ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតមិនត្រឹមពេលនេះ Honda ផលិតរថយន្តបានចំនួន ៣០ លានគ្រឿងហើយ​ នៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បាន​ផលិតរថយន្ត​នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល ៤០ ឆ្នាំ​មក​ហើយ។ នេះ​ជា​រយៈពេល​យូរ​ណាស់​មក​ហើយ​តាម​ពិត​ទៅ​ហើយ​ដែល Honda អាច​ឈាន​ដល់​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍។ វាបានប្រកាសថាខ្លួនបានផលិតរថយន្តចំនួន ៣០ លានគ្រឿងនៅអាមេរិក។

លោក Bob Schwyn អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Honda Development and Manufacturing of America បាននិយាយថា “សមិទ្ធិផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហការី Honda ក្នុងការបម្រើអតិថិជនរបស់យើង ដែលជំរុញការច្នៃប្រឌិតរបស់យើងដើម្បីធ្វើឱ្យផលិតផលគុណភាពខ្ពស់ ” ។

ក្រុមហ៊ុន Honda បានចាប់ផ្តើមផលិតរថយន្តនៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨២ នៅរោងចក្ររបស់ខ្លួននៅ Marysville រដ្ឋ Ohio ជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេដែលផលិតរថយន្តនៅទីនេះ។ ចាប់តាំងពីពេលនោះមក វត្តមានរបស់ Honda បានកើនឡើងដល់កន្លែងផលិតចំនួន​ ៨ បន្ថែមដែលមានបុគ្គលិកជិត ១៧ ០០០ នាក់ ដែលបានជួយរួមចំណែកដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។

Honda បានវិនិយោគទឹកប្រាក់ ១៦ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកចាប់តាំងពីពេលមកដល់ ដែលមិនរាប់បញ្ចូលទឹកប្រាក់ចំនួន ៣,២ ពាន់លានដុល្លារដែលខ្លួនបានវិនិយោគក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះទេ។ បច្ចុប្បន្ន Honda ផលិត​ម៉ូដែល Honda និង Acura ចំនួន ១២ ម៉ូដែល​ ហើយក៏បានផលិតម៉ាស៊ីន ប្រអប់លេខ និងប្រព័ន្ធកូនកាត់​ Hybrid នៅទីនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតរថយន្តនេះមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១,៣ លានគ្រឿង។

ការវិនិយោគរបស់ក្រុមហ៊ុន Honda នៅសហរដ្ឋអាមេរិកនឹងបន្ត ខណៈដែលខ្លួនកំពុងសម្លឹងមើលការផ្លាស់ប្តូរទៅការផលិតរថយន្តអគ្គិសនី។ លើសពីនេះ ភាពជាដៃគូរបស់ក្រុមហ៊ុនផលិតរថយន្តជាមួយក្រុមហ៊ុន Sony បានផលិតរថយន្តអគ្គិសនីថ្មីដែលគ្រោងនឹងដាក់លក់នៅអាមេរិកខាងជើងក្នុងឆ្នាំ ២០២៦ ។

ក្រុមហ៊ុននេះគ្រោងនឹងចំណាយប្រាក់ចំនួន ៧០០ លានដុល្លារទៅក្នុងរោងចក្រ Marysville Auto Plant, East Liberty Auto Plant និង Anna Engine Plant ក្នុងការរៀបចំសម្រាប់ការផលិតរថយន្តអគ្គិសនី ដោយបង្កើត “EV Hub” នៅរដ្ឋ Ohio ។ ក្រុមហ៊ុន Honda និង LG Energy Solutions ក៏កំពុងវិនិយោគរួមគ្នាចំនួន ៣,៥ ពាន់លានដុល្លារផងដែរ ដើម្បីបង្កើតរោងចក្រថាមពលថ្មថ្មីមួយនៅក្នុងរដ្ឋ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបរាង​ Geely G426 ស៊េរីថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពប៉ាតង់របស់រថយន្ត Geely G426 ស៊េរីថ្មី ត្រូវបានដាក់បង្ហាញចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសចិន ដែលជារថយន្តប្រភេទ compack SUV ថ្មី។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៥១០ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់​ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០១ ម.ម ។

