ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Suzuki Jimny ប្រភេទ SUV Off-Road ទ្វារ​ ៥ ​ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុន Maruti Suzuki ​បានធ្វើការ​ដាក់​បង្ហាញចេញនៅ​រថយន្ត Suzuki Jimny ទ្វារ​ ៥ ​ថ្មី​ជា​ផ្លូវ​ការ​នៅ​ក្នុង​កម្មវិធី Auto Expo 2023 ក្នុង​ប្រទេស​ឥណ្ឌា ដោយម៉ូដែល​នេះ​មានទំហំធំជាងមុន ខណៈ​រូបរាង​ដូច​គ្នា​នឹង​ម៉ូដែល​ដើម ប៉ុន្តែ​បាន​បន្ថែមនៅទ្វារចំនួន ២ ​​នៅ​ខាង​ក្រោយ។

សម្រាប់រថយន្ត Suzuki Jimny ទ្វារ ៥ នេះមានប្រវែងតួខ្លួនសរុប ៣ ៩៨៥ ម.ម វែងជាងមុន ៣៣៥ ម.ម ទទឹង ១​ ៦៤៥ ម.ម និងកម្ពស់ ១ ៧២០ ម.ម ។ ចំពោះការរចនានៅផ្នែកខាងក្រៅ រថយន្ត SUV Off-Road នេះ​នៅ​តែ​បំពាក់នៅថាសកង់​ទំហំ ១៥ អ៊ីញ​ ស្រោបដោយ​សំបក​កង់ 195/80 R15 ដោយហ្រ្វាំងឌីសនៅខាងមុខ ហ្វ្រាំង Drum brake នៅខាងក្រោយ និងប្រព័ន្ធប៉ុង three-link live axles ដែលភ្ជាប់ជាមួយនឹងប៉ូមរំស័រ (coil spring) សម្រាប់ការដំឡើងប្រព័ន្ធ suspension ខាងមុខ និងខាងក្រោយ ក៏នៅដដែលទាំងអស់។

រីឯនៅផ្នែកខាងក្នុងកាប៊ីនរបស់ Jimny ទា្វរ ៥​ នេះក្រៅ​ពី​ទំហំ​ធំទូលាយ​ជាងមុន ហាក់​ដូច​ជា​មិន​បាន​ផ្លាស់​ប្តូរ​អ្វី​នៅ​ខាង​ក្នុង​ឡើយ។ កៅអីអង្គុយនៅតែបួនដដែល និងការរចនានៅដដែលទាំងស្រុង ទាំងអេក្រង់កំសាន្ត touchscreen ភ្ជាប់ជាមួយ Apple CarPlay និង Android Auto និងឧបករណ៍បំពងសំឡេងចំនួន ៤ ចំនុច ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Suzuki Jimny ទ្វារ ៥ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៤ សេះ និងកម្លាំងរមួល ១៣៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់ស្វ័យប្រវត្តិ ៤ វគ្គ ឬ ប្រអប់លេខដៃ ៥ វគ្គ ហើយនៅតែភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ 4×4 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន BMW X5 ៤គ្រឿងត្រូវហៅមកវិញ បន្ទាប់ពីមានបញ្ហាលើកៅអីអ្នកបើកបរ

ថ្មីៗនេះក្រុមហ៊ុន BMW បានប្រកាសថារថយន្ត BMW X5 ចំនួន ៤គ្រឿង​ប្រហែល​ជា​បាត់​ប៊ូ​ឡុង​លើ​កៅអី​អ្នក​បើកដែល BMW បាន​ចេញសេចក្តីប្រកាសពី​ការ​ប្រមូល​យក​រថយន្ត X5 ទាំង ៤គ្រឿងត្រឡប់​មក​វិញបន្ទាប់ពីរកឃើញ​​បញ្ហា​កៅអី​អ្នក​បើកនេះ។​

ការជូនដំណឹងអំពីការប្រមូលរថយន្តមកវិញត្រូវបានធ្វើឡើងតាមរយៈរដ្ឋបាល​សុវត្ថិ​ភាព​ចរាចរណ៍ផ្លូវជាតិ ហៅកាត់ថា(NHTSA) បានបង្ហាញថា ប៊ូឡុងមួយក្នុងចំណោមប៊ូ​ឡុងទាំងបួន​ដែលភ្ជាប់ផ្នែកខាង​ក្រោយទៅនឹង​ស៊ុមកៅ​អី​ដែលអាចមិនត្រូវបានដំឡើងតាមលក្ខណៈបច្ចេកទេស។ ដូចនេះ កៅអីខាងក្រោយគឺមិនការជាប់ត្រឹមត្រូវ ហើយក្នុងករណី​មាន​គ្រោះថ្នាក់ វាអាចបង្កើនហានិភ័យនៃការរងរបួសដល់អ្នកបើកបរ។

