ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR MN Yaris លក់បានតម្លៃ​ជិត ១៤០ ០០០​ ដុល្លារពីការដេញថ្លៃក្នុងប្រទេសជប៉ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានផលិតរថយន្ត GR MN Yaris ម៉ូដែលពិសេសជាមួយចំនួនកំណត់ចំពោះទីផ្សារជប៉ុន និងទទួលបានការធ្វើឲ្យប្រសើរឡើងយ៉ាងច្រើន។ យោងតាមគេហទំព័រ Autoracing និង Drive បានឲ្យដឹងថា វាត្រូវបានដាក់លក់នៅឯការដេញថ្លៃមួយ នឹងលក់បានក្នុងតម្លៃ ១៣៩ ៤៩៧ ដុល្លារក្នុងទីផ្សារនេះ ។

Toyota ផលិតរថយន្តនេះចំនួន ៥០០ គ្រឿង ផ្តល់ជូនជាមួយកញ្ចប់ Circuit Package ឬ Rally Package រថយន្តដែលបានលក់នៅឯការដេញថ្លៃត្រូវបានបំពាក់ជាមួយនឹងកញ្ចប់ Circuit package ត្រូវបានរចនាឡើងដោយមានរូបរាងរឹងមាំខ្លាំងជាងម៉ូដែលស្តង់ដារ។ នៅប្រទេសជប៉ុន GR MN Yaris ជាមួយនឹងកញ្ចប់នេះមានតម្លៃ ៦៥ ០២១ ដុល្លារ ។

ការធ្វើឲ្យប្រសើរឡើងជាច្រើនត្រូវបានធ្វើឡើងចំពោះ GR MN Yaris ដូចជា កៅអីខាងក្រោយត្រូវបានដកចេញ ហើយគម្របម៉ាស៊ីនត្រូវបានធ្វើឡើងពី carbon fiber។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តបានបង្កើនចំនួននៃការផ្សារដែកចំនួន ៥៤៥ បើប្រៀបធៀបទៅនឹងរថយន្តស្តង់ដារ បំពាក់ថាសកង់ប្រភេទ Forged BBS ទំហំ ១៨ អ៊ីញ ដុំហ្វ្រាំងធំជាងមុន កាងចំហៀងធំជាងមុន កាងខាងមុខថ្មី និងកាង spoiler ខាងក្រោយធ្វើពីកាបូន ហើយមានទម្ងន់ស្រាលជាងម៉ូដែលស្តង់ដារ ២០ គីឡូក្រាម ។

ទាក់ទងនឹងផ្នែកវិញ ក៏ត្រូវបានអាប់ដេតចំពោះម៉ាស៊ីនចំណុះ​ ១,៦ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួលឡើងដល់ ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនវ៉ាអាល្លឺម៉ង់ដាច់ភឹង គ្រងដំណែងជាអ្នកនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក

ប្រទេសចិនបានបង្កើននូវការនាំចេញរថយន្តខ្លួនទៅកាន់បរទេសច្រើន ៥៤ភាគរយក្នងឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំមុខ។​ ​ដោយបានជម្រុញ​ប្រទេស​នេះ​ឱ្យ​ឈរ​នៅ​លំដាប់​ទី​ពីរ​នៅ​ទូទាំង​ពិភពលោក​ទាក់ទង​នឹង​ការ​នាំ​ចេញ​រថយន្តច្រើនបំផុតផងដែរ។

សមាគមក្រុមហ៊ុនផលិតរថយន្តចិនរាយការណ៍ថា ប្រទេសនេះបានដឹកជញ្ជូនរថយន្តចំនួន ៣,១១ លានគ្រឿងទៅកាន់បរទេសកាលពីឆ្នាំមុន ច្រើនជាងប្រទេសអាឡឺម៉ង់ ខណៈដែលកាលពីមុនជាប្រទេសនាំចេញធំទីពីរ ដែលបាននាំរថយន្តចេញចំនួន ២,៦១ លានគ្រឿងនៅក្នុងទីផ្សារអន្តរជាតិកាលពីឆ្នាំមុន ដែលកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២១។

