ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បញ្ចេញវីដេអូ Teaser នៃរថយន្តភីកអាប់ Colorado ZR2 ២០២៣ ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាកបង្ហាញចេញនៅវីដេអូ teaser របស់រថយន្តភីកអាប់ Colorado ZR2 ស៊េរីឆ្នាំ ២០២៣ ថ្មី និងបានប្រកាសថានឹងដាក់បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ។

នៅក្នុងឈុតខ្លីៗ បានបង្ហាញពីផ្នែកចង្កៀងមុខ និងចង្កៀងខាងក្រោយដែលបង្ហាញពីជម្រើសការរចនាថ្មីដ៏ខ្លាំងក្លាសម្រាប់ Colorado ដែលនឹងមកដល់នាពេលខាងមុខនេះ។ វាក៏បង្ហាញផងដែរនៅ “Safari Bar” ដែលអាចជួយបិទប្រព័ន្ធកាំមេរ៉ា HD Surround Vision ជួយឲ្យអ្នកបើកបរលើលំបាក Off-Road កាន់តែល្អប្រសើរ។

ចំពោះផ្នែកម៉ាស៊ីនរបស់រថយន្ត ZR2 នៅតែមិនទាន់ដឹងនៅឡើយ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថា រថយន្តនេះអាចទទួលបានម៉ាស៊ីនចំណុះ ២,៧ លីត្រ ទំហំ ៤ស៊ីឡាំង ពីរថយន្ត GMC Sierra ដែលធ្វើឲ្យមានកម្លាំង ៣១០ សេះ និងកម្លាំងរមួល ៤៧២ ញ៉ូតុនម៉ែត្រ  ។

គួរបញ្ជាក់ផងដែរ ការផលិតរថយន្តភីកអាប់ Chevrolet Colorado ស៊េរីឆ្នាំ ២០២៣ ថ្មី ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅរោងចក្រដូចគ្នាទៅនឹងម៉ូដែលបច្ចុប្បន្ននៅ Wentzville រដ្ឋ Missouri ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Rolls-Royce ពិសេសកង់៦ មួយគ្រឿងដំបូងគេ ចង់ដាក់លក់ក្នុងតម្លៃខ្ទង់ ៥លានដុល្លារ

កាលពីពេលកន្លងទៅគេធ្លាប់តែបានឃើញនូវរថយន្តកែច្នៃប្រភេទកង់ចំនួន៦មាននៅលើរថយន្ត Mercedes-Benz, Jeep និង Chevrolet Silverado អ្វីផ្សេងៗ ប៉ុន្តែនាពេលនេះរថយន្ត Rolls-Royce Phantom ក៏មានកង់ចំនួន ៦ ដូចគ្នាដែរ ដែលវាគឺជាស្នាដៃរបស់លោក Alexandre Donton និងសមាជិក Donton Arts Kustom របស់ខ្លួន។

ការកែច្នៃនេះត្រូវបានធ្វើឡើងនៅក្នុងប្រាសាទរបស់លោកផ្ទាល់ក្នុងក្រុង Ardèche ប្រទេសបារាំង និងត្រូវបានធ្វើឡើងផ្អែកលើរថយន្ត Rolls-Royce Phantom ជំនាន់ទី៧ ជាមួយការចំណាយពេលចំនួន ១ឆ្នាំ ៣ខែ ក្នុងការកែប្រែរថយន្តនេះ។

ផ្នែក​ខាង​ក្រៅ​ទាំង​មូល​ត្រូវ​បាន​រចនា​ជា​រចនាប័ទ្ម Off-road ដោយ លោក Alexandre បានកាត់តួរផ្នែកខាងក្រោយពាក់កណ្តាល ដើម្បីតម្លើងផ្នែកបន្ថែមដោយយកចេញពីរថយន្ត BMW 7-Series ឆ្នាំ២០០៥ ដែលជួយអោយរថយន្តនេះមានប្រវែងសរុប ៦,៣ម៉ត្រ និងទទឹង ២,៣ម៉ែត្រ។

លើសពីនេះក៏បានធ្វើឱ្យប្រសើរឡើងជាមួយការបំពាក់ថ្មីនៃចង្កៀងមុខ និងអំពូលកាត់អ័ព្ទពណ៌លឿង, របារភ្លើង LED នៅលើដំបូល, របារការពារ និងកាងខាងមុខ-ក្រោយ, ស៊ីម៉ាំងប្តូរទីតាំងនៅចំកណ្តាល និងប្រើប្រាស់ជាមួយថាសកង់ទំហំ ២៤អ៊ីញ។

