ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Ford អះអាងថារថយន្តប្រភេទ Plug-In Hybrid ជាជម្រើសមានសក្តានុពលបំផុតនៅទីផ្សារតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន

Ford អះអាងថារថយន្តប្រភេទ Plug-In Hybrid ជាជម្រើសមានសក្តានុពលបំផុតនៅទីផ្សារតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន

កន្លងមកក្រុមហ៊ុន Ford ធ្លាប់មានគោលដៅប្រែក្លាយខ្សែស្រឡាយរថយន្តរបស់ខ្លួនទាំងអស់នៅក្នុងតំបន់អឺរ៉ុប ឲ្យទៅជារថយន្តអគ្គិសនីសុទ្ធទាំងស្រុងគិតត្រឹមឆ្នាំ២០៣០។ ប៉ុន្តែរឿងរ៉ាវជាច្រើនបានផ្លាស់ប្តូរយ៉ាងខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលេហតុគឺដោយសារអត្រានៃការងាកមកប្រើប្រាស់រថយន្តអគ្គិសនីមានភាពយឺតយ៉ាវ បានជម្រុញឲ្យក្រុមហ៊ុនផលិតរថយន្តមួយនេះ ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយងាកមកផ្តល់ជូននូវជម្រើសម៉ាស៊ីនដ៏សម្បូរបែបជាងមុន និងបានអំពាវនាវឲ្យមានការកំណត់បទប្បញ្ញត្តិស្តីពីការបំភាយឧស្ម័ន មានលក្ខណៈប្រាកដនិយមជាងមុននៅទូទាំងតំបន់អឺរ៉ុប ផ្អែកលើនិន្នាការនៃការលក់ជាក់ស្តែងនាពេលបច្ចុប្បន្ន។

2025 Ford Ranger PHEV plug-in hybrid unveiled, due in showrooms late next year ក្រុមហ៊ុន Ford នៅតែមានផែនការបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីៗនៅក្នុងទីផ្សារតំបន់អឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដដែល ប៉ុន្តែនៅពេលនេះក្រុមហ៊ុនបានអះអាងថារថយន្ដប្រភេទ Plug-in hybrids គឺជាជម្រើសដែលមានសក្តានុពល និងសមស្របបំផុតសម្រាប់កាលៈទេសៈបច្ចុប្បន្ន។

ជុំវីញករណីនេះលោក Jim Baumbick ប្រធានក្រុមហ៊ុន Ford ប្រចាំតំបន់អឺរ៉ុប បានមានប្រសាសន៍ថា៖«បច្ចេកវិទ្យាកូនកាត់ PHEV គឺជាជម្រើសមួយដែលផ្តល់ឲ្យអ្នកបើកបរនូវអ្វីដែលល្អបំផុតពោលគឺការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធសម្រាប់ការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃ សមត្ថភាពក្នុងការសាកភ្លើងធម្មតាតាមផ្ទះ និងមានម៉ាស៊ីនសាំងសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។

ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំគោលនយោបាយមួយចំនួនហាក់ដូចជាមើលរំលង និងមិនសូវឲ្យតម្លៃលើរថយន្ត PHEV នោះឡើយ ដោយសារតែពួកគេបារម្ភថា អ្នកបើកបរនឹងមិនព្រមដោតខ្សែសាកភ្លើងរថយន្ដ។ លោកបានសង្កត់ធ្ងន់ទៀតថា៖«បញ្ហាពិតប្រាកដ វាមិនមែនស្ថិតនៅលើបច្ចេកវិទ្យានោះទេ ប៉ុន្តែវាស្ថិតនៅលើរបៀបដែលយើងលើកទឹកចិត្ត ឬទម្លាប់នៃការប្រើប្រាស់វាទៅវិញទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