ឥឡូវនេះ ចិន​កំពុង​ដេញតាម​ជប៉ុន​ដែល​ស្ថិតនៅ​លំដាប់​កំពូល​។ ទោះបីជាលទ្ធផលពេញមួយឆ្នាំរបស់ប្រទេសជប៉ុនមិនទាន់មានក៏ដោយ ប៉ុន្តែបាននាំចេញរថយន្តជាង ៣,២ លានគ្រឿងទៅក្រៅប្រទេសក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងបាននាំចេញយានយន្តតិចជាងកាលពីឆ្នាំ២០២១ នៅពេលដែលខ្លួនបាននាំចេញរថយន្តចំនួន ៣,៨២ លានគ្រឿងទៅកាន់ទីផ្សារបរទេស។ ក្រុមអ្នកវិភាគបានប្រាប់កាសែត South China Morning Post ថាជាមួយនឹងការនាំចេញកើនឡើងយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងបរិមាណធ្លាក់ចុះរបស់ប្រទេសជប៉ុន ចិនត្រូវបានរំពឹងថានឹងកាន់កាប់តំណែងជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកនាពេលខាងមុខនេះ។

ក្នុងនោះ Citic Securities ក៏ព្យាករណ៍ថា ប្រទេសចិនអាចនឹងនាំចេញរថយន្តបានដល់ទៅ ៥,៥ លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ ២,៥ លានគ្រឿងជាអគ្គិសនី។ ប្រទេសចិនក៏កំពុងនាំមុខក្នុងការលក់រថយន្តអគ្គិសនីផងដែរ BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២ ដោយវ៉ាដាច់ក្រុមហ៊ុន Tesla ឥឡូវនេះក្រុមហ៊ុនត្រូវបានលក់នៅប្រទេសន័រវេស សិង្ហបុរី ប្រេស៊ីល និងឥណ្ឌា។ បន្ថែមជាមួយក្រុមហ៊ុនផលិតរបស់ចិនបានកាន់កាប់ចំណែកគ្រប់គ្រងទីផ្សារក្នុងស្រុករបស់ខ្លួនដោយមានប្រហែល ២០០ក្រុមហ៊ុន បានគ្រប់គ្រងជិត ៨៥ ភាគរយនៃទីផ្សារក្នុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Tracker Redline ស៊េរីថ្មីចុងក្រោយ ចំនួន ១០០គ្រឿងត្រូវបានប្រគល់អោយអតិថិជន បន្ទាប់ពីទទួលបានការកក់មុនច្រើនជាង ៣០០គ្រឿង

[ទីផ្សារក្នុងស្រុក] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តផ្លូវការ Chevrolet Cambodia បានធ្វើការសម្ភោធជាផ្លូវការនៅរថយន្ត Chevrolet Tracker Redline ស៊េរីថ្មីចុងក្រោយ ខណះពេលនេះ ក្រុមហ៊ុនបានប្រកាសថា ទទួលបានការកក់ជាង ៣០០ គ្រឿង​ និងបានប្រគល់រថយន្តជូនអតិថិជនបាន ១០០ គ្រឿងហើយ។

សម្រាប់រថយន្តនេះ មានរូបរាងនៃការរចនាបែបស្ព័រ ដោយមានរំលេចជាមួយពណ៌ក្រហម ដែលជាអត្ថសញ្ញានៃ Redline និងបំពាក់ប៉ាណាមុខពណ៌ខ្មៅ​​ អបសងខាងដោយចង្កៀង និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED ថាសកង់ស្ព័រទំហំ ១៧​ អ៊ីញ និងផ្នែកខាងក្រោយបំពាក់ចង្កៀងប្រភេទ LED ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានរៀបចំយ៉ាងស្អាត និងផាសុកភាព ដោយភ្ជាប់មកជាមួយឆ្នូតពណ៌ក្រហម Redline នៅលើតាឡូ និងកៅអី​ពូកស្បែកជាដើម។ លើសពីនេះ ក៏បានបំពាក់ជាមួយដៃចង្កូតអេឡិចត្រូនិចអាចសារេឡើង-ចុះបាន អេក្រង់កំសាន្ត touchscreen ទំហំ ៨​​ អ៊ីញ ភ្ជាប់មុខងារ AppleCarPlay និង Android Auto, សោរឆ្លាតវៃ (Smart Key) កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយះថាមពលអគ្គិសនី និងដំបូលកញ្ចក់ panoramic sunroof បើកពីមុខដល់ក្រោយជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​​ និងលេខដៃ ៦ វគ្គ ប្រភេទបើកបរប៉ុង ១។

