ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ជេញឡាន MPV ៧កៅអី ថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ បើកបាន ១៨០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តប្រភេទ MPV ៧កៅអី ថ្មី គឺ BYD Xia ជាមួយតម្លៃលក់ចាប់់ពី ៣៤ ១០០ ដុល្លារ ដល់ ៤២ ២៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤​សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ២០,៤ និង ៣៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៨០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៥,៤លីត្រ/១០០គ.ម និងអាចបើកបរបានចម្ងាយសរុប ១ ០៦០ គីឡូម៉ែត្រ។

ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងសេនស័រចំនួន ២៩ចំនុច ជុំវិញរថយន្ត។

សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមាន អេក្រង់កុងទ័រឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់បញ្ជាព៌ត័មាន touchsreen ទំហំ ១៥,៦អ៊ីញ និងអេក្រង់កម្សាន្ត touchsreen សម្រាប់អ្នកដំណើរទំហំ ១២,៣ អ៊ីញ ក៏ដូចជាកញ្ចក់ការពារសំឡេង កន្លែងសាកថ្មឥតប្រើខ្សែ កៅអីជួរទី១ និង ២ មានមុខងារកំដៅ/ខ្យល់ចេញចូល និងជំនួយចង្កេះ កៅអីម៉ាស្សាសម្រាប់អ្នកបើកបរ កៅអីជួរទី៣ អាចបត់បាន និងអាចលៃតម្រូវបាន ទូទឹកកកមានមុខងារត្រជាក់/កំដៅ តុបត់ចុះក្រោមសម្រាប់អ្នកដំណើរជួរទី២ ប្រព័ន្ធអូឌីយ៉ូ DiSound ចំនួន ២៨គ្រាប់ កៅអីស្បែក Nappa ដៃចង្កូតមានមុខងារកំដៅ និងប្រព័ន្ធជំនួយការបើកបរ DiPilot 100ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO ថ្មី របស់ Hyundai និយាយថា មិត្តភាពរវាង Trump និង Elon Musk នឹងជះផលវិជ្ជមានដល់ឧស្សាហកម្មរថយន្ត

[បរទេស] លោក Jaehoon Chang ជានាយកប្រតិបត្តិក្រុមហ៊ុន Hyundai ដែលទើបតែកាន់តំណែងថ្មីៗនេះ បានសម្តែងទស្សនៈថា ទាក់ទងនឹងមិត្តភាពរវាងលោក Elon Musk ប្រធានក្រុមហ៊ុន Tesla ជាមួយប្រធានាធិបតីឈ្នះឆ្នោតអាមេរិកលោក Donald Trump អាចនឹងជះផលវិជ្ជមានសម្រាប់ឧស្សាហកម្មរថយន្ត ជាពិសេសនៅសហរដ្ឋអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបន្ថែមថា ក្រុមហ៊ុនបានបណ្តាក់ទុនយ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិក ដោយសារចាត់ទុកថាទីនោះជា “ទីផ្សារដ៏សំខាន់បំផុត” របស់ខ្លួន ហើយមិនដែលពឹងផ្អែកលើការលើកទឹកចិត្តដែលផ្តល់នៅក្រោមរដ្ឋបាលលោក Biden នោះទេ ។  លើសពីនេះ លោកយល់ឃើញថា ដោយសារលោក Elon Musk មានភាពជិតស្និទ្ធនឹងឧស្សាហកម្មអាមេរិក និងពិភពលោក EV ដែលអាចផ្តល់នៅមានភាពវិជ្ជមានសម្រាប់ឧស្សាហកម្មនេះ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានចាប់ផ្តើមសាងសង់រោងចក្រ EV ដែលមានតម្លៃ ៥,៥ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក សម្រាប់ផលិតរថយន្តអគ្គិសនីសុទ្ធ Ioniq 5 ព្រមទាំងមានរថយន្ត EV ចំនួន ៥ ម៉ូដែលបន្ថែមទៀតពីម៉ាក Hyundai, Kia និង Genesis ដោយរោងចក្រនេះ ក៏នឹងផលិតម៉ូដែលកូនកាត់ Hybrid ជាច្រើនផងដែរ ជាមួយសមត្ថភាពផលិតសរុប ៣០០ ០០០ គ្រឿង រហូតដល់ ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RAM បញ្ចេញភីកអាប់ម៉ូដែល 2500 និង 3500 ឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម រួមទាំងជម្រើសម៉ាស៊ីនថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បញ្ចេញនៅរថយន្តភីកអាប់ខ្នាតធំ RAM 2500 និង RAM 3500 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម រួមទាំងបច្ចេកវិទ្យា និងថាមពលម៉ាស៊ីន ជាមួយតម្លៃលក់ ៤៧ ៥៦០ ដុល្លារសម្រាប់ម៉ូដែល 2500 និងតម្លៃ ៤៨ ៥៦៥ ដុល្លារ សម្រាប់ម៉ូដែល 3500 ។

