ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Group នឹងឈប់លក់ ៦០% នៃឡានប្រើប្រេងសាំង-ម៉ាស៊ូតនៅអឺរ៉ុប ត្រឹមឆ្នាំ ២០៣០

ក្រុមហ៊ុន Volkswagen Group នឹងកាត់បន្ថយ ៦០ ភាគរយនៃជួររថយន្តប្រើម៉ាស៊ីនប្រេងសាំង-ម៉ាស៊ូតរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបត្រឹមឆ្នាំ ២០៣០ ហើយផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ទៅលើរថយន្តប្រភេទ Premium ដែលអាចរកបានប្រាក់ចំណេញកាន់តែច្រើន។

តួលេខខាងលើនេះតំណាងឲ្យការចាកចេញដ៏សំខាន់ពីយុទ្ធសាស្ត្រផ្តោតលើកំណើន ក្នុងប៉ុន្មានទសវត្សកន្លងមក ដែលបានធ្វើឲ្យក្រុមហ៊ុន Volkswagen Group ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតនៅលើពិភពលោក ក្នុងឆ្នាំ ២០១៥ មុនពេលត្រូវបានវ៉ាដាច់ដោយក្រុមហ៊ុន Toyota ម្តងទៀតនៅឆ្នាំ ២០២០។

ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​អាល្លឺម៉ង់​ខាងលើ ដែល​បច្ចុប្បន្ន​មានរថយន្ត​ជាង ១០០ ម៉ូដែល​នៅ​ទូទាំង​ម៉ាក​យីហោ​ទាំងអស់​នោះ បាននិងកំពុង​ចាប់​ផ្តើម​បញ្ឈប់​ការ​ផលិត​រថយន្ត​ប្រើ​សាំង និង​ម៉ាស៊ូត​រួច​ហើយ ដើម្បី​គាំទ្រ​ដល់​រថយន្ត​ប្រើ​អគ្គិសនី។

ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តថ្មីរបស់ក្រុម Volkswagen Group គឺមិនមែនដោយសារការហាមឃាត់រថយន្តប្រើប្រេងសាំង-ម៉ាស៊ូតនាពេលខាងមុខ នៅក្នុងទីផ្សារភាគខាងលិចធំៗ ទាំងស្រុងនោះទេ ពោលក៏ព្រោះតែកង្វះការផ្គត់ផ្គង់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា កង្វះបន្ទះឈីបជាសកល រួមជាមួយនឹងការកើនឡើងនៃតម្រូវការរថយន្តថ្មី បានអនុញ្ញាតឲ្យម៉ាកល្បីៗដូចជា Mercedes-Benz និង BMW បង្កើនតម្លៃ និងសម្រេចបានប្រាក់ចំណេញកំណត់ត្រាកាលពីឆ្នាំមុន បើទោះបីជាបរិមាណថយចុះក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LS ប្រភេទ Hybrid ឡើងថ្លៃជាង ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] តាមការចុះផ្សាយរបស់វិបសាយ Cars Direct បានឲ្យដឹងថារថយន្ត Lexus LS Hybrid នៅសហរដ្ឋអាមេរិក បានឡើងថ្លៃរហូតដល់ ២១ ០០០ដុល្លារ ដែលធ្វើឲ្យវាថ្លៃជាងរថយន្ត LS ធម្មតាប្រមាណ ៣៦ ០០០ដុល្លារឯណោះ។

ការឡើងថ្លៃនេះធ្វើឲ្យ Lexus LS Hybrid នៅសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ១១២ ០០០ដុល្លារ ដែលជាតម្លៃប្រកួតប្រជែងមួយបើធៀបទៅនឹងរថយន្តគូប្រជែង Mercedes S-Class ដែលមានតម្លៃចាប់ពី ១១១ ១០០ដុល្លារ។