សម្រាប់ផ្នែកប្រព័ន្ធ រថយន្តនេះមានមកជាមួយ

  • ប្រព័ន្ធកាំម៉េរាជំនួយមើលក្រោយ​ (Rear Camera technology) និងសេនស័រចំនួន ៤
  • ប្រព័ន្ធហ្រ្វាំង ABS (Anti-Lock Braking System)
  • ប្រព័ន្ធជំនួយបែងចែកកម្លាំងហ្រ្វាំង PBA (Panic Brake Assist)
  • ប្រព័ន្ធទប់លំនឹងរថយន្ត កាត់បន្ថយភាពឃ្លោង ដល់អ្នករួមដំណើរ ESC (Electronic Stability Control)
  • ប្រព័ន្ធជំនួយរថយន្តពេលចុះចំណោទ HDC (Hill Decent Control)
  • សញ្ញាប្រាប់ដំណឹង និងអោយសំលេងពីខាងក្រោយ
  • ពោងសុវត្ថិភាពខាងមុខ និងក្រោយ Airbag ចំនួន ៤ ចំនុច
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត TPMS (Tire Pressure Monitoring System)

គួរបញ្ជាក់ផងដែរថា រថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ ជាមួយនឹងតម្លៃលក់ត្រឹមតែ ២៩ ៩៩៩ ដុល្លារ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅទស្សនារថយន្តដោយផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត Chevrolet Cambodia៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចាប់ដៃគ្នាជាមួយ​ New Balance បញ្ចេញគំរូរថយន្តដ៏ពិសេសដែលមិនធ្លាប់មានពីមុនមក

[បរទេស] ក្រុមហ៊ុន Nissan បានសហការគ្នាជាមួយក្រុមហ៊ុនផលិតស្បែកជើងដ៏ល្បីល្បាញ New Balance ដើម្បីដាក់បង្ហាញនៅគំរូរថយន្ត “Nissan KICKS 327 EDITION” ដែលត្រូវបានតុបតែងជាមួយនឹងលំនាំផ្នែកខាងក្រៅនៃស្បែកជើង “New Balance 327” នៅក្នុងទីផ្សារប្រទេសជប៉ុន។

Nissan KICKS 327 EDITION គឺជាគំរូររថយន្តផ្តាច់មុខដែលមានការរចនាផ្នែកខាងក្រៅស្រដៀងទៅនឹងស្បែកជើងប៉ាតា New Balance 327 ។ វាក៏ត្រូវបានតុបតែងជាមួយនឹងឡូហ្គោរាងអក្សរ N ដ៏ធំមួយនៅចំហៀងរថយន្ត ដែលជាចំណុចសម្គាល់ស្ទើរតែទាំងស្រុងនៃស្បែកជើង New Balance ។

គំរូរថយន្ត Nissan KICKS 327 EDITION ត្រូវ​បាន​ផលិត​ឡើង​ជា​ផ្នែក​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដោយ​ទាំង Nissan និង New Balance ដោយ​មាន​ព្រឹត្តិការណ៍​ពិសេស​សម្រាប់​អ្នក​ដែល​បាន​ឃើញ​រថយន្ត​ ដោយអាចថតរូប និងបង្ហោះវានៅលើ Twitter ដើម្បីឈ្នះរថយន្ត Nissan Kicks ម៉ូដែលធម្មតា ដែលនឹងធ្វើឡើងនៅតាមដងផ្លូវនៃទីក្រុងតូក្យូ និងអូសាកា សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្តល់ជារង្វាន់ស្បែកជើង New Balance 327 ដោយឥតគិតថ្លៃ ដោយគ្រាន់តែបង្ហោះ retweet យុទ្ធនាការពិសេសនេះទៅកាន់ Twitter ផ្ទាល់ខ្លួន ដោយអាចនឹងទទួលបានស្បែកជើងខាងលើ មានវត្ថុអនុស្សាវរីយ៍ពិសេសចំនួន ៣ រួមមាន តែមស្បែកជើងម៉ាក Nissan បន្ទះបាតស្បែកជើង KICKS មួយ និងខ្សែស្បែកជើងដែលតុបតែងដោយអក្សរ KICKS e-POWER 4WD ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងឡាន Tacoma ជំនាន់ថ្មី ចេញពីរូបប៉ាតង់ថ្មី មើលមកដូចកូន Tundra