សម្រាប់ភីកអាប់ទាំង ២ នេះ ទទួលបានជម្រើសម៉ាស៊ីនថ្មី ពោលគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៣០ សេះ និងកម្លាំងរមួល ១៤៥៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខថ្មីចំនួន ៨វគ្គ ។ ខណៈម៉ាស៊ីនចំណុះ ៦,៤ លីត្រ Hemi V8 នៅផ្តល់ជូនជាស្តង់ដារ ។

ភីកអាប់ខ្នាតធំ RAM 2500 និង RAM 3500 ទទួលបានការថ្មីទៅលើ ប៉ាណា រួមទាំងសំណុំចង្កៀងមុខ LED ។ លើសពីនេះ ក៏ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen  Uconnect 5 ទំហំ ១៤,៥ អ៊ីញថ្មី ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ចំនួន ១៧ចំនុច ។ លើសពីនេះ ក៏បានបន្ថែមមុខងារប្រព័ន្ធសុវត្ថិភាពថ្មីជាច្រើនទៀរផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធផលិតដោយ Honda និង Sony សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃជិត ៩មុឺនដុល្លារ

[បរទេស] Afeela ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sony និងក្រុមហ៊ុន Honda បានធ្វើការដាក់បង្ហាញនៅរថយន្តអគ្គិសនីសុទ្ធ Afeela 1 ជាគូប្រជែងរបស់ Tesla Model S នៅឯពិព័រណ៍រថយន្ត CES 2025 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

Afeela 1 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៨៣ សេះ និងអាគុយ ដែលអាចផ្តល់នៅចំងាយនៃការបើកបរ ៤៨៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ព្រមទាំងអាចសាកថ្មពីស្ថានីយសាកថ្ម supercharging របស់ Tesla បានផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជំនាន់ចុងក្រោយ ដែលមានសេនស័រចំនួនដល់ទៅ ៤០ទីតាំង ។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាដៃចង្កូតប្រភេទ yoke-style ។

គួរឲ្យដឹងថា Afeela 1គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ ផ្តល់ជូននៅជម្រើស ៣ពណ៌ ជាមួយតម្លៃលក់ចាប់ពី ៨៩ ៩០០ ដុល្លារឡើងទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនីសុទ្ធប្រភេទ SUV បែបអនាគតរបស់ Honda សាកថ្មម្តង ជិះបានជិត ៥០០គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរូបរាងគំរូរថយន្តអគ្គិសនីសុទ្ធជាផ្លូវការម៉ូដែល Honda 0 SUV ស្ថិតនៅក្នុង 0-series នៅឯពិព័រណ៍ CES 2025 ជាមួយគ្នានៅនឹងគំរូ Honda 0 Saloon ប្រភេទ sedan ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

សម្រាប់គំរូរថយន្តនេះ ត្រូវបាន Honda បញ្ចេញជាលើកដំបូងកាលពីឆ្នាំ ២០២៤ ជាប្រភេទ Minivan ប៉ុន្តែរូបរាងជាផ្លូវការជាប្រភេទ SUV ជាមួយការឌីស្សាញផ្នែកខាងក្រៅបែប futuristic ដោយចង្កៀងមុខ និងឡូហ្គៅ Honda ថ្មី ជាប្រភេទ Pixel-LED ក៏ដូចជាថាសកង់ស្ព័រឌីស្សាញថ្មី និងចង្កៀងក្រោយ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរាងជាអក្ស U ។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic មានកៅអីចំនួន ៥ និងអេក្រង់ touchscreen ភ្លោះរួមបញ្ចូលនៅ កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត រួមទាំងអេក្រង់សម្រាប់សម្រាប់អ្នកដំណើរ និងអេក្រង់សម្រាប់មើលទិដ្ឋភាពផ្នែកខាងក្រៅ ដែលប្រើប្រាស់កញ្ចក់ចំហៀងបែបឌីជីថល ។