ក្រុមហ៊ុន BMW បានដឹង​អំពី​បញ្ហា​នេះនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីអ្នកផ្គត់ផ្គង់កៅអីបានចាប់អារម្មណ៍ទៅលើបញ្ហានេះ។ ដោយ​ក្រុមហ៊ុនផ្គត់ផ្គង់​​បានជូន​ដំណឹង​​ដល់ BMW ថាកៅអីអ្នកបើកបរដែលមានកំហុសមួយចំនួនអាច​ត្រូវបានបញ្ជូនទៅ​រោងចក្រ​ដំឡើងរថយន្ត និងបានបំពាក់នៅលើរថយន្ត។

ពាក់ព័ន្ធនឹងការប្រមូលមកវិញមានម៉ូឌែល BMW X5 sDrive40iឆ្នាំ២០២៣ ១គ្រឿង, X5 M40i ១គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និង​ម៉ូដែល X5 xDrive 45e ចំនួន ២គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះបញ្ហានេះអតិថិជននឹងទទួលបានដំនឹងនាថ្ងៃទី ១៧ ខែកុម្ភៈខាងមុខនេះ ដើម្បីធ្វើការជួសជុល ឬផ្លាស់ប្តូរថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan UNI-K ស៊េរីឆ្នាំ ២០២៣ មកជាមួយប្រព័ន្ធ Hybrid ដែលស៊ីសាំងតិចបំផុត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan UNI-K ស៊េរីឆ្នាំ ២០២៣ ជាប្រភេទ SUV ខ្នាតកណ្តាលជាប្រភេទសាំង និង Changan UNI-K​ iDD ជាប្រភេទ plug-in hybrid នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ការរចនារូបរាងខាងក្រៅនៅផ្នែកខាងមុខបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ អបជាមួយនឹងចង្កៀងមុខប្រភេទ LED រាងស្លីម និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់វែងជាមួយឡូហ្គោនៅចំកណ្តាល។ ខណៈម៉ូដែល Plug-in hybrid បានបន្ថែមជាមួយដុំហ្រ្វាំង Caliper ពណ៌ទឹកក្រូច និងបំពង់ស៊ីមាំងនៅសងខាងជាមួយឡូហ្គោ iDD នៅផ្នែកខាងស្តាំ ដោយ Changan UNI-K មានបំពង់ស៊ីមាំងចំនួន ៤។

PHEV Version

រីឯនៅផ្នែកខាងក្នុងវិញ មានការរចនាយ៉ាងប្រណិត ដោយមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៊ីញ full LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ដៃចង្កូតប្រភេទ three-spoke steering wheel និងកន្លែងដាក់ដបទឹកនៅចំកុងស៊ូលកណ្តាលជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល Changan UNI-K ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៣ សេះ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវតិ្ត ៨ វគ្គ និងប្រភេទបើកបរប៉ុង ២ ជាជម្រើស។ ខណៈ ម៉ូដែល Changan UNI-K iDD ដំណើរការដោយប្រព័ន្ធ Hybrid ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ៣៣០​ ញ៉ូតុនម៉ែត្រ​ ៕

គួរបញ្ជាក់ផងដែរថា UNI-K iDD គឺជាម៉ូដែលដំបូងរបស់ Changan ដែលបំពាក់ដោយប្រព័ន្ធកូនកាត់ Blue Whale iDD ជាប្រព័ន្ធកូនកាត់ DM-i hybrid system ដ៏ពេញនិយមរបស់ BYD ដោយមានការសន្សំសំចៃប្រេង និងការប្រើប្រាស់តិចជាងរថយន្តប្រើប្រាស់ថាមពលអគ្គិសនីទៀតផង៕

PHEV Version

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Century គ្រោងនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងឆ្នាំ ២០២៣ ជាប្រភេទ SUV