Toyota កំពុងធ្វើការលើរថយន្ត Tacoma ជំនាន់ថ្មី ហើយការរចនារបស់រថយន្តនេះត្រូវបានបង្ហាញនៅក្នុងរូបថតប៉ាតង់ថ្មី។ រូបភាពដែលបានកត់សម្គាល់ដោយ Motor1 មើលទៅស្ទើរតែដូចគ្នាបេះបិទទៅនឹងគំរូអគ្គិសនីដែលត្រូវបានបង្ហាញនៅចុងឆ្នាំ២០២១ ដោយខុសតែប៉ាណាមុខប៉ុណ្ណោះ ហើយក៏មានការបំផុសគំនិតនៃការឌីស្សាញចេញពី Tundra ផងដែរ ដែលចំណុចគួរអោយកត់សម្គាល់បំផុតគឺ ចង្កៀងមុខ និងចង្កៀងក្រោយឌីស្សាញបញ្ឈររាងជាអក្សរ’C” ។

ស្របពេល Toyota កំពុងធ្វើការយ៉ាងសកម្មលើរថយន្តភីកអាប់មួយនេះ វាត្រូវបានគេរំពឹងថានឹងផលិតឡើងដោយផ្អែកលើតួរគ្រោងឆ្អឹងដូចគ្នានឹង​ Toyota Tundra។ ហើយជម្រើសម៉ាស៊ីនក៏រំពឹងថាវានឹងទទួលបាននូវជម្រើសម៉ាស៊ីន turbocharged ចំណុះ ២,៤លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៦៥សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ព្រមទាំងជម្រើសម៉ាស៊ីនប្រភេទកូនកាត់ហាយប្រ៊ីដ ហើយបើសិនជារថយន្តនេះទទួលបាននូវជម្រើសម៉ាស៊ីនកូនកាត់មែន នោះវានឹងក្លាយជារថយន្តភីកអាប់ខ្នាតកណ្តាលដំបូងគេនឹងបំពាក់នូវម៉ាស៊ីនកូនកាត់។

បន្ថែមពីនេះ Tacoma សេរ៊ីឆ្នាំ២០២៤នេះ ក៏ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនផ្លូវការនាចុងឆ្នាំនេះ ហើយនឹងក្លាយជាគូរប្រគួតប្រជែងជាមួយរថយន្ត Chevrolet Colorado, GMC Canyon និង Ford Ranger ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford កំពុងពិភាក្សាជាមួយក្រុមហ៊ុន BYD ដើម្បីលក់រោងចក្រនៅអាល្លឺម៉ង់

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Ford Motor Co កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co ជុំវិញការលក់រោងចក្រផលិតនៅប្រទេសអាល្លឺម៉ង់។

រោងចក្រដែលកំពុងពិភាក្សាគឺជារោងចក្រ Saarlouis ដែលការផលិតរថយន្តត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ដោយរបាយការណ៍របស់ WSJ បាននិយាយថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលបឋម ហើយអាចឈានដល់ដំណាក់កាលចុងក្រោយ។

ក្រុមហ៊ុន Ford ដែលផលិតម៉ូដែលប្រភេទប្រភេទ compact របស់ខ្លួននៅរោងចក្រនោះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។

ការកើនឡើងថ្លៃដើមសម្រាប់គ្រឿងអាគុយរថយន្តអគ្គិសនី និងការធ្លាក់ចុះតាមការព្យាករណ៍នៅក្នុងសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចអឺរ៉ុបកំពុងដាក់សម្ពាធលើក្រុមហ៊ុនផលិតរថយន្តឱ្យកាត់បន្ថយការចំណាយ។

ដោយឡែក ក្រុមហ៊ុន Ford បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានបំណងសម្រេចចិត្តនៅពាក់កណ្តាលខែកុម្ភៈ លើចំនួនការងារដែលនឹងត្រូវកាត់បន្ថយនៅអឺរ៉ុប បន្ទាប់ពីបានប្រកាសពីផែនការកាត់បន្ថយការងារដល់ទៅ ៣ ២០០កន្លែង នៅរោងចក្រក្នុងទីក្រុងខឹឡូន ប្រទេសអាល្លឺម៉ង់។

របាយការណ៍នេះបាននិយាយថាក្រុមហ៊ុន Ford ក៏កំពុងវាយតម្លៃការចាប់អារម្មណ៍ពីអ្នកវិនិយោគដ៏មានសក្តានុពលប្រហែល ១៥នាក់ផងដែរ ប៉ុន្តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមិនអាចទៅរួចនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ១០ថ្ងៃ រថយន្ត Suzuki Jimny ទ្វារ ៥ ទទួលបានការកក់ទុកមុនជិត ១​ មុឺនគ្រឿង

[បរទេស] កាលពីនេះដើមខែ​​មករា កន្លងទៅនេះ ក្រុមហ៊ុន​ Maruti Suzuki បានដាក់បង្ហាញជាផ្លូវការ និងបើកការកក់ទុកសម្រាប់រថយន្ត Suzuki Jimny ទ្វារ ៥ ក្នុងព្រឹត្តិការណ៍ Auto Expo 2023។ ដោយក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃ ពួកគេបានទទួលការកក់ទុកមុនជាង ៩ ០០០ គ្រឿងសម្រាប់រថយន្តនេះ ។

ចំពោះការរចនានៅផ្នែកខាងក្រៅ រថយន្ត SUV Off-Road នេះ​នៅ​តែ​បំពាក់នៅថាសកង់​ទំហំ ១៥ អ៊ីញ​ ស្រោបដោយ​សំបក​កង់ 195/80 R15 ដោយហ្រ្វាំងឌីសនៅខាងមុខ ហ្វ្រាំង Drum brake នៅខាងក្រោយ និងប្រព័ន្ធប៉ុង three-link live axles ដែលភ្ជាប់ជាមួយនឹងប៉ូមរំស័រ (coil spring) សម្រាប់ការដំឡើងប្រព័ន្ធ suspension ខាងមុខ និងខាងក្រោយ ក៏នៅដដែលទាំងអស់។

រីឯនៅផ្នែកខាងក្នុងកាប៊ីនរបស់ Jimny ទា្វរ ៥​ នេះក្រៅ​ពី​ទំហំ​ធំទូលាយ​ជាងមុន ហាក់​ដូច​ជា​មិន​បាន​ផ្លាស់​ប្តូរ​អ្វី​នៅ​ខាង​ក្នុង​ឡើយ។ កៅអីអង្គុយនៅតែបួនដដែល និងការរចនានៅដដែលទាំងស្រុង ទាំងអេក្រង់កំសាន្ត touchscreen ភ្ជាប់ជាមួយ Apple CarPlay និង Android Auto និងឧបករណ៍បំពងសំឡេងចំនួន ៤ ចំនុច ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Suzuki Jimny ទ្វារ ៥ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៤ សេះ និងកម្លាំងរមួល ១៣៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់ស្វ័យប្រវត្តិ ៤ វគ្គ ឬ ប្រអប់លេខដៃ ៥ វគ្គ ហើយនៅតែភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ 4×4 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Ferrari Roma នេះ ផលិតតែ ១គ្រឿងប៉ុណ្ណោះនៅលើលោក សម្រាប់ទីផ្សារមួយនេះ

[បរទេស] ដើម្បីជាការគម្រប់ខួប ៣០ ឆ្នាំនៃការឈានជើងទៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តស្ព័រ Ferrari បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តម៉ូដែល Ferrari Roma ពិសេសដែលផលិតបានតែ ១ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារនេះ។

រថយន្ត Ferrari Roma តែមួយគត់ត្រូវបានរចនាឡើងដោយ Ferrari Tailor Made សហការ​ជាមួយ​នឹង​អ្នក​រចនា​ជនជាតិ​ចិន​ដ៏​លេចធ្លោ Jiang Qiong’er។ ការបំផុសគំនិតក្នុងការបង្កើត Roma ដ៏ពិសេសនេះគឺការរួមបញ្ចូលគ្នានៃទស្សនវិជ្ជានៃការរចនាអ៊ីតាលី និងរចនាប័ទ្ម Chinoiserie Chic ដែលមានប្រភពមកពីអាស៊ី។