បើនិយាយអំពីការរចនាវិញ Geely G426 មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា Boyue L grille អបសងខាងដោយចង្កៀងប្រភេទ LED រាងជាអក្សរ T ។ ខណះ នៅផ្នែកខាងក្រោយបានឌីស្សាញចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងថាសកង់ស្ព័រជាច្រើនជម្រើសជាមួយដុំហ្រ្វាំង calipers ពណ៌ក្រហម។ ទន្ទឹមនឹងនេះ សម្រាប់ព័ត៌មានលម្អិតនៅផ្នែកខាងក្នុងមិនទាន់ត្រូវបានបង្ហាញនោះទេ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ​ Geely G426 ស៊េរីថ្មីនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ turbo អាចផលិតកម្លាំងបាន ១៧៨​ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនប្រាកដថាមានលុយអាចទិញឡាន Lexus បានទេ សម្រាប់អតិថិជននៅទីផ្សារមួយនេះ

ក្រុមហ៊ុនតូយ៉ូតាបានធ្វើការកំណត់នូវចំនួននៃការបញ្ជាទិញនូវរថយន្ត Lexus ម៉ូឌែលថ្មីនៅក្នុងទីផ្សារប្រទេសជប៉ុន។ ដោយព័ត៌មានលម្អិតនៃការផ្លាស់ប្តូរដែលបានចែករំលែកទៅកាន់អ្នកចែកចាយបង្ហាញថាតូយ៉ូតា បានធ្វើការកំណត់លើការបញ្ជាទិញលើរថយន្ត Lexus ចំនួន ៩ម៉ូដែលផ្សេងៗគ្នានៅក្នុងទីផ្សារកំណើតរបស់ខ្លួន ហើយបានកំណត់ចំនួននៃការបញ្ជាទិញដែលបានបែងចែកទៅឱ្យឈ្មួញនីមួយៗ ដោយចំនួននៃការបញ្ជាទិញដែលមានសម្រាប់អ្នកចែកចាយនីមួយៗមានភាពខុសគ្នា ហើយនៅពេលដែលយានយន្តដែលបានបែងចែកទាំងអស់ត្រូវបានលក់អស់ នោះមិនអាចធ្វើការបញ្ជាទិញទៀតទេ។

ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង ក៏ដោយសារតែកង្វះខាតនៃសមាសធាតុសំខាន់ៗមួយចំនួន ដោយរួមទាំងបន្ទះឈីបដែល ត្រូវបានគេរំពឹងថានឹងអូសបន្លាយបន្តមកដល់ឆ្នាំ២០២៣។

ក្រុមហ៊ុន Toyota មិនបានបញ្ជាក់អំពីពេលវេលាដឹកជញ្ជូនដែលរំពឹងទុកសម្រាប់ម៉ូដែល Lexus ថ្មីៗរបស់ខ្លួននោះទេ ដោយគ្រាន់តែគេដឹងថាវេលាដឹកជញ្ជូនម៉ូឌែល LS 500 នឹងស្ថិតនៅចន្លោះពី ៣ ទៅ ៤ ខែ ខណៈដែលការដឹកជញ្ជូន LS 500h គឺចាប់ពី ៣ ទៅ ៣,៥ ខែ។ ក្រុមហ៊ុនតូយ៉ូតាកំពុងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យទាក់ទងជាមួយអ្នកចែកចាយសម្រាប់ពេលវេលានៃ ការដឹកជញ្ជូននៃម៉ូដែលផ្សេងទៀត។ ក្រុមហ៊ុនផលិតរថយន្តក៏បានបង្ហាញផងដែរថា ការបញ្ជាទិញរថយន្តស៊េរីថ្មី LX 600 និង NX 450h+, NX 350h, NX 350 និង NX 250 នៅតែផ្អាក។

និយាយទៅកាន់ Nikkei Asia អ្នកចែកចាយរថយន្ត Lexus បាននិយាយថា រថយន្តជាច្រើន “នឹងត្រូវចំណាយពេលយ៉ាងតិចប្រាំមួយខែ” ដើម្បីចែកចាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Everest ទទួលបានម៉ូឌែលថ្មី Wildtrak ឆ្នាំ២០២៣ បំពាក់ដោយម៉ាស៊ីន ៣,០លីត្រ V6

រថយន្ត Ford Everest Wildtrak ឆ្នាំ២០២៣ ប្រភេទប៉ុង២ បានធ្វើការបង្ហាញចេញជាផ្លូវការនៅប្រទេសនូវែលសេឡង់ ជាមួយផែនការនៃការចេញលក់នៅក្នុងខែកក្កដាឆ្នាំនេះ។

សម្រាប់ម៉ូឌែលថ្មី Everest Wildtrak ឆ្នាំ២០២៣នេះ វាស្ថិតនៅថ្នាក់ក្រោមនៃម៉ូឌែលខ្ពស់បំផុត Luxury Platinum និងខាងលើនៃម៉ូឌែល Sport។ ហើយសម្រាប់ភាពខុសប្លែកគ្នានៃម៉ូឌែលមួយនេះពីម៉ូឌែលផ្សេងទៀតគឺវាត្រូវបានភ្ជាប់មកជាមួយការលេងនូវពណ៌ខ្មៅទៅលើកាងមុខ និងកាងការពារភក់ បន្ថែមជាមួយឡូហ្គូអក្សរ “Wildtrak” នៅលើទ្វាជំហៀង, ទ្វាឃ្លុបក្រោយ និងគម្របម៉ាស៊ីន។

លើសពីនេះ នៅទីផ្សារនូវែលសេឡង់នេះ រថយន្តនេះបានបំពាក់ជាមួយថាសកង់អាលុយមីញ៉ូមពណ៌ខ្មៅទំហំ ២០អ៊ីញ, សំណុះចង្កៀងប្រើប្រាស់នូវអំពូល LED ហើយផ្នែកខាងក្នុងបានបំពាក់ជាមួយកៅអីរំលេចដោយថ្មេរដេរពណ៌លឿង និងអក្សរ“Wildtrak”, កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២អ៊ីញ និងដំបូលកញ្ចក់ប្រភេទ​Panoramic sunroof។

រថយន្ត Ford Everest Wildtrak ឆ្នាំ២០២៣ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ Turbo-diesel V6 អាចផលិតកម្លាំងបាន ២៤៦សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចពិសេសៗ មាននៅលើរថយន្ត Chevrolet Tracker Redline ស៊េរីថ្មីចុងក្រោយ បន្ទាប់ពីឃើញផ្ទាល់

នាព្រឹកនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Chevrolet គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើកម្មវិធីបើកបរសាកល្បង និងសម្ពោធជាផ្លូវការនៃរថយន្តស៊េរីថ្មីរបស់ខ្លួន រថយន្ត Chevrolet Tracker Redline ស៊េរីថ្មីចុងក្រោយ ដែលបានធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ

ក្នុងនោះដែរ ក្រុមការងារ ខេមបូ អូតូ ក៏បានចូលរួមដោយផ្ទាល់ ហើយបានសង្កេតឃើញថា កម្មពិធីនេះមានការចូលរួមពីសំណាក់អតិថិជនជាច្រើន និងទទួលបទពិសោធន៍ថ្មីជាមួយការបើកបរសាកល្បងនៅរថយន្ត Chevrolet tracker ស៊េរីថ្មីចុងក្រោយ ថ្មី មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីធ្វើការបើកបរសាកល្បងក៏មានអតិថិជនពេញចិត្តក៏បានធ្វើការកក់នៅរថយន្តនេះភ្លាមៗតែម្តង។

បន្ទាប់ពីបានទស្សនា និងបើកបរសាកល្បងរួចហើយ ក្រុមការងារសូមលើកយកនូវចំនុចពិសេសមួយចំនួនមកបង្ហាញបងប្អូនទាំងអស់គ្នាអោយបានជ្រាបផងដែរ៖

  • ប្រើប្រាស់មាស៊ីន Turbocharged ចំណុះ ១,០ លីត្រ ៣ ស៊ីឡាំង ប៉ុងមុខ​ ( FWD) កម្រិតស៊ីសាំង ១០០គីឡូម៉ែត្រ ត្រឹមតែ ៥,៥ លីត្រប៉ុណ្ណោះ ដែលផ្តល់នូវសន្ទុះល្បឿនលឿន
  • មានរូបរាងនៃការរចនាបែបស្ព័រ ដោយមានរំលេចជាមួយពណ៌ក្រហម ដែលជាអត្ថសញ្ញានៃ Redline នៅលើកន្លែងមួយចំនួនដូចជា ប៉ាណាមុខ, ថាសកង់ និងស៊ុមកញ្ចក់ជំហៀងជាដើម
  • សោរឆ្លាតវៃជាប្រភេទតេលេ ( Smart Key)
  • ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ
  • ដៃចង្កូតអេឡិចត្រូនិច (Electric Steering Wheel)
  • ចង្កៀងមុខក្រោយប្រភេទ និងអំពូល Daytime Running Light ជាប្រភេទ LED

