ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ចេញម៉ូដែលពិសេសថ្មី Forester XT-Edition ដើម្បីរំលឹកខួបលើកទី ៥០ នៃប្រព័ន្ធ AWD

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញរថយន្តពិសេសថ្មី Subaru Forester XT-Edition ដើម្បីរំលឹកខួបលើកទី ៥០ នៃប្រព័ន្ធ All-wheel drive system នៅលើរថយន្ត Subaru បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសជប៉ុនជាមួយនឹងការរចនាម៉ូដដ៏ទាក់ទាញ និងលក្ខណៈពិសេសដែលងាយស្រួលសម្រាប់ដំណើរផ្សងព្រេង។

Subaru Forester XT-Edition គឺផ្អែកលើការរចនាម៉ូដ Sport នៃ JDM-spec Subaru Forester ។ រថយន្តនេះត្រូវបានសម្គាល់ដោយពណ៌ខាងក្រៅពណ៌ខៀវ (Geyser Blue) ដែលត្រូវបានផ្តល់ជូនជាលើកដំបូងនៅក្នុងប្រទេសជប៉ុន។ សម្រាប់​អតិថិជន​ដែល​មិន​ចូល​ចិត្ត​ពណ៌​ខៀវ Subaru កំពុង​ផ្ដល់​ជម្រើស​ពណ៌​ស ប្រផេះ និង​ខ្មៅ។ បន្ថែមពីនេះរថយន្តទាំងនេះនឹងប្រាស់ពណ៌ខ្មៅជុំវិញតួខ្លួនរថយន្តដូចជា ប៉ាណាមុខ, កញ្ចក់, កាងការពារខាងមុខ, កាង spoiler, ដំបូល roof rail និងថាសកង់អាលុយមីញ៉ូមទំហំ ១៨ អ៊ីញផងដែរ។

រីឯនៅផ្នែកខាងក្នុងវិញ បានតុបតែងស្បែកពណ៌ខ្មៅទៅលើផ្នែកកាប៊ីន និងកៅអីស្រោបដោយស្បែកជាមួយនឹងថ្នេដេរពណ៌ប្រាក់ លាយក្រូម។ ភ្លើងខាងក្នុងត្រូវបានអាប់ដេតជាប្រភេទ LEDs ខណៈពេលដែលកន្លែងដាក់ឥវ៉ាន់មានគម្របការពារទឹកជ្រាបទៀតផង។

គួរឲ្យដឹងថា XT-Edition មិនមានអេក្រង់កំសាន្តទេ ដែលត្រូវបានជំនួសមកវិញជាមួយនឹងបន្ទះផ្លាស្ទិចពណ៌ខ្មៅ តូចមួយ។ លើសពីនេះ Subaru បានបន្ថែមកញ្ចប់ប្រព័ន្ធសុវត្ថិភាព EyeSight Safety Plus ADAS និងកញ្ចក់ឌីជីថលជាស្តង់ដារ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ នៅតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ​១៧៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនតាមរយៈប្រអប់លេខ Lineartronic CVT និងប្រព័ន្ធ Symmetrical AWD របស់ក្រុមហ៊ុន Subaru ។

រថយន្ត Subaru Forester XT-Edition មាន​លក់​នៅក្នុងប្រទេសជប៉ុនជាមួយ​​តម្លៃ​ចាប់​ពី ២៥ ៤១៩ ដុល្លារ និងមានជម្រើសតែមួយគត់គឺទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីដែលបន្ថែមតម្លៃ ៤១៧ ដុល្លារ ។ ជាមួយគ្នានេះ សម្រាប់ Subaru Forester XT-Edition មិនទាន់ដឹងថានឹងត្រូវបានផ្តល់ជូននៅក្នុងទីផ្សារផ្សេងទៀតក្រៅពីប្រទេសជប៉ុនឬអត់នោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RC និង Lexus RC F ទទួលបានការអាប់ដេតកាន់តែទំនើប សម្រាប់ឆ្នាំ២០២៣

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការអាប់ដេតសម្រាប់រថយន្ត Lexus RC និង Lexus RC F ទៅលើផ្នែកនៃការបើកបរ និងប្រព័ន្ធសុវត្ថិភាព ខណៈដែលម៉ូដែលទាំងពីរនេះឈានចូលដល់អាយុកាល ១០ ឆ្នាំហើយក្នុងការផលិតនៅក្នុងប្រទេសជប៉ុនសម្រាប់ឆ្នាំ ២០២៣​។

ការផ្លាស់ប្តូរទាំងនេះចាប់ផ្តើមជាមួយនឹងការបំពាក់នៅប៊ូឡុងថ្មីសម្រាប់កង់ទាំង RC និង RC F ដែលជាអ្វីដែល Lexus និយាយថាជួយធ្វើឲ្យប្រសើរឡើងនៅការប្រើប្រាស់ចង្កូត។ លើសពីនេះ មានការកែប្រែទៅលើលក្ខណៈនៃប្រព័ន្ធហ្វ្រាំង AVS និង EPS ដើម្បីបង្កើនស្ថេរភាពនៃចង្កូត និងការបើកបរប្រកបដោយផាសុកភាព។

ក្រុមអ្នករចនារបស់ Lexus ក៏បានផលិតថាសកង់ Enkei ថ្មីសម្រាប់ម៉ូដែល RC ក៏ដូចជាការរចនាកង់ forged ថ្មីសម្រាប់ RC F ដែលត្រូវបានផលិតដោយ BBS ហើយត្រូវបានផ្តល់ជូនជាពណ៌ខ្មៅរលោង និងពណ៌ទឹកប្រាក់-ខ្មៅផងដែរ។

ការកែលម្អជាបន្តបន្ទាប់ត្រូវបានធ្វើឡើងចំពោះប្រព័ន្ធសុវត្ថិភាព Lexus+ នៃម៉ូដែល Lexus ទាំងអស់។ ការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះកាំមេរ៉ា monocular និងរ៉ាដា millimeter-wave radar ដែលជាប្រព័ន្ធផ្តល់ដំណឹងពេលមានអ្នកដំណើរឆ្លងផ្លូវនៅពេលថ្ងៃ-យប់ និងឧបសគ្គពីខាងមុខ។ ប្រព័ន្ធជំនួយពេលរថយន្តចាកគន្លងផ្លូវក៏បានធ្វើឲ្យប្រសើរឡើង និង Radar cruise control ក៏ត្រូវបានបន្ថែមផងដែរ ដោយមានប្រព័ន្ធ Road Sign Assist ដែលផ្លាកសញ្ញាផ្លូវសំខាន់ៗ និងបង្ហាញនៅលើកុងទ័របង្ហាញព័ត៌មានបើកបរ។

រីឯនៅផ្នែកខាងក្នុងត្រូវបានអាប់ឌេតជាមួយនឹងអេក្រង់កំសាន្តថ្មី។ ខណៈ ម៉ូដែល RC F ទាំងអស់ឥឡូវនេះមានស្តង់ដារជាមួយនឹងហ្វ្រាំងដៃអេឡិចត្រូនិច ផ្ទុយពីហ្វ្រាំងដៃរថយន្តដែលវាធ្លាប់មានលក្ខណៈពិសេសមុន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Lexus ទើបតែបានប្រកាសពីការអាប់ឌេតទាំងនេះសម្រាប់ទីផ្សារជប៉ុន ហើយវានៅតែមិនទាន់ច្បាស់ថានៅពេលណានៅក្នុងទីផ្សារផ្សេងទៀតនឹងអាចទទួលបានម៉ូដែលដែលបានធ្វើអាប់ដែតនេះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram 1500 TRX ប្រភេទ Havoc Edition ឆ្នាំ២០២៣ ប្រកាសចេញជាមួយតម្លៃចាប់ពី ១០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] នៅពេលដែលរថយន្ត Ram 1500 TRX ប្រកាសចេញសម្រាប់ម៉ូដែលឆ្នាំ២០២១ វាមានតម្លៃលក់ចាប់ពី ៦៩ ៩៩៥ដុល្លារ បន្ទាប់មកក៏ឡើងដល់ចាប់ពី ៨៣ ៨៩០ដុល្លារ សម្រាប់ម៉ូដែលឆ្នាំ២០២២ ហើយសម្រាប់ម៉ូដែលឆ្នាំ២០២៣វាបានឡើងដល់ចាប់ពី ៨៤ ៥៥៥ដុល្លារ។

ពេលនេះដែរ Ram បានប្រកាសចេញរថយន្តភីកអាប់ Ram 1500 TRX ប្រភេទ Havoc Edition ដែលមានតម្លៃកាន់តែថ្លៃ គឺចាប់ពី ១០៤ ៥៥០ដុល្លារ នៅសហរដ្ឋអាមេរិក ដែលតម្លៃនេះធ្វើឲ្យវាក្លាយជារថយន្ត Ram 1500 TRX ដែលថ្លៃជាងគេ គឺថ្លៃជាងរថយន្តប្រភេទ Sandblast Edition ទៅទៀត។

ជាមួយតម្លៃនេះវាមានបំពាក់មកជាស្តង់សារជាមួយគ្រឿងបរិក្ខារ TRX Level 2 Equipment Group ដែលគ្រឿងនេះគឺមានតម្លៃ ១០ ៩៩៥ដុល្លាររួចទៅហើយ។ សម្រាប់គ្រឿងនេះមានបញ្ចូល​ឧបករណ៍បំពងសំឡេង Harman Kardon ចំនួន១៩គ្រាប់ និងអេក្រង់ head-up display ជាមួយកៅអីស្បែកដែលអាចផ្លាស់ប្ដូររបៀបអង្គុយតាមបែបអេឡិចត្រូនិក។ បន្ថែមពីនេះវាក៏មានដុំសាកទូរសព្ទមិនប្រើខ្សែ កាមេរ៉ាមើលជុំវិញ និងកញ្ចក់មើលក្រោយប្រភេទឌីជីថល។

Ram នឹងដាក់លក់រថយន្ត 1500 TRX Havoc Edition នេះចាប់ពីត្រីមាសទីមួយនៃឆ្នាំ២០២៣ ដោយមានចំនួនតិចតួចប៉ុណ្ណោះ ហើយរថយន្តនេះនឹងបំពាក់ម៉ាស៊ីន Supercharged ចំណុះ៦,២លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៧០២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Bugatti មានតែមួយគ្រឿងក្នុងលោក នឹងដាក់ដេញថ្លៃឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti បានបង្ហាញចេញរថយន្តផលិតតែមួយគ្រឿងក្នុងលោកម៉ូដែល Chiron Profilée ដែលដើមឡើយវាគ្រោងផលិតច្រើនគ្រឿង ប៉ុន្តែដោយការផលិតទាំង៥០០គ្រឿងរបស់រថយន្ត Chiron បានពេញអស់នោះ ទើបធ្វើឲ្យរថយន្តនេះ​ក្លាយជារថយន្តដែលមានតែមួយក្នុងលោក។

ការផលិតរថយន្ត Chiron Profilée បានចាប់ផ្ដើមកាលពីអំឡុងឆ្នាំ២០២០ ក្រោយពី Bugatti ទទួលបានការកុម្ម៉ង់ពីអតិថិជនដែលចង់បានរថយន្តខុសប្លែកពីរថយន្ត Chiron Pur Sport។

Bugatti បានលាបពណ៌រថយន្តដែលមានតែមួយក្នុងលោកនេះជាមួយពណ៌ផ្ដាច់មុខ Argent Atlantique អមជាមួយ​ពណ៌ Bleu Royal Carbon ដែលមើលទៅទាក់ទាញមែនទែន។  ចំណែកកង់នៃរថយន្ត Profilée នេះ​មិនដូចជាកង់រថយន្ត Chiron ដទៃឡើយ គឺមានលាបពណ៌ឈ្មោះ Le Patron។

រថយន្តនេះដែរមានបំពាក់ម៉ាស៊ីន W16 ចំណុះ ៨,០លីត្រ ប្រភេទ Quad-Turbo ដែលអាចផលិតកម្លាំងបាន ១៤៧៩សេះ តិចជាងរថយន្ត Centodieci និងរថយន្ត Super Sport 300+ ដែលមានម៉ាស៊ីនដូចគ្នាតែអាចផលិតកម្លាំងបាន ១៥៧៨សេះ។

Chiron Profilée នេះនឹងត្រូវដាក់ដេញថ្លៃក្នុងកម្មវិធីដេញថ្លៃ RM Sotheby ដែលធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣​ហើយ Bugatti និយាយថា​ទឹកប្រាក់ដែលបានពីការដេញថ្លៃនឹងត្រូវយកទៅផ្គត់ផ្គង់ដល់សកម្មភាពមនុស្សធម៌៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានអគ្គិសនី Lucid Air Dream Edition កម្លាំងជាង ១ ០០០ សេះ សាកភ្លើងម្តងជិះបាន ៨០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lucid បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Lucid Air Dream Edition នៅក្នុងទីផ្សារប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ បន្ទាប់ពីបានដាក់បង្ហាញនៅទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ មាន​ម៉ូដែលចំនួន ២ សម្រាប់ជ្រើសរើស​រួម​មាន Air Dream Edition Range ដែល​បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ​ដែលអាច​ផលិត​កម្លាំងបានដល់ ៩៣៣ សេះ និងអាចបើកបរបានចម្ងាយរហូតដល់ ៨៨៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ដែលធ្វើឲ្យម៉ូដែលនេះក្លាយជា “រថយន្តអគ្គិសនីដែលមានចម្ងាយបើកបរបានឆ្ងាយបំផុតនៅក្នុងទីផ្សារអឺរ៉ុប” ។

ក្នុងនោះ អតិថិជនដែលមានតំរូវការនៃល្បឿនអាចជ្រើសរើសនៅម៉ូដែល Air Dream Edition Performance ដែលមានម៉ូទ័រអគ្គិសនីចំនួន ២ ដែលបានធ្វើឲ្យប្រសើរឡើង អាចផលិតកម្លាំងបាន ១ ១១១ សេះ អាចបង្កើនល្បឿនពី 0-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ២,៥ វិនាទី ប៉ុន្តែម៉ូដែលនេះអាចបើកបរបានចម្ងាយត្រឹមតែ ៨០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

ខណៈពេលដែលការដឹកជញ្ជូននៅអ៊ឺរ៉ុបកំពុងដំណើរការ ក្រុមហ៊ុនបានទទួលការកក់ទុករួចហើយពីអតិថិជននៅក្នុងប្រទេសអូទ្រីស, បែលហ្សិក, ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អ៊ីតាលី, ម៉ូណាកូ, ន័រវែស, អេស្ប៉ាញ, ស៊ុយអែត, ស្វីស និងចក្រភពអង់គ្លេស។ ការដឹកជញ្ជូននៅក្នុងប្រទេសទាំងនេះទំនងជានៅលើផ្លូវតែមួយ ប៉ុន្តែ Lucid បានកត់សម្គាល់ថាពួកគេកំពុង “ពង្រីកយ៉ាងសកម្ម” វត្តមានរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាង Ford Edge ជំនាន់ថ្មី ប្រភេទ Hybrid មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] រូបភាពនៃរថយន្ត Ford Edge ស៊េរីឆ្នាំ ២០២៤ ត្រូវបានបែកធ្លាយនៅក្នុងប្រទេសចិន ដែលបង្ហាញថារថយន្តនេះមានការរចនាប្រណិតជាងមុន មុនពេល​បង្ហាញខ្លួនជាផ្លូវការ​នៅ​ក្នុង​កម្មវិធី Guangzhou Motor Show 2022 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។

រូបរាងទាំងមូលរបស់រថយន្ត Ford Edge ប្រភេទ Hybrid គឺមិនខុសពីម៉ូដែលម៉ាស៊ីនចំហេះខាងក្នុង ដែលត្រូវបានដាក់បង្ហាញរតាំងពីខែសីហាទេ ចំណុចថ្មីគឺនៅប៉ាណាមុខមួយផ្ទាំងធំជាមួយនឹងស៊ុមព័ទ្ធជុំវិញដោយក្រូម៉េលាតសន្ធឹងទៅផ្នែកទាំងសងខាងនៃចង្កៀងមុខ។ ផ្នែកខាងក្រោយនៃរថយន្តមានភាពលេចធ្លោជាមួយនឹងចង្កៀង LED ដែលរចនាជាឆ្នូតៗ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ​Ford ក៏បានបង្កើនប្រវែង Edge ដល់ទៅ ១២២ ម.ម បើប្រៀបធៀបទៅនឹងជំនាន់មុន និងបានបង្កើនប្រវេងគន្លាតកង់មុខ-ក្រោយវែងជាង ៥ ម.ម ធ្វើឲ្យរថយន្តមានកន្លែងខាងក្នុងធំទូលាយជាងមុន។ បើប្រៀបធៀបទៅនឹងជំនាន់មុន រថយន្ត​ Ford Edge ស៊េរីឆ្នាំ​ ២០២៤  មានការរចនាទំនើបជាងមុន និងរឹងមាំជាងមុន ។ ខណៈ រូបភាពនៃផ្នែកខាងក្នុងនៃរថយន្តនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្ត Ford Edge Hybrid ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៧១ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler High Tide បង្ហាញខ្លួនឡើងវិញនៅឆ្នាំ ២០២៣ ជាមួយតម្លៃលក់ខ្ទង់ ៥ មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការប្រកាសព័ត៌មានលម្អិតសម្រាប់ម៉ូដែល Wrangler High Tide និងម៉ូដែលពិសេស Jeep Wrangler Jeep Beach limited edition ជាមួយតម្លៃលក់ចាប់ពី ៥១ ៥៤០ ដុល្លារ ដល់ ៥៤ ០៤០ ដុល្លារដែលអាចបញ្ជាទិញបានហើយនៅក្នុងទីផ្សារអាមេរិកខាងជើង ។

រថយន្ត Jeep Wrangler High Tide គឺផ្អែកលើម៉ូដែល Sport S ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន Pentastar ចំណុះ ៣,៦ លីត្រ ដែលត្រូវបានភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ លើសពីនេះទៀត វាទទួលបានកញ្ចប់ Xtreme Recon package ដែលរួមមានសំបកកង់ BF Goodrich ទំហំ ៣៥ អ៊ីញ, ការដំឡើងបូប Factory lift ដល់ទៅ ១,៥ អ៊ីញ ជាមួយនឹងប្រព័ន្ធ ​suspension ដ៏ពិសេសមានតែនោះលើម៉ូដែលនេះ, របាំងការពារផ្នែកទ្វារខាងក្រោយ hinge-gate, ឧបករណ៍ផ្លាស់ប្តូរទីតាំងសំបកកង់ និងផ្នែកបន្ថែមរបាំងការពារភុកផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះក៏ទទួលបានពណ៌តួខ្លួនឲ្យឈ្មោះថា hardtop, ដំបូងបើកបែប sunrider fliptop, ចង្កៀងមុខនិងអំពូលកាត់អ័ព្ធប្រភេទ LED, ឈ្នាន់ជើងចំហៀង rock rails ជាដើម។

ខណៈដែលម៉ូដែលពិសេស Jeep Wrangler Jeep Beach limited edition ដែលផលិតនៅលើចំនួនមានកំណត់ត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ ។ វាទទួលបានផ្ទាំងគម្របម៉ាស៊ីនពី Jeep Beach, កៅអីស្បែក Katzkin ឡូហ្គោ Jeep Beach, របាំងការពារភុក, ឡូហ្គោសម្រាប់ខួបគម្រប់ ២០ ឆ្នាំរបស់ Jeep Beach និងទ្វារក្រោយពី Jeep Beach ផងដែរ។

ម៉ូដែលទាំងពីរមាន ៦ ពណ៌សម្រាប់ជ្រើសរើស ហើយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អបអរ​ខួប​លើក​ទី ២០ ឆ្នាំ របស់ Jeep Beach ដែល​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​មួយ​របស់​ម៉ាក​យីហោ​នៅ​អាមេរិក។ ទន្ទឹមនឹងនេះ លោក Jim Morrison ដែលជាប្រធានម៉ាករថយន្ត Jeep នៅអាមេរិកខាងជើងបាននិយាយថា ” Jeep Beach Week នៅ Daytona Beach រដ្ឋ Florida គឺជាព្រឹត្តិការណ៍រថយន្ត Jeep ដ៏ធំបំផុតមួយនៅអាមេរិក ដែលនាំមកនៅអ្នកគាំទ្ររថយន្ត Jeep ច្រើនជាង ២០០ ០០០ នាក់ និងរថយន្ត Jeep ប្រភេទ SUV ចំនួន ២០ ០០០ គ្រឿងក្នុងឆ្នាំ ២០២២” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Suzuki Jimny ទ្វារបួន ប្រទះឃើញរូបរាងច្បាស់ៗនៅឥណ្ឌា

[ទីផ្សារបរទេស] អ្នកគាំទ្ររថយន្ត Suzuki Jimny បានទន្ទឹងរង់ចាំការប្រកាសចេញប្រភេទទ្វារបួននៃរថយន្ត​នេះ​អស់ពេលជាយូរ​មកហើយ ហើយពេលនេះរូបភាពថ្មីដែលថតបានពីប្រទេសឥណ្ឌា បាន​បង្ហាញថារថយន្តនេះកំពុងតែត្រៀមរួចរាល់​ក្នុងការប្រកាសចេញ។

រថយន្ត Suzuki Jimny ទ្វារបួនដែលគេប្រទះឃើញបានបង្ហាញរូបរាងច្បាស់ៗដោយមិនមានបិតបាំងការឌីហ្សាញរបស់ខ្លួន​ឡើយ ហើយវាគឺជាការបង្ហាញវត្តមានលើកដំបូងមុនការប្រកាសចេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Auto Expo ឆ្នាំ២០២៣ នៅខែមករា។

តាមរយៈរូបភាពឃើញថាការឌីហ្សាញរបស់វាមិនបានផ្លាស់ប្ដូរខុសពីប្រភេទទ្វារពីរឡើយ ប៉ុន្តែវាមានតួខ្លួនវែងជាងមុន ដោយ​កន្លង​មក​មាន​ការចុះផ្សាយថាតួខ្លួនពីកង់មុខទៅកង់ក្រោយរបស់វាមានការកើនឡើងប្រវែង ៣០០ម.ម ដែលធ្វើឲ្យប្រវែងសរុបឡើងដល់ ៣៨៥០ម.ម ខណៈដែលទំហំដទៃទៀតមិនផ្លាស់ប្ដូរឡើយ។

ការចុះផ្សាយរបស់ Rushlane និង Autocar India បានឲ្យដឹងថារថយន្ត Jimny ទ្វារបួននេះនឹងប្រើប្រាស់ម៉ាស៊ីន K15B ចំណុះ ១,៥លីត្រ ដូចដែលប្រើលើរថយន្តទ្វារពីរ ដោយអាចផលិតកម្លាំងបានចន្លោះពី ១០១សេះ ដល់ ១០៧សេះ។

ការចេញលក់រថយន្ត Suzuki Jimny ប្រភេទទ្វារបួននេះរំពឹងថានឹងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ២០២៣ សម្រាប់ទីផ្សារ​ប្រទេសឥណ្ឌា តាមពីក្រោយដោយទីផ្សារដទៃទៀត។ គូប្រជែងនៅប្រទេសឥណ្ឌាសម្រាប់ Jimny នេះមានដូចជារថយន្តដែល​គ្រោងប្រកាសចេញម៉ូដែល New Force Gurkha និងរថយន្ត Mahindra Thar ដែលមានរូបរាងស្រដៀងនឹង Jeep Wrangler ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ផលិតឡាន BMW 7 Series បាន២លានគ្រឿងក្រោយប្រើពេលជាង ៤៥ឆ្នាំ

[ទីផ្សារបរទេស] រោងចក្រផលិតរថយន្ត BMW ស្ថិតនៅតំបន់ Dingolfing នៃប្រទេសអាល្លឺម៉ង់បានផលិតរថយន្ត 7 Series អស់ពេលជាង ៤៥ឆ្នាំមកហើយ ហើយពេលនេះរោងចក្រទើបតែផលិតរថយន្ត 7 Series ទី២លានគ្រឿង គឺជារថយន្តម៉ូដែល i7 xDrive60 ដែលប្រើថាមពលអគ្គិសនីសុទ្ធ។

រថយន្ត BMW i7 នេះទើបតែប្រកាសចេញលក់ ដោយមានលក់ជាប្រភេទម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ៥៣៦សេះ ជាមួយ​អាគុយ​ចំណុះ ១០១,៧kWh អាចផ្ដល់ចម្ងាយបើកបរបានដល់ ៥០០គីឡូម៉ែត្រ។ នៅឆ្នាំ២០២៣ BMW នឹងប្រកាស​ចេញ​ i7 មួយប្រភេទទៀតម៉ូដែល i7 M70 ដែលអាចផលិតកម្លាំងបានជាង ៦០០សេះ មានសមត្ថភាពស្ទុះលឿនជាងមុន។

នៅរោងចក្រ Dingolfing បានចាប់ផ្ដើមដំឡើងរថយន្ត 7 Series ចាប់តាំងពីឆ្នាំ១៩៧៧ ជាមួយ​ជំនាន់ដំបូងគេឈ្មោះថា E23។ រថយន្ត 7 Series ពេលនេះស្ថិតនៅជំនាន់ទី៧ ដែលមានឈ្មផះថា G70 ដែលមានផ្ដល់ជូនជម្រើសអគ្គិសនីសុទ្ធ​ជា​លើក​ដំបូង​បំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! ថ្ងៃប្រកាសចេញរថយន្តអគ្គិសនីរបស់ Honda-Sony គឺនៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុន Sony និងក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញជាផ្លូវការនៅថ្ងៃនៃរថយន្តអគ្គិសនីរបស់ពួកគេបង្ហាញខ្លួន ដែលធ្វើឡើងនៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ នៅឯពិព័រណ៍អេឡិចត្រូនិក CES 2023 ។

Sony Honda Mobility ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនជប៉ុនទាំង ២ នឹងធ្វើការប្រកាសដ៏សំខាន់មួយនៅដើមខែមករា ដោយផ្សាយផ្ទាល់ពីមជ្ឈមណ្ឌលសន្និបាត Las Vegas ។ ក្នុងនោះ ក្រុមហ៊ុន Honda បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញពីរូបរាងមួយចំនួននៃរថយន្តអគ្គិសនីថ្មីផងដែរ។

ព័ត៌មានលម្អិតនៃផលិតផលថ្មីនេះ នៅតែត្រូវបានការទុកជាការសម្ងាត់ ប៉ុន្តែវាត្រូវបានគេបង្ហាញតម្រុយថា វាអាចជារថយន្តអគ្គិសនីដំបូងគេនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ហើយត្រូវបានគេរំពឹងថានឹងដឹកជញ្ជូននៅឆ្នាំ ២០២៦។ រោងចក្រផលិតនឹងមានទីតាំងនៅអាមេរិកខាងជើង ហើយផលិតផលនេះ នឹងត្រូវបានលក់តាមអ៊ីនធឺណិត។ បន្ទាប់​មក ម៉ូដែល​រថយន្ត​អគ្គិសនី​ក៏​នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​ផង​ដែរ ដោយ​មាន​លទ្ធភាព​ផលិត​នៅ​ក្នុង​ប្រទេស​នេះទៀតផង។

ក្រុមហ៊ុនក៏បាននិយាយផងដែរថាប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 3 autopilot នឹងអាចដំណើរការបានក្នុងស្ថានភាពបើកបរមួយចំនួន។

ចំណែកខាងក្រុមហ៊ុន Honda នឹងចូលរួមចំណែកក្នុងការបណ្តាក់ទុនរួមគ្នាជាមួយនឹងជំនាញផលិតរបស់ខ្លួន ក៏ដូចជាបច្ចេកវិទ្យាជាក់លាក់ និងការគាំទ្របន្ទាប់ពីការលក់។ បន្ថែមពីនេះ ក្រុមហ៊ុនបាននិយាយថា ការបញ្ជាទិញទុកមុនសម្រាប់រថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Sony Honda Mobility នឹងបើកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ហើយការលក់ជាផ្លូវការនឹងចាប់ផ្តើមនៅមុនឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+