ក្រៅពីផ្នែកខាងក្រៅ ផ្នែកខាងក្នុងវានូវតែរក្សារបាននូវរសជាតិរបស់ Rolls-Royce Phantom ដដែល ដោយ Alexandre Donton គ្រាន់តែបានផ្លាស់ប្តូរទៅលើប្លុកចង្កូតត្រូវបានគ្រប់ដណ្តប់ដោយស្បែកក្រពើ ខណៈនៅកន្លែងធ្នាក់ដៃខាងមុខប្រើប្រាស់នូវស្បែកពស់ប៉ុណ្ណោះ។

ចំពោះថាពលម៉ាស៊ីនគឺនៅដដែលដូចគ្នាដំណើរការដោយម៉ាស៊ីន ៦,៧៥លីត្រ V12 អាចផលិតកម្លាំងបាន ៤៦០សេះ និងកម្លាំរមួល ៧២០ញ៉ូតុនម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ជាមួយ​នឹង​ការ​វិនិយោគ​ពេលវេលា កម្លាំង​ពលកម្ម និងរថយន្ត Phantom លោក Alexandre Danton សង្ឃឹម​ថា​ស្នាដៃ​​របស់​លោក​នឹង​លក់​បាន​ក្នុង​តម្លៃ ៥,២លាន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាប៊ីន Honda CR-V ទាំង ៦ ជំនាន់ អ្នកចូលចិត្តមួយណាជាងគេ?

ក្រុមហ៊ុន Honda កំពុងត្រៀមនឹងបញ្ចេញរថយន្ត CR-V ស៊េរីឆ្នាំ ២០២៣ របស់ខ្លួន ប៉ុន្តែក្នុងសប្តាហ៍នេះ បានសម្រេចចិត្តបញ្ចេញនូវរូបរាងកាប៊ីនខាងក្នុងនៃ SUV ជំនាន់ទី ៦ របស់ខ្លួន មុនពេលដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី ១២ ខែកក្កដាខាងមុខ។

រូបភាពតែមួយសន្លឹកដែល Honda បានចេញផ្សាយ បង្ហាញឲ្យឃើញនូវតាប្លូទាំងមូលរបស់ CR-V ជំនាន់ថ្មី ដែលមើលទៅស្រដៀងនឹងម៉ូដែល Honda Civic ឆ្នាំ២០២២ ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ តើតាប្លូ និងការរៀបចំកាប៊ីនខាងក្នុងរបស់ CR-V យ៉ាងណាក៏ដែរ បើប្រៀបធៀបជាមួយនឹងជំនាន់មុនៗរបស់វា? ខាងក្រោមនេះគឺជាកាបីនខាងក្នុងរបស់វា តាំងពីជំនាន់ទី១ ដល់ ជំនាន់ទី៦៖

Honda CR-V ជំនាន់ទី១ (១៩៩៧ ដល់ ២០០១)

Honda CR-V ជំនាន់ទី២ (២០០២ ដល់ ២០០៦)

Honda CR-V ជំនាន់ទី៣ (២០០៧ ដល់ ២០១១)

Honda CR-V ជំនាន់ទី៤ (២០១២ ដល់ ២០១៦)

Honda CR-V ជំនាន់ទី៥ (២០១៧ ដល់ ២០២២)

Honda CR-V ជំនាន់ទី៦ (២០២៣)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចាប់ដៃគូជាមួយ Michelin ដើម្បីផលិតសំបកកង់សម្រាប់រថយន្តអគ្គិសនី Premium

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai និង ក្រុមហ៊ុនផលិតសំបកកង់បារាំង Michelin បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផលិតសំបកកង់ជំនាន់ក្រោយ ដែលត្រូវបានរចនាឡើងសម្រាប់រថយន្តអគ្គិសនីកម្រិត Premium។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន Michelin នឹងធ្វើការដើម្បីផលិតសំបកកង់ជំនាន់ក្រោយ ដែលនឹងមានលក្ខណៈដំណើរការល្អបំផុត អនុញ្ញាតឲ្យរថយន្តអគ្គិនសនីបើកបរបានឆ្ងាយ និង ប្រើប្រាស់បានយូរ ដើម្បីដោះស្រាយជាមួយនឹងការដំឡើងចម្ងាយបើកបរ និង បន្ទុកធ្ងន់ នៃរថយន្តអគ្គិសនី។