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមរបាយការណ៍ថ្មីមួយពីទស្សនាវដ្តី Best Car magazine របស់ប្រទេសជប៉ុនបានឲ្យដឹងថាក្រុមហ៊ុន Toyota កំពុងរៀបចំដាក់បង្ហាញចេញនៅរថយន្ត Toyota Century ប្រភេទ SUV ដែល​មាន​មូលដ្ឋាន​លើរថយន្ត Toyota Highlander ជាមួយប្រវែងវែង ហើយមានកៅអី ២ ជួរជាមួយនឹងទំហំធំទូលាយសម្រាប់អ្នកដំណើរខាងក្រោយ។

2018 Toyota Century

សម្រាប់រថយន្ត Toyota Century ត្រូវបានគេជឿថានឹងមានប្រវែងតួខ្លួនសរុបដល់ទៅ ៥,២ ម៉ែត្រ ដែលវែងជាងរថយន្ត Toyota Land Cruiser និងទទឹង ១,៩ ម៉ែត្រ កំពស់ ១,៧ ម៉ែត្រ និង ប្រវែងគន្លាតកង់មុខ-ក្រោយប្រវែង ៣ ម៉ែត្រ ដែលធ្វើឲ្យផ្ទៃខាងក្នុងធំទូលាយខ្លាំង ជាមួយនឹងទម្ងន់ប្រហែល ២ ២០០ គីឡូក្រាម ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះអាចបំពាក់ម៉ាស៊ីនមកពីរថយន្ត Lexus LC 500h និង LS 500h ដែលប្រើម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6  ។ Toyota ក៏​មាន​បំណងដាក់បង្ហាញ Toyota Century SUV ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​កូនកាត់ Hybrid ដោយ​បំពាក់​ម៉ូទ័រ​អគ្គិសនី​នៅ​ខាង​ក្រោយ។ ជាក់ស្តែង មិនមានគម្រោងដាក់ម៉ាស៊ីនចំណុះ ៥,០ លីត្រ V8  របស់រថយន្តប្រភេទ Sedan ទៅលើរថយន្តថ្មីនេះទេ។

ទាក់ទងនឹងតម្លៃវិញ រថយន្តនេះត្រូវបានគេរំពឹងថាមានតម្លៃលក់ចាប់ពី ៧៥ ៨០០ ដុល្លារ ដល់ ១១៤ ០០០ ដុល្លារ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota ត្រូវបានគេនិយាយថា មានបំណងចង់ដាក់លក់រថយន្ត Toyota Century SUV នៅក្នុងប្រទេសជប៉ុននៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយមិនមានព័ត៌មានលម្អិតអំពីការនាំចេញរថយន្តនេះទៅកាន់ទីផ្សារផ្សេងទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា Toyota Century ដែលទាក់ទាញខ្លាំងបំផុតជារថយន្តប្រភេទ Sedan ជាម៉ូដែលតែមួយគត់របស់ប្រទេសជប៉ុនមានតាំងពីឆ្នាំ ១៩៦៧ ហើយបានឈានចូលជំនាន់បច្ចុប្បន្នរបស់ខ្លួនក្នុងឆ្នាំ ២០១៨ ដើម្បីធ្វើតាមរថយន្តជំនាន់ទី ២ ជាមួយម៉ាស៊ិន V12 ដ៏ខ្លាំងរបស់ខ្លួនដែលតម្លៃរហូតដល់ ១៥២ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! Toyota Prius ស៊េរី​ឆ្នាំ ២០២៣ ចេញលក់ក្នុងប្រទេសជប៉ុនជាមួយតម្លៃចាប់ពីខ្ទង់ ២ មុឺនដុល្លារ

[ទីផ្សារបរទេស] បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​មុន ខណៈពេលនេះ Toyota Prius ស៊េរី​ឆ្នាំ ២០២៣ បាន​ចេញតម្លៃ​លក់​នៅ​ប្រទេស​ជប៉ុន ដែលមានតែម៉ូដែលកូនកាត់ hybrid ប៉ុណ្ណោះដែលមានសម្រាប់ពេលនេះ ហើយម៉ូដែល plug-in hybrid រំពឹងថានឹងមាននៅក្នុងខែមីនា ជាមួយតម្លៃលក់ចាប់ពី ២០ ៧៦៦ ដុល្លារ ដល់ ២៩ ៦០១ ដុល្លារ។

សម្រាប់ Toyota Prius ស៊េរី​ឆ្នាំ ២០២៣ មានម៉ូដែលចំនួន ៨ ផ្សេងគ្នាដាក់លក់នៅក្នុងប្រទេសជប៉ុន ក្នុងនោះក្រុមហ៊ុន Toyota រំពឹង​ថា​នឹង​លក់​រថយន្ត Prius បាន​ចំនួន ៤ ៣០០ គ្រឿង​ក្នុង​មួយ​ខែ។

រថយន្តនេះត្រូវបានផ្អែកលើគ្រោងឆ្អឹង Toyota New Global Architecture (TNGA platform) ជំនាន់ទី ២ របស់ក្រុមហ៊ុន Toyota ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅត្រូវបានរចនាថ្មីទាំងស្រុង បានពង្រីកនៃប្រវែងគម្លាតកង់កាន់តែវែងជាងមុន និងបានបំពាក់ជាមួយថាសកង់ទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញជាស្តង់ដារ។ ជាពិសេសនៅផ្នែកខាងមុខមានចង្កៀងមុខប្រភេទ LED និងមានស្តុបក្រោយឌីស្សាញជាខ្សែបន្ទាត់ប្រវែងវែងផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញគឺត្រូវបានផ្លាស់ប្តូរថ្មីដូចគ្នា ដោយត្រូវបានឌីស្សាញឡើងបែប Island Architecture Styling Language ដែលទាន់សម័យ និងទំនើបជាងមុន និងបានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ និងកុងទ័របង្ហាញព័ត៌មានបញ្ឈប្រភេទឌីជីថលផងដែរ។

សម្រាប់ទីផ្សារប្រទេសជប៉ុន Toyota Prius ជំនាន់ទី៥ នេះទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើស ដោយជម្រើសទី១ ជាមប្រភេទ PHEV ដំណើរការផ្គួបគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ហើយបន្ថែមពីនេះជម្រើសម៉ាស៊ីននេះក៏នឹងបង្កើននៅចម្ងាយនៃការបើកបរឆ្ងាយជាងមុន ៥០% ផងដែរ។

ចំនែកឯជម្រើសទី២ គឺជាម៉ាស៊ីនប្រព័ន្ធកូនកាត់ Parallel Hybrid ចំណុះ ២,០ លីត្រ របស់ Toyota ដែលអាចផលិតកម្លាំងរហូតបានទៅ ១៩៣ សេះ និងបំពាក់មកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននូវប្រសិទ្ធភាពនៃការបើកបរកាន់តែប្រសើផងដែរ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៣ថ្ងៃ​ ឡានអគ្គិសនី Tesla ទទួលបានការកក់ច្រើនជាង ៣០ ០០០ គ្រឿង នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការកាត់បន្ថយតម្លៃ ដែលជាការបញ្ចុះតម្លៃលើកទី ២ នៅក្នុងប្រទេសចិនក្នុងរយៈពេល ៣ ខែ ដោយមានតម្លៃលក់ត្រឹម ៣៣ ៩១៦ ដុល្លារ សម្រាប់ Tesla Model 3 និងតម្លៃ ៣៨ ៣៤២ ដុល្លារសម្រាប់ Tesla Model Y។

ក្នុងរយៈពេល ២ ចុងសប្តាហ៍កន្លងមកនេះ រថយន្ត Tesla ជាង ២០០ គ្រឿងត្រូវបានដឹកជញ្ជូនជារៀងរាល់ថ្ងៃនៅក្នុងប្រទេសចិន ជាមួយ​នឹង​អតិថិជន​ជា​ច្រើន​បាន​កក់​ទុក​ក្នុង​ការ​កុម្ម៉ង់​នៅ​តាមក​ទីក្រុង​មួយ​ចំនួន​បាន​កើន​ឡើង ៥០០ ភាគរយ​បើធៀប​នឹង​ខែ​ធ្នូ។

ការអាប់ដេតនៅលើគេហទំព័រចិនរបស់ក្រុមហ៊ុន Tesla បានបង្ហាញពីកាលបរិច្ឆេទនៃការចែកចាយដែលរំពឹងទុកចុងក្រោយបំផុតសម្រាប់ Tesla Model Y បានពន្យាពេលពី ២ ទៅ ៥ សប្តាហ៍ និង Tesla Model 3 បានពន្យាពេលពី ១ ដល់ ៤ សប្តាហ៍។

សកម្មភាពតម្លៃរបស់ Tesla នៅក្នុងប្រទេសចិនដើម្បីឆ្លើយតបទៅនឹងការបញ្ចុះតម្លៃនៃតម្រូវការនៅក្នុងប្រទេសចិនរបស់ក្រុមហ៊ុនផលិតរថយន្ត EV ក្រុមហ៊ុន Tesla បានលក់រថយន្តដែលផលិតនៅប្រទេសចិនចំនួន ៥៥ ៧៩៦ គ្រឿងនៅក្នុងខែធ្នូ បូករួមទាំងការនាំចេញរថយន្តចំនួន ១៣ ៨៧៩ គ្រឿង។

ទោះបីជាក្រុមហ៊ុន Tesla នៅតែជាលេខ ១ នៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោកក៏ដោយ។ ក្នុងនោះ ក្រុមហ៊ុន BYD ក៏កំពុងតាមពីក្រោយផងដែរ។ ដូច្នេះ ការ​កាត់​បន្ថយ​តម្លៃ និង​ការ​បញ្ចុះ​តម្លៃ​របស់ Tesla មិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ប្រកួត​តម្លៃ​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បង្ហាញចេញគំរូឡានដែលអាចបង្វិលកង់បាន ៩០ដឺក្រេ និងបង្វិលខ្លួនមួយជុំ (មានវីដេអូ)

ក្រុមហ៊ុន Hyundai Mobis បានធ្វើការណែនាំអំពីម៉ូឌុល e-corner របស់ខ្លួនចុងក្រោយបំផុតកាលពីឆ្នាំ២០២១កន្លងទៅ ខណៈពេលនេះក្រុមហ៊ុននេះក៏បានបង្ហាញចេញថ្មីដែលបំពាក់នៅលើរថយន្ត loniq 5 Prototype ដែលបំពាក់ដោយម៉ូឌុល e-corner ចំនួនបួន។

ម៉ូឌុល​នេះ​អាច​ឱ្យ​កង់​បង្វិល​បាន​ដល់​ទៅ ៩០ដឺក្រេ ហើយ​វា​ផ្តល់​ឱ្យ​រថយន្ត​មាន​ភាព​បត់បែន​ដែល​គ្មាន​គូប្រៀប។ ដោយបានបំពាក់នូវរបៀបនៃការបើកបរ “crab driving mode” ដែលអាចអនុញ្ញាតអោយកង់ទាំងបួនបត់បានចំនួន ៩០ដឺក្រេ អាចឱ្យរថយន្តធ្វើដំណើរពីចំហៀងទៅម្ខាង ជំនួសឱ្យតែការឆ្ពោះទៅមុខ និងថយក្រោយ ព្រមទាំងផ្តល់នូវភាពងារយស្រួលក្នុងការចូលចចតផងដែរ។

ហើយប្រសិនបើចង់បង្វិលជុំក្នុងលឿន នោះក៏មានមុខងារបញ្ជាដែលអោយឈ្មោះថា  “Zero turn function” ដោយវានឹងបង្វិលកង់ក្នុងមុំ ៤៥ដឺក្រេ ដើម្បីអោយរថយន្តអាច​បង្វិលខ្លួនបាន ៣៦០ដឺក្រេ។ លើសពីនេះ វាក៏មានមុខងារ គំរូនេះមុខងារបង្វិល “Pivot turn function” ផងដែរ ដែលកង់ខាងមុខនៅត្រង់ ខណៈពេលដែលកង់ខាងក្រោយបត់ក្នុងមុំ ៩០ដឺក្រេ។

សម្រាប់ម៉ូឌុល e-cornerនេះ វាត្រូវបានធ្វើការរួមបញ្ចូលគ្នាជាមួយប្រព័ន្ធចង្កូត ហ្វ្រាំង ប្រព័ន្ធទ្រព្យួរ និងប្រព័ន្ធបើកបរនៃកង់នីមួយៗ។ ហើយលើសពីនេះ គំរូនេះគឺ​ក្រុមហ៊ុន Hyundai Mobis បាននិងកំពុងសិក្សារជាមួយគំនិតនេះអស់រយៈពេលជាង ៥ឆ្នាំមកហើយ ខណៈដែលគំនិតដែលបានបង្ហាញខ្លួននៅ CES ក្នុងឆ្នាំ២០១៨ ហើយបច្ចេកវិទ្យានេះបានវិវត្តចាប់តាំងពីពេលនោះមក ជាមួយគោលដៅចង់ឃើញម៉ូឌុល e-corner នេះបំពាក់នៅក្នុងគំរូផលិតកម្មរថយន្តរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូង GMC Hummer EV ប្រភេទ SUV កៅអី ៣ ជួរ ​អាច​លក់​បានតម្លៃខ្ទង់លានដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានចាប់ផ្តើមផលិតនៅរថយន្តអគ្គិសនី GMC Hummer EV ប្រភេទ SUV កៅអី ៣ ជួរ ហើយរថយន្តដំបូងបំផុតនឹងដាក់លក់ដេញថ្លៃនៅ Barrett Jackson ដោយរំពឹងថា​អាច​នឹង​លក់ដេញថ្លៃ​បាន​ក្នុងតម្លៃខ្ទង់រាប់លានដុល្លារដូច​ភីកអាប់របស់ខ្លួន។

ភីកអាប់ GMC Hummer EV ដំបូងបំផុតដែលមានលេខកូដ VIN 001 លក់ដេញថ្លៃបានក្នុងតម្លៃ ២,៥ លានដុល្លារ ហើយប្រាក់ចំណូលបានផ្តល់ជាមូលនិធិដល់ Stephen Siller Tunnels to Towers Foundation ។ ខណៈ ប្រាក់ចំណូលនៃការលក់រថយន្ត Hummer EV ប្រភេទ SUV ដែលមានលេចកូដ VIN 001 នឹងផ្តល់ទៅមូលនិធិដល់ក្រុមហ៊ុន Tread Lightly Inc ។

សម្រាប់រថយន្តអគ្គិសនី GMC Hummer EV SUV ឆ្នាំ ២០២៤ នឹងមានកម្លាំងម៉ាស៊ីនខ្លាំងដូចបងរបស់ខ្លួន ដោយប្រើម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៨៣០ សេះ ។ ដូចទៅនឹងរថយន្តភីកអាប់ដែរ រថយន្តប្រភេទ SUV នេះបំពាក់នៅចង្កូត four-wheel steering និងប្រព័ន្ធ ‘Crab Walk’ ដើម្បីជួយបើកបរក្នុងស្ថានភាពលំបាកៗនៅតាមផ្លូវ។

រថយន្ត Hummer EV SUV នេះគឺជាផ្នែកមួយនៃម៉ូដែលបិសេស Edition 1 ដែល GMC បានដាក់លក់ក្នុងតម្លៃចេញពីរោងចក្រ ១០៥ ៥៩៥ ដុល្លារ។ ខណៈម៉ូដែល ដែលមានបំពាក់ជាមួយនឹងកញ្ចប់ Extreme Off-Road មានតម្លៃលក់ចាប់ពី ១១០ ៥៩៥ ដុល្លារ ដោយបានបន្ថែមថាសកង់ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ mud-terrain ទំហំ ៣៥ អ៊ីញ កាងការពារផ្នែកចំហៀង ប៉ុងប្រភេទ heavy-duty ball-spline half shafts និងកាំមេរាបង្ហាញបាតក្រោមជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GMC នឹង​ធ្វើការដាក់​លក់​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២៣ ​នៅឯកម្មវិធិការ​ដេញ​ថ្លៃ​រថយន្ត​ Barrett-Jackson នៅ Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បានបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យនៃការលក់ចេញចំនួន ១ ០០០គ្រឿងក្នុងឆ្នាំ ២០២២

MG គឺជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសដែលបានទទួលសិទ្ធផ្តាច់មុខក្នុងការចែកចាយរថយន្ត MG មកប្រទេសកម្ពុជាដោយក្រុមហ៊ុន TF Motors Cambodia ហើយពួកគេបានអបអរសាទរជាមួយភាពជោគជ័យថ្មីរបស់ខ្លួនក្នុងឆ្នាំ ២០២២ ជាមួយការលក់ចេញចំនួន ១ ០០០ គ្រឿង បន្ទាប់ពីបានសម្រេចនិងទទួលបានការលក់ចេញកើនឡើងដល់ ២០% បើប្រៀបទៅនឹងឆ្នាំ២០២១ ជាមួយនឹងចំនួនរថយន្តដែលបានលក់ចេញជាង ៨៣០ គ្រឿង។ ក្រុមហ៊ុន MG ទទួលបានការកោតសរសើរសម្រាប់ឆ្នាំដ៏អស្ចារ្យនៃឆ្នាំ២០២២ ជាមួយនឹងការប្រគល់ចេញជូនអតិថិជនចំនួន ១ ០០០ គ្រឿង ហើយMG ពិតជារីករាយដែលមានកំណើននៃការគាំទ្រនៅតែបន្តក្នុងប្រទេសកម្ពុជា ដោយសារការពេញនិយមនៃរថយន្តស៊េរីទំនើបប្រភេទស៊ីឌានគឺ MG 6 និង MG GT, Crossover ម៉ូឌែល MG ZS, ប្រភេទ SUV ម៉ូដែល MG HS Trophy និងរថយន្ត SUV ខ្នាតធំដ៏ប្រណីតម៉ូឌែល MG RX8។

ភាពជោគជ័យនៃវត្តមានរថយន្ត MG នៅក្នុងប្រទេសកម្ពុជាមានសំទុះកើនឡើងជាខ្លាំងនាពេលកន្លងមកនេះគឺដោយសារ ផលិតផលដែលមានគុណភាព និងការផ្តល់ជូននូវរថយន្តដ៏ទំនើបទាន់សម័យកាល និងគួរឱ្យទុកចិត្តបំផុតមកកាន់ទីផ្សាររថយន្តថ្មី អមជាមួយតម្លៃសមរម្យ និងមុខងារប្រើប្រាស់ពិសេសៗ។ ឥឡូវនេះ ម៉ាកយីហោ MG គឺជាម៉ាកយីហោល្បីលំដាប់ថ្នាក់លេខ 3 ក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Toyota និង Ford ។ MG ក៏បានផ្តល់នូវរថយន្តប្រណិតជាមួយនឹងការរចនារូបរាងបែបស្ព័រ, កាប៊ីនធំទូលាយ, ផាសុកភាព, សុវត្ថិភាព និងទាន់សម័យបំផុតដែលស័ក្តសមទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាយើង។ មិនដូចទៅនឹងម៉ាករថយន្តផ្សេងទៀតនោះទេ គឺ MG បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើបនៃម៉ាស៊ីនសាំងដែលមានចំណុះតូចប៉ុន្តែបានបន្ថែមនូវ ម៉ាស៊ីន Turbo ដើម្បីធ្វើឱ្យថាមពលរបស់រថយន្តកាន់តែខ្លាំង និងស៊ីប្រេងឥន្ធនៈទាប ដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ម្ចាស់រថយន្ត។

ក្រុមហ៊ុន MG បានខិតខំនិងឆ្លើយតបនូវអ្វីដែលជាតម្រូវការរបស់អតិថិជន ដោយផ្តល់នូវផលិតផលល្អមានគុណភាពខ្ពស់ ហើយពួកគេក៏ផ្តល់សេវាកម្មកាន់តែល្អក្នុងការថែទាំ និងជួសជុលរថយន្ត ដោយអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងជំនាញរថយន្ត អមជាមួយនឹងការអប់រំបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ពីរោងចក្រទៀតផង។ លើសពីនេះ រថយន្ត MG ក៏មានការធានារយៈពេល ៣ ឆ្នាំ ឬ ១០០ ០០០Km ដើម្បីធ្វើឱ្យម្ចាស់រថយន្តកាន់តែមានភាពជឿជាក់ក្នុងការប្រើប្រាស់។ នោះហើយជាមូលហេតុដែលអ្នកទិញរថយន្តថ្មីតែងតែនឹកឃើញដល់យីហោ MG មុនគេ និងបានបន្តជំរុញឱ្យមានការរីកចម្រើននៅក្នុងទីផ្សារកម្ពុជាកាន់តែខ្លាំងឡើង។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “លទ្ធផលលក់ចេញដ៏អស្ចារ្យសម្រាប់យីហោ MG នឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការគាំទ្រដ៏រឹងមាំពីសំណាក់អតិថិជន។ មិនមែនទើបតែឆ្នាំ២០២២ទេដែល MG បានសម្រេចនូវលទ្ធផលជោគជ័យដ៏ធំធេងបែបនេះ ប៉ុន្តែទិន្នន័យលក់បានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពី MG បានបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាមកម្លេះ ដោយផ្តល់ជូននូវបច្ចេកវិទ្យាថ្មី, តម្លៃសមរម្យ, ផ្នែកខាងក្នុងនិងរូបរាងខាងក្រៅដ៏ប្រណិតអមជាមួយមុខងារសន្សំសំចៃផ្សេងទៀតជាច្រើន។ លោកក៏បានបន្ថែមទៀតថា ការប្តេជ្ញាចិត្តខ្ពស់និងគោលដៅសម្រាប់ឆ្នាំថ្មី២០២៣នេះ MG នឹងផ្តល់ជូននូវនឹងការមកដល់ថ្មីនៃរថយន្តអគ្គិសនីម៉ូដែល MG Marvel R និង MG RX5 ស៊េរីថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងផ្តល់នូវភាពទាន់សម័យនៃរថយន្តទំនើបកមកាន់ទីផ្សារតាមសម័យកាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC GS3 ជំនាន់ថ្មី បន្ថែមការផ្លាស់ប្តូររូបរាងដែលទាក់ទាញខ្លាំង បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GAC GS3 ជំនាន់ថ្មី​ ប្រភេទ Compact SUV ជាមួយការផ្លាស់ប្តូរដែលទាក់ទាញខ្លាំង នៅឯពិរព័ណ៌រថយន្ត Guangzhou Auto Show នឹងគ្រោងចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ដែលរំពឹងទុកចាប់ពី ១​២ ២៩៤ ដុល្លារ​ ។

GAC GS3 ជំនាន់ថ្មីមើលទៅទំនើបជាងបើប្រៀបធៀបទៅនឹងជំនាន់មុន ដោយប្រើប្រាស់ស្ថាបត្យកម្ម GPMA architecture ថ្មីដែលមានប្រវែងតួខ្លួនសរុប ៤ ៤១០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយប្រវែង ២ ៦៥០ ម.ម ។

ម៉ូដែលជំនាន់ថ្មីត្រូវបាន​រចនា​ឡើង​ជាមួយ​រូបរាង​កាន់តែស្ព័រជាងមុន ដោយតុបតែងជាមួយឆ្នូតពណ៌ទឹកក្រូច ដោយបំពាក់ប៉ាណាមុខមួយកផ្ទាំងធំ អបដោយចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ បន្ថែមកាងខាងមុខរចនាបែប aerodynamic, កាងជ្រែកខ្យល់ spoiler ខាងក្រោយទំហំធំ និងបំពង់ស៊ីមាំងចំនួន ២ ដែលបំពាក់នៅកណ្តាល។

រីឯនៅផ្នែកខាងក្នុង អាចផ្ទុកមនុស្សបាន ៥ នាក់ តាឡូឌីស្សាញបែប standard digital cockpit ដោយតុបតែងជាមួយពណ៌រួមមាន ពណ៌ប្រផេះស្រាលជាមួយនឹងឆ្នូតពណ៌ទឹកក្រូច និងពណ៌ខ្មៅជាមួយនឹងឆ្នូតពណ៌ខៀវស្រាល។ ប្រអប់លេខប្រភេទ “Crystal Shifter”  ដំបូលកញ្ចក់បែប Panoramic sunroof មកជាស្តង់ដារ និងភ្លើងលម្អ ៣២ ពណ៌ ជាមួយនឹងកន្លែងដាក់ឥវ៉ាន់ ៣៤១ លីត្រនៅផ្នែកខាងក្រោយ ។ បន្ថែមពីនេះ GAC GS3 ជំនាន់ថ្មីនេះ ក៏បានមានមកជាមួយប្រព័ន្ធសុវត្ថិភាពរួមមានកញ្ចប់ ADiGO package ជាមួយនឹងប្រព័ន្ធជំនួយការបើកបរ ADAS ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ Dual-clutch អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៥ វិនាទី និងកម្លាំងអតិបរម៉ា ១៩០ គីឡូម៉ែត្រ/ម៉ោង​ ជាមួយកម្រិតស៊ីសាំង ៦,១៨ លីត្រ/១០០​ គីឡូម៉ែត្រ ។ ខណៈម៉ូដែល plug-in​ hybrid នឹងមាននៅពេលខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+