ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Air Blade 160 ត្រៀម​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda នឹងត្រៀម​ចេញ​លក់នូវម៉ូឌែល Air Blade 160 ស៊េរីឆ្នាំ ប្រភេទ Scooter ២០២២​ ក្នុង​ពេល​ឆាប់ៗនេះលើដំបូងនៅប្រទេសវៀតណាម។

ជាមួយនឹងការឌីហ្សាញនៃម៉ូតូ Scooter នេះទទួលបានរចនាទ្បែងបែបស្ព័រយ៉ាងរឹងមាំដោយមកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក UBS ឬទូរស័ព្ទ,Smart-key និងកន្លែងផ្ទុកនៅក្រោមកៅអីមានទំហំធំទូលាយ ។ ព្រមទាំងបានបំពាក់ប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់ស្តង់ដាររបស់ក្រុមហ៊ុន Honda ផងដែរ។

សម្រាប់ Honda Air Blade 160 ត្រូវបានគេរំពឹងថានឹងប្រើប្រាសម៉ាស៊ីន eSP+ ដែលប្រើក្នុង PCX160 និង Click 160 ទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៧សេសេ ផលិតកម្លាំង ១៥,៤សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ ដោយធុងផ្ទុកសាំងរបស់ម៉ូតូនេះអាចស្តុកបានចំណុះរហូតដល់ ៤,៤ លីត្រ។

យ៉ាងណាមិញចំពោះ Honda Air Blade 160 ស៊េរីឆ្នាំ​ ២០២២ មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮដំណឹងមកថា Lexus ត្រៀមចេញឡាន TX ថ្មី ដើម្បីប្រជែង BMW X7 និង Mercedes GLS

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Lexus កំពុងតែធ្វើការលើរថយន្ត SUV កៅអី ៣ជួរថ្មីសន្លាងមួយម៉ូដែលទៀត ហៅថា Lexus TX ដើម្បីមកប្រជែងជាមួយនឹងរថយន្ត Mercedes-Benz GLS និង BMW X7។

Lexus RX

រថយន្ត Lexus TX ត្រូវបានគេអះអាងថា នឹងមានទំហំធំជាងរថយន្ត Lexus RX L ដែលប្រើកៅអី ៣ជួរដូចគ្នា។

ប្រភពខាងលើដដែលបានអះអាងថា រថយន្ត SUV កៅអី ៣ជួរខាងលើនេះ នឹងប្រើប្រាស់គ្រោងឆ្អឹងដូចទៅនឹងរថយន្ត Toyota Grand Highlander (Highlander តួវែង) ដែរ ហើយនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះតែម្តង។

Toyota Highlander

បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក្តី ប៉ុន្តែក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនមេរបស់ Lexus បានបោះទុនចំនួន ៨០៣លានដុល្លារ ដើម្បីអាប់ដេតរោងចក្រនៅរដ្ឋ Indiana របស់ខ្លួន ដែលប្រភពអះអាងថា SUV ទាំង ២ម៉ូដែលនេះនឹងត្រូវផលិតនៅទីនោះ។

យ៉ាងណាមិញ បើយោងតាមលោក John Iacono ជាប្រធាននៃ Lexus National Dealer Advisory Council បានប្រាប់ឲ្យដឹងថា អតិថិជនរបស់ Lexus ជាច្រើន បានរង់ចាំអស់រយៈពេលជាយូរមកហើយសម្រាប់រថយន្ត SUV ដែលមានទំហំធំជាងម៉ូដែល RX L ប៉ុន្តែមិនមែនជាប្រភេទ body-on-frame SUV ដូចម៉ូដែល GX និងLX៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចមុខគូប្រជែង Tesla Model 3 ថ្មីមួយទៀតពីចិន ឯសមត្ថភាពខ្លាំងជាងទៀត

ចំនួនគូប្រជែងរបស់រថយន្តអគ្គិសនី Tesla Model 3 កំពុងតែកើនឡើងយ៉ាងខ្លាំង ជាពិសេសចេញពីប្រទេសចិន។

ជាមួយគ្នានេះដែរ ថ្មីៗនេះ គូប្រជែង Tesla Model 3 ថ្មីមួយទៀតបានលេចមុខចេញមកពីប្រទេសចិន គឺ Nezha S ដែលជាប្រភេទរថយន្ត Sedan អគ្គិសនី ទ្វារ៤ មានសមត្ថភាពមិនធម្មតា។

Nezha S មានការឌីហ្សាញទំនើប និងទាន់សម័យ ជាមួយនឹងប្រវែងតួខ្លួន ៤,៨ម៉ែត្រ ទទឹង ២ម៉ែត្រ កម្ពស់ ១,៤ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩ម៉ែត្រ ពោលគឺធំជាង Tesla Model 3 បន្តិច។

នៅផ្នែកខាងក្នុងវាមានបំពាក់អេក្រង់កម្សាន្តបញ្ឈរ Touchscreen ទំហំធំ ជាមួយនឹងកុងទ័រឌីជីថល ឌីហ្សាញបែប minimal, កុងទ័របាញ់លើកញ្ចក់ ហើយថែមទាំងមានអេក្រង់ Touchscreen សម្រាប់អ្នកដំណើរខាងមុខទៀតផង។

រថយន្ត Nezha S ត្រូវបានផលិតលើគ្រោងឆ្អឹង Shanhai modular architecture ថ្មី ដែលអាចប្រើបានទាំងរថយន្តប្រភេទ fully electric (BEV) និង range-extender (EREV)។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើមិនទាន់បានប្រកាសចេញនូវចម្ងាយបើកបររបស់វាឡើយ ប៉ុន្តែគេរំពឹងថា វាអាចមានចម្ងាយបើកបរដល់ទៅ ៧៣០គីឡូម៉ែត្រ សម្រាប់ម៉ូដែលធម្មតា និងឡើងដល់ ១ ១០០គីឡូម៉ែត្រ សម្រាប់ម៉ូដែលចម្ងាយឆ្ងាយ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Nezha S ក៏មានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត៤ Level 4 autonomy ដោយក្នុងនោះរួមមាន កាមេរ៉ា ១៣គ្រាប់, សេនស័រ ultrasonic ១២គ្រាប់, រ៉ាដា millimetre-wave ៥ និង Lidar ២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Mazda នឹងមានញាត់ម៉ាស៊ីនសាំងថែមឆាប់ៗ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានបញ្ជាក់ដំណឹងថារថយន្តអគ្គីសនីសុទ្ធ MX-30 របស់ខ្លួន នឹងមានបន្ថែមនូវជម្រើសប្រើផ្គួបជាមួយម៉ាស៊ីនសាំង​ ដែលនឹងមានដាក់លក់នៅអំឡុងចុងឆ្នាំនេះនៅលើទីផ្សារសហរដ្ឋអាមេរិក។

MX-30 ដែលមានប្រើម៉ាស៊ីនសាំងជំនួយ នឹងជាប្រភេទរថយន្ត Range Extender ដែលមានន័យថាម៉ាស៊ីនសាំងនឹងមានតួនាទីក្នុងការជួយបង្កើន​រយៈចម្ងាយបើកបរនៅពេលដែលថាមពល​អគ្គិសនីធ្លាក់ចុះ គឺដូចនឹងរថយន្ត BMW i3 ដែលមានជា​ប្រភេទ Range Extender ដូចគ្នា។

ការបន្ថែមប្រភេទ Range Extender នឹងជួយឲ្យរថយន្ត MX-30 បើកបរបានកាន់តែឆ្ងាយ ព្រោះ​ថា​រយៈចម្ងាយបើកបរប្រមាណ ២០០គីឡូម៉ែត្រ លើរថយន្តនេះគឺនៅតិចតួចណាស់ បើធៀបនឹងរថយន្តអគ្គិសនីសុទ្ធដទៃទៀត។

គួរដឹងថាម៉ាស៊ីនសាំង នឹងមិនផ្ដល់ថាមពលដល់កង់រថយន្តណាមួយឡើយ ផ្ទុយទៅវិញវានឹងមានតួនាទីសាកបញ្ចូលថាមពលដល់ម៉ូទ័រអគ្គិសនីដែលម៉ូទ័រអគ្គិសនីជាអ្នកបញ្ចូនកម្លាំងដល់កង់រថយន្ត ដែលធ្វើឲ្យរថយន្ត Range Extender ខុសគ្នា​ពី​រថយន្តប្រភេទ Plug-in Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lamborghini Aventador មួយគ្រឿងចុងក្រោយគេ លក់បានតម្លៃដល់ ១,៦លានដុល្លារ

[ទីផ្សារបរទេស] រថយន្ត Lamborghini Aventador មួយគ្រឿងចុងក្រោយគេបំផុត ត្បិតថានៅមិនទាន់ផលិតហើយក៏ពិតមែន ប៉ុន្តែវាអាចលក់បានថ្លៃក្នុងតម្លៃរហូតដល់ ១ ៦០៣ ១២៥ដុល្លារ ឯណោះ។

តម្លៃដ៏មហាសាលនេះដែរ មិនមែនមានផ្ដល់ជូនតែរថយន្តតែមួយមុខនោះទេ ដោយ​ក្នុង​នោះ​ក៏​មាន​ផ្ដល់ជូន​ជា NFT នៃរថយន្តជូនដល់​ម្ចាស់​រថយន្ត ហើយម្ចាស់រថយន្តថែមទាំងទទួលបានឈ្មោះជាអតិថិជន VIP ដែលមានន័យថាអាចមើលឃើញជាមុននូវរថយន្ត Lamborghini ថ្មីៗដែលគ្រោងចេញលក់លើទីផ្សារ។

បន្ថែមពីនេះ ម្ចាស់រថយន្តក៏ទទួលបានសិទ្ធិក្នុងការដើរមើលសារមន្ទីរ Lamborghini និងអាច​បានជួបមុខ​វិចិត្រករឌីជីថល Krista Kim និងសិល្បករតន្ត្រី Steve Aokia តាមរយៈអនឡាញផងដែរ។

ងាកមករថយន្ត Lamborghini Aventador មួយគ្រឿងចុងក្រោយនេះវិញ វានឹងត្រូវផលិតឡើងនៅ​ក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថានឹងបានទៅដល់ដៃម្ចាស់រថយន្តនៅត្រឹមខែកញ្ញាខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 7-Series ឆ្នាំ២០២៣ ចេញម៉ូដែល First Edition ថ្មី មានលក់តែនៅប្រទេសមួយនេះប៉ុណ្ណោះ

ក្រុមហ៊ុន BMW Japan បានអបអរសាទរនូវការប្រកាសចេញរថយន្ត BMW 7-Series ឆ្នាំ២០២៣ ដោយបានប្រកាសនូវគម្រោងបញ្ចេញរថយន្តម៉ូដែលពិសេស First Edition សម្រាប់ទីផ្សារក្នុងស្រុកជប៉ុនទៀតផង។

បច្ចុប្បន្នបើកឲ្យបញ្ជារួចហើយនោះ រថយន្ត BMW 7-Series First Edition ឆ្នាំ២០២៣ ត្រូវបានផលិតផ្អែកលើម៉ូដែល 740i Excellence, 740i M Sport និង i7 xDrive60 Excellence។

ម៉ូដែល First Edition នឹងមានបំពាក់អេក្រង់កម្សាន្តនៅផ្នែកខាងក្រោយ ទំហំដល់ទៅ ៣១,៣អ៊ីញ ក៏ដូចជា ដំបូលកញ្ចក់ Sky Lounge panoramic glass sunroof, កាមេរ៉ាក្នុងកាប៊ីន និង ប្រព័ន្ធសំឡេង 40 speaker Bowers & Wilkins surround sound system ទៀតផង។

ក្នុងនោះវាក៏មាន Option “Rear Comfort” ដែរ ដោយបន្ថែមនូវកៅអី multi-function rear seats ជាមួយមុខងារកម្តៅ, បញ្ចេញខ្យល់ត្រជាក់ និង ម៉ាស្សា ផងដែរ។

ចំពោះម៉ូដែល 740i វាប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ TwinPower ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥១៩ញ៉ូតុនម៉ែត្រ។ ចំពោះ i7 xDrive60 មានកញ្ចប់អាគុយទំហំ ១០៥,៧គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៤៤ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ថា ប្រភេទ First Edition នេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១៥០គ្រឿងប៉ុណ្ណោះ ដោយបែងចែង ៥០ គ្រឿងម្នាក់ក្នុងមួយម៉ូដែល (740i Excellence, 740i M Sport និង i7 xDrive60 Excellence) ហើយមានតម្លៃចាប់ពីខ្ទង់ ១៣៣ ៩០០ដុល្លារ ដល់ ១៤៩ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ប្រកាសឈប់ផលិតឡានម៉ាក Datsun ជាលើកទី២ នៅឥណ្ឌា

ក្រុមហ៊ុន Nissan បានប្រកាសពីការបញ្ចប់ការផលិតរថយន្តម៉ាក Datsun នៅក្នុងប្រទេសឥណ្ឌា ដែលជាការកត់សម្គាល់នៃការស្លាប់លើកទី២ នៃម៉ាកយីហោជប៉ុននេះ។

គួរឲ្យដឹងដែរថា រោងចក្រ Chennai នៅក្នុងប្រទេសឥណ្ឌា គឺជាកន្លែងផលិតចុងក្រោយបង្អស់ដែលនៅសេសសល់របស់ Datsun បន្ទាប់ពីរោងចក្រនៅក្នុងប្រទេសរុស្ស៊ី និង ឥណ្ឌូនេស៊ី ត្រូវបានបិទទ្វារនៅឆ្នាំ ២០២០។

ការស្លាប់របស់ Datsun ត្រូវបានកំណត់ទុកជាមុនដោយសារតែការលក់បានចំនួនតិចតួច។ របាយការណ៍ដំបូងត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១៩ ដែលជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ របស់ក្រុមហ៊ុន Nissan បន្ទាប់ពីរឿងអាស្រូវ Carlos Ghosn។ Datsun បានស្លាប់បន្តិចម្តងៗ ចាប់តាំងពីពេលនោះមក ជាមួយនឹងរថយន្តចុងក្រោយ ដែលនឹងមកដល់ក្នុងឆ្នាំនេះ។

ទោះបីជាមានការបញ្ឈប់ម៉ាកយីហោ Datsun ក៏ដោយ ប៉ុន្តែ Nissan នៅតែប្តេជ្ញាចិត្តចំពោះម្ចាស់រថយន្ត Datsun ដោយប្រកាសថា ខ្លួននឹងបន្តផ្តល់សេវាកម្មបន្ទាប់ពីការលក់ គ្រឿងបន្លាស់ និងការធានា តាមរយៈបណ្តាញអ្នកចែកចាយផ្ទាល់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអាគុប Super Cup 110 Pro ចេញលក់ផ្លូវការ តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការដាក់លក់នូវម៉ូឌែល Super Cup 110 Pro ស៊េរីឆ្នាំ ២០២២ ជាមួយនឹងជម្រើស ៣ ពណ៍ និងមានតម្លៃចាប់ពីប្រហែល ២ ពាន់ដុល្លារទ្បើងទៅ សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

ម៉ូតូអាគុប Super Cup 110 Pro បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១១០សេសេ ផលិតកម្លាំង ៨សេះ និងកម្លាំងរមួល ៨,៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៤ វគ្គ៕

ជាមួយគ្នានេះរូបរាងម៉ូតូ Super Cup 110 Pro ទទួលបានរចនាទ្បើងបែប Classic ដោយម៉ូតូនេះបានបំពាក់ចង្កៀងមុខ LED, ភ្លើងស៊ីញ៉ូរាងមូល, និងកុងទ័រឌីជីថល LCD បង្ហាញព័ត៌មានពេញលេញយ៉ាងច្បាស់។ ហើយអ្វីដែលពិសេសនោះម៉ូតូអាគុប Super Cup 110 Pro ក៏បានបំពាក់ប្រព័ន្ធហ្វាំ្រងឌីសមុខដែលបំពាក់ជាមួយនឹង ABS ជាដើម។

ដោយទ្បែកចំពោះអាគុប Super Cup 110 Pro គឺជាប្រភេទម៉ូតូដឹកឥវ៉ាន់ ដោយបំពាក់មកជាមួយនឹងកែបដេកក្រោយ និងកន្ត្រាក់មុខ អាចដាក់របស់របរផ្សេងៗជាច្រើនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! Lexus នឹងផលិតរថយន្តប្រភេទ SUV ខ្នាតធំបីជួរ Lexus TX ជាដៃគូប្រកួតប្រជែង Mercedes-Benz GLS និង BMW X7

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus នៅសហរដ្ឋអាមេរិក គ្រោងនឹងផលិតរថយន្ត Lexus TX ម៉ូដែលថ្មី ដែលជាប្រភេទ SUV ខ្នាតធំបីជួរ ជាដៃគូប្រកួតប្រជែងជាមួយ Mercedes-Benz GLS និង BMW X7 ត្រូវបានគេនិយាយថាមានទំហំធំជាង Lexus RX L អាចនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។

យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះបានប្រាប់គេហទំព័រ Autonews ថារថយន្ត SUV បីជួរនឹងប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Toyota Grand Highlander ដែលមានវត្តមាននៅពេលខាងមុខ ដែលជាប្រភេទបន្ថែមរបស់ Highlander ដែលពួកគេបាននិយាយថានឹងដាក់លក់នៅអាគារតាំងបង្ហាញនៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលឆ្នាំ ២០២៣ ខណៈ TX នឹងមកដល់ប្រហែលប្រាំមួយខែបន្ទាប់ពីរថយន្តនេះ។

ទោះបីជារថយន្តទាំងពីរមិនត្រូវបានប្រកាសជាផ្លូវការក៏ដោយក៏ Toyota ដែលជាម្ចាស់ Lexus បានប្តេជ្ញាចិត្តវិនិយោគទឹកប្រាក់ចំនួន ៨០៣ លានដុល្លារដើម្បីធ្វើបច្ចុប្បន្នភាពរោងចក្រដំឡើង Princeton រដ្ឋ Indiana របស់ខ្លួន ដែលជាកន្លែងដែលប្រភពបាននិយាយថារថយន្ត SUV ទាំងពីរនឹងត្រូវបានផលិត។

គួរឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Toyota បានប្រកាសពីការវិនិយោគនៅក្នុងរោងចក្រកាលពីឆ្នាំមុន បាននិយាយថារថយន្តទាំងពីរដែលផលិតនៅទីនោះនឹងមាន “ប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិដែលនឹងអនុញ្ញាតឲ្យបើកបរដោយមិនប្រើដៃក្នុងលក្ខខណ្ឌមួយចំនួន ប្រព័ន្ធចតរថយន្តពីចម្ងាយដែលអនុញ្ញាតឲ្យអ្នកបើកបរចត និង ឈប់ចតពីខាងក្រៅរថយន្តដោយប្រើស្មាតហ្វូន ហើយសោឌីជីថលដែលប្រែស្មាតហ្វូនរបស់អ្នកប្រើប្រាស់ទៅជាសោរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេចែករំលែកវាតាមឌីជីថល។

យោងតាមលោក John Iacono ដែលជាប្រធានក្រុមប្រឹក្សាអ្នកចែកចាយ Lexus ដែលបាននិយាយទៅកាន់គេហទំព័រ AN ថា អ្នកចែកចាយរបស់ម៉ាកយីហោនេះចង់បានរថយន្តប្រភេទ SUV ដែលមានទំហំធំជាង RX L ដែលមិនតម្រូវឲ្យអតិថិជនទិញរថយន្តប្រភេទ SUV ដែលមានតួខ្លួនដូចរថយន្ត GX និង LX SUVs នោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតអំពីរថយន្តនេះ ក្រុមហ៊ុន​ Lexus មិនបានធ្វើការ​​អត្ថាធិប្បាយ​ ឬ​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់បាត់! ឡានអគ្គិសនីសទ្ធ Xpeng P5 ចេញលក់នៅអឺរ៉ុបជាមួយតម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារ សម្រាប់៤ប្រទេសនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តចិន Xpeng បានធ្វើការចាប់ផ្តើមទទួលការកក់ជាផ្លូវការសម្រាប់រថយន្តអគ្គិសនីសុទ្ធ Xpeng P5 ប្រភេទ Sedan នៅក្នុងអឺរ៉ុបរួមមានប្រទេស ដាណឺម៉ាក មានតម្លៃចាប់ពី ៥៦ ៨២៣ ដុល្លារ, ហូឡង់មានតម្លៃចាប់ពី ៥២ ០៣៣ ដុល្លារ, ន័រវែសមានតម្លៃចាប់ពី ៤២ ៧១៧ ដុល្លារ និងស៊ុយអែតមានតម្លៃចាប់ពី ​៥៧ ៨២៥ ​ដុល្លារ។

រថយន្តអគ្គិសនីសុទ្ធ Xpeng P5 បាន​ដាក់​លក់​ក្នុង​ប្រទេស​ចិន​មួយ​រយៈ​មក​ហើយ​ឥឡូវ​នេះ​ហើយ​មាន​បំពាក់​នូវ​កញ្ចប់​ថាអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ដែល​មាន​កម្លាំង ២១១ សេះ និង​កម្លាំង​រមួល ៣១០ ញ៉ូតុនម៉ែត្រ  អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៧,៥ វិនាទី អាចបើកបរបានចម្ងាយប្រហែល ៤៦៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មលឿនពី ១០% ដល់ ៨០% ត្រឹមរយៈពេល ៣៦ នាទីប៉ុណ្ណោះ។

ក្នុងចំណោមផ្នែកសំខាន់ៗនៃបច្ចេកវិទ្យាដែលមាននៅផ្នែខាងក្នុងរថយន្ត P5 មានកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,៦ អ៊ីញ, បច្ចេកវិទ្យា over-the-air software, ដំបូលបើកបែប Panoramic sunroof, កៅអីមុខងារក្តៅ-ត្រជាក់មុខ-ក្រោយ កន្លែងសាកថ្មឥតខ្សែ ម៉ាស៊ីនត្រជាក់ពីរតំបន់ ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ជាដើម។

ម៉ូដែល P5 ទាំងអស់ដែលត្រូវលក់នៅអឺរ៉ុបមានស្តង់ដារជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ XPILOT 2.5 របស់ Xpeng ដែលមានរ៉ាដារចំនួន ៥, សេនស័រ ultrasonic ចំនួន ១២ កាមេរ៉ាបើកបរចំនួន ៤ និងកាមេរ៉ាកម្រិតខ្ពស់ចំនួនប្រាំបួនដើម្បីគាំទ្រដល់ការបើកបរ XPILOT  និងប្រព័ន្ធសុវត្ថិភាព XPILOT  រួមបញ្ចូលនូវ Adaptive Cruise Control, Lane Centering Control, Adaptive Turning Cruise, និង Active Lane Change។

គួរបញ្ជាក់ផងដែរថា ការកក់តាមអ៊ីនធឺណិតសម្រាប់រថយន្តអគ្គិសនីសុទ្ធ Xpeng P5 បានបើកនៅក្នុងប្រទេសដាណឺម៉ាក ហូឡង់ ន័រវេស និងស៊ុយអែត ប៉ុន្តែនៅមិនទាន់ច្បាស់ថានៅពេលណាការដឹកជញ្ចូនដល់អតិថិជននឹងចាប់ផ្តើមនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+