លើសពីនេះ ក្រុមហ៊ុន Hyundai និង Michelin គ្រោងនឹងធ្វើការស្រាវជ្រាវរួមគ្នា ដើម្បីវិភាគលើការសឹកនៃសំបកកង់, ការផ្ទុករបស់សំបកកង់ និង ការកកិតនៅលើផ្លូវ ដើម្បីបង្កើនគុណភាពសំបកកង់ ទៀតផង។

ដោយសារតែគោលដៅរបស់​ពួកគេគឺជារថយន្ត Premium ដូច្នេះពួកគេ​ក៏​នឹង​ត្រូវធ្វើឲ្យសំបកកង់នោះមានសំឡេងស្ងាត់ និង​ ផ្តល់​ផាសុកភាព​ក្នុង​ល្បឿន​លឿន ផងដែរ។

ជាចុងក្រោយ ក្រុមហ៊ុនទាំង ២ ខាងលើ ចង់ធ្វើឲ្យសំបកកង់មិនបំពុលដល់បរិស្ថានជាងមុន ដោយក្នុងនោះ ៥០ ភាគរយនៃទម្ងន់សរុបរបស់ពួកវា នឹងបង្កើតឡើងដោយវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ជំនួសឲ្យ ២០ ភាគរយ នៃសំបកកង់បច្ចុប្បន្នរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 ផ្ដួល Toyota Corolla គ្រងតំណែងជាឡានលក់ដាច់ជាងគេក្នុងលោក

[ទីផ្សារបរទេស] ផ្អែកតាម​ទិន្នន័យ​សកលដែលរៀបចំឡើងដោយ Fiat Group World ដោយ​ប្រើប្រាស់ទិន្នន័យ​លក់​របស់​ក្រុមហ៊ុន​រថយន្តពីទីផ្សារផ្សេងៗគ្នា បានបង្ហាញថារថយន្ត Toyota RAV4 គឺជារថយន្តដែលលក់ដាច់បានច្រើនជាងគេកាល​ពី​ឆ្នាំ​២០២១ ដែលអាច​លក់​ចេញ​បាន​ដល់ ១,១៣ លានគ្រឿង។

ដោយឡែក Toyota Corolla ដែលធ្លាប់ជាប់ចំណាត់ថ្នាក់លេខមួយកាលពីឆ្នាំ២០២០នោះ បាន​ថយចំណាត់ថ្នាក់​មក​នៅ​លេខ​ពីរ​ជាមួយ​ចំនួនលក់ ១,១លានគ្រឿង ដែលជាចំនួនលក់ទូទាំងសកលលោក។

គួរចាប់អារម្មណ៍ផងដែរថា Tesla Model 3 បានជាប់ចំណាត់ថ្នាក់លេខ១០ ជាមួយ​ចំនួនលក់ ៥០៨ ០០០គ្រឿង នាំមុខ​រថយន្ត Honda Accord និងរថយន្ត Honda Civic ហើយសម្រាប់ឆ្នាំ២០២២នេះ មានការរំពឹងទុកថា Tesla Model 3 អាច​នឹង​ឡើង​ឈរនៅចំណាត់ថ្នាក់កំពូលទាំង៥។

ការរំពឹងទុកនេះក៏ដោយសារ Tesla Model 3 មានកំណើនចំនួនលក់ខ្ពស់ជាងគេធៀបនឹងឆ្នាំ២០២០ ដែលចំនួនលក់​មាន​ការ​កើន​ឡើង​ ៤០% ខណៈដែលរថយន្តដទៃទៀតមាន​កំណើតបន្តិចបន្តួចប៉ុណ្ណោះ។