The Wheels Interview: Ford exec Jim Baumbick, the man who helped make the Ranger a roaring successលោក Jim Baumbick បានបន្ថែមទៀតថា៖«ចូរក្រឡេកមើលការប្រៀបធៀបរវាងប្រទេសស៊ុយអែត និងចក្រភពអង់គ្លេស។ នៅប្រទេសស៊ុយអែត ប្រសិនបើអ្នកសាកភ្លើងរថយន្ត PHEV របស់អ្នកនៅផ្ទះ ក្រុមហ៊ុនជាអ្នកទូទាត់ប្រាក់ថ្លៃភ្លើងនោះត្រឡប់មកវិញ។ ដោយសារតែមានការលើកទឹកចិត្តដ៏ឆ្លាតវៃបែបនេះ ទើបអ្នកបើកបររថយន្ត PHEV ភាគច្រើននៅក្នុងប្រទេសស៊ុយអែត អាចធ្វើដំណើររហូតដល់ទៅប្រហែល ៧០ភាគរយនៃការធ្វើដំណើរជារួមរបស់ពួកគេ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ ផ្ទុយទៅវិញ នៅក្នុងចក្រភពអង់គ្លេស គ្មានការលើកទឹកចិត្តបែបនោះទេ។»

«វិធីសាស្ត្រអនុវត្តជាក់ស្តែងបែបនេះគឺរឹតតែមានសារៈសំខាន់ខ្លាំងឡើងសម្រាប់អាជីវកម្មខ្នាតតូច។ ជាងជួសជុលក្នុងតំបន់ ឬអ្នកបើកបរដឹកជញ្ជូនទំនិញ មិនអាចទ្រាំទ្រនឹងការទុកឲ្យឡានវ៉ាន់ (Van) របស់ពួកគេចតចោលស្ងៀមដើម្បីរង់ចាំសាកភ្លើងនៅស្ថានីយសាធារណៈដែលមានតម្លៃថ្លៃនោះឡើយ។ ប៉ុន្តែប្រសិនបើពួកគេអាចសាកភ្លើងឡានវ៉ាន់ប្រភេទ PHEV នោះនៅផ្ទះនាពេលយប់បាន ថ្លៃចំណាយលើការបើកបរប្រចាំថ្ងៃរបស់ពួកគេ នឹងធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមតែប្រហែល ៣.៥០ អឺរ៉ូ ប៉ុណ្ណោះ ក្នុងចម្ងាយផ្លូវ ១៦០ គីឡូម៉ែត្រ បើធៀបទៅនឹងការចំណាយរហូតដល់ ២៣ អឺរ៉ូ សម្រាប់ការប្រើប្រាស់ប្រេងម៉ាស៊ូត។

ប្រសិនបើយើងចង់ឈានទៅដល់ពិភពលោកមួយដែលមានការបំភាយឧស្ម័នកាបូនស្មើនឹងសូន្យ យើងត្រូវតែផ្តល់អាទិភាពចម្បងលើមនុស្សជាមុនសិន។ តាមរយៈការធ្វើឲ្យការចល័តទីដោយថាមពលអគ្គិសនីមានតម្លៃកាន់តែធូរថ្លៃ អាចអនុវត្តបានជាក់ស្តែង និងផ្តល់ផលចំណេញត្រឡប់មកវិញ នោះអ្នកបើកបរទូទៅប្រចាំថ្ងៃ នឹងក្លាយជាអ្នកចូលរួមដឹកនាំផ្លូវឆ្ពោះទៅមុខជាមិនខាន។

2026 Ford Escape Hybrid Review, Pricing, and Specsបន្ថែមពីនេះលោក Jim Baumbick បានមើលឃើញថារថយន្ត PHEV គឺជាកាំជណ្តើរដ៏សំខាន់បំផុត ព្រោះថានៅពេលដែលវាត្រូវបានគេយកទៅប្រើប្រាស់បានត្រឹមត្រូវ ពួកវាអាចជួយកាត់បន្ថយការបំភាយឧស្ម័នពុលបានយ៉ាងច្រើនសម្រាប់ការបើកបរធម្មតាប្រចាំថ្ងៃ ខណៈពេលដែលវាបានបង្ហាញពីភាពប្រាកដនិយម និងផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយនៅពេលដែលត្រូវការផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម