ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV លក្ខណៈគ្រួសារកៅអី ៣ជួររបស់ Chery ចេញលក់នៅប្រទេសចិនតម្លៃតែ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់ចេញលក់ផ្លូវការនៅរថយន្ត Chery Tiggo 7 ស៊េរីឆ្នាំ ២០២៤ ទទួលបានឌីស្សាញបន្ថែមនៅផ្នែកខាងក្នុង ប្រភេទ SUV លក្ខណៈគ្រួសារកៅអី ៣ជួរ ដែលមានតម្លៃលក់ចាប់ពី ១០ ៣០០ ដុល្លារ ដល់ ១៣ ៤០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥០០ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៧៤៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ និងអូតូ ៩វគ្ក ។

សម្រាប់ការឌិស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខតុបតែងជាមួយក្រូម៉េរូបរាងថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ជាដើម ។ លើសពីនេះ មានភ្ជាប់មកដោយកាមេរ៉ា និង ultrasonic radars ចំនួន ៣ ដើម្បីធ្វើឲ្យប្រព័ន្ធជំនួយការអ្នកបើកបរកាន់តែប្រសើរឡើង ។

ចំពោះនៅផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញថ្មីផ្តល់នៅទំហំធំជាងមុន ខណៈនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាអេក្រង់ភ្លោះទំហំ ២៤,៦ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេង ៦ចំនុច និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Prelude ប្រភេទទ្វារ ២ ប្រើ Hybrid តម្លៃក្រោម ៣មុឺនដុល្លារ ត្រៀមបង្ហាញខ្លួនផ្លូវការ

[បរទេស] កាលពីឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើដាក់ការបង្ហាញនៅគំរូ Honda Prelude Concept នៅឯពិព័រណ៍រថយន្ត Tokyo Auto Show ព្រមទាំងបានបញ្ជាក់ថាខ្លួននឹងផលិតរថយន្តនេះប្រភេទ coupe ទ្វារពីរ ប្រើ Hybrid នៅទីផ្សារសហរដ្ឋអាមេរិក ។

ក្នុងនោះដែរ សម្រាប់ Honda Prelude ប្រភេទកូនកាត់ Hybrid នេះ នឹងអាចដំណើរការដោយមានម៉ាស៊ីន e:HEV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រដូចគ្នាទៅនឹងរថយន្ត Accord និង Civic hybrid ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបានសរុប ២០៧ សេះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៣០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៧៥ ម.ម ដោយមានទំហំធំជាងរថយន្ត Mazda MX-5 Miata កៅអី ២ ដែលមានប្រវែងសរុបត្រឹមតែ ៣ ៩១៤ ម.ម ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ដាក់​វា​ជា​ម៉ូដែលជាប្រភេទ Premium ទ្វារ ២ ​នឹងមានតម្លៃចាប់ពី ៤,២ លានយ៉េន ដល់ ៤,៥ លានយ៉េន ស្មើនឹង ២៧ ៣២៥ ដុល្លារ ដល់ ២៩ ២៧៧ ដុល្លារ គិតតាមអត្រាប្តូរប្រាក់ថ្ងៃបច្ចុប្បន្ន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford លក់រថយន្តប្រភេទ Hybrid នៅក្នុងខែមេសាបានជិត ២មុឺនគ្រឿង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានលក់រថយន្តប្រភេទកូនកាត់ Hybrid បានចំនួនសរុប ១៧ ៩៩៧ គ្រឿងនៅក្នុងខែមេសា ឆ្នាំ ២០២៤ ជាចំនួនកើនឡើងដល់ទៅ ៥៩,៥% បើធៀបនឹងឆ្នាំមុន នឹងជាកំណត់ត្រាប្រចាំខែថ្មីរបស់ក្រុមហ៊ុនផងដែរ ។

ក្នុងនោះ ភីកអាប់ខ្នាតធំ F-150 PowerBoost Hybrid ដែលបានបង្កើតកំណត់ត្រាប្រចាំខែថ្មីនៅក្នុងខែមេសា ​បាន​កើន​ឡើង ៩៣,៦% ហើយ​បានក្លាយជា​ភីកអាប់ខ្នាតធំប្រើ hybrid ដែល​លក់​ដាច់​បំផុត​នៅ​អាមេរិក។ លើសពីនេះ ភីកអាប់ Ford Maverick គឺជារថយន្តភីកអាប់កូនកាត់ដែលលក់ដាច់បំផុតនៅអាមេរិក ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានលក់  ចំនួនដល់ទៅ ២៦ ០៦១ គ្រឿង ។

ដោយឡែកការលក់រថយន្តដើរដោយថាមពលចំហេះក្នុងបានធ្លាក់ចុះ ដូចជាលក់រថយន្ត Bronco Sport បានធ្លាក់ចុះ ៣៣,៤%, Ford Escape បានធ្លាក់ចុះ ២៨% ហើយការលក់រថយន្ត Mustang បានធ្លាក់ចុះ ៩,៤% ប៉ុន្តែការលក់រថយន្តអគ្គិសនីសុទ្ធ បានកើនឡើង ១២៩,២% ធៀបនឹងឆ្នាំមុន រួមទាំងការលក់រថយន្ត Mustang Mach-E បានកើនឡើង ២០៤,៧% ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា សម្ភោធបើកដំណើរការជាផ្លូវការ មានសមត្ថភាពដំឡើងរថយន្តបានខ្ទង់ជាង ១ពាន់គ្រឿងនៅឆ្នាំ២០២៤ នេះ

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (Cambodia) បានប្រារព្ធនូវកម្មវិធី សម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនូវ រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូមេនូហ្វេកឈឺរីង (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Atsushi Ueno អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗជាច្រើនទៀតផងដែរ

គម្រោងនេះ ត្រូវបានបង្កើតឡើងដោយផ្នែកលើអនុស្សរណៈយោគយល់ លើកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដែលត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho Corporation កាលពីខែវិច្ឆិកា នាំ ២០២២កន្លងទៅ និងបានជ្រើសរើសទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ លើផ្ទៃដី ៤,៣គីឡូម៉ែត្រ ជាមួយការបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លា និងបានបង្កើតនូវកន្លែងការងារចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទគឹរថយន្តលក្ខណ:គ្រួសារ ៧កៅអី  Toyota Fortuner និងភីកអាប់ Toyota Hilux បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤នេះ ដោយក្នុងនោះ Toyota Fortuner អាចផ្គុំ និងដំឡើងបានចំនួន ២៩០ គ្រឿង ខណ: Toyota Hilux ចំនួន ១ ០៣០គ្រឿង។ 

ឈ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក៏ បានថ្លែងថា« អបអរសាទរជាមួយថា្នក់ដឹកនាំ និងបុគ្គលិក របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា ។ 

ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) នេះ គឺជាការសក្ខីភាពបង្ហាញនូវទំនុកចិត្ត និងសក្តានុពលនៃប្រទេសកម្ពុជា ជូនបណ្តាវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅកម្ពុជា ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស ពិនិត្យលទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្តារោងចក្រដៃគូនៅក្នុងតំបន់ ។ 

ជាមួយនេះ សម្តេចធិបតី បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្តន៍ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងដំណាក់កាលជាង ៣០ឆ្នាំ កន្លងមកនេះ ពោលគឺចាប់ពីដំណាក់កាលជាប្រទេសផ្តល់ជំនួយដ៏ធំមួយរបស់កម្ពុជា ក្លាយជាប្រទេសដែលខិតខំកៀរគរ ជ្រោមជ្រែង ប្រមូល និងបង្កើនបរិមាណវិនិយោទុន និងវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា ។ សម្តេច ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាល និងវិនិយោគិនជប៉ុន នឹងបន្តជំរុញការវិនិយោគបន្ថែមទៀតលើវិស័យយានយន្ត ក៏ដូចជាវិស័យផ្សេងៗទៀតនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែ មខ្ពស់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋយើង ។ ជាមួយនេះ ព្រះរាជាណាចក្រកម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា  បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន ៥  រួមមាន  ១- យុទ្ធសាស្រ្ត និងការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងនវានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម  និង៥- បរិយាកាសធុរកិច្ច និងការវិនិយោគ។»

