំងត្រឹម ៤៥០សេះប៉ុណ្ណោះ។
យ៉ាងណាក្ដីបើតាមការចេញផ្សាយរបស់ The Fast Lane Truck បានឲ្យដឹងថា Ford គ្រោងប្រកួតប្រជែងនឹងភីកអាប់ថ្មីរបស់ RAM ដោយបំពាក់ម៉ាស៊ីនកម្លាំងខ្លាំងលើរថយន្ត F-150 Raptor ស៊េរីឆ្នាំ ២០២១។
តាមប្រភពបានឲ្យដឹងថា F-150 Raptor ថ្មីនឹងបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង ដូចជាម៉ាស៊ីនមាននៅលើ Ford Shelby GT500 Mustang ស៊េរីឆ្នាំ ២០២០ ដែលវាអាចផលិតកម្លាំងបានដល់ ៧៦០សេះ។ យ៉ាងណាក្ដីប្រភពបានបញ្ជាក់ថាម៉ាស៊ីនប្រភេទនេះនឹងជាប្រភេទ Limited-Editon ដែលមានន័យថាវានឹងមិនមានលក់យូរអង្វែងនោះទេ។
បន្ថែមពីនេះដែរ រថយន្ត Ford F-150 Raptor ឆ្នាំ ២០២១ នឹងមានម៉ាស៊ីនមួយប្រភេទទៀតជាប្រភេទ PowerBoost V6 ដែលមានលក្ខណៈស្រដៀងនឹងប្រព័ន្ធ Hybrid PowerBoost លើរថយន្ត Ford F-150 ស៊េរីឆ្នាំ ២០២១ ដែរ។ វាមានគួបផ្សំដោយម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីដែលជួយបង្កើនកម្លាំងម៉ាស៊ីនឲ្យកាន់តែខ្លាំងក្លា៕