ផ្នែកខាងក្រៅនៃរថយន្ត Ferrari ពិសេសនេះត្រូវបានតុបតែងដោយពណ៌ប្រាក់ (Sanusilver Matte) រួមបញ្ចូលគ្នាជាមួយនឹងតែមពណ៌ក្រហម RED Rosso Magma Glossy ដែលលាតសន្ធឹងពីខាងមុខទៅខាងក្រោយរថយន្ត។ ទន្ទឹមនឹងនេះ ឆ្នូតដែលរត់តាមដងខ្លួន និងផ្នែកខាងក្នុងត្រូវបានបំផុសគំនិតដោយលក្ខណៈពិសេសពីសិល្បៈនៃការឌីស្សាញផ្នែកខាងក្នុងចេញពី Ming។

ខណៈផ្នែកក្រោយ ​ត្រូវ​បាន​រចនា​ឡើង​តាម​រចនាបថ​របស់​ K-tail ដែលជាទូទៅមាននៅលើរថយន្តទំនើបៗ។ រថយន្តនេះនៅតែប្រើប្រាស់បំពង់ស៊ីមាំងស្រោបដោយក្រូម៉េជាស្តង់ដារ និងកាងធ្វើពី Carbon fiber ​បែប​ស្ព័រផងដែរ។

ផ្ទៃខាងក្នុងត្រូវបានតុបតែងបែបប្រពៃណីបុរាណចិនដ៏សម្បូរបែប ដោយប្រើប្រាស់នៅស្បែកពណ៌ក្រហម នៅលើផ្ទៃតាឡូ និងកុងសូលកណ្តាល និងមានអក្សរចិន “30” ស្រោបដោយមាសត្រូវបានដាក់នៅចំកណ្តាលកន្លែងដាក់ដៃផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៩​ លីត្រ​ twin-turbo V8 អាចផលិតកម្លាំងបាន ៦២០ សេះ និងកម្លាំងរមួល​ ៧៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ ប្រភេទ Dual-clutch អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង​ ត្រឹមរយៈពេល​ ៣,៤ វិនាទី និងមានល្បឿនអតិបរម៉ា ៣២០ គីឡូម៉ែត្រ/ម៉ោង។

គួរបញ្ជាក់ផងដែរថា នៅពេល Ferrari Roma ចេញលក់ដំបូងមានតម្លៃចាប់ផ្តើមប្រហែល ២១៨ ៦៧០ ដុល្លារ ហើយតម្លៃបន្ទាប់ពីការអាប់ដេតជម្រើសមានចាប់ពី ២៧០ ០០០ ដុល្លារដល់ ៣១០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាយលុយជាង ២ម៉ឺនដុល្លារ អាចប្រែក្លាយ Cadillac Escalade ធម្មតា អោយមានកម្លាំងដល់ទៅ ៦៥០ សេះបាន

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្ត Hennessey បានធ្វើការបញ្ចេញនូវកញ្ចប់ពីសេសថ្មីដែលហៅថា​​​ Hennessey Supercharged H650​​ upgrade សម្រាប់រថយន្ត Cadillac Escalade ម៉ូដែលធម្មតា ដែលធ្វើឲ្យរថយន្តនេះមានសមត្ថិភាពប្រហាក់ប្រហែលទៅនឹងម៉ូដែលពិសេស Escalade V។

សម្រាប់កញ្ចប់មួយនេះ មានតម្លៃ ២៧ ៩៥០​ ដុល្លារ ដែលជួយធ្វើឲ្យរថយន្តមានកម្លាំងខ្លាំងដូចទៅនឹងរថយន្ត Escalade V ដែលមានតម្លៃ ១៥១ ០៩០​ ដុល្លារ ដោយរួមបញ្ចូលម៉ាស៊ីន​ 2.9L supercharger, ប្រព័ន្ធ intercooler, Pushrods, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន និងប្រព័ន្ធបំពង់ស៊ីមាំងប្រភេទ stainless steel cat-back។ ទាំងអស់នេះជួយឲ្យម៉ាស៊ីនចាស់ Escalade ចំណុះ ៦,២​ លីត្រ V8 ពីកម្លាំង ៤២០ សេះ និងកម្លាំងរមួល​៦២៤ ញ៉ូតុនម៉ែត្រ កើនឡើងនូវកម្លាំងដល់ទៅ​ ៦៥០ សេះ និងកម្លាំងរមួល​ ៨៩២​ ញ៉ូតុនម៉ែត្រ ។

ជាលទ្ធផលនៃថាមពលដែលបានបន្ថែមនេះ អាចរត់ស្ទុះពី​ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៥,៣ វិនាទី ដែលលឿនជាងមុន ០,៨ វិនាទី ប៉ុន្តែនៅតែយឺតជាង Escalade V ០,៩​ វិនាទី។​ ​

លើសពីនេះ Hennessey លើកឡើងពីការធ្វើឲ្យប្រសើរឡើងនេះ ដែលអាចផ្តល់អោយម៉ូឌែលរថយន្តផ្សេងទៀតដែលប្រើប្រាស់ម៉ាស៊ីន V8 ចំណុះ ៦,២ លីត្ររបស់ GM ដូចជា Chevrolet Suburban, Chevrolet Tahoe និង GMC Yukon ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចដាក់កញ្ចប់នេះនៅលើរថយន្ត Tahoe RST 4WD ជាមួយម៉ាស៊ីនចំណុះ ៦,២​ លីត្រ V8 ហើយទទួលបានរថយន្តដែលស្រដៀងនឹង Escalade V ក្នុងតម្លៃត្រឹម ៥០ ៣២៥ ដុល្លារប៉ុណ្ណោះដែលតិចជាងតម្លៃជាក់ស្តែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍៖ ការផលិតឡាន Ford Ranger សេរ៊ីឆ្នាំ២០២៤ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច នឹងចាប់ផ្តើមនៅខែកក្កដានេះ

[បរទេស] រថយន្ត Ford Ranger ជំនាន់ថ្មីត្រូវបានដាក់លក់រួចហើយនៅលើទីផ្សារជាច្រើននៅលើពិភពលោក លើកលែងតែនៅសហរដ្ឋអាមេរិច ដែលក្រុមហ៊ុន Blue Oval មិនទាន់ចេញលក់ម៉ូឌែលមួយនេះសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ទោះបីមានពាក្យចចាមរ៉ាមបានបញ្ចេញថានឹងកើតឡើងនៅឆ្នាំនេះ ព្រមទាំងជាមួយការចាប់ផ្តើមនៃផលិតកម្មរថយន្តនេះផងដែរ។

យោងតាមប្រភពមកពី​ Ranger6G បានបង្ហាញថាផលិតកម្មនៃរថយន្ត Ford Ranger ជំនាន់ចុងក្រោយ សម្រាប់ទីផ្សារអាមេរិចខាងជើងនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣នេះ នៅរោងចក្រ Michigan Assembly Plant។ ហើយនឹងអាចបង្ហាញវត្តមាននៅអគាតាំងបង្ហាញរថយន្តនាខែសីហា ឬខែកញ្ញា ឆ្នាំ២០២៣នេះផងដែរ ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណារង់ចាំការប្រកាសជាផ្លូវការ។

ជាក់ស្តែងម៉ូឌែលឆ្នាំ២០២៤ សម្រាប់ទីផ្សារសហរដ្ឋអាមរិចមួយនេះ ត្រូវបានគេប្រទះឃើញកំពុងធ្វើការតេស្តសាកល្បងនៅ Detroit កាលពីពេលថ្មីៗនេះ ឃើញថាពុំសូវមានភាពខុសគ្នាពីម៉ូឌែលលក់នៅលើទីផ្សារផ្សេងៗនោះឡើយ។ ជាមួយគ្នានេះដែរ Ford Ranger សម្រាប់ទីផ្សារសហរដ្ឋអាមេរិចមួយនេះ ត្រូវបានគេរំពឹងថានឹងបំពាក់នូវម៉ាស៊ីន EcoBoost ចំណុះ ២,៣លីត្រ Turbocharged ៤ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ ឬប្រអប់លេខដៃ ៧វគ្គ ព្រមទាំងម៉ាស៊ីនកូនកាត់ហាយប្រ៊ីដផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+