ក្នុងនោះ លោក Ichiro Kashitani នាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho ក៏បានមានប្រសាសន៍ថា «ការចាប់ផ្តើមសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត គឺជាការចាប់ផ្តើមនូវសមិទ្ធផលថ្មី ក្នុងប្រវត្តិសាស្ត្រ អស់រយៈពេល ៣០ ឆ្នាំមកហើយ របស់ក្រុមហ៊ុនតូយ៉ូតា ក្នុងព្រះរាជាណាចក្រកម្ពុជា។ Toyota Tsusho នឹងបន្តជំរុញធុរកិច្ចរបស់កម្ពុជា ក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គល ទៅដល់ប្រជាជនកម្ពុជា ដោយសម្រេចឱ្យបាននូវ អព្យាក្រឹត្រកាបូន និងលើកស្ទួយធនធានមនុស្ស។

ទីផ្សារយានយន្តនៅកម្ពុជា ត្រូវបានរំពឹងទុកថានឹងបន្តរីកចម្រើនឥតឈប់ឈរ ស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស។  តាមរយៈការបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្ត យើងនឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅ ក្នុងខ្សែចង្វាក់ផលិតកម្មប្រកបដោយគុណតម្លៃ, ការបង្កើតការងារ, និងការអភិវឌ្ឍធនធានមនុស្ស។»

ជាមួយការចាប់ផ្តើមរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជានេះ គឺជាការបោះជំហានថ្មីមួយទៀតសម្រាប់របស់ក្រុមហ៊ុនតូយ៉ូតា ក៏ជាវឌ្ឍនភាពថ្មីដ៏ល្អវិសេសមួយទៀត សម្រាប់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជាយើង និងក៏ជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថាគិតមកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងសរុបចំនួន ៦ហើយ ដោយបូកទាំងរោងចក្រផ្គុំ និងដំឡើងរបស់តូយ៉ូតានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមមហ៊ុនយក្ស CATL ដាក់បញ្ចេញអាគុយថ្មី សាកត្រឹម ១០នាទី អាចរត់បាន ៦០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនយក្សនៅក្នុងឧស្សាហកម្មផលិតថ្មសម្រាប់រថយន្តអគ្គិសនី បានបញ្ចេញនៅអាគុយថ្មីមួយដែលមានឈ្មោះថា Shenxing Plus ស្ថិតនៅក្នុងស៊េរី LFP (Lithium FerroPhospate) មានតម្លៃទាប និងបើកបរបានចម្ងាយឆ្ងាយ ហើយត្រូវតាមស្តង់ដារ 4C ដោយសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ ។

ក្នុងនោះ CATL ក៏បានអភិវឌ្ឍ self-developed Honeycomb 3D ដើម្បីបង្កើនដង់ស៊ីតេថាមពលនៅលើ anode ក៏ដូចជាគ្រប់គ្រងការសាកថ្ម នឹងបានប្រើប្រាស់បច្ចេកវិទ្យា Cell To Body 3.0 អាចជួយដល់កញ្ចប់អាគុយ Shenxing Plus បង្កើនសមត្ថភាពបានប្រសិទ្ធភាព ៧% បន្ថែមទៀត។ លើសពីនេះ CATL អះអាង​ថា ខ្សែ​ថ្ម​ថ្មី​របស់​ខ្លួន​អាច​ជួយ​រថយន្ត​អគ្គិសនី​ឈាន​ដល់​ចម្ងាយ​ប្រតិបត្តិការ​អតិបរមា ១ពាន់គីឡូម៉ែត្រ​ នឹអាចសាកបានដល់ ១០០% ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ថ្ម LFP នៅតែមានភាពខ្សោយបើប្រៀបធៀបទៅនឹងអាគុយ Nickel-Manganese-Cobalt (NMC) បើយោងតាមក្រុមហ៊ុន Mayfield Energy ដង់ស៊ីតេថាមពលជាមធ្យមនៃអាគុយ NMC គឺប្រហែល ១៣០ ដល់ ២២០ វ៉ាត់ម៉ោង/គីឡូក្រាម ខណៈពេលដែលដង់ស៊ីតេថាមពលជាមធ្យមទូទៅនៅលើអាគុយ LFP គឺត្រឹមតែប្រហែល ៩០ ដល់ ១២០ វ៉ាត់ម៉ោង/គីឡូក្រាមប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ​​លក់​រថយន្ត​ប្រចាំ​ឆ្នាំ​សារពើពន្ធបានចំនួនច្រើនជាង ១០លាន​គ្រឿង​ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បង្ហាញទិន្នន័យនៃការលក់របស់ខ្លួនក្នុងឆ្នាំសារពើពន្ធ ២០២៤ បានចំនួនសរុបទៅ ១០ ៣០៩ ៤៥៧គ្រឿង កើនឡើង ៧,៣% ពីឆ្នាំ ២០២៣ ជាចំនួនច្រើនបំផុតក្នុងប្រវត្តសាស្រ្តរបស់ក្រុមហ៊ុន រួមទាំងជាចំនួនខ្ពស់បំផុតពីក្រុមហ៊ុនផ្សេងទៀតផងដែរ ដែលបានគិតពីថ្ងៃទី​ ១ ខែមេសា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ តួលេខបូករួមទាំងក្រុមហ៊ុន Lexus លក់នៅក្រៅទីផ្សារប្រទេសជប៉ុនចំនួន ៨៥,១៦% ខណៈការលក់នៅក្នុងប្រទេសជប៉ុនរបស់ក្រុមហ៊ុនទាំង ២ នេះ បានចំនួន ១ ៥២៩ ៨១៨ គ្រឿង ។

រីឯការលក់នៅទីផ្សារដ៏ទៃបានចំនួន ៨,៨ លានគ្រឿង ក្នុងនោះទីផ្សារអាមេរិកខាងជើងមានចំនួន ៣១,១% ចំណែកចំនួនដែលនៅសល់ក្នុងទីផ្សារអាស៊ី រួមទាំងប្រទេសចិនមានចំនួន ៣៧,៦% នៃលទ្ធផលជាសកលរបស់ Toyota ។ ថ្វីបើជាម៉ាកដែលលក់ដាច់បំផុតជាមួយនឹងរឹមគួរឱ្យកត់សម្គាល់ក៏ដោយ ចំពោះនៅក្នុងទីផ្សាររបស់ប្រទេសអូស្ត្រាលីគឺមានចំនួនតិចគឺ ២៤៦ ៣៩ ៦ គ្រឿងប៉ុណ្ណោះ ដែលស្មើនឹង ២,៨ ភាគរយនៃលទ្ធផលសរុបនៃឆ្នាំសារពើពន្ធ ២០២៤ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការលក់របស់ Toyota ក្នុងឆ្នាំសារពើពន្ធ ២០២៤ ដោយរថយន្តកូនកាត់មានលក់បានចំនួន ៣៣,២% នៃចំនួនសរុបទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux GR Sport II ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅចក្រភពអង់គ្លេសតម្លៃខ្ទង់ ៦មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការប្រកាសបញ្ចេញនៅតម្លៃលក់ជាផ្លូវការនៅភីកអាប់ Toyota Hilux GR Sport II ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៦២ ៣៣០ ដុល្លារ ។

Toyota Hilux GR Sport II ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ជាស្តង់ដារ និងមានសមត្ថិភាពអូសសណ្តោងបានដល់ ៣៥០០ គីឡូក្រាម ក្នុងនោះ Toyota អះអាងថា Hilux GR Sport II គឺជាភីកអាប់ដែលមានការបើកបរបានល្អបំផុត ។