  • កៅអីអ្នកបើកបរអាចសារេបាន ៤ របៀប
  • ដំបូលកញ្ចក់ប្រភេទ Panorama Sunroof​ បើកពីមុខដល់ក្រោយ
  • ប្រព័ន្ធកាំម៉េរាជំនួយមើលក្រោយ​ (Rear Camera technology) និងសេនស័រចំនួន ៤
  • ប្រព័ន្ធហ្រ្វាំង ABS (Anti-Lock Braking System)
  • ប្រព័ន្ធជំនួយបែងចែកកម្លាំងហ្រ្វាំង PBA (Panic Brake Assist)
  • ប្រព័ន្ធទប់លំនឹងរថយន្ត កាត់បន្ថយភាពឃ្លោង ដល់អ្នករួមដំណើរ ESC (Electronic Stability Control)
  • ប្រព័ន្ធជំនួយរថយន្តពេលចុះចំណោទ HDC (Hill Decent Control)
  • សញ្ញាប្រាប់ដំណឹង និងអោយសំលេងពីខាងក្រោយ
  • ពោងសុវត្ថិភាពខាងមុខ និងក្រោយ Airbag ចំនួន ៤ ចំនុច
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត TPMS (Tire Pressure Monitoring System)

គួរបញ្ជាក់ផងដែរថា រថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ Chevrolet Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងតម្លៃលក់ត្រឹមតែ ២៩ ៩៩៩ ដុល្លារ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅទស្សនារថយន្តដោយផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត Chevrolet Cambodia ឬទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 | 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SEA Electric បំប្លែង Toyota Hilux និង Land Cruiser ទៅជារថយន្តអគ្គិសនីជិត ៩​ ពាន់គ្រឿង

[បរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី SEA Electric បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន MEVCO (ក្រុមហ៊ុនរថយន្តអគ្គិសនីជីករ៉ែ) សម្រាប់ការផ្គត់ផ្គង់រថយន្តអគ្គិសនីចំនួន​​​ ៨​ ៥០០ គ្រឿងក្នុងរយៈពេល ៥ ឆ្នាំខាងមុខដោយផ្អែកលើ Toyota Hilux និង Land Cruiser នឹងត្រូវបានប្រើនៅក្នុងឧស្សាហកម្មរុករករ៉ែ ដោយជំនួសរថយន្តដែលប្រើម៉ាស៊ូត មានតម្លៃជាង ៧០០ លានដុល្លារ។

ក្រុមហ៊ុន SEA Electric ដែលបង្កើតឡើងក្នុងប្រទេសអូស្ត្រាលី និងមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក កំពុងផ្តល់ជូននៅឧបករណ៍បំប្លែងអគ្គិសនី សម្រាប់ភីកអាប់ Toyota Hilux, រថយន្ត Ford Transit van, ភីកអាប់ Isuzu និងរថយន្ត LCV ផ្សេងទៀត។

ទាក់ទងនឹងផ្នែកម៉ាស៊ីន ភីកអាប់អគ្គិសនី​​ Hilux EV SEA-Drive បំពាក់ដោយម៉ូទ័រអគ្គីសនីដែលផលិតកម្លាំង ១៨០ សេះ និងកម្លាំងរមួល​ ៧០០ ញ៉ូតុនម៉ែត្រ ថាមពលត្រូវបានបញ្ជូនទៅប៉ុងផ្នែកខាងក្រោយ (4×2) ឬប៉ុង ២ (4×4) ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្តល់ជូននៅអាគុយទំហំ ២​ ផ្សេងគ្នារួមមាន​ អាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ២៦០ គីឡូម៉ែត្រ និងអាគុយទំហំ ៨៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៣៨០ គីឡូម៉ែត្រ ភ្ជាប់មុខងារប្រព័ន្ធសាកថ្មល្បឿនលឿន DC អាចសាកបាន ៨០% ក្នុងរយៈពេលតិចជាង ១ ម៉ោង ។

ទន្ទឹមនឹងនេះ ភីកអាប់អគ្គិសនី Toyota Hilux SEA Electric មានមកជាមួយការរចនាជនៃការជីកយករ៉ែផ្សេងៗគ្នាជាមួយនឹងឧបករណ៍បន្ថែម មានពណ៌​បៃតង​ជាមួយ​ស្ទីគ័រឡូហ្គោ MEVCO និង​របារកាងទំហំ​ធំ​មួយ​ដែល​មាន​ភ្លើង LED បន្ថែម​នៅ​ខាង​មុខ។

