ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងចាប់ផ្តើមផលិត Model Y នៅអាល្លឺម៉ង់ នាខែវិច្ឆិកា ឬខែធ្នូ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហើបថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន នឹងចាប់ផ្តើមផលិតរថយន្ត Model Y នៅឯរោងចក្រ Gigafactory ថ្មីរបស់ខ្លួន នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ មុនដំណាច់ឆ្នាំនេះ។

លោក Musk បាននិយាយទៀតថា ផលិតកម្មគួរតែចាប់ផ្តើមនៅខែវិច្ឆិកា ឬខែធ្នូ ឆាប់ៗខាងមុខនេះតែម្តង។ លោក Musk បានបន្ថែមថា ការផ្តល់ជូនរថយន្ត Model Y ដែលផលិតនៅអាល្លឺម៉ង់ ឲ្យអតិថិជនដំបូង ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែធ្នូ។

លោក Musk សង្ឃឹមថា រោងចក្រនោះនឹងផលិតរថយន្តពី ៥ ០០០ ទៅ ១០ ០០០ គ្រឿងក្នុងមួយសប្តាហ៍ នៅចុងឆ្នាំ ២០២២ ប៉ុន្តែបានបញ្ជាក់ថា វានឹងចំណាយពេលយូរដើម្បីឈានដល់ការផលិតបរិមាណច្រើន ជាងពេលសម្រាប់សាងសង់រោងចក្រ។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla មានបំណងផលិតរថយន្ត Model Y រហូតដល់ ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានបុគ្គលិករហូតដល់ ១២ ០០០ នាក់នៅរោងចក្រនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Kia EV6 ត្រៀមដាក់លក់នៅប្រទេសក្បែរខាងកម្ពុជាឆ្នាំក្រោយនេះ

Thaco Auto ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Kia នៅវៀតណាម បានប្រកាសកាលពីថ្មីៗកន្លងទៅនេះអំពីផែនការដាក់លក់រថយន្តអគ្គិសនី EV6 នៅលើទីផ្សារប្រទេសវៀតណាមនៅត្រីមាសទី២ឆ្នាំក្រោយនេះ។

ប្រសិនបើផែនការអាចប្រព្រឹត្តិទៅដូចការគ្រោងទុក នោះ EV6 នឹងជារថយន្តអគ្គិសនីទី៣ដែលមានដាក់លក់នៅវៀតណាម បន្ទាប់ពីរថយន្ត Porsche Taycan និងរថយន្ត VinFast e34។

យ៉ាងណាក្ដី ក្រុមហ៊ុនមិនបាននិយាយអំពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនីនោះទេ ជាពិសេសទាក់ទងនឹងស្ថានីយសាកភ្លើង រួមទាំងការកំណត់តម្លៃលក់ផងដែរ។

EV6 គឺជារថយន្តអគ្គិសនីដំបូងគេរបស់ Kia ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ដោយនៅកូរ៉េខាងត្បូងនៅថ្ងៃដំបូងមានអ្នកកុម្ម៉ង់ទិញរហូតដល់ ២១ ០០០គ្រឿង។ នៅសហរដ្ឋអាមេរិកឯណោះក៏ទទួលបានការចាប់ចិត្តខ្លាំង ដែល​តម្លៃនៅសហរដ្ឋអាមេរិកសម្រាប់ដាក់លក់ចាប់ពីដើមឆ្នាំ២០២២ គឺមានចាប់ផ្ដើមពី ៥៨ ៥០០ដុល្លា។

គួរដឹងថារថយន្តនេះអាចសាកភ្លើងពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី តាមរយៈដុំសាកល្បឿនលឿន ដែលមានន័យថាសាក ៥នាទី អាចបើកបរបានចម្ងាយ ១១៣គីឡូម៉ែត្រ ខណៈ​ដែលចម្ងាយបើកបរពេលសាកមួយពេញគឺប្រមាណ ៤៨២គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 3 និង Level 4 លើឆាកអឺរ៉ុប

Honda បានឲ្យពិភពលោកឃើញអំពីការអភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​បើកបរស្វ័យប្រវត្តិពាក់កណ្ដាល Level 3 និង Level 4 របស់ខ្លួននៅក្នុងកម្មវិធី ITS World Congress ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។

ក្នុងកម្មវិធីនេះ Honda បានបង្ហាញបច្ចេកវិទ្យារបស់ខ្លួនតាមរយៈរថយន្តម៉ូដែល Legend ចំនួនបួនគ្រឿង ដែលក្រុមហ៊ុនបានឲ្យដឹងថាខ្លួនកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងមុខងារ “Traffic Jam Chauffeur” និងមុខងារ “Motorway Chauffeur” នៅអឺរ៉ុប។

Honda បានធ្វើតេស្តមុខងារទាំងពីរនៅលើទឹកដីអឺរ៉ុបក្នុងរយៈចម្ងាយ ២៥ ៩០០គីឡូម៉ែត្ររួចមកហើយ ដែលបច្ចេកវិទ្យាទាមងពីរនេះ​គឺធ្វើការសង្កេតមើលស្ថានភាពចរាចរណ៌​លើ​ដងផ្លូវ ដើម្បីអាចកាន់កាប់​ចង្កូតរថយន្តពេញ​ទី​នៅពេលដែល​ប្រព័ន្ធគិតថាមានសុវត្ថិភាព។

រថយន្ត Honda Legend Hybrid EX ដែលដាក់លក់នៅជប៉ុន មានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 3 ដែលអាចឲ្យអ្នកបើកបរលែងដៃបាន ប៉ុន្តែ Honda មានបំណងចង់អភិវឌ្ឍន៍​បច្ចេកវិទ្យានេះបន្ថែមទៀត។

កន្លងមក Honda បានបណ្ដាក់ទុន​យ៉ាងធំ​លើការស្រាវជ្រាវនិងអភិវឌ្ឍន៍​បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ហើយកាលដើមឆ្នាំក្រុមហ៊ុនបានប្រកាសពីផែនការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៌​ធ្ងន់ដែល​កើតមានឡើងដោយជាប់ពាក់ព័ន្ធរថយន្ត Honda នៅលើសកលលោក ដែលមានបំណងសម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០៥០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញ Hiliux GR Sport ឆ្នាំ២០២២ លើទីផ្សារប្រទេសកំណើតខ្លួន

ត្រកូលនៃរថយន្ត Toyota Hiliux ឆ្នាំ២០២២ បានទទួលស្វាគមន៍សមាជិកថ្មី នៃម៉ូឌែល GR Sport ជាផ្លូវការ សម្រាប់ប្រទេសជប៉ុន។

នៅលើទីផ្សារប្រទេសជប៉ុន Hiliux GR Sport ឆ្នាំ២០២២ ទទួលបានអត្ថសញ្ញាណរបស់ខ្លួនពីរថយន្ត Hiliux GR Sport នៅក្នុងប្រទេសថៃ ដែលបានបង្ហាញចេញកាលពីខែសីហាកន្លងទៅ។ សម្រាប់ការផ្លាស់ប្តូរផ្នែកខាងក្រៅនៃរថយន្ត គឺកង់នៃរថយន្ត ដោយបានពង្រីកប្រវែងទទឺងចំនួន ៤៥មីលីម៉ែត្រ បន្ថែមជាមួយការបំពាក់ដោយប៉ាណាខាងមុខពណ៌ខ្មៅ, អក្សរឡូហ្គូ Toyota នៅចំកណ្តាល, ថាសកង់ទំហំ ១៨អ៊ីញ អមដោយដុំហ្រ្វាំងពណ៌ក្រហម និងកាងក្រោយពណ៌ខ្មៅផងដែរ។