ដោយឡែក Tesla Model Y ក៏លក់ចេញបានច្រើនផងដែរកាលពីឆ្នាំ២០២១ ដោយវាអាចលក់ចេញបាន ៣៩ម៉ឺន​គ្រឿង ជាប់​ចំណាត់​ថ្នាក់​លេខ១៩ ហើយចំនួនលក់របស់វា​មាន​កំណើនរហូតដល់ ៤១២% ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានអ្នកចង់ទិញច្រើនពេក ឡានភីកអាប់អគ្គិសនី Ford មួយទឹក លក់តម្លៃដល់ជិត ២០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] តម្លៃរថយន្តថ្មី និងរថយន្តមួយទឹកលើទីផ្សារសហរដ្ឋអាមេរិកមានការកើនឡើងគួរកត់សម្គាល់ក្រោយ​កើតមាន​វិបត្តិ​កូវីដ១៩ដែលធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងបន្លាស់ផលិតរថយន្ត។

ជាក់ស្ដែងដូចជារថយន្ត Ford F-150 Lightning Platinum ស៊េរីឆ្នាំ២០២២ ដែលជារថយន្តប្រើរួច បានដាក់លក់ក្នុងតម្លៃដល់ទៅ ១៩៣ ៩៨៨ដុល្លារ លើសតម្លៃចេញ​ពី​រោងចក្រ​ដែល​លក់មិនដល់ ១០ម៉ឺនដុល្លារផង។​ នេះមិនមែន​ជា​យុទ្ធសាស្ត្រទាក់ទាញអ្វី​នោះទេ ព្រោះតំណាងហាងលក់រថយន្ត World Ford Pensacola នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា​ការ​ដាក់​តម្លៃ​ខ្ពស់​នេះ​គឺ​ដោយ​សាររថយន្ត Lightning មានតម្រូវការច្រើនពេក។

ហាងលក់ខាងលើបានទិញរថយន្ត F-150 Lightning Platinum នេះពីឈ្មួញម្នាក់ ដែលមានន័យថារថយន្តនេះធ្លាប់មាន​ម្ចាស់​រួច​មក​ហើយ ហើយលើវិបសាយបានបញ្ជាក់ផងដែរថារថយន្តនេះបានបើកបរបានចម្ងាយ ១៣៩ម៉ាយ រួចទៅហើយ និង​មាន​ពណ៌​ខាងក្រៅ​ជា​ប្រភេទ Iced Blue Silver Metallic។

គួរដឹងថា តម្លៃចេញពីរោងចក្រសម្រាប់ Ford F-150 Lightning ស៊េរីឆ្នាំ២០២២ គឺមាន​ចាប់​ពី​ប្រមាណ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ​ សម្រាប់ប្រភេទ Pro ខណៈដែលប្រភេទ Platinum មានតម្លៃចាប់ពីប្រមាណជាង ៩ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Leaf ឆ្នាំ២០២៣ លែងជាឡានអគ្គិសនីថោកបំផុតនៅអាមេរិកទៀតហើយ!

Nissan Leaf EV គឺជារថយន្តអគ្គិសនីដែលទទួលបានការចាប់អារម្មណ៍ និងប្រើប្រាស់យ៉ាងច្រើន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅសហរដ្ឋអាមេរិក ហើយមកដល់ពេលនេះ វាក៏ទទួលបានការអាប់ដេតច្រើនដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ស៊េរីឆ្នាំ២០២៣ នេះ រថយន្ត Nissan Leaf S និង SV Plus បានឡើងថ្លៃដល់ ២៧ ៨០០ ដុល្លារ និង ៣៥ ៨០០ ដុល្លារ ពោលគឺថ្លៃជាងស៊េរីឆ្នាំ២០២២ ចំនួន ៤០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ចំពោះស៊េរីឆ្នាំ២០២៣ វាបានអាប់ដេតទៅលើការឌីហ្សាញតិចតួច និង ពង្រឹងផ្នែកសុវត្ថិភាព ហើយការឡើងថ្លៃនេះមិនបង្កឲ្យមានការខាតបង់ដល់អតិថិជនច្រើនឡើយ ប៉ុន្តែ Leaf EV លែងជារថយន្តអគ្គិសនីមានតម្លៃថោកបំផុតនៅអាមេរិកទៀតហើយ។

ដោយឡែក ដំណែងខាងលើនេះត្រូវបានធ្លាក់លើរថយន្តអគ្គីសនី Chevrolet Bolt EV ឆ្នាំ២០២៣ ដែលមានតម្លៃចាប់ពី ២៦ ៥៩៥ដុល្លារប៉ុណ្ណោះ។ Bolt EV ផ្តល់ចម្ងាយបើកបរ ៤១៦គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ខណៈម៉ូដែល Leaf EV S ផ្តល់ចម្ងាយបើកបរត្រឹមតែ ២៤០គីឡូម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាមិញ Leaf EV ឆ្នាំ២០២៣ មានបំពាក់ប្រព័ន្ធ Nissan Safety Shield 360 មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារសុវត្ថិភាពចំនួន ៦ មុខ។ ចំណែកឯម៉ូដែល SV នឹងមានបន្ថែមប្រព័ន្ធ ProPILOT Assist ព្រមទាំង Steering Assist Technology ិនិង Intelligent Cruise Control ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Impreza ឆ្នាំ២០២៣ ចេញតម្លៃលក់ផ្លូវការ ថ្លៃជាងមុនគ្រប់ Option

រថយន្ត Subaru Impreza ស៊េរីឆ្នាំ២០២៣ បានចេញតម្លៃលក់ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមកលើកនេះគឺថ្លៃជាងមុន ១ ០០០ដុល្លារ ទាំងប្រភេទតួខ្លួន Sedan និង Hatchback។

រថយន្ត Subaru Impreza ឆ្នាំ២០២៣ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer Engine មានកម្លាំង ១៥២សេះ និងកម្លាំងរមួល ១៩៦ញ៉ូតុនម៉ែត្រ។

ចំពោះស៊េរីឆ្នាំ២០២៣ នេះ រថយន្ត Impreza ត្រូវបានដាក់លក់ក្នុងតម្លៃ៖

តួខ្លួន Sedan

  • Base Option ប្រើលេខដៃ ៥វគ្គ មានតម្លៃចាប់ពី ១៩ ៧៩៥ដុល្លារ
  • Base Option ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២១ ០៩៥ដុល្លារ
  • Premium ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៣ ១៩៥ដុល្លារ
  • Sport ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៤ ៥៩៥ដុល្លារ

តួខ្លួន Hatchback

  • Base Option ប្រើលេខដៃ ៥វគ្គ មានតម្លៃចាប់ពី ២០ ២៩៥ដុល្លារ
  • Base Option ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២១ ៥៩៥ដុល្លារ
  • Premium ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៣ ៦៩៥ដុល្លារ
  • Sport ប្រើលេខដៃ ៥វគ្គ មានតម្លៃចាប់ពី ២៣ ៩៩៥ដុល្លារSport
  • ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៥ ០៩៥ដុល្លារ
  • Limited ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៧ ៣៩៥ដុល្លារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តាយណាស់! Range Rover ស៊េរីថ្មីទើបដឹកជញ្ជូនបានពាក់កណ្តាលផ្លូវធ្លាក់ខូចខាតសឹងមើលមិនយល់ (មានវីដេអូ)

[បរទេស] កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានករណីរថយន្ត Range Rover ស៊េរីថ្មីដែលកំពុងដឹកជញ្ជូនឆ្លងកាត់ទីក្រុង Paramus រដ្ឋ New Jersey បានធ្លាក់ពីលើរថយន្តក្រុមហ៊ុនដឹកជញ្ជូន និងបណ្តាលអោយទៅបុករថយន្ត Honda Accord បន្ថែមទៀត នេះបើយោងតាមការប្រាប់ពីអ្នកថតរូប Boyd A. Loving ដែលនៅកន្លែងកើតហេតុផ្ទាល់។

គ្រោះថ្នាក់នេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ១៧ ក្រោមស្ពាន West Midland Avenue ដោយរថយន្តក្រុមហ៊ុនដឹកជញ្ជូនបានធ្វើដំណើរទៅទិសខាងជើង ក្នុងទិសដៅទៅកាន់ទីស្នាក់ការកណ្តាលរបស់ Jaguar Land Rover សហរដ្ឋអាមេរិក។

រូបថតនៃរថយន្ត Range Rover សរុបបង្ហាញថាវាមានស្លាកលេខរបស់ក្រុមហ៊ុនផលិតនៅរដ្ឋកាលីហ្វ័រញ៉ា ដែលបង្ហាញថារថយន្តនេះពិតជាត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ដោយក្រុមហ៊ុនផលិតរថយន្ត។ ដូចដែលយើងបានឃើញពីរូបថត និងវីដេអូដែល Boyd ចែករំលែក បានបង្ហាញថាគ្រោះថ្នាក់នេះគឺធ្ងន់ធ្ងរណាស់ ដែលតម្រូវឱ្យរថយន្តពាក់ព័ន្ធទាំងពីរត្រូវបានអូសចេញពីកន្លែងកើតហេតុ។ ប៉ុន្តែការខូចខាតនៅលើរថយន្ត Accord មើលទៅមិនសូវធ្ងន់ធ្ងរខ្លាំងដូចរថយន្ត Range Roverនោះឡើយ។

