ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ KIA EV6 ឈ្នះពានរង្វាន់ Car Of The Year Award 2022 នៅអឺរ៉ុប

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ រថយន្តអគ្គិសនីសុទ្ធ Kia EV6 ជារថយន្តដំបូងរបស់ក្រុមហ៊ុន Kia ដែលបានឈ្នះពានរង្វាន់ Car Of The Year Award 2022 នៅអឺរ៉ុប ដោយពាន​រង្វាន់​នេះ​បើក​ឲ្យ​អ្នក​សារព័ត៌មាន​មក​ពី ​២៣ ​ប្រទេស​នៅ​អឺរ៉ុប បានជ្រើសរើសរថយន្តថ្មីល្អបំផុតក្នុងរយៈពេល ១២ ខែកន្លងមក។

រថយន្តអគ្គិសនីសុទ្ធ Kia EV6 ជារថយន្តអគ្គិសនីទី ៣ ត្រូវបានផ្តល់រង្វាន់នៅឆ្នាំនេះជាមួយនឹង ២៧៩ ពិន្ទុពីគណៈវិនិច្ឆ័យ ដោយបានយកឈ្នះក្រុមហ៊ុន Renault Mégane E-Tech Electric ដែលមាន ២៦៥ ពិន្ទុ ខណៈ Hyundai Ioniq 5 ឈរ​នៅ​លេខ​បី​ដោយ​មាន ២៦១ ពិន្ទុ។ ដោយតាមពីក្រោយ​ដោយរថយន្ត Peugeot 308 មាន ១៩១ ពិន្ទុះ, Skoda Enyaq មាន ១៨៥ ពិន្ទុះ, Ford Mustang Mach-E មាន ១៥០ ពិន្ទុះ និង Cupra Born មាន ១៤៤ ពិន្ទុះ។

ក្នុងនោះ លោក Jason Jeong ប្រធានក្រុមហ៊ុន Kia Europe បាននិយាយថា “វាជាកិត្តិយសដ៏អស្ចារ្យដែលបានឈ្នះពានរង្វាន់ European Car of the Year 2022 ជាមួយនឹង EV6 ដែលជារថយន្ត Kia ដំបូងគេដែលមិនធ្លាប់មានដែលបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ” ។ “EV6 គឺជាសញ្ញាដ៏គួរឲ្យរំភើបនៃអ្វីដែលនឹងមកដល់នៅក្នុងត្រកូលនៃរថយន្តអគ្គិសនីរបស់យើង”។

ទន្ទឹមនឹងនេះពានរង្វាន់ European Car of the Year ត្រូវបានបង្កើតឡើងដោយសមាជិកមកពីក្រុមហ៊ុនរថយន្តចំនួន ៩ នៅក្នុងប្រទេសចំនួន ៩ ហើយមានភាពឯករាជ្យពីក្រុមហ៊ុនផលិតរថយន្ត។ ខណៈ នៅឆ្នាំនេះ ក្រុមនេះបានប្រកាសថាខ្លួននឹងមិនរាប់សន្លឹកឆ្នោតពីសមាជិករុស្ស៊ីរបស់ខ្លួនឡើយ៕

ចំពោះពាន​រង្វាន់​រថយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​បាន​បន្ត​ចាប់​តាំង​ពី​ឆ្នាំ ១៩៦៤ នៅ​ពេល​ដែល​រថយន្ត Rover 2000 បាន​ទទួល​ជ័យ​ជម្នះ និងរថយន្តអគ្គិសនីដំបូងគេដែលឈ្នះពានរង្វាន់គឺ Nissan LEAF ក្នុងឆ្នាំ ២០១១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Landjet រថយន្តអគ្គិសនី ៧កៅអីដ៏ទំនើបរបស់ VW Group ត្រៀមចូលផលិតកម្មឆ្នាំ ២០២៥

[ទីផ្សារបរទេស] Landjet ដែលជាគម្រោងអភិវឌ្ឍន៍រថយន្តអគ្គិសនីមួយស្ថិតនៅក្រោមក្រុមហ៊ុន Volkswagen Group ដែលនឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Audi, Bentley និង Porsche។

សម្រាប់រថយន្តអគ្គិសនី Porches Landjet ទទួលបានការឌីហ្សាញបែបស្ព័រជាមួយទ្វាចំនួន៤ ដែលមានដំបូលទាប។ ហើយរថយន្តអគ្គិសនីនេះត្រូវបានគេរំពឹងថានឹងបំពាក់នូវអាគុយមានសមត្ថភាពខ្ពស់, បច្ចេកវិទ្យាបើកបរដ៏ទំនើប និងជាមួយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៦៥០ គីទ្បូម៉ែត្រ។

លោក Marc Lichte ប្រធានផ្នែករចនានៅក្រុមហ៊ុន Audi បាននិយាយថា រថយន្តអគ្គិសនីនេះ អាចធ្វើឱ្យមានភាពខុសគ្នាទាំងស្រុង ហើយវានឹងធ្វើឱ្យតផ្នែករថយន្តអគ្គិសនីក្រោមក្រុមហ៊ុន Volkswagen Group ។

Landjet គឺជារថយន្តអគ្គិសនីដែលមានកៅអីបីជួរ ដែលអាចផ្ទុកអ្នកដំណើរបានប្រាំពីរនាក់ ហើយការផលិតសម្រាប់រថយន្ត Porsche មិនច្បាស់លាស់នៅទ្បើយទេ។ ប៉ុន្តែក្រុមហ៊ុន Audi និង Bentley នឹងផលិតរថយន្តអគ្គិសនីនេះនៅឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦ ខាងមុខនេះ។ សូមបញ្ជាក់ថា Landjet នឹង​ចូល​ផលិត​នៅ​រោងចក្រ​របស់ Volkswagen Group ក្នុង​ទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM ផ្អាកការនាំចេញរថយន្តទាំងអស់ទៅកាន់ប្រទេសរុស្ស៊ី រហូតដល់មានការជូនដំណឹងបន្ថែម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត General Motors នឹងផ្អាកការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ីបន្ទាប់ពីការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ ចំពោះចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការអនុវត្ត​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​មកលើ​ប្រទេស​នេះ។

ក្រុមហ៊ុនផលិតរថយន្តបានចូលរួមជាមួយក្រុមហ៊ុន Volvo និងក្រុមហ៊ុនផ្សេងទៀតក្នុងការផ្អាកការនាំចេញទៅកាន់ប្រទេសរុស្សី។ ក្នុងនោះ ក្រុមហ៊ុន General Motors លែងដំណើរការរោងចក្រផលិតនៅក្នុងប្រទេសរុស្ស៊ីទៀតហើយ បន្ទាប់ពីលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Avtovaz ដែលឥឡូវនេះគ្រប់គ្រងដោយក្រុមហ៊ុន Renault ។ ទោះជាយ៉ាងណាក៏ដោយ វាដំណើរការក្រុមហ៊ុនលក់សម្រាប់ទីផ្សាររុស្ស៊ី និង CIS ជាមួយនឹងរថយន្តដែលមានប្រភពមកពីអាមេរិកខាងជើង និងកូរ៉េខាងត្បូង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន General Motors នៅតែមានការប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់មានកម្រិត ហើយកំពុងធ្វើការដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះអាជីវកម្ម និងអតិថិជនរបស់ខ្លួន។ ក្នុងនោះ ក្រុមហ៊ុន VW និង Renault ត្រូវបានបង្ខំចិត្តប្រកាសផ្អាកផលិតកម្មនៅសប្តាហ៍នេះផងដែរ។

កាលពីសប្តាហ៍មុនគេហទំព័រ Nexta.tv បានបង្ហោះសារថា GM ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលនឹងផ្អាកការនាំចេញទៅកាន់ប្រទេសរុស្ស៊ី។ រហូត​មក​ដល់​ពេល​នេះ GM គឺ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​បាន​បញ្ជាក់​របាយការណ៍​នោះ​មក​យើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Juke ដាក់លក់ម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រ នៅតំបន់អឺរ៉ុប

[ទីផ្សារបរទេស] កាលពីថ្មីៗនេះក្រុមហ៊ុន Niisan បានធ្វើការប្រកាសថាខ្លួននឹងដាក់លក់នូវរថយន្ត Juke ម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រនៅតំបន់អឺរ៉ុប។

ចំពោះផ្នែកថាមពលនៃរថយន្ត Nissan Juke បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Hybrid ចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនី ២ ដែលមានកញ្ចប់អាគុយ ១,២ គីឡូវ៉ាត់ ផលិតកម្លាំងសរុប ១៦៣ សេះ។

យ៉ាងណាមិញទោះបីជាអាគុយមានទំហំតូចក៏ដោយ ប៉ុន្តែ Nissan បានបញ្ជាក់ថាអាចបើកបរដោយជម្រើស EV Mode បានចម្ងាយ ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

រីឯផ្នែកខាងក្នុងនៃរថយន្ត Nissan Juke ក៏បានបំពាក់នូវអេក្រង់កម្សាន្តទំហំ ៨ អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple Carplay, Android Auto, ការគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ និងឧបករណ៍បំពងសំលេង BOSE ៨ ចំណុចជាដើម។

សូមបញ្ជាក់ថារថយន្ត Nissan Juke មិនត្រូវបានលក់នៅសហរដ្ឋអាមេរិកទេ។ ដោយសារតែវាត្រូវបានជំនួសដោយ Nissan Kicks ទោះយ៉ាងណានៅអឺរ៉ុប Juke នៅតែអាចបន្តបាន ហើយអាចលក់បានច្រើនក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda និយាយថាចង់អភិវឌ្ឍន៍ខ្លួនជាម៉ាកឡានប្រណីតពេញលេញ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បាននិយាយដោយឥតលាក់លៀមថាខ្លួនមានបំណងចង់អភិវឌ្ឍន៍​ម៉ាកសញ្ញាទៅជាម៉ាកសញ្ញារថយន្តប្រណីតមួយក្នុងចំណោមម៉ាករថយន្តប្រណីតដូចជា Mercedes-Benz, Audi និង BMW ជាដើម។

លោក Jeremy Thomson ជាប្រធានក្រុមហ៊ុន Mazda ប្រចាំចក្រភពអង់គ្លេសបាននិយាយប្រាប់ Autocar ថាគោលដៅគឺចង់ផ្លាស់ប្ដូរ Mazda ទៅជាក្រុមហ៊ុនផលិតរថយន្តប្រណីតពេញលេញមួយ។ លោកបាននិយាយបែបនេះថា ៖ “មហិច្ឆតារបស់យើងគឺចង់ក្លាយជាអ្នកជំនួសដ៏មានតម្លៃមួយសម្រាប់ម៉ាករថយន្តប្រណីតពីមុនៗ ហើយមានន័យថាម៉ាករថយន្តប្រណីតដែលមិនមែនជាអាល្លឺម៉ង់”។

ប្រធានក្រុមហ៊ុនរូបនេះបានបញ្ជាក់ផងដែរថា Mazda មិនចង់ក្លាយជាក្រុមហ៊ុនបន្ទាប់ពី Mercedes, BMW ឬ Audi អីនោះទេ ប៉ុន្តែគឺគ្រាន់តែចង់ផ្ដល់ជូនអ្វីថ្មី​សម្រាប់​អ្នកស្វែងរកទិញរថយន្តប្រណីតដែលចង់ផ្លាស់ប្ដូរអារម្មណ៍។ លោកបាននិយាយថាទីផ្សាររថយន្តប្រណីតនៅមិនទាន់ចង្អៀតនៅឡើយទេ អាចឲ្យ Mazda ចូលប្រកួតបាន។

ពេលដែលសួរផ្ទាល់ៗដោយ Autocar ថាតើ Mazda ចង់ក្លាយជា Lexus បន្ទាប់ឬអត់ ប្រធានក្រុមហ៊ុនខាងលើបាននិយាយថា​ “រឿងអ្វីថាមិនចង់” ហើយលោកបានបន្ថែមទៀតថា Lexus គឺជាម៉ាកជប៉ុនតែមួយគត់ដែលអាចប្រកួតប្រជែងនឹងម៉ាករថយន្តអាល្លឺម៉ង់ទាំងបីខាងលើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិតឡាននៅអង់គ្លេសធ្លាក់ចុះជាង ២០% កាលពីខែមករា

[ទីផ្សារបរទេស] ការផលិតរថយន្តនៅចក្រភពអង់គ្លេសបានធ្លាក់ចុះជាង ២០% កាលពីខែមករា បើធៀបនឹងខែមករាឆ្នាំ២០២១កន្លងទៅ។

តួលេខពីសមាគមន៍ផលិត និងជួញដូរយានយន្តហៅកាត់ SMMT បានបង្ហាញថាមានរថយន្តសរុប ៦៨ ៧៩០គ្រឿង បានផលិតនៅចក្រភពអង់គ្លេស នាពេលមួយខែមករា ឆ្នាំ២០២២ ដែលថយចុះចំនួន ១៧ ២៦២គ្រឿង ធៀបនឹងខែមករា ឆ្នាំ២០២១។ នេះជាការធ្លាក់ចុះធំមួយ ព្រោះថាខែមករាឆ្នាំ២០២១ ធ្លាប់ជាខែអាក្រក់ជាងគេមួយសម្រាប់ចក្រភពអង់គ្លេស ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ ការបិទរោងចក្រ និងការរឹតបន្តឹងលើច្បាប់ Brexit ផងដែរ។

មិនមែនតែការផលិតរថយន្តនោះទេដែលបានធ្លាក់ចុះកាលពីខែមករា ដោយក្នុងនោះ SMMT បានបង្ហាញថាការផលិតម៉ាស៊ីនបានធ្លាក់ចុះ ១៥,៩% នៅសល់ត្រឹម ១៤១ ៤៧២គ្រឿងប៉ុណ្ណោះ ដែលក្នុងនោះ ៥០ ៣៣៦គ្រឿងគឺសម្រាប់ទីផ្សារអង់គ្លេស និងសេសសល់ ៩១ ១៣៦គ្រឿងគឺសម្រាប់ការនាំចេញទៅផ្សារអន្តរជាតិ។ កាលពីខែមករាឆ្នាំ២០២១ ម៉ាស៊ីនដែលផលិតបានគឺមាន ១៦៨ ២៥៦គ្រឿង ដោយមាន ៧១ ១២៥គ្រឿង សម្រាប់ទីផ្សារក្នុងស្រុក។

នាយកប្រតិបត្តិនៃ SMMT បាននិយាយថា​ការវិលត្រឡប់មកស្ថានភាពប្រសើរវិញសម្រាប់ការផលិតរថយន្ត និងម៉ាស៊ីននៅអង់គ្លេស អាចកើតមានឡើងក្រោយពី​បញ្ហាអតិផរណា និងបញ្ហានៃការឡើងថ្លៃគ្រឿងបន្លាស់ត្រូវបានដោះស្រាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរូបរាង Mercedes-AMG A45 ឆ្នាំ២០២៣ថ្មី កាន់តែកាច!

ថ្មីៗនេះ គេប្រមាញ់បានរថយន្ត Mercedes-AMG A45 ស៊េរីឆ្នាំ២០២៣ ដែលស្ទើរតែគ្មានអ្វីបិតបាំងតួខ្លួនរបស់វា បង្ហាញឲ្យឃើញនូវការផ្លាស់ប្តូរឌីហ្សាញគួរឲ្យទាក់ទាញ ព្រមទាំងកាប៊ីនខាងក្នុងរបស់វាផងដែរ។

រថយន្ត Mercedes-AMG A45 ឆ្នាំ២០២៣ ថ្មី នឹងផ្លាស់ប្តូរចង្កៀងមុខក្រោយថ្មី ជាមួយនឹងអំពូល full-LED graphics ថ្មីយ៉ាងទាក់ទាញ។ វាក៏នឹងកែកុនកាងមុខក្រោយ ព្រមទាំងប៉ាណាមុខ Panamericana grille ដ៏អំណាចរបស់វាថែមទៀតផង។

ដោយឡែក កាប៊ីនខាងក្នុងរបស់វាក៏ទទួលបានការឌីហ្សាញ និងរៀបចំឡើងវិញ ជាមួយនឹងការបំពាក់អេក្រង់ប្រព័ន្ធកម្សាន្ត MBUX ថ្មី ហើយលែងមាន trackpad ទៀតហើយ។ មិនតែប៉ុណ្ណោះ វាក៏បានប្តូរការឌីហ្សាញដៃចង្កូតថ្មីផងដែរ។

សូមបញ្ជាក់ថា រថយន្ត Mercedes-AMG A45 ថ្មីនេះ នឹងនៅតែរក្សាម៉ាស៊ីនសាំងចំណុះ ២,០លីត្រ twin-turbo ទំហំ ៤ស៊ីឡាំង ដែលមានកម្លាំងដល់ ៤១៥សេះ។ ជាមួយគ្នានេះដែរ វាក៏នឹងប្រើប្រព័ន្ធបើកបរប៉ុងពីរ 4MATIC+ system និងប្រអប់លេខអូតូ ៨វគ្គ AMG Speedshift DCT 8G ដដែលទៀតផង។

រថយន្ត Mercedes-Benz ត្រកូល A-Class ថ្មីនេះត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២២ នេះតែម្តង ជាមួយនឹងម៉ូដែល AMG A35 និង AMG A45៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz គ្រោង​នឹង​មាន​ឡានអាច​បើកបរ​ស្វ័យ​ប្រវត្តិ​ “កម្រិត៣” ​ក្នុងឆ្នាំនេះ

ក្នុងការប្រណាំងប្រជែងដើម្បីឈានទៅដល់កម្រិតស្វ័យភាពកម្រិត ៣ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Mercedes-Benz សង្ឃឹមថា នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ជាមួយនឹងប្រព័ន្ធ Drive Pilot របស់ពួកគេ។

បើយោងតាមលោក Ola Kallenius ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុន Mercedes-Benz បានឲ្យដឹងថា បន្ទាប់ពីទទួលបានការយល់ព្រមសម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែធ្នូ ឆ្នាំ ២០២១ ឥឡូវនេះក្រុមហ៊ុនសង្ឃឹមថានឹងអាចដំណើរការវានៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំ ២០២២ នេះតែម្តង។

គួរបញ្ជាក់ឲ្យដឹងសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ ប្រព័ន្ធបើកស្វ័យប្រវត្តិ Society of Automotive Engineers (SAE) ដោយវាមានរហូតដល់ទៅ ៦ កម្រិតនៃស្វ័យភាពយានយន្តពី កម្រិត០ ដល់ កម្រិត៥ ដោយ កម្រិត០ គឺជាយានជំនិះដែលគ្រប់គ្រងទាំងស្រុងដោយអ្នកបើកបរ និង កម្រិត៥ គឺគ្រប់គ្រងទាំងស្រុងដោយយានយន្តខ្លួនឯង។

សូមបញ្ជាក់ថា យានជំនិះកម្រិតទី៣ ដូចជារថយន្តដែលបំពាក់ដោយប្រព័ន្ធ Drive Pilot របស់ Mercedes នឹងអនុញ្ញាតឲ្យអ្នកបើកបរប្រគល់ការគ្រប់គ្រងលើយានជំនិះ ប៉ុន្តែនឹងតម្រូវឲ្យពួកគេធ្វើសកម្មភាពនៅពេលដែលចាត់ទុកថាចាំបាច់។

កម្រិតទី៣ នេះដែរ ក៏សម្គាល់ការផ្លាស់ប្តូរយ៉ាងច្បាស់ពីជំនួយអ្នកបើកបរសាមញ្ញ ទៅជាប្រព័ន្ធបើកបរស្វ័យភាពពិតប្រាកដ ហើយដូច្នេះ Mercedes និយាយថា អ្នកបើកបរអាចដកដៃរបស់ពួកគេទាំងស្រុងពីដៃចង្កូត ហើយចូលរួមដោយសេរីនៅក្នុង “សកម្មភាពបន្ទាប់បន្សំមួយចំនួន” ដែលអាចរួមបញ្ចូលអ្វីៗដូចជាការមើលភាពយន្តជាដើម, ផ្ញើអ៊ីម៉ែល និង​ទំនាក់ទំនងជាមួយមិត្តរួមការងារជាដើម។

យ៉ាងណាមិញ បច្ចុប្បន្ន Drive Pilot អាចដំណើរការក្នុងល្បឿនរហូតដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវហាយវ៉េអាល្លឺម៉ង់មួយចំនួនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Explorer ២០២២ ឡើងថ្លៃដល់ ៨ ៧៦៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសវៀតណាម

[ទីផ្សារបរទេស] បន្ទាប់ពីការបង្ហាញអស់រយៈពេលជាងមួយខែកន្លងមក ពេលនេះ ក្រុមហ៊ុន Ford Vietnam បាននាំយក រថយន្ត Ford Explorer ស៊េរីឆ្នាំ២០២២ ត្រូវបាននាំយកទៅឲ្យកាន់អ្នកចែកចាយនៅទីក្រុងហូជីមិញ។ ក្នុងនោះចំនួន​រថយន្ត​ដែល​យក​មក​​មាន​ចំនួន​តិច​ណាស់​បើ​ធៀប​នឹង​ចំនួន​អតិថិជន​ដែល​បាន​កក់​ទុក។

នៅ​សាខា​ក្រុមហ៊ុន Ford Phu My branch ចំនួន​រថយន្ត​ដែល​នាំ​មក​ដល់​​លើក​ដំបូង​មាន​៦​ពណ៌​។ លោក Duc Nguyen (អ្នកប្រឹក្សាផ្នែកលក់) បាននិយាយទៅកាន់គេហទំព័រ Zing New ថា ចំនួនអតិថិជនសរុបដែលបញ្ជាទិញ Explorer ស៊េរីឆ្នាំ​ ២០២២ មានរហូតមកដល់ពេលនេះមានជាង ៤០ នាក់។

ក្នុងនោះ លោក Duc Nguyen ក៏​បាន​ចែក​រំលែក​ផង​ដែរ​ថា ប្រសិន​បើ​អ្នក​បញ្ជា​ទិញ​បច្ចុប្បន្ន អ្នក​ត្រូវ​រង់​ចាំ​យ៉ាង​ហោច​ណាស់​ខែ​ក្រោយ​ទើប​មាន​រថយន្ត​មក​ប្រគល់ជូន។​ ទន្ទឹមនឹងនេះ លោក បានបន្ថែមថា “អតិថិជនដែលកក់រថយន្តក្នុងខែនេះត្រូវចំណាយប្រាក់ ៨៧ ៦៦ ដុល្លារបន្ថែមទៀតសម្រាប់ទិញរថយន្តនេះ ដោយធ្វើរថយន្តនេះមានតម្លៃ ១១០ ២៧៨ ដុល្លារ​ ដល់ ១១២ ៤៦៩ ដុល្លារ។

រថយន្ត Explorer ស៊េរីឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost turbocharged ផលិតកម្លាំងបាន ៣០១ សេះ និងកម្លាំងរមួល​ ៤៣១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ និងប្រព័ន្ធបើកបរ four-wheel-drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនីរបស់អឺរ៉ុប សាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៤០ គ.ម តម្លៃខ្ទង់ជិត ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Super បានបញ្ចេញនូវម៉ូតូអគ្គិសនី Soco CU mini ប្រភេទ Scooter ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៤០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប។

ម៉ូតូអគ្គិសនី Super Soco CU mini មានទំហំប្រវែង ១៦៥៥ មម, ទទឺង ៦៩៥, កម្ពស់ ១០៨៣ មម និងទម្ងាន់ ៥០ គីទ្បូក្រាមប៉ុណ្ណោះ។ បន្ថែមពីនេះទទួលបានការឌីហ្សាញគួរឱ្យទាក់ទាញត្រង់រូបរាងបែបសាមញ្ញាដោយវាបានបំពាក់នូវកុងទ័រឌីជីថល LCD អាចភ្ជាប់ជាមួយទូរស័ព្ទ និងប្រព័ន្ធ GPS navigation, Smart keys និង រន្ធសាក USB ដ៏ទំនើបផងដែរ។

សម្រាប់ម៉ូតូអគ្គិសនី Super Soco CU mini ប្រើប្រាស់ម៉ូទ័រ ៦០០ វ៉ាត់ ដែលអាចបង្កើតល្បឿនបរិមាណ ៤២ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលម៉ូតូនេះបំពាក់នូវអាគុយប្រភេទថ្មលីចូម ៧ គីទ្បូក្រាម ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៤០ គីទ្បូម៉ែត្រ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះម៉ូតូអគ្គិសនី Super Soco CU mini ត្រូវបានដាក់លក់ក្នុងតម្លៃ ១ ៨៩៩ ដុល្លារសម្រាប់ទីផ្សារនៅតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+