ចូលទៅកាន់ផ្នែកខាងក្នុង វាបទទួលបានឌីស្សាញថ្មីកាន់តែទាក់ទាញ ជាមួយកៅអីស្បែកអមដោយផ្នេរពណ៌ក្រហម, ឡូហ្គូ GR នៅលើ Headrest(ក្បាលកៅអី) និងដៃចង្កូត, ឈ្នាន់ជើងប្រភេទអាលុយមីញ៉ូម, ប៊ូតុង GR Start/ Stop និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ។

រថយន្ត Hiliux GR Sport ឆ្នាំ២០២២ ដំណើរដោយម៉ាស៊ីចំណុះ ២,៤លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៤៧សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គយ សម្រេចកែសម្រួលតម្លៃពន្ធ លើរថយន្តគ្មានពន្ធ និងអាករមានស្រាប់ រហូតដល់ ២០ភាគរយ

នាថ្ងៃទី​១២ ខែតុលាឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការចេញលិខិតសម្រេច ការកែសម្រួលតារាងតម្លៃគិតពន្ធ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និងអាករនាំចូលមានស្រាប់ក្នុងប្រទេស បន្ទាប់ពីសង្កេតឃើញមានរថយន្តមួយចំនួន ជាពិសេស​ប្រភេទ ដែលមាន​ឆ្នាំ​ម៉ូ​ដែល ក្រោម​ឆ្នាំ​២០១៦ មាន​សភាព​ចាស់ ហើយ​ម្ចាស់​មាន​បញ្ហាលំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ និង​ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការបង់​ពន្ធអាក​រលើ​រថយន្ត​មាន​ស្រាប់​ក្នុងប្រទេស​កាន់តែ​មាន​ភា​ពរ​លូន ប្រកបដោយ​សមធម៌​។

ជាមួយលិខិតសម្រេចដែលបានចេញនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសម្រេចថ្មីទៅលើរថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ និង​អាករ​នាំចូល មាន​ស្រាប់​ក្នុងប្រទេស ត្រូវ​បន្ធូរបន្ថយ​តម្លៃ​គិត​ពន្ធគយ លើ​តម្លៃ​រថយន្ត​ចង្កូត​ឆ្វេង តាម​ឆ្នាំ​ម៉ូ​ឌែល ៣​ប្រភេទគឺ៖​

១. ​ឆ្នាំ​ម៉ូ​ឌែលចាប់ពី​ឆ្នាំ​២០១៥ ចុះបន្ថយ ២០%​។

២. ឆ្នាំ​ម៉ូ​ឌែលចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ២០១៨ បន្ថយ ១៥%។

៣. ​ឆ្នាំ​ម៉ូ​ឌែលចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ បន្ថយ ១០%​។​

​បន្ថែមពីនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏បាន​កំណត់ថា ចំពោះ​រថយន្ត​ស្ទួ​ច​ធុន​ធ្ងន់ ដែលមាន​ទម្ងន់​សុទ្ធ​លើសពី ២០​តោន ត្រូវបាន​លើកលែង​ការតម្រូវ​ឲ្យ​កែ​ចង្កូត ពីស្តាំ ទៅ​ឆ្វេង​ (យោងតាម​លិខិត ចុះ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ)​៕

ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្តីសម្រចខាងក្រោម

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren ចុះប៉ាតង់ឈ្មោះឡានថ្មី ៣ម៉ូឌែល ទំនងសម្រាប់ Supercar ថ្មីរបស់ខ្លួន

ក្រុមហ៊ុនផលិតរថយន្តទំនើបរបស់អង់គ្លេស McLaren បានធ្វើការចុះប៉ាតង់ឈ្មោះថ្មីរហូតចំនួន ៣ម៉ូឌែល សម្រាប់រថយន្ត Supercar ដែលត្រៀមខ្លួនមកដល់នាពេលឆាប់ៗខាងមