ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផល ៥យ៉ាងដែលអ្នកអាចពិចារណាលើរថយន្តប្រភេទ SUV ខ្នាតតូច (Crossover)

ក្នុងពេលបច្ចុប្បន្ននេះ រថយន្តប្រភេទ SUV ខ្នាតតូច (Crossover) មានការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ ពួកគេមានលក្ខណៈពិសេសល្អៗស័ក្តសមគ្រប់ការប្រើប្រាស់ អមជាមួយនឹងតម្លៃសមរម្យ។ អ្វីដែលធ្វើឱ្យរថយន្តប្រភេទ Crossover កាន់តែពេញនិយមនោះគឺវាមានរូបរាងស្រដៀងនឹងរថយន្តប្រភេទ SUV និងមានអត្ថប្រយោជន៍ច្រើន។ ចំពោះរថយន្តប្រភេទ Crossover វាមានទម្ងន់ស្រាលជាង និងកាន់តែប្រសើរជាងនៅពេលនិយាយអំពីការសន្សំសំចៃប្រេងឥន្ធនៈ ហើយដោយសារតែទំហំរបស់វាតូចល្មមនោះកាន់តែមានផាសុកភាពសម្រាប់អ្នកដំណើរនិងងាយស្រួលបើកបរ។ ទីផ្សារកម្ពុជាសព្វថ្ងៃមានប្រភេទរថយន្ត Crossovers ជាច្រើនដូចជា MG ZS, Ford Ecosport, Toyota Raize, Ssang Yong Tivoli, Mazda 2, Hyundai Venue, Chevrolet Equinox ជាដើម។

វាក៏មានចំណុចជាច្រើនដែលត្រូវគិតអំពីពួកគេនៅពេលនិយាយអំពីការសម្រេចចិត្តទិញរថយន្ត ហើយ ៥ ចំណុចខាងក្រោមនេះជាលក្ខណៈពិសេសដែលអ្នកទិញមិនគួរមើលរលងពីរថយន្តប្រភេទ Crossover។

១. តម្លៃសមរម្យ និងសន្សំសំចៃប្រេង: តម្លៃគឺពិតជាសមរម្យលើរថយន្តម៉ូឌែលទាំងនេះដូចជា MG ZS, Hyundai Venue និង Ford Ecosport ដែលចាប់ផ្តើមពី ២៩ ៩៩០ដុល្លារ ទៅ ៣១ ៥០០ដុល្លារ ហើយលោកអ្នកអាចក្លាយជាម្ចាស់រថយន្តប្រភេទSUVខ្នាតតូច (Crossover)។ តាមរយៈការបើកបរប្រភេទប៉ុង១ រួមជាមួយនឹងប្រអប់លេខដៃនិងលេខអូតូបានផ្តល់នូវសំទុះខ្លាំងហើយសន្សំសំចៃ ដោយរថយន្តប្រភេទ Crossovers ទាំងអស់នេះផ្តល់នូវការសន្សំសំចៃប្រេងឥន្ធនៈ ចាប់ពី ៦,៧លីត្រ ក្នុង ១០០Km/h នៅលើផ្លូវហាយវេ។ ជាមួយនឹងប្រជាប្រិយភាពខ្ពស់ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ នោះរថយន្តប្រភេទ Crossover គឺជាដៃគូដ៏ល្អបំផុតសម្រាប់អ្នក។

២. កាប៊ីនខាងក្នុង និងផាសុកភាព: ផ្នែកខាងក្នុងដ៏ទាក់ទាញនឹងបង្កើតចំណាប់អារម្មណ៍ដំបូងគេបង្អស់នៅពេលអ្នកចូលទៅក្នុងរថយន្ត។ ដូច្នេះហើយលោកអ្នកក៏ត្រូវគិតអំពីការរចនាផ្នែកខាងក្នុង និងពណ៌ផងដែរ ហើយថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកអំពីការរចនាផ្ទៃខាងក្នុងពណ៌គ្រីមរបស់រថយន្ត MG ZS 2022 ដែលមើលទៅភ្លឺថ្លា និងស្រទន់ដើម្បីផ្តល់នូវផាសុកភាពជាងធម្មតា។ ផ្ទៃខាងក្នុងពណ៌ខ្មៅក៏មាននៅលើប្រភេទ Crossover ផងដែរដូចជា Ssang Yong Tivoli ដែលវាងាយស្រួលក្នុងការសម្អាត ប៉ុន្តែក៏វាស្រូមកម្តៅបានលឿនក្នុងអំឡុងពេលចតរថយន្តក្រោមពន្លឺព្រះអាទិត្យដែរ។

ផ្ទៃខាងក្នុងរបស់រថយន្ត MG ZS 2022
ផ្ទៃខាងក្នុងរបស់រថយន្ត Ssang Yong Tivoli

៣. ចន្លោះជើងធំទូលាយ: ភាពធំទូលាយនៃរថយន្តប្រភេទ Crossover មានភាពខុសប្លែកគ្នាបន្តិចពីរថយន្ត SUV ប៉ុន្តែប្រភេទ Crossover មួយចំនួនក៏ផ្តល់ជូនម្ចាស់រថយន្តនូវកន្លែងដាក់ជើង ឬកន្លែងផ្ទុកសម្ភារៈបានធំទូលាយដូចជា SUV ផងដែរ។ រថយន្ត Ssang Yong Tivoli មានចន្លោះឃ្លុបក្រោយ ៣៩៣ លីត្រ-៣៦៩លីត្រ សម្រាប់ទំហំឃ្លុបក្រោយ Toyota Raize និង Ford EcoSport គឺមានទំហំ ៣៥០លីត្រ បើប្រៀបធៀបជាមួយនឹងអ្វីដែលអ្នកនឹងទទួលបានពីរថយន្ត MG ZS គឺ ៤៤៨លីត្រ រួមនឹងទំហំផ្ទុក ១ ៣៧៥លីត្រ ដើម្បីផ្តល់ឱ្យអ្នកទិញនូវទំហំគ្រប់គ្រាន់ សម្រាប់ផ្ទុកសម្ភារៈនិងទំនិញផ្សេងៗ។

៤. ភាពជឿជាក់ និងប្រព័ន្ធសុវត្ថិភាព: រថយន្តប្រភេទ Crossover ដែលអ្នកអាចទុកចិត្តបាននោះគឺការផ្តល់នូវការបើកបរប្រកបដោយសុវត្ថិភាព និងផាសុកភាព ដែលអាចការពារអ្នកដំណើរនិងអ្នកបើកបរបានយ៉ាងល្អក្នុងករណីមានគ្រោះថ្នាក់កើតឡើង។ រថយន្ត Mazda 2 និង MG ZS, ពួកគេក៏បានផ្តល់ជូននូវគុណភាពល្អ និងមុខងារសុវត្ថិភាពដ៏អស្ចារ្យជាច្រើនផងដែរដូចជា: ប្រព័ន្អហ្វ្រាំងអេឡិចត្រូនិច, កាមេរ៉ាក្រោយដែលមានសេនស័រជំនួយពេលចតរថយន្ត, ពោងសុវត្ថិភាពសម្រាបអ្នកបើកបរ និងអ្នកដំណើរ, ប្រព័ន្ធជំនួយពេលឡើងភ្នំ និងចុះចំណោទ ជាដើម។ ក្រៅពីមុខងារទាំងអស់នេះរថយន្ត MG ZS ក៏បន្ថែមនូវកាមេរ៉ា 360 ដឺក្រេដើម្បីបង្កើននូវភាបទំនើបប្រកបដោយសុវត្ថិភាពខ្ពស់។ វាពិតជាចាំបាច់ណាស់ដើម្បីរក្សាភាពជឿជាក់ និងទំនុកចិត្តលើរថយន្តដែលអ្នកប្រើប្រាស់ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះអ្នក និងក្រុមគ្រួសារ។

៥. ការរចនាបែបទាក់ទាញ: រថយន្តប្រភេទ Crossovers ត្រូវបានជំរុញការរចនាឱ្យកាន់តែទាក់ទាញជាចម្បង ហើយរថយន្តមួយចំនួនក្នុងចំណោមរថយន្តទាំងនោះក៏ទទួលបានពិន្ទុខ្ពស់ពីអ្នកប្រើប្រាស់លើភាពទាក់ទាញនៃរូបរាង និងបទពិសោធន៍បើកបរល្អផងដែរ។ ជាឧទាហរណ៍ យើងសូមលើកយករថយន្ត Ford Ecosport និង MG ZS ដែលជារថយន្តប្រភេទ Crossover ដែលលក់ដាច់បំផុតក្នុងប្រទេសកម្ពុជា អមជាមួយនឹងរចនាបទខុសៗស្រលះតែម្តង តែស័ក្តសមសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យទាំងជំនាន់ចាស់និងថ្មី។ ដរាបណាអ្នកផលិតរថយន្តនៅតែរក្សាការរចនាកាន់តែទាក់ទាញ និងធ្វើឱ្យម៉ូដែលថ្មីកាន់តែទំនើប នោះការលក់រថយន្តប្រភេទ Crossover ត្រូវបានគេរំពឹងថានឹងនៅតែកើនឡើងនិងពេញនិយម។

រថយន្តប្រភេទ Crossovers ត្រូវបានបង្កើតឡើងនៅនិន្នាការថយន្តថ្មីដ៏ល្អអស្ចារ្យ និងមានភាពងាយស្រួលក្នុងការបើកបរ។ រថយន្តប្រភេទ Crossover ក៏ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងការកើនឡើងនៃទិន្នន័យលក់ជាលំដាប់ដែលឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងឧស្សាហកម្មយានយន្ត ព្រមជាមួយហេតុផលជាច្រើនក្នុងការទិញរថយន្តប្រភេត Crossover ដូចជាមានកន្លែងដាក់សម្ភារៈធំទូលាយ, ការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់, ការរចនារូបរាងក្នុងក្រោដ៏ទាក់ទាញ និងជាពិសេសគឺតម្លៃសមរម្យដែលប្រជាជនកម្ពុជាជាច្រើនអាចមានលទ្ធភាពក្នុងការទិញរថយន្តថ្មីបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែងរបស់ Suzuki Let’s បានដាក់លក់ជាផ្លូវការហើយ តម្លៃខ្ទង់ ១ ៨១៧ ដុល្លារ នៅជប៉ុន

[ទីផ្សារបរទេស] ម៉ូតូ Honda Dio 110 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter បានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសជប៉ុន ដែលមានតម្លៃចាប់ពី ១ ៨១៧ ដុល្លារសហរដ្ឋអាមេរិក។

ម៉ូតូ Honda Dio 110 នេះបានប្រើប្រាស់ម៉ាស៊ីន SOHC ចំណុះ ១០៩សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨,៧សេះ និងកម្លាំងរមួល ៩ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។

ខណៈដែលម៉ូតូ Scooter នេះមានទម្ងាន់ស្រាលត្រឹមតែ ៩៦ គីទ្បូក្រាម និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ៤,៩ លីត្រ។

ដោយទ្បែកចំពោះការឌីហ្សាញនៃម៉ូតូ Honda Dio 110 រចនាទ្បើងបែបស្រដៀងគ្នានឹង Honda Lead និង Beat ដោយវាបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED Halogen , កុងទ័រឌីជីថល LCD សម្រាប់បង្ហាញព័ត៌មានល្បឿន ឬសាំង និងប្រព័ន្ធសោរ Smart-Key ជាដើម។ ហើយម៉ូតូ Scooter នេះក៏បានបំពាក់នូវហ្រ្វាំងឌីសមុខ និងក្រោយហ្វាំ្រងស្គរផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Dio 110 ស៊េរីឆ្នាំ ២០២២ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅទ្បើយសម្រាប់កម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយប៉ុន្មានគីទ្បូម៉ែត្រនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Toyota បន្ថែមរថយន្ត TOYOTA Highlander ប្រភេទ 2.0T ថ្មី នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] កាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ រថយន្ត Toyota Highlander ជំនាន់ទី ៤ ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ដោយអាចលក់បានជាង ១០ ០០០ គ្រឿងក្នុងមួយខែជាប់ៗគ្នា។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២២ ការលក់ Toyota Highlander ខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ការលក់សរុបមានត្រឹមតែ ១២ ៥០០ គ្រឿងប៉ុណ្ណោះ។

ជាមួយគ្នានេះ GAC Toyota នឹងប្រកាសចេញនៅរថយន្ត Highlander ប្រភេទ 2.0T version ថ្មី ដែលមានតម្លៃទាបជាង ហើយថ្មីៗ​នេះ ប៉ាតង់​ក្រៅ​ផ្លូវ​ការ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​គេ​បញ្ចេញ។

សម្រាប់រថយន្ត Toyota Highlander ដែលត្រូវបានបន្ថែមម៉ូដែលថ្មី គឺប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K platform ដោយផ្តោតលើសុវត្ថិភាព រួមទាំងការរចនាប្លែកៗស្រដៀងទៅនឹង RAV4 និងមានប្រវែងតួខ្លួនសរុប ៤ ៩៦៥​ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម។

ចំពោះរូបរាងរបស់រថយន្តថ្មីនេះ មានលក្ខណៈដូចគ្នាទៅនឹងរថយន្ត Hybrid Version ដែលកំពុងដាក់លក់ ប៉ុន្តែមិនមានលក្ខណៈសំគាល់នៃរថយន្ត Hybrid ដូចជា ឡូហ្គោរថយន្ត the blue-bottomed និងឡូហ្គោ Hybrid នោះឡើយ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ ម៉ូដែលដែលបានបន្ថែមលើកនេះគឺត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ដែលអាចផលិតកម្លាំងបាន ២៤៤ សេះហើយត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ ឬ ៨ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla អែមកៀន! ឡានអគ្គិសនីចិន សាកម្តងជិះបាន ៧១៧គ.ម៉ កម្លាំង ៥៤២សេះ តែតម្លៃត្រឹម ២ម៉ឺនដុល្លារជាង

Leapmotor C01 គឺជារថយន្តអគ្គិសនីចិន ដែលមានកម្លាំងខ្លាំង ចម្ងាយបើកបរឆ្ងាយ ប៉ុន្តែតម្លៃធូរថ្លៃ គួរឲ្យចាប់អារម្មណ៍បំផុត។

ក្រុមហ៊ុន Leapmotor បានអះអាងថា រថយន្ត Sedan អគ្គិសនីរបស់ខ្លួនអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។ C01 មានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩០គីឡូវ៉ាត់ម៉ោង ផ្តល់នូវចម្ងាយបើកបរសរុប ៧១៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

បើយោងទៅតាមក្រុមហ៊ុន Leapmotor បានឲ្យដឹងថា វានឹងផ្តល់ជម្រើសចំនួន ៥ ម៉ូដែលខុសៗគ្នា ដោយក្នុងនោះប្រភេទ Base Model នឹងមានចម្ងាយបើកបរយ៉ាងហោចណាស់ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ថ្វីបើរថយន្ត Leapmotor C01 មិនទាន់មានកាលបរិច្ឆេទចូលផលិតច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនកំពុងតែទទួលយកការកក់ ហើយបម្រុងនឹងចាប់ផ្តើមដំណើរការផលិត មុនបំណាច់ឆ្នាំ ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ២០២៣ ចេញម៉ូដែលពិសេស Nightshade Edition ប្រើយ៉ាន់ពណ៌ទង់ដែង កាន់តែឡូយ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Sedan ខ្នាតកណ្តាលលក់ដាច់បំផុតរបស់អាមេរិក គឺ Camry ឆ្នាំ២០២៣ ម៉ូដែលពិសេស Nightshade Edition។

រថយន្ត Toyota Camry Nightshade Edition ឆ្នាំ២០២៣ ថ្មីនេះ នឹងមានទាំង Option SE ប៉ុងមួយ, ប៉ុងពីរ និង ម៉ាស៊ីន Hybrid ជាមួយនឹងយ៉ាន់កង់ Alloy ទំហំ ១៩អ៊ីញ ពណ៌ទង់ដែងគ្រើម យ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះ វាក៏បានតុបតែងស៊ុមចង្កៀងមុខ និងក្រោយពណ៌ខ្មៅ ដែលជួយឲ្យវាមើលទៅរឹតតែកាច ទៀតផង។

ក្រៅពីការអាប់ដេតខាងលើ ម៉ូដែល Nightshade Edition នេះ មានបំពាក់កាងមុខកាត់តាមពពួក TRD, ប្រព័ន្ធជើងក្រោម sport-tuned suspension និង តែមពណ៌ខ្មៅ ព្រមទាំងគម្របកញ្ចក់មើលចំហៀងពណ៌ខ្មៅ និង កាងកន្ទុយត្រីខាងក្រោយពណ៌ខ្មៅ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Sedan ខ្នាតកណ្តាលនេះ នៅតែប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៦សេះ និងកម្លាំងរមួល ២៥២ញ៉ូតុនម៉ែត្រ ខណៈម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣០១សេះ និងកម្លាំងរមួល ៣៦២ញ៉ូតុនម៉ែត្រ។

ដោយឡែក ចំពោះជម្រើសម៉ាស៊ីន Hybrid វិញ គឺគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនី២ និង កញ្ចប់អាគុយតូចមួយ មានកម្លាំងសរុប ២០៨សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៤,៥លីត្រប៉ុណ្ណោះក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចែចូវឥណ្ឌាអត់បាន Tesla ផ្អាកផែនការលក់ឡានអគ្គិសនីក្នុងប្រទេសនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានផ្អាកផែនការវាយលុកទីផ្សាររថយន្តឥណ្ឌា ក្រោយពីមិនអាច​បញ្ចុះបញ្ចូល​ឲ្យ​មន្ត្រី​ឥណ្ឌា​កាត់​បន្ថយ​ពន្ធនាំចូលបាន។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ​គិតថាចង់វាយលុកទីផ្សារឥណ្ឌា​ដោយលក់រថយន្តដែលនាំចូលពី​សហរដ្ឋអាមេរិក និងប្រទេស​ចិន។ ក្រុមហ៊ុន​ក៏​សង្ឃឹមថានឹង​អាច​នាំចូលរថយន្តក្នុងអត្រាពន្ធទាបជាងធម្មតា ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាមិនបាន​ធ្វើការផ្ដល់ជូនពិសេសនោះទេ ដោយរដ្ឋាភិបាលប្រទេសនេះសូមឲ្យ Tesla ប្ដេជ្ញាលើការសងរោងចក្រផលិតរថយន្តនៅប្រទេសឥណ្ឌាជាមុនសិន។

ថ្មីៗនេះដែរ ប្រភពដែលជិតស្និទ្ធនឹង Tesla បានប្រាប់ Reuters ថាក្រុមហ៊ុន​បាន​ផ្អាកផែនការវាយលុកទីផ្សារឥណ្ឌាកាលតាំងពីថ្ងៃ​ទី១ ខែកុម្ភៈ ជាថ្ងៃដែលរដ្ឋាភិបាលឥណ្ឌាប្រកាសអំពីផែនការចំណាយ និងអត្រាពន្ធថ្មី ដែលក្នុងនោះ​មិន​មាន​​ផ្ដល់​ការ​លើក​លែង​ពិសេសចំពោះ Tesla ឡើយ។

Reuters បញ្ជាក់ផងដែរ តម្រូវការខ្ពស់លើរថយន្ត Tesla នៅក្នុងទីផ្សារដទៃទៀតក៏ជាផ្នែកមួយធ្វើឲ្យក្រុមហ៊ុនសម្រេចផ្អាក​ផែនការ​វាយលុលប្រទេសឥណ្ឌាផងដែរ។

ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ Tesla អាចដឹកជញ្ជូនរថយន្តបាន ៣១០ ០៤៨គ្រឿង ដោយមានរថយន្ត Model 3 និង Model Y ចំនួន៩៥% ខណៈដែល ៥% ទៀតគឺជា Model S និង Model X៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Z ឆ្នាំ២០២៣ លក់តម្លៃ៤ម៉ឺនដុល្លារ ធូរជាង Toyota Supra រហូតដល់១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Nissan Z ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកនៅត្រីមាសទីបី ក្នុងតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ ធូរថ្លៃជាង Toyota Supra ដែលជាគូប្រជែង ខ្ទង់ជាង១ម៉ឺនដុល្លារ។

ជាមួយតម្លៃខាងលើនេះគឺសម្រាប់ត្រកូល Z ដែលមានប្រភេទ Z Sport មានប្រើប្រអប់លេខដៃ៦វគ្គ ឬលេខស្វ័យប្រវត្តិ៩វគ្គ ដែលមិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូនក៏ដូចជាចំណាយផ្សេងៗនៅឡើយទេ។ ចំណែកប្រភេទ Z Performance មានតម្លៃចាប់ពី ៤៩ ៩៩០ដុល្លារ សម្រាប់ទាំងលេខដៃ៦វគ្គ និងលេខស្វ័យប្រវត្តិ៩វគ្គ។

ដោយឡែក ប្រភេទ Z Proto Spec មានលក់ក្នុងតម្លៃចាប់ពី ៥២ ៩៩០ដុល្លារ និងមានផលិតត្រឹម ២៤០គ្រឿងប៉ុណ្ណោះ សម្រាប់លក់លើទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ Toyota GR Supra ត្បិតថាមិនទាន់ប្រកាសចេញតម្លៃសម្រាប់ស៊េរីឆ្នាំ២០២៣ ប៉ុន្តែស៊េរីឆ្នាំបច្ចុប្បន្នគឺមានតម្លៃចាប់ពី ៤៤ ៥៦៥ដុល្លារ សម្រាប់ Supra 2.0 ខណៈដែល Supra 3.0 ឯណោះ គឺមានតម្លៃចាប់ពី ៥២ ១៩៥ដុល្លារ។

គួរដឹងថារថយន្ត Nissan Z ស៊េរីឆ្នាំ២០២៣ ដែលដាក់លក់នៅសហរដ្ឋអាមេរិកមានប្រើប្រាស់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ៣,០លីត្រ ជាប្រភេទ Twin-Turbo ដែលអាចផលិតកម្លាំងបានរហូតដល់ ៤០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Suzuki គ្រោងចាប់ដៃគ្នាផលិតរថយន្តថ្មី Toyota-Maruti SUV នៅក្នុងប្រទេសឥណ្ឌា នឹងបង្ហាញខ្លួនក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki និង Toyota ប្រចាំនៅឥណ្ឌាកំពុងអភិវឌ្ឍរថយន្តសម្រាប់ទីផ្សារឥណ្ឌា និងសម្រាប់ការចែកចាយទូទាំងពិភពលោក ដែលជារថយន្តដំបូងដែលពួកគេបានបង្កើតជាមួយគ្នា ជាប្រភេទ SUV ខ្នាតតូចដែលមានឈ្មោះថា TOYOTA D22 ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅដើមខែតុលា ឆ្នាំ ២០២២ នេះ។

លើសពីនេះ Suzuki និង Toyota ប្រចាំនៅឥណ្ឌានឹងចែករំលែករថយន្ត SUV ដល់គ្នាទៅវិញទៅមកសម្រាប់លក់នៅក្រៅប្រទេស នៅក្រោមឈ្មោះកូដ YFG រថយន្តថ្មីនេះនឹងប្រកួតប្រជែងជាមួយ Hyundai Creta, Kia Seltos, MG Astor, VW Taigun និង Skoda Kushaq ។

គួរឲ្យដឹងថា រថយន្ត Toyota-Maruti ស៊េរីថ្មីនេះ បានចាប់ផ្តើមធ្វើការសាកល្បងហើយ ដោយរថយន្តនេះត្រូវបានគេប្រទះឃើញជាច្រើនដងនៅជុំវិញរោងចក្រផលិតរបស់ Maruti Suzuki នៅ Gurugram Haryana។

ទន្ទឹមនឹងនេះ រថយន្តថ្មីនេះត្រូវបានគេរាយការណ៍ថានឹងប្រើប្រាស់នៅគ្រោងឆ្អឹង TNGA-B ឬ DNGA platform។ ដោយ បច្ចុប្បន្ននេះ គ្រោងឆ្អឹងនេះគាំទ្រដល់រថយន្តប្រភេទ SUV ជាច្រើនប្រភេទនៅក្នុងទីផ្សារពិភពលោក ដែលមានលក្ខណៈពិសេសនៅក្នុងរូបរាងផ្សេងៗគ្នារួមទាំងការគាំទ្រម៉ាស៊ីនប្រភេទ hybrid ទៀតផង។

តាមរូបភាពដែលថតបាន បង្ហាញថា Toyota D22 SUV ថ្មីអាចចែករំលែករចនាប័ទ្មពី Toyota SUVs ទូទាំងពិភពលោក រួមទាំង Corolla Cross, RAV4 និង Yaris Cross ដោយ​បំពាក់ជាមួយ​ចង្កៀង​មុខ​ដាច់ពីគ្នាជាមួយ​អំពូលបំភ្លឺពេលថ្ងៃ LED ពីរ​ ស្រដៀងទៅនឹង Camry ថ្មី នឹងអាចមានបន្ទះ Chrome រត់កាត់ទទឹង និងកាងខាងមុខមានសំណាញ់ប្រហោងខ្យល់ដ៏ធំជាដើម។

រីឯ ផ្នែកខាងក្នុងរបស់រថយន្តនេះ មានភាពស្រដៀងគ្នាជាមួយនឹងរថយន្ត Corolla Cross ថ្មី ទំនងជាបំពាក់ជាមួយអេក្រង់កំសាន្ត free-standing touchscreen ហើយនឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Android Auto និង Apple CarPlay ឥតខ្សែ បច្ចេកវិទ្យារថយន្តដែលបានតភ្ជាប់ AC ស្វ័យប្រវត្តិ ចង្កៀងមុខ និងផ្លិតទឹក កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន និង ORVMs ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏អាចផ្តល់ជូននៅមុខងារជំនួយការបើកបរ ADAS ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរថយន្តភីកអាប់ Great Wall Cannon ប្រភេទ Hybrid អំឡុងធ្វើតេស្តបើកបរសាកល្បង ក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ រូបភាពនៃរថយន្ត Great Wall Cannon ប្រភេទ Hybrid ត្រូវបានប្រមាញ់បាននៅក្នុងប្រទេសចិន ក្នុងអំឡុងធ្វើតេស្តបើកបរសាកល្បង ប៉ុន្តែម៉ូដែលនេះនៅតែរក្សានៅការរចនាម៉ូដបែបលក្ខណៈ off-road ដដែលដូចដែលបានបង្ហាញពីមុន។