គួរបញ្ជាក់ផងដែរថា Honda 0 SUV រំពឹងថា អាចបើកបរបានចម្ងាយជិត ៥០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយផលិតកម្ម នឹងធ្វើឡើងនៅក្នុងរោងចក្ររបស់ Honda នៅសហរដ្ឋអាមេរិកជាមួយគ្នានៅនឹងគំរូ Honda 0 Saloon ប្រភេទ sedan គ្រោងនឹងចេញលក់នៅអាមេរិកខាងជើងនៅដើមឆ្នាំ ២០២៦ ដូចគ្នាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនីសុទ្ធប្រភេទ Sedan របស់ Honda សាកថ្មម្តង ជិះបានជិត ៥០០គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] បន្ទាប់ពីបានដាក់បង្ហាញគំរូនៅក្នុងឆ្នាំ ២០២៤ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរូបរាងគំរូរថយន្តអគ្គិសនីសុទ្ធជាផ្លូវការ Honda 0 Saloon ប្រភេទ Sedan ស្ថិតនៅក្នុង 0-series នៅឯពិព័រណ៍ CES 2025 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

សម្រាប់រថយន្ត Honda 0 Saloon មានរូបរាង និងការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹងរថយន្តរបស់ក្រុមហ៊ុន Lamborghini ជាមួយកំពស់ទាប ដោយប្រើប្រាស់កញ្ចក់ចំហៀងបែបឌីជីថលដែលបង្ហាញទិដ្ឋភាពនៅកាន់អេក្រង់ខាងក្នុង ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ឌីស្សាញបែបអនាគត នឹងមិនមានប្រើប្រាស់នៅដៃទ្វានោះទេ ។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic មានកៅអីចំនួន ៥ និងអេក្រង់ touchscreen សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាដៃចង្កូតប្រភេទ yoke-style រួមជាមួយនឹងចង្កឹះលេខនៅពីក្រោយ ។

គួរបញ្ជាក់ផងដែរថា Honda 0 Saloon រំពឹងថា អាចបើកបរបានចម្ងាយជិត ៥០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយផលិតកម្មនឹងធ្វើឡើងនៅក្នុងរោងចក្ររបស់ Honda នៅសហរដ្ឋអាមេរិក គ្រោងនឹងចេញលក់នៅអាមេរិកខាងជើងនៅដើមឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ជេញជម្រើស Nightshade ថ្មី សម្រាប់ Prius ឆ្នាំ២០២៥ តម្លៃខ្ទង់ ៣មុឺនដុល្លារ នៅអាមេរិក!

ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសដាក់់បង្ហាញចេញជាផ្លូវការនូវជម្រើសថ្មី Nightshade សម្រាប់រថយន្ត Toyota Prius ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៨ ៣៥០ ដុល្លារ សម្រាប់ Prius LE និងចាប់ពី ៣២ ៤៩៥ ដុល្លារ សម្រាប់ Nightshade នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន រថយន្ត Toyota Prius ស៊េរីឆ្នាំ២០២៥ គ្រប់ជម្រើសទាំងអស់ដំណើរការដោយ៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ (FWD) អាចផលិតកម្លាំងសរុបបាន ១៩៤ សេះ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៧វិនាទី។
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ (AWD) អាចផលិតកម្លាំងសរុបបាន ១៩៦ សេះ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៧,២វិនាទី ។

សម្រាប់ការរចនាផ្នែកខាងក្រៅ Toyota Prius ស៊េរីឆ្នាំ២០២៥ ត្រូវបានរចនាឡើងជាមួយរូបរាងលក្ខណៈបែបស្ព័រ ស្របតាមរចនាថ្មីរបស់ក្រុមហ៊ុន Toyota បំពាក់ជាមួយថាសកង់ alloy wheel ទំហំ ១៩អ៊ីញ និងលក្ខណៈពិសេសៗផ្សេងៗទៀតជាដើម រួមជាមួយនឹងជម្រើសពណ៌ Karashi Yellow, Midnight Black Metallic និង Wind Chill Pearl ។

លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង មានដូចជា Pre-Collision System with Pedestrian Detection, radar cruise control, Lane Departure Alert with Steering Assist, Lane Tracing Assist, Road Sign Assist, Automatic High Beams និង Proactive Driving Assist ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi ចេញឡាន EV ថ្មីនៅចិន សាកម្តងរត់បាន ៧៣០ គ.ម ឯតម្លៃចាប់ពី ៣មុឺនដុល្លារ ឡើង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Hongqi Tiangong 08 ប្រភេទ SUV ៥កៅអី ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយតម្លៃចាប់ពី ៣២ ៧៥០ ដុល្លារ ដល់ ៤៦ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Hongqi Tiangong 08 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tiangong pure electric platform និង Jiuzhang intelligent platform ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៩ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៧៥, ៨៥ និង ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០, ៦០៥ និង ៧៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៣៩ និង ២៧០ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៨៥ និង ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦៥ និង ៦៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាបិតជិត ចង្កៀងមុខ LED រាងស្លីម និង-ចង្កៀងក្រោយ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៦អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៥អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង់ HUD ប្រព័ន្ធសម្លេង Dolby Atmos  រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ EV របស់ Hyundai និង Kia ជួយបង្កើននៃការលក់ដល់ក្រុមហ៊ុន នៅសហរដ្ឋអាមេរិក