យោងតាមគេហទំព័រ CarExpert រថយន្តអគ្គិសនី​ ៨​ ៥០០ គ្រឿងនឹងផ្អែកលើម៉ូដែលថ្មីទាំងអស់។ យើងមិនដឹងពីលក្ខណៈបច្ចេកទេសរបស់ Toyota Land Cruiser ដែលបានបំប្លែងនោះទេ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន SEA Electric អះអាងថា ប្រព័ន្ធរបស់ខ្លួនបានបញ្ចប់នៅការប្រើប្រាស់ជាក់ស្តែងជាង ២,៥ លានគីឡូម៉ែត្រ រហូតមកដល់បច្ចុប្បន្ននៅទូទាំងប្រទេសចំនួន ៨ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo គ្រោងនឹងដាក់បង្ហាញចេញនៅ​រថយន្ត​ MPV​ អគ្គិសនី​សុទ្ធក្នុង​ប្រទេស​ចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងអភិវឌ្ឍ និងត្រៀមធ្វើការដាក់បង្ហាញ​ចេញនៅ​រថយន្ត​ MPV ប្រើ​អគ្គិសនី​សុទ្ធក្នុង​ប្រទេស​ចិន ដែល​ទំនង​ជា​នឹង​មាន​មូលដ្ឋាន​លើ Zeekr 009 ព្រោះថាទាំង Volvo និង Zeekr ត្រូវបានគ្រប់គ្រងដោយ Geely Group ហើយការចែករំលែកផ្នែករវាងម៉ូដែលទាំង ២​ នឹងជួយកាត់បន្ថយការចំណាយយ៉ាងច្រើន។

Zeekr 009

ការ​ដាក់បង្ហាញចេញ​រថយន្ត​ម៉ូដែល​ថ្មី​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ស្លាយ​នៃ​បទ​បង្ហាញ​ដែល​ប្រធាន​ក្រុមហ៊ុន Volvo Cars Greater China Sales Company ដោយនៅក្នុងស្លាយបានបង្ហាញថា Volvo នឹងដាក់លក់រថយន្តចំនួន ៦ គ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២៣ រួមមាន XC40 BEV, C40, EX90, EX90 Excellent variant, SUV ដែលមិនបញ្ចេញឈ្មោះ និង MPV ។

គួរឲ្យដឹងថា​រថយន្ត​​ Zeekr 009 គឺជាប្រើប្រាស់គ្រោងឆ្អឹងរថយន្តអគ្គិសនី SEA EV platform របស់ Geely ដែលបំពាក់ជាមួយម៉ូទ័រអគ្គិសនីមួយគូ អាចផលិតកម្លាំងបាន ៥៣៦ សេះ ប៉ុង ២​​ វិលកង់ទាំងអស់ ។ វា​ត្រូវ​បាន​គេ​អះអាង​ថា Volvo នឹង​មាន​លក្ខណៈ​ពិសេស​ដូច​គ្នា​ទាំងកម្លាំងម៉ាស៊ីន ហើយ​គ្រោងឆ្អឹងក៏​នឹង​ដូចគ្នា​ដែរ។

សម្រាប់ព័ត៌មានលម្អិតមួយចំនួនផ្សេងទៀតត្រូវបានគេដឹងអំពីរថយន្ត Volvo SUV ប៉ុន្តែរថយន្តប្រភេទ MPV នឹងប្រើការរចនាដែលសមស្របទៅនឹងគ្រួសារ Volvo ផងដែរ។ ត្រូវបានគេសង្ស័យថា ផ្នែកខាងក្នុងកាប៊ីនរថយន្ត MPV របស់ Volvo អាចមើលទៅស្រដៀងទៅនឹង EX90 ដែលទំនងជារួមមានអេក្រង់កំសាន្តបញ្ឈរ និងកុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថល។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថា រថយន្តប្រភេទ MPV នឹងត្រូវបានបង្ហាញជាគំរូមួយនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ មុនពេលចាប់ផ្តើមការផលិតនៅក្នុងត្រីមាសទី ៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកខ្លាំង! Toyota RAV4 បំពាក់​​ឈុតតួខ្លួនថ្មី បន្ថែមរូបរាងកាន់តែកាច

[បរទេស] រថយន្ត Toyota RAV4 ត្រូវបានកែច្នៃនិងបំពាក់ឈុត​តួខ្លួនថ្មីផ្តោតលើរចនាប័ទ្មបើកបរលើផ្លូវពិបាក ឬ Off-Road ដោយក្រុមហ៊ុនកែច្នៃ Kuhl Tuner នៅក្នុងប្រទេសជប៉ុន ហើយត្រូវបានដាក់បង្ហាញជាលើកដំបូងនៅឯ Tokyo Auto​ Salon 2023 នៅប្រទេសជប៉ុន។

សម្រាប់រថយន្ត​​ Toyota RAV4 VRAVRA Mars by Kuhl បន្ថែមការរចនាពិសេស បំផុសគំនិតដោយរថយន្តយោធា ថែមទាំងមានការកែលម្អប្រព័ន្ធ suspension សម្រាប់ការបើកបរលើផ្លូវពិបាក ឬ​ Off-Road ទៀតផង។

ឈុតតួខ្លួន VRAVRA Mars ត្រូវបានបំពាក់លើរថយន្ត Toyota RAV4 Adventure Off-Road ជាមួយនឹងលក្ខណៈពិសេសស្រាប់ ប៉ុន្តែ Kuhl បានបន្ថែមនៅភាពធន់ ដោយនៅផ្នែកខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង មានមកជាមួយចង្កៀងមុខ ប៉ាណាត្រូវបានរួមបញ្ចូលគ្នាយ៉ាងទាក់ទាញជាមួយនឹងភ្លើង កាងខាងក្រោមត្រូវបានលាបពណ៌ខ្មៅ ស្រដៀងទៅនឹងរថយន្ត Rezvani ឬ Wranglers ថាសកង់ប្រភេទ Vrarva DW ទំហំ ១៧ អ៊ីញ​ ស្រោបដោយសំបកកង់ Dunlop Grantrek AT5 all-terrain tire និងត្រឡោកកញ្ចក់ថ្មី។

ផ្នែកខាងក្រោយត្រូវបានកែប្រែយ៉ាងខ្លាំង ដោយកាងខាងក្រោយទំហំធំដែលមានអក្សរ Vrarva នៅកណ្តាល និងកាង spoiler ដែលមានលក្ខណះកាន់តែស្ព័រជាងមុន​។ គួរបញ្ជាក់ផងដែរថា សម្រាប់លក្ខណៈពិសេសនៅផ្នែកខាងក្នុង​មិនត្រូវបានបង្ហាញនោះទេ។

យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនកែច្នៃ Kuhl សម្រាប់ការកែច្នៃនេះមានតម្លៃ ១៦ ៦០៨ ដុល្លារ រួមទាំងពន្ធ ការលាបពណ៌ និងការដំឡើង ។ ក្នុងនោះ​ ក្រុមហ៊ុនកែច្នៃនេះ  ក៏បានផ្តល់ជម្រើសដល់រថយន្ត Toyota RAV4 ប្រភេទប៉ុង​​ ១ ដែលត្រូវបានកែលម្អជាមួយនឹងការធ្វើឱ្យប្រសើរឡើងទាំងអស់ដែលបានរៀបរាប់ខាងលើនឹងត្រូវចំណាយប្រាក់ ៣៣ ២៧៣ ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX ជំនាន់ចុងក្រោយ ប្រភេទ hybrid ចេញតម្លៃលក់ជាផ្លូវការ​នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ

[ទីផ្សារបរទេស] ដើម្បីអបអរខួបលើកទី ១៤ ឆ្នាំរបស់ Lexus នៅក្នុងទីផ្សារប្រទេសហ្វីលីពីន ក្រុមហ៊ុនLexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lexus RX ជំនាន់ទី ៥ រូបរាងថ្មីទាំងស្រុង​ SUV ដ៏ប្រណិត និងជារថយន្តប្រភេទកូនកាត់ hybrid ដំបូងគេរបស់ពិភពលោក។

រថយន្ត Lexus RX ស៊េរីឆ្នាំ ២០២៣ ត្រូវបានផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង GA-K platform ដែលមានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុន ៦០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ នៅផ្នែកខាងមុខបានបំពាក់មកជាមួយប៉ាណាមុខជំនាន់ថ្មីរបស់ Lexus ដែលអោយឈ្មោះថា “Spindle Grille”​ អបដោយចង្កៀងសងខាងថ្មី ឲ្យឈ្មោះថា triple LED headlights  ភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃរចនាថ្មីរាងជាអក្សរ L និងរន្ធខ្យល់ខាងក្រោមឌីស្សាញធំជាងមុន និងថាសកង់ស្ព័រទំ​ហំ ២១ អ៊ីញជាស្តង់ដារ ។​​ ខណះ នៅផ្នែកខាងក្រោយមានចង្កៀងត្រូវបានរចនាជាខ្សែអូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង និងកាងការពារខាងក្រោយឌីស្សាញថ្មីកាន់តែស្ព័របន្ថែមទៀត។

រីឯផ្នែកខាងក្នុងឃើញថាក៏បានអភិវឌ្ឍន៍ ជាមួយទំហំធំជាងមុន​ ដោយទីតាំងនៃអេក្រង់កម្សាន្តទំហំ ១៤អ៊ីញ ត្រូវបានទម្លាក់មកកាន់ទីតាំងទាបជាមុនជាប់ជាមួយកុងទ័របង្ហាញព័ត៌មាន កៅអីស្បែកប្រភេទ vegan រចនាថ្មី។ ហើយការអាប់ដេតផ្សេងទៀតរួមមានដំបូលកញ្ចក់បែប Panorama និងអេក្រង់បង្ហាញនៅលើកញ្ចក់ នៅលើគ្រប់ម៉ូឌែលទាំងអស់។ បន្ថែមពីនេះ RX ២០២៣ ក៏នឹងបំពាក់មកជាមួយកញ្ចប់សុវត្ថិភាពចុងក្រោយ Lexus Safety System+ ផងដែរ។

ទាក់ទងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល RX 350h ដំណើរការដោយម៉ាស៊ីន hybrid ចំណុះ ២,៥ លីត្រ ទំហំ​ ៤ ស៊ីឡាំង អាចផលិតកម្លាំងសរុបបាន ២៤៦ សេះ និងកម្លាំងរមួល ៣១៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ e-CVT ។ ខណះម៉ូដែលកំពូលគឺ​ Lexus RX 500h ដំណើរកាដោយប្រព័ន្ធម៉ាស៊ីន parallel hybrid system ចំណុះ ២,៤ លីត្រ turbocharged ផ្គបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣៧១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ និងប្រភេទបើកបរប៉ុង ២ ថ្មី Direct4 all-wheel drive system ។

សម្រាប់រថយន្ត Lexus RX ជំនាន់ចុងក្រោយនេះ មានម៉ូដែលម៉ូដែលសម្រាប់ជ្រើសរើសនៅក្នុងទីផ្សារប្រទេសហ្វីលីពីនរួមមាន​៖

  • Lexus RX 350h Executive មានតម្លៃលក់ចាប់ពី ៩២ ៣២៩ ដុល្លារ​
  • Lexus RX 350h Premier មានតម្លៃលក់ចាប់ពី​ ១១២ ៩៥៦ ដុល្លារ
  • Lexus RX 500 F Sport មានតម្លៃលក់ចាប់ពី ១២១ ៧១៨ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្តមានរថយន្ត MG RX5 Reborn កំពុងត្រៀមទទួលតំណែងរថយន្តដែលលក់ដាច់ប្រចាំឆ្នាំ២០២៣នេះ

រថយន្តប្រភេទ SUV របស់យីហោ MG ដែលជាម៉ាករថយន្តដ៏ល្បីមានដើមកំណើរពីចក្រភពអង់គ្លេសដូចជារថយន្ត MG RX5 និង MG HS ដែលបានទទួលភាពជោគជ័យខ្លាំងក្នុងទីផ្សាររថយន្តថ្មីជាមួយនឹងការរចនាដ៏ទាន់សម័យ និងដំណើការល្អ អមជាមួយតម្លៃសមរម្យ។ នៅក្នុងប្រទេសកម្ពុជា រថយន្ត MG RX5 បានក្លាយជារថយន្តប្រភេទ SUV ដែលលក់ដាច់ច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នជាមួយនឹងការលក់ចេញជាង ៦៦០គ្រឿង ហើយបានក្លាយជារថយន្ត SUV ដែលមានប្រជាប្រិយភាពជាមួយនឹងការផ្ដល់ឱ្យម្ចាស់រថយន្តនូវផាសុកភាព, អត្ថប្រយោជន៍នៃការសន្សំសំចៃ, ក៏ដូចជាភាពទាក់ទាញ និងទំនើបទាន់សម័យស័ក្តសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនិងការប្រើប្រាស់ផ្ទាល់ខ្លួន។ ទន្ទឹមនឹងភាពជោគជ័យលើម៉ូឌែល MG RX5 នៅក្នុងប្រទេសកម្ពុជា, ក្រុមហ៊ុនលក់រថយន្តផ្លូវការ MG Cambodia បានប្រកាសអំពីការមកដល់ឆាប់ៗនៃរថយន្ត MG RX5 Reborn ជំនាន់ទីពីរស៊េរីឆ្នាំ២០២៣ ដែលមានការកែប្រែថ្មីនៃរូបរាងដ៏គួរឱ្យចាប់អារម្មណ៍ ហើយផ្ដល់ជូននូវទំហំធំទូលាយ និងមុខងារទំនើបៗនៃបច្ចេកវិទ្យាថ្មីជាងមុន។