ភីកអាប់នេះ មានកំពស់ខ្ពស់ជាងមុន ២០ មម សម្រាប់នៅផ្នែកខាងមុខបំពាក់ប៉ាណារាងជាសំបុកឃ្មុំពណ៌ខ្មៅជាមួយឡូហ្គោ TOYOTA នៅចំកណ្តាល រួមទាំងកាងការពារបែបស្ព័រ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៉ីញ ផ្តល់នៅរូបរាងហាប់ណែន ជាពិសេសអំណាចជាងមុនផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ី អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto កៅអីបែបស្ព័រពណ៌ខ្មៅអបដោយឡូហ្គោ GR និងឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ៩ចំនុចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ២០២៤ ចេញតម្លៃលក់នៅប្រទេសកម្ពុជាខ្ទង់ ១១មុឺនដុល្លារជាង

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្តអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុប ១១០ ៤១៦ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១១០ ៤១៦ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៦៤ ៤៩០ ដុល្លារ ($64,490)
  • តម្លៃពន្ធនាំចូល ៣៧ ៣៧៦ ដុល្លារ ($37,376)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៥០០ ដុល្លារ ($3,500)
  • តម្លៃសរុបទាំងអស់ ១១០ ៤១៦ ដុល្លារ ($110,416)
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ ២០២៤ នេះ គឺជាម៉ូដែល GT-Line AWD សាកថ្មពេញម្តងអាចបើកបរបានចម្ងាយខ្ទង់ ៤០០ គីឡូម៉ែត្រជាង ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ចំនួន ១០ម៉ូដែល​នឹងត្រូវឈប់​ផលិត​នៅត្រឹម​ឆ្នាំ ២០២៥

[បរទេស] សម្រាប់ម៉ូដែលឆ្នាំ ២០២៥ កំពុងតែតែឈានទៅដល់ការចែកចាយនោះ ប៉ុន្តែជាអកុសលសម្រាប់រថយន្តមួយចំនួនខ្លះក៏នឹងត្រូវបានក្រុមហ៊ុនរបស់ពួកគេសម្រេចចិត្តបញ្ឈប់ការផលិតនៅក្នុងឆ្នាំ ២០២៥ ផងដែរ។ ខាងក្រោមនេះ ជារថយន្តទាំង ១០ម៉ូដែលនឹងត្រូវឈប់ផលិតនៅក្នុងឆ្នាំ ២០២៥ បើយោកតាមគេហទំព័រ Motor1៖

  • ១) Ram 1500 TRX

  • ២) Porsche 718 Boxster ឬ Cayman

  • ៣) Nissan Titan

  • ៤) Mini Clubman

  • ៥) Mitsubishi Mirage

  • ៦) Maserati Ghibli

 

  • ៧) Ford Escape

  • ៨) Chevrolet Camaro

  • ៩) Alfa Romero Stelvio Quardrifoglio

  • ១០) Alfa Romeo Giulia Quadrifoglio

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Fortuner ស៊េរីថ្មីចុងក្រោយ លក់ដាច់ជាងគេក្នុងប្រភេទ SUV នៅប្រទេសថៃ

កាលពីខែមិនា ឆ្នាំ ២០២៤ កន្លងទៅនេះ ការលក់រថយន្តក្នុងក្នុងផ្នែក SUV កៅអី ៣ជួរ នៅទីផ្សារប្រទេសថៃ បានចំនួនសរុប ៣ ៤៣៦គ្រឿង ខណៈរថយន្តមកពីក្រុមហ៊ុនផលិតរថយន្ត Toyota ឈរលើកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជារថយន្តប្រភេទ SUV លក់ដាច់គេក្នុងខែមិនា នៅប្រទេសថៃ ៖

១) Toyota Fortuner ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ១ ២៦២ គ្រឿង

២) Isuzu MU-X ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ១ ១៦០ គ្រឿង

៣) Ford Everest ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៦៨២ គ្រឿង

៤) Mitsubishi Pajero Sport ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ២៩៨ គ្រឿង

៥) Nissan Terra ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៣៤ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+