[បរទេស] ការលក់រថយន្តរបស់ក្រុមហ៊ុនរថយន្តយក្សរបស់កូរ៉េខាងត្បូងគឺ Hyundai និង Kia នៅទីផ្សារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៥ ទទួលកំណត់ត្រាថ្មី រួមជាមួយនឹងរថយន្តអគ្គិសនីសុទ្ធ EV ថ្មីដែលកំពុងជួយបង្កើននៃការលក់ដល់ក្រុមហ៊ុនទាំង ២ នេះ ។

ក្នុងនោះ សម្រាប់ការលក់របស់ក្រុមហ៊ុនផលិតរថយន្តទាំង ២ នេះ នៅទីផ្សារសហរដ្ឋអាមេរិក ដោយ Kia លក់បានចំនួនសរុប ៧៩៧ ០០០ គ្រឿង កើនឡើង ១,៨% ពីឆ្នាំ ២០២៣ ខណៈ Hyundai លក់បានចំនួនសរុប ៨៣៦ ៨០០ គ្រឿង កើនឡើង ៤% ។

ជាមួយគ្នានេះ សម្រាប់ចំនួនសរុបខាងលើ ក្រុមហ៊ុន Kia បានលក់រថយន្តអគ្គិសនីសុទ្ធ Kia EV9 បានចំនួនសរុប ២២ ០០០ គ្រឿង និង Kia EV6 បានចំនួន ២១ ៧១៥ គ្រឿង នៅទីផ្សារសហរដ្ឋ។ ចំណែកក្រុមហ៊ុន Hyundai បានលក់រថយន្តអគ្គិសនីសុទ្ធម៉ូដែល Hyundai Ioniq 5 បានចំនួន ៤៤ ៤០០ គ្រឿង កើនឡើងពីឆ្នាំ ២០២៣ ដល់ទៅ ៣១% ។

បន្ថែមពីនេះ ជាមួយនឹងរថយន្តអគ្គិសនីថ្មីបានមកដល់ និងរោងចក្រថ្មីរបស់សហរដ្ឋអាមេរិកកំពុងដំណើរការ ក្នុងនោះ ក្រុមហ៊ុនរថយន្តយក្សរបស់ប្រទេសកូរ៉េទាំង ២ នេះ នឹងត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការបន្ថែមទៅកាន់អតិថិជនរបស់ខ្លួននៅឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសគំរូ! ន័រវេស ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ស្ទើរតែឈប់ប្រើរថយន្តម៉ាស៊ីនចំហេះក្នុងទាំងស្រុង

[បរទេស] យោងតាមទិន្នន័យពីសហព័ន្ធផ្លូវន័រវេស ឬហៅកាត់ថា OFV បានបង្ហាញទិន្ន័យនៃការលក់នៅក្នុងឆ្នាំ ២០២៤ ដោយរថយន្តថ្មីដែលបានលក់នៅក្នុងប្រទេសមួយនេះ មានចំនួនដល់ទៅ ៨៨,៩% គឺជារថយន្តអគ្គិសនីសុទ្ធ EV កើនឡើងពី ៨២,៤% ពីការលក់ក្នុងឆ្នាំ ២០២៣។

លើសពីនេះ បន្ថែមជាមួយការលក់រថយន្តប្រភេទ Plug-in hybrid បានចំនួន ២,៧% រួមទាំងរថយន្តប្រភេទ Hybrid បានចំនួន ៥,៣ ធ្វើឲ្យការលក់រថយន្តអគ្គិសនីឡើងដល់ ៩៦,៩% ខណៈរថយន្តប្រភេទ ICE មានតែចំនួន ៣,១% ប៉ុណ្ណោះ ដែលបានលក់នៅក្នុងទេសន័រវេស ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗដែលមានលក់រថយន្តនៅប្រទេសន័រវេសរួមមាន ក្រុមហ៊ុន Tesla, Volkswagen, Toyota និងរថយន្តអគ្គិសនីរបស់ចិនឥឡូវនេះមានចំនួនជិត ១០% នៃការលក់រថយន្តថ្មី។

ជាមួយគ្នានេះ លោកស្រី Christina Bu ប្រធានសមាគមយានយន្តអគ្គិសនីន័រវេស (NEVA) មានប្រសាសន៍ថា “ន័រវេសនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលស្ទើរតែលុបបំបាត់រថយន្តសាំង និងម៉ាស៊ូតចេញពីទីផ្សាររថយន្តថ្មី” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+