ចំណែក​ឯ​ការ​ខូច​ខាត​រថយន្ត Range Rover ហាក់​ដូច​ជា​ធ្ងន់ធ្ងរខ្លាំង។ ទ្វារ​ក្រោយ​ត្រូវ​បាន​បំផ្លាញ ហើយ​ដំបូល​បាន​របើកខ្ទេច។ ភាគច្រើននៃផលប៉ះពាល់ ហាក់ដូចជាស្ថិតនៅជុំវិញផ្នែកខាងក្រោយ និងចំហៀងនៃរថយន្ត។ ហើយក៏ពុំទាន់​មាន​ការ​បញ្ជាក់​ថា រថយន្ត Range Rovers ​ផ្សេង​ទៀត​រង​ការ​ខូចខាត​ក្នុង​ហេតុការណ៍​នេះ​ទេ។

ទោះបីជាព័ត៌មានលម្អិតជាច្រើនជុំវិញឧបទ្ទវហេតុនេះមិនត្រូវបានដឹងក៏ដោយថាវាមាន​ទំហំ​នៃ​ការ​រងខូចខាត និង​អ្នក​ណា​ដែល​រង​របួសខ្លះ​។ ប៉ុន្តែក្រុមហ៊ុន Range Rover បានបញ្ជាក់ប្រាប់ Road & Track ថាខ្លួនបានដឹងអំពីគ្រោះថ្នាក់នេះ ប៉ុន្តែមិនបានបញ្ជាក់ថា តើរថយន្តបានបើកឆ្ពោះទៅកាន់ទីស្នាក់ការរបស់ខ្លួនឬអត់នោះទេ។

​គួរបញ្ជាក់ផងដែរថា បើទោះបីជាគេមិនច្បាស់ថាតើរថយន្តនេះត្រូវបានខូចខាត់កម្រិតណាក៏ដោយ ប៉ុន្តែតម្លៃសម្រាប់រថយន្ត Range Rover ឆ្នាំ ២០២៣ គឺមួយគ្រឿងមានតម្លៃចាប់ផ្តើមពី ១០៤ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអង់គ្លេសបង្ហាញរាងឡានអគ្គិសនីកម្លាំង ៨៧២សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Polestar បាននាំយក​ប្រភេទគំរូនៃរថយន្ត Polestar 5 មកកាន់កម្មវិធី Goodwood Festival of Speed ឆ្នាំ២០២២ ដោយបានបង្ហាញ​ព័ត៌មាន​មួយ​ចំនួន​ពីរថយន្តអគ្គិសនីដែលគ្រោងប្រកាសចេញឆ្នាំ២០២៤មួយនេះ។

ដំណឹងដែលទាក់ទាញបំផុតគឺថា Polestar 5 នឹងអាចផលិតកម្លាំងបានរហូតដល់ ៨៧២សេះ ដែលទទួលបានថាមពល​ពី​ម៉ូទ័រ​អគ្គិសនី​ភ្លោះ ហើយវា​មាន​បំពាក់បច្ចេកវិទ្យាសាកកម្លាំង ៨០០វ៉ុល ផងដែរ។

រថយន្តគំរូដែលបានបង្ហាញមុខក្នុងកម្មវិធី Goodwood គឺមានការផ្លាស់ប្ដូរខ្លះៗបើធៀបទៅនឹងរូបរាងដែលគេ​បាន​ឃើញ​ក្នុង​រូបភាព Teaser កាលពីថ្មីៗកន្លងទៅ។

រថយន្ត Polestar 5 ប្រភេទគំរូនេះ​នឹងបើកបរនៅកម្មវិធី Goodwood ចំនួនពីរលើកក្នុងមួយថ្ងៃ ចន្លោះថ្ងៃទី២៣ ខែមិថុនា និងថ្ងៃទី២៦ ខែមិថុនា ខណៈដែើការចេញលក់លើទីផ្សារសម្រាប់រថយន្តនេះបានកំណត់ថានឹងចាប់ផ្ដើមនៅឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+