ការឡើងថ្លៃនេះដែរមិនមែនឥតហេតុផលនោះទេ ព្រោះថា LS Hybrid នឹងមានបន្ថែមចំណុចពិសេសៗមកជាស្តង់ដារតែម្ដង។ LS Hybrid នឹងមានមកជាស្តង់ដារនូវប្រព័ន្ធបើកបរប៉ុងពីរ, មានមុខងារ Cruise Control ស្វ័យប្រវត្តិពាក់កណ្ដាលឈ្មោះថា Teammate, មានប្រព័ន្ធជំនួយដល់ការបើកបរដែលទំនើបជាងមុន និងប្រព័ន្ធសុវត្ថិភាព Safety System 2.5+ ថែមទៀតផង។

អ្នកតំណាង Lexus បានបញ្ជាក់ថា LS Hybrid នឹងជាម៉ូដែលតែមួយគត់ដែលមានបំពាក់បច្ចេកវិទ្យាដូចរៀបរាប់ខាងលើមកជាស្តង់ដារ។ បន្ថែមពីនេះវាក៏នឹងមានបំពាក់មុខងារដែលមានក្នុងកញ្ចប់ Luxury Package ដោយមិនត្រូវការចំណាយប្រាក់បន្ថែមឡើយ ដោយក្នុងនោះមានមុខងារបូមខ្យល់, មានរូបភាពដែលបង្ហាញចេញជាប្រភេទ Panoramic និងមានមុខងារ Head-Up Display ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Nissan Z ស៊េរីឆ្នាំ២០២២ បែកធ្លាយតម្លៃលក់មានចាប់ពី៤ម៉ឺនដុល្លារឡើង

[ទីផ្សារបរទេស] តម្លៃលក់នៃរថយន្ត Nissan Z ស៊េរីឆ្នាំ២០២២ នៅប្រទេសជប៉ុន ត្រូវបានលេចធ្លាយលើបណ្ដាញអនឡាញ ដែលបានដកស្រង់ចុះផ្សាយដោយវិបសាយរថយន្តជប៉ុន Creative Trend។

តាមប្រភពខាងលើបានឲ្យដឹងថារថយន្តស្ព័រស៊េរីថ្មីនេះនឹងមានលក់តម្លៃចាប់ពីប្រមាណ ៤២ ៣០០ដុល្លារ ឡើងទៅដល់ប្រមាណ ៥៦ ២៣០ដុល្លារ ដោយមានចែកចេញជាប្រាំប្រភេទផ្សេងៗគ្នា ដែលតម្លៃនេះដែរមានការកើនឡើង ២២% ទៅ ២៤% បើធៀបនឹងរថយន្ត Nissan Z ស៊េរីចាស់។

ផ្អែកតាមប្រភពដដែលបានឲ្យដឹងថារថយន្ត Nissan Z លក់នៅជប៉ុន នឹងមានមកជាស្តង់ដារនូវកង់ទំហំ ១៨អ៉ីញ, មានអេក្រង់នៅចំកណ្ដាលដែលមានទំហំ ៩អ៉ីញ, មានកុងទ័រឌីជីថលទំហំ ១២,៣អ៉ីញ, មានកៅអីអង្គុយជាប្រភេទសាច់កំណាត់, កៅអីអង្គុយអាចកំណត់ដោយប្រើដៃ, មានឧបករណ៍បំពងសំឡេងបួន និងប៊ូតុងចុចបញ្ឆេះរថយន្តជាដើម។ 

រថយន្ត Nissan Z ស៊េរីឆ្នាំ២០២២ នឹងមានប្រើប្រាស់ម៉ាស៊ីនប្រភេទ Twin-Turbocharged ចំណុះ៣,០លីត្រ ៦ស៊ីឡាំង ដែលបានយកពីម៉ាករថយន្តប្រណីតរបស់ Nissan ឈ្មោះថា Infiniti ដែលម៉ាស៊ីននេះភ្ជាប់ជាមួយប្រព័ន្ធប្រអប់លេខដៃ៦វគ្គ ឬប្រអប់លេខអូតូ៩វគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពលរដ្ឋថៃ កាន់តែចាប់អារម្មណ៍ឡានអគ្គិសនី ក្រោយរដ្ឋប្រកាសទម្លាក់ពន្ធ និងលើកទឹកចិត្ត

ការកក់រថយន្តនៅឯព្រឹត្តិការណ៍ Bangkok International Motor Show លើកទី ៤៣ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ បានកើនឡើង ១៣,៦% សរុប ៣៣ ៩៣៦ គ្រឿង ហើយក្នុងនោះរថយន្តអគ្គិសនីបានទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាច្រើន តាមរយៈកញ្ចប់លើកទឹកចិត្តលើរថយន្តអគ្គិសនីរបស់រដ្ឋាភិបាលថៃ។

លោក Jaturont Komolmis អនុប្រធានផ្នែកតាំងបង្ហាញម៉ូតូ និងជានាយកប្រតិបត្តិនៃ Grand Prix International Plc ដែលរៀបចំកម្មវិធី ១២ ថ្ងៃនោះ បាននិយាយថា កំណើននៃការលក់ នៅចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នេះ គឺដោយសារតែយុទ្ធនាការទីផ្សារ និងការផ្សព្វផ្សាយរថយន្តអគ្គិសនីដែលគាំទ្រដោយរដ្ឋ។

លោក​បាន​បន្ត​ថា​៖ «​រថយន្ត​ដែល​ប្រើ​ម៉ាស៊ីន​ប្រើប្រេង នៅ​តែ​គ្រប​ដណ្ដប់​លើ​ការ​កក់​ ​ដែល​មាន​ចំនួន ៣១ ៨៩៦ គ្រឿង​នៃ​ការ​កក់​សរុប​ ពោលគឺ​មាន​ការ​កើន​ឡើង ១៤,៤ ភាគរយ»។

ក្នុងនោះដែរ Toyota ជាប់ចំណាត់ថ្នាក់លេខ១ ដោយមានការបញ្ជាទិញរថយន្តចំនួន ៥ ១២៨ គ្រឿង បន្ទាប់មកគឺ Honda ៣ ០១៩គ្រឿង, Mazda ២ ៩០៦គ្រឿង, Isuzu ២ ៥៩៤គ្រឿង និង Mitsubishi ២ ៥៥៣គ្រឿង។

ដោយឡែកចំពោះការកក់រថយន្តអគ្គិសនីក៏បានកើនឡើង ១០% ដល់ ២ ០៤០ គ្រឿងផងដែរ ដោយក្រុមហ៊ុន SAIC Motor-CP និង MG Sales (Thailand) ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្ត MG ទទួលបានការបញ្ជាទិញខ្ពស់បំផុត បន្ទាប់មកគឺក្រុមហ៊ុនផលិតរថយន្តរបស់ចិន Great Wall Motor (GWM)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញរូបភាព teaser នៃរថយន្តអគ្គសនី Han EV Special Limited Edition មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] កាលពីខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបញ្ចេញរូបភាព teaser នៃរថយន្តអគ្គិសនីនេះ Han EV Special Limited Edition ដែលរថយន្តប្រភេទ sedan មុនពេលបង្ហាញខ្លួនជាផ្លូវនៅថ្ងៃទី ១០​ ខែមេសា ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី BYD HAN EV Special Limited Edition ទទួលបានការរចនារូបរាងជាមួយនឹងតួខ្លួនពណ៌បៃតងថ្មី និងដុំហ្រ្វាំង caliper ពណ៌បៃតង ដែលផ្តល់នៅអារម្មណ៍ប្រណិតភាពនិងទាន់សម័យ។

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងយ៉ាងពិសេសជាមួយនឹងពណ៌បៃតង ទទួលបានបទពិសោធន៍បច្ចេកវិទ្យាទំនើប និងប្រណិតខ្លាំងណាស់ ហើយត្រូវបានបំពាក់ដោយការតភ្ជាប់បណ្តាញឆ្លាតវៃ 5G DiLink 4.0 ដែលគ្របដណ្តប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot និងដៃចង្កូតមុខងារកម្តៅផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី BYD HAN EV Special Limited Edition ត្រូវបានរំពឹងថានឹងមានភ្ជាប់មកជាមួយអាគុយ lithium iron phosphat អាចបើកបរបានចម្ងាយប្រហែល ៥០៦ គីឡូម៉ែត្រ ៥៥០ គីឡូម៉ែត្រ និង ៦០៥​ គីឡូម៉ែត្រក្នុងកាសាកថ្មម្តង។

គួរបញ្ជាក់ផងដែរ សម្រាប់ព័ត៌មានលម្អិតបន្ថែមនៃរថយន្តនេះ ក្រុមហ៊ុន BYD និងធ្វើការបង្ហាញក្នុងថ្ងៃដាក់បញ្ចេញរថយន្តនេះជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំង១០ នេះជាក្រុមហ៊ុនរថយន្តដែលទទួលបានការកក់រថយន្តច្រើនជាងគេ ក្នុងពិរព័ណ៍ Bangkok Motor Show 2022

[ទីផ្សារបរទេស] ក្រុមហ៊ុន Grand Prix International Public Company Limited ដែលជាអ្នករៀបចំព្រឹត្តិការណ៍ពិរព័ណ៍ Bangkok International Motor Show 2022 បានបង្ហាញការលក់រថយន្តថ្មីសរុបចំនួន ៣៣ ៩៣៦ គ្រឿង ដោយរថយន្តទទួលបាន ៣១ ៨៩៦ គ្រឿង និងម៉ូតូ ២​ ០៤០​ គ្រឿង នៅក្នុងព្រឹត្តិការណ៍នេះ កើនឡើង ១៣,៦% បើធៀបនឹងឆ្នាំមុន។ ​ ខាងក្រោមនេះជាម៉ាករថយន្តកំពូលទាំង ១0 ដែលទទួលការកក់ច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ Bangkok Motor Show ឆ្នាំ ២០២២៖

១) Toyota ទទួលបានការកក់រថយន្តចំនួន ៥ ១២៨ គ្រឿង

២) Honda ទទួលបានការកក់រថយន្តចំនួន ៣ ០១៩ គ្រឿង

៣) Mazda ទទួលបានការកក់រថយន្តចំនួន ២ ៩០៦ គ្រឿង

៤) Isuzu ទទួលបានការកក់រថយន្តចំនួន​ ២ ៥៩៤ គ្រឿង

៥) Mitsubishi ទទួលបានការកក់រថយន្តចំនួន ២ ៥៥៣ គ្រឿង

៦) MG ទទួលបានការកក់រថយន្តចំនួន ២ ៣២៤ គ្រឿង

៧) Suzuki ទទួលបានការកក់រថយន្តចំនួន​ ២ ២០៤ គ្រឿង

៨) Mercedes-Benz ទទួលបានការកក់រថយន្តចំនួន ២ ១០២ គ្រឿង

៩) Ford ទទួលបានការកក់រថយន្តចំនួន ១ ៧៩៧ គ្រឿង

១០) Nissan ទទួលបានការកក់រថយន្តចំនួន​ ១ ៦២០ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើមឆ្នាំ២០២២នេះ ឥណ្ឌូនឹស៊ីផ្តួលថៃ ក្លាយជាប្រទេសលក់ឡានបានច្រើនជាងគេបំផុត នៅអាស៊ាន

[ទីផ្សារអាស៊ាន] ក្នុងរយៈពេល ២ខែនៃឆ្នាំ ២០២២ ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារមួយដែលមានចំនួនលក់រថយន្តខ្ពស់ជាងគេបំផុតនៅក្នុងទីផ្សារអាស៊ាន ដោយយកឈ្មោះប្រទេសថៃ និងម៉ាឡេស៊ី ដែលធ្លាប់ជាទីផ្សាររថយន្តធំផងដែរ។

យោងតាមរបាយការណ៍ចេញពី Southeast Asian Automobile Federation បានបង្ហាញថា រយៈពេលចំនួន ២ខែនៃឆ្នាំ ២០២២នេះ រថយន្តសរុបដែលបានលក់នៅប្រទេសឥណ្ឌូនេស៊ីមានចំនួន ១៦៥ ២៩០គ្រឿង ដោយមានចំនួន ៦៣ ១៧៩គ្រឿងខ្ពស់ជាងឆ្នាំមុន កើនឡើង ៦១,៩ភាគរយ។ ខែមករា ចំនួនលក់បានចំនួន ៨៤ ០៦២គ្រឿង និងខែកុម្ភ បានចំនួន ៨១ ២២៨គ្រឿង។

ចំណែកឯចំណាត់ថ្នាក់ទី ២ បានទៅលើប្រទេសថៃ ដោយលក់រថយន្តបានសរុប ១៤៣ ៩៤៤គ្រឿង កើនឡើង ២៦,១ភាគរយបើប្រៀបធៀបជាមួយឆ្នាំមុន។ ក្នុងនោះខែមករាមានចំនួន ៦៩ ៤៥៥គ្រឿង និងខែកុម្ភៈមានចំនួន ៧៤ ៤៨៩គ្រឿង។

រីឯចំណាត់ថ្នាក់លេខ ៣ បានទៅលើប្រទេសម៉ាសឡេស៊ី ដោយលក់បានសរុប ៨៤ ៣០៣គ្រឿង កើនឡើង ៩,៧គ្រឿង ប្រើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។ ជាមួយចំនួននេះ ខែមេសារថយន្តលក់បានចំនួន ៤០ ៥៨១គ្រឿង និងខែកុម្ភៈ ៤៣ ៧៧២គ្រឿង។ វៀតណាមស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ជាមួយចំនួនលក់សរុបបាន ៥៣ ៥៤៤គ្រឿង កើនឡើង ៣៣,៨ភាគរយ និងចំណាត់ថ្នាក់លេខ ៥ បានទៅលើប្រទេសភីលីពីន ដែលមានចំនួនលក់សរុប ៤៥ ០៦៩គ្រឿង កើនឡើង ៩,២ភាគរយ។ ហើយចំនាត់ថ្នាក់លេខ ៦បានទៅលើប្រទេសសឹង្ហបុរី ដែលមានចំនួនលក់ថយចុះ ដោយបានត្រឹម ៦ ៦៦០គ្រឿងប៉ុណ្ណោះ។

ចំណែកឯទីផ្សារប្រទេសមីយ៉ាន់ម៉ា មានចំនួន ២ ១៣៨គ្រឿង ខណៈចំនួនតួរលេខនៅលើទីផ្សារប្រទេសឡាវ កម្ពុជា និងព្រុយនេ គឺពុំមានការបង្ហាញចេញនូវឡើយនោះទេ។

គួររំលឹកផងដែរថា ចំនួនរថយន្តដែលបានលក់នៅលើទីផ្សារទាំង ៧ គឺមានចំនួនសរុប ៥០០ ៩៤៨គ្រឿង ដោយខែមករាមានចំនួន ២៥០ ៤៧៧គ្រឿង និងខែកុម្ភៈមានចំនួន ២៥០ ៤៧១គ្រឿង កើនឡើង ២៦ភាគរយ ប្រើប្រៀបធៀនទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដែលមានចំនួន ៣៩៧ ៤៦៣គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Tang EV ២០២២ សាកថ្មម្តងជិះបាន ៧៣០ គីឡូម៉ែត្រ តម្លៃខ្ទង់ ៥មុឺនដុល្លារ ក្នុងទីផ្សាប្រទេសចិន

[ទីផ្សារបរទេស] កាលពីថ្ងៃទី១ ខែមេសា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី Tang EV ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការរចនារូបរាងឲ្យឈ្មោះថា “Dragon face”  ដែលការលក់ជាមុនបានចាប់ផ្តើមពីពាក់កណ្តាលដល់ចុងខែមេសា ជាមួយនឹងតម្លៃចាប់ពី ៤៤ ០០០ ដុល្លារ ដល់ ៥៥ ០០០ ដុល្លារ។

សម្រាប់រថយន្តអគ្គិសនី Tang EV ជំនាន់ទី ២ នេះជារថយន្តប្រភេទ SUV ខ្នាតកណ្តាល មានប្រវែងសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម ដែលមានការរចនាប្លែក ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED បីគ្រាប់ កាងខាងមុខរចនាថ្មី ចង្កៀង​ក្រោយប្រភេទ LED ដែល​អូស​កាត់​ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាង​ spoiler ខាង​ក្រោយ​មាន​លក្ខណៈ​ស្ព័រ​ ជាមួយ​នឹង​ភ្លើង ruby ​​​ពណ៌​ដូច​រថយន្ត ថាសកង់ស្ព័រទំហំ ២១ អ៊ីញ ស្រោបជាមួយសំបកកង់ប្រភេទ 265/45 R21។

សម្រាប់ផ្នែកនៅខាងក្នុងកាប៊ីនវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ឧបករណ៍បំពងសំឡេង Dynaudio  ការតភ្ជាប់បណ្តាញឆ្លាតវៃ DiLink 4.0 (5G) និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ DiPilot ផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Tang EV ស៊េរីឆ្នាំ ២០២២ មានភ្ជាប់មកជាមួយអាគុយទំហំ ១០៨,៨ គីឡូវ៉ាត់ម៉ោង ហើយប្រភេទម៉ូទ័រអគ្គិសនីចំនួនមួយអាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។ ​ខណៈប្រភេទម៉ូទ័រអគ្គិសនីចំនួនពីរអាចផលិតកម្លាំងបាន ៥១៧ សេះ និងអាចបើកបរបានចម្ងាយ ៦៣៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ជាមួយគ្នានេះ ក៏មានអាគុយទំហំតូចភ្ជាប់ជាមួយម៉ូទ័រចំនួនមួយអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

គួរឲ្យដឹងដែរថា​ សម្រាប់រថយន្តអគ្គិសនី Tang EV ស៊េរីឆ្នាំ ២០២២ មិនត្រឹមតែមានលក់ក្នុងទីផ្សារប្រទេសចិននោះទេ ដោយមានលក់ក្នុងទីផ្សារន័រវេស និងប្រទេសផ្សេងៗទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងជូនដំណឹងដល់អ្នកចូលចិត្ត ឬម្ចាស់យានដ្ឋានកែច្នៃតម្លើងសេរ៊ីឡាន ប្រយ័ត្នក្រសួងមិនចុះបញ្ជីផ្តល់បណ្ណសម្គាល់ ឬបិទផ្អាកសកម្មភាពរកស៊ី

ដោយមើលឃើញពីកំនើននៃការកែច្នៃ និងតម្លើងសេរ៊ីរថយន្តកំពុងមានការកើនឡើង ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែល បានបណ្ដាលឲ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឲ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត និងបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្ដីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដហេតុ ដូចនេះដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព និងការគ្រប់គ្រងយានយន្តលើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការចេញនូវសេចក្តីជូនដំណឹងជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ អោយបានជ្រាបថា៖

១.រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្តដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានដូចជាប្រព័ន្ធចង្កូតប្រព័ន្ធត្រូវសាក្ស៊ីនិងក្រុងតួរនិងគ្មានការអនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូនគឺមិនអនុញ្ញាតឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ បំពាក់ស្លាកលេខយានជំនិះឡើយ

២.យានដ្ឋានកែច្នៃដំឡើងរថយន្តដែលធ្វើសកម្មភាពកែច្នៃដំឡើងពន្ធដារឬជនដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាននិងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើងក្រសួងសាធារណការនិងដឹកជញ្ជូននិងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើ អាជីវកម្មនៅទីតាំងឈាបនដ្ឋាននោះ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមអាននូវសេចក្តីជូនដំណឹងខាងក្រោម៖

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បានទៅព្រឹត្តិការណ៍ពិព័រណ៍នៅពហុកីឡាដ្ឋានជាតិមរតតេជាហើយឬនៅ? ក្រុមហ៊ុន Mitsubishi ក៏មានវត្តមាននៅទីនោះដែរ

ការរៀបចំនៃការត្រៀមស្វាគមន៍ឆ្នាំថ្មីនៃស្ថាប័ន ក្រសួង ឬក្រុមហ៊ុនបាន នឹងកំពុងចាប់ផ្តើម ដោយមានការរៀបចំការប្រគុំតន្រ្តី និងតាំងបង្ហាញផលិតផលផ្សេងៗ ដើម្បីអំណរឆ្នាំថ្មី។ ជាក់ស្តែងដូចជានៅឯពហុកីឡាដ្ឋាន មរតកតេជោ នាពេលនេះបានកំពុងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំ គឺព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសានេះ។

សម្រាប់ព្រឹត្តិការណ៍នេះផ្ទាល់មានការរៀបចំឡើងដោយមានការប្រគុំតន្រ្តី ការប្រលងចម្រៀង ប្រលងបវរកញ្ញាឯកសង្រ្កាន្ត ប្រលងបវរកញ្ញាឯកមជ្ឈឹមវ័យ ការសម្តែងរបាំប្រពៃណីជាតិ និងគុណបុរាណខ្មែរ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍កីឡា និងជាពិសេសពិព័រណ៍យានយន្ត ក្នុងគោលបំណងលើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យកីឡា និងទាក់ទាញមហាជនមកទស្សនាពហុកីឡដ្ឋានជាតិមរតកតេជោ។

ហើយប្រឡេកទៅមើលពិព័រណ៍យានយន្តទាំងមូល គឺមានចូលរួមតាំងបង្ហាញពីក្រុមហ៊ុនរថយន្តល្បីៗ ជាពិសេស ក្រុមហ៊ុន Mitsubishi ក៏បានធ្វើការនាំយកនៅរថយន្គគ្រប់ម៉ូដែលស៊េរីថ្មីដ៏ពេញនិយមរបស់ខ្លួនជាច្រើនទៅកាន់ព្រឹត្តិការណ៍នេះផងដែរ ដោយរួមមានទាំងរថយន្តលក្ខណៈ SUV និងភីកអាប់ផងដែរ ក្នុងនោះរួមមាន៖

១) Mitsubishi Triton ២០២២៖ ជារថយន្តភីកអាប់មានការរចនារូបរាងផ្នែកខាងក្រៅមានភាពស្រស់ស្អាត ទាន់សម័យ និងគួរឲ្យទាក់ទាញ ដោយបានបំពាក់ជាមួយចង្កៀងមុខប្រភេទ Bi-LED ភ្លឺច្បាស់ និងភ្ជាប់ដោយមុខងារបិទ/បើកដោយស្វ័យប្រវតិ្ត ថាសកង់អាលុយមីញ៉ូមទំហំ ១៨អ៊ីញ ចង្កៀងក្រោយប្រភេទ LED និងបានធ្វើឲ្យប្រសើរឡើងប្រព័ន្ធជើងក្រោមដែលកាន់តែធន់​ រឹងមាំ និងងាយស្រួលបន់បែតតាមគ្រប់ស្ថានភាពផ្លូន​វ។

ចំពោះផ្នែកខាងក្នុងនៃរថយន្តវិញ មានកន្លែងអង្គុយធំទូលាយនិងផាសុកភាព ហើយបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ប្រភេទ LCD, កញ្ចក់មើលក្រោយ កាត់ពន្លឺដោយស្វ័យប្រវត្តិ, ម៉ាស៊ីនត្រជាក់ពីរតំបន់ និងប្រព័ន្ធកាំម៉េរាមួយជុំរថយន្តផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbocharged ផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរវិលកង់ទាំងបួន ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦វគ្គ​ ជាមួយកម្រិតស៊ីប្រងប្រហែល ៧-៨​ លីត្រ/១០០ គីឡូម៉ែត្រ។ រថយន្តនេះមានជម្រើសប្រាំពណ៌សម្រាប់ជ្រើសរើស និងមានតម្លៃចាប់ពី ៤៣ ៥០០ ដុល្លារ។

២) Mitsubishi Pajero Sport ២០២២៖ សម្រាប់រថយន្តប្រភេទ SUV នេះ រូបរាងខាងក្រៅមានភាពទាន់សម័យ និងរឹងមាំ ដោយប៉ាណាមុខត្រួវបានរចនាថ្មីទាំងស្រុង ចង្កៀងមុខប្រភេទ Bi-LED ភ្លឺច្បាស់​អាចបិទបើកដោយស្វ័យប្រវត្តិ អមជាមួយភ្លើង LED បំភ្លឺពេលថ្ងៃ និងអំពូលអាចបំភ្លឺតាមចង្កូតពេលបត់ស្តាំឬឆ្វេង, ចង្កៀងក្រោយប្រភេទ LED រចនាថ្មីប្លែក ថាសកង់អាលុយមីញ៉ូម​ទំហំ ១៨អ៊ីញ កញ្ចក់បង្អួចទាំង៤ ប្រភេទ Private Glass, Spoiler ខាងក្រោយក៏បានរចនាថ្មី និងអង់ទែនព្រុយត្រីឆ្លាមអាចបង្កើនសោភ័ណភាពបានមួយកម្រិតទៀត។

ចំពោះផ្នែកខាងក្នុងធំលូលាយ ទំនើប ស៊ីវីល័យ និងប្រកបដោយផាសុកភាព ដោយមានបំពាក់ជាមួយកៅអីបែបស្ព័រ កុងទ័រព័ត៌មាន LCD ទំហំ ៨អ៊ីញ អាចផ្លាស់ប្តូរបាន៣របៀប, អេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ ភ្ជាប់មុខងារ Apple Car Play / Android Auto, ប្រព័ន្ធបញ្ឆេះរថយន្តពុំចាំបាច់ប្រើសោរ, កញ្ជក់មើលក្រោយ កាត់ពន្លឺដោយស្វ័យប្រវត្តិ, ប៊ូតុងមុខងាេបញ្ជានៅដៃចង្កូត និងបញ្ជាដោយសំលេង, កៅអីប្រភេទអូតូទាំងសងខាង បន្ថែមជាមួយកៅអីជួរទី២ និងទី៣ អាចបត់រាបស្មើរបាន អេក្រង់កំសាន្តសម្រាប់កៅអីខាងក្រោយ និងម៉ាស៊ីនត្រជាក់ពីរតំបន់ផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនថ្មីប្រភេទ MIVEC ចំណុះ ២,៤ លីត្រ Turbocharge ផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ និងមាន៥ពណ៌សម្រាប់ជ្រើសរើសមានតម្លៃចាប់ពី ៦៩ ៥០០ ដុល្លារ។

៣) Mitsubishi Xpander ២០២២៖ គឺជារថយន្តលក្ខណៈគ្រួសារប្រភេទ SUV ៧កៅអី មានរូបរាងនៃការឌីស្សាញយ៉ាងទាន់សម័យ ទំនើប ដោយប៉ាណាមុខ ចង្កៀងខាងមុខ និងថាសកង់អាលុយមីញ៉ូមទំហំ ១៦ អ៊ីញត្រូវបានរចនាថ្មី និងចង្កៀងក្រោយជាប្រភេទ LED និងតូខ្លួនរថយន្តទាំងមូលមានការចនាដែលជួយកាត់បន្ថយកំរិតគ្រោះថ្នាក់ក្នុងពេលមានការប៉ះទង្គិច។

សម្រាប់រថយន្តនេះមានផ្នែកខាងក្នុងធំលូលាយ និងផ្តល់នូវផាសុកភាព ដោយមានបំពាក់ជាមួយដៃចង្កូតអេឡិចត្រូនិច និងអេក្រង់កំសាន្ត touchscreen ទំហំ ៦អ៊ីញ រន្ធសាកថ្មចំនួន ៣កន្លែង​ និងកន្លែងដាក់ឥវ៉ាន់មានរហូតដល់ ១២កន្លែង ព្រមទាំងមានម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយផងដែរ។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំង ១០៥ សេះ​ និងកម្លាំងរមួល ១៤១ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ និងមាន៤ពណ៌សម្រាប់ជ្រើសរើសជាមួយតម្លៃចាប់ពី ៣១​ ៩០០ ដុល្លារ។

ទាំងនេះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ ដើម្បីជ្រាបកាន់តែច្បាស់បងប្អូនអាចទៅធ្វើការសាកសួរព័ត៌មានដោយផ្ទាល់នៅស្តង់តាំងបង្ហាញរថយន្ត Mitsubishi ដែលកំពុងតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នៃការតាំងបង្ហាញនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+