រថយន្តស៊េរីថ្មីម៉ាក MG RX5 Reborn គឺមានការរចនាសារឡើងវិញគ្រប់ផ្នែកខាងក្រៅ ដោយផ្ដល់នូវរូបរាងបែបស្ព័រជាមួយការបំពាក់នូវសំណាញ់ប៉ាណាមុខបែបទាក់ទាញនិងមានអំណាច អមជាមួយចង្កៀងមុខ LED និងអំពូលភ្លើង Daytime ដែលបង្កើនឱ្យរថយន្ត MG RX5 Reborn មើលទៅកាន់តែកាច និងបង្កើតនូវកម្លាំងខ្លាំងនៅពេលធ្វើដំណើរលើដងផ្លូវ ហើយធ្វើឱ្យរាល់ការបើកបរកាន់តែមានគុណភាព ជាមួយរថយន្តដ៏ល្អប្រណិតនេះ។ រថយន្តប្រភេទ SUV នេះក៏បានបំពាក់នូវដំបូលខាងលើដ៏ធំទូលាយ (Panoramic Sunroof) ដែលជាមុខងារដ៏ឆ្លាតវៃនិងផ្តល់នូវបទពិសោធន៍បែបថ្មីសម្រាប់គ្រួសាររបស់លោកអ្នក។

អ្នករចនារថយន្ត MG RX5 Reborn បានបំផុសនូវគំនិតដ៏ទាន់សម័យបំផុតដោយបានប្រើប្រាស់នូវសមត្ថភាពខ្ពស់ក្នុងការរចនាម៉ូឌែលថ្មីនេះឡើង ដើម្បីផ្តល់ជូនរថយន្តដែលលេចធ្លោ និងកាប៊ីនដ៏មានផាសុកភាពខ្ពស់។ ការរចនាជាមួយនឹងពូកស្បែកទន់ៗដែលធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរទទួលបាននូវផាសុខភាព និងរីករាយបំផុត។ មុខងារពិសេសៗដ៏ទំនើបៗជាច្រើនដូចជា អេក្រង់កម្សាន្ត HD ទំហំ ១៤,១អ៊ីញ, តាប់ឡូឌីជីថលទំហំ ១២,អ៊ីញ ផ្តល់នូវពត៌មានច្បាស់ល្អ, ឧបករណ៍សាកថ្មីទូរស័ព្ទឥតខ្សែ, ប្រព័ន្ធ Apple CarPlay និង Android Auto, កាំម៉េរា ៣៦០ដឺក្រេដែលសុវត្ថិភាពសម្រាប់ការចតរថយន្ត, ពោងសុវត្ថិភាពខាងមុខនិងចំហៀង, ដែកតួរថយន្តរឹងមាំ, និងកៅអីពូកស្បែកអូតូឆ្វេងស្តាំដែលបានបន្ថែមឱ្យរថយន្ត MG RX5 Reborn ស៊េរីថ្មីកាន់តែទាក់ទាញថែមមួយកម្រិតទៀត។

និយាយអំពីដំណើរការម៉ាស៊ីនវិញ រថយន្ត MG RX5 Reborn បានបំពាក់នូវបច្ចេកវិទ្យាថ្មីចុងក្រោយនៃម៉ាស៊ីនសាំង Net Blue ចំណុះ ១,៥T ជំនាន់ទី២ រួមជាមួយប្រព័ន្ធប្រអប់លេខអូតូ៧វគ្គ ដែលធ្វើឱ្យការបើកបរកាន់តែរលូនហើយផ្តល់ថាមពលខ្លាំង និងប្រសិទ្ធភាពកាន់តែខ្ពស់ ជាមួយកម្លាំង ១៧១សេះ និង កម្លាំងរមួល ២៧៥ញ៉ូតុនម៉ែត្រ។ រថយន្ត MG RX5 Reborn ពិតជាសន្សំសំចៃខ្ពស់ និងផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់។

សរុបមក ទាំងអស់នេះជាចំនុចពិសេសនិងសំខាន់ដែលនឹងបន្តនូវភាពជោគជ័យថ្មីនាពេលខាងមុខនេះសម្រាប់រថយន្ត MG RX5 Rebornស៊េរីថ្មីឆ្នាំ២០២៣។ ហើយម៉ូឌែលថ្មីនេះនឹងកាន់តែធ្វើឱ្យយីហោ MG កាន់តែមានសន្ទុះកើនឡើងនិងមានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាមួយការផ្ដល់ជូនអតិថិជននូវស្ទីលថ្មីទាន់សម័យកាល, បច្ចេកវិទ្យាទំនើបៗ និងការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយតម្លៃក្រោម ៤០ ០០០ដុល្លារ ដែលពិតជាតម្លៃដ៏ប្រកួតប្រជែងយ៉ាងខ្លាំងដែលនឹងធ្វើឱ្យ MG RX5 Reborn ក្លាយជាបេក្ខភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់រថយន្ត SUV ដ៏ល្អបំផុតប្រចាំឆ្នាំ២០២៣នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+