សម្រាប់រថយន្តភីកអាប់នេះ មានប្រវែងសរុប ៥ ៤៦៥ ម.ម ទទឹង ១ ៩៩២ ម.ម កំពស់ ១ ៩៦០ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ៣ ៣៥០ ម.ម។ ផ្នែកតាមរូបមានភាព រថយន្ត Great Wall Cannon ​ប្រភេទ Hybrid version មានការរចនាមិន​ខុស​គ្នា​ច្រើន​ពី​ប្រភេទ Off-Road ឡើយ។ ជាមួយ​ឈុត​តួខ្លួនពិសេស​ជុំវិញ​រថយន្ត​ បន្ថែម​កាង​មុខ​ធំ​ពណ៌​ខ្មៅ​ ​សំបកកង់ដ៏ធំពណ៌ខ្មៅ, រន្ធខ្យល់ពណ៌ខ្មៅលើគម្របម៉ាស៊ីន, របារពណ៌ខ្មៅ, ស្តុបក្រោយពណ៌ខ្មៅ, ប៉ាណាមុខរំលេចជាមួយក្រូម៉េ​និង​ឡូហ្គោធំ​នៅ​កណ្តាល​ទាំង​មុខ​និង​ក្រោយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺផ្នែកខាងក្នុងរថយន្តថ្មីនេះ ប្រើប្រាស់ការរចនាអេក្រង់ពីរ ដែលរួមបញ្ចូលនៅ កុងទ័រព័ត៌មានប្រភេទ full LCD និងអេក្រង់កំសាន្ត​ touchscreen កាន់តែទំនើប, ប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់គ្រងដោយប៊ូតុង, ដៃចង្កូតពហុមុខងារ ដែលមានលក្ខណៈសាមញ្ញជាងមុន ប្រអប់លេខអេឡិចត្រូនិចដែលបានរចនាថ្មី។ លើសពីនេះ កៅអី និងបន្ទះទ្វាររបស់រថយន្តថ្មីនេះ ក៏ត្រូវបានរចនាដោយធាតុរាងដូចពេជ្រកាន់តែទាន់សម័យនិងផាសុកភាព។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានគេរំពឹងថានឹងបំពាក់ដោយម៉ាស៊ីនប្រភេទ hybrid ចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha Xmax 250 Darth Vader Edition ចេញលក់ជាផ្លូវការហើយ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានប្រកាសចេញលក់នូវម៉ូតូ Xmax 250 Darth Vader Edition លក់ជាផ្លូវការ នៅក្នុងប្រទេសប្រេស៊ីល។

ក្រុមហ៊ុន Yamaha បានសហការរួមគ្នាជាមួយនឹងខ្សែភាពយន្តដ៏ពេញនិយម Star Wars ដើម្បីនាំយក Darth Vader ដ៏ល្បីល្បាញទៅកាន់ XMAX នេះ។

សម្រាប់ម៉ូតូ Scooter នេះបានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ២២,៨ សេះ និងកម្លាំងរមួល ២៤,៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt ដោយធុងសាំងអាចផ្ទុកបានចំណុះ ១៣,៥ លីត្រ។

ខណៈដែលម៉ូតូ Scooter នេះបានបំពាក់មកជាមួយនឹងចង្កៀងមមុខ-ក្រោយ LED, កុងទ័រឌីជីថល LED, រន្ធសាកប្រភេទ USB ជាមួយទូរស័ព្ទ,Smart key, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងផ្សេងៗជាដើម។ ហើយព្រមទាំងបំពាក់នឹងប្រព័ន្ធហ្វាំ្រង ABS ស្តង់ដារកម្រិតខ្ពស់របស់ Yamaha ផងដែរ។

សូមបញ្ជាក់ថាម៉ូតូ Yamaha Xmax 250 Darth Vader Edition មានត្រឹមតែ ២០០ គ្រឿងប៉ុណ្ណោះ និងតម្លៃប្រហែល ៥ ៤៩១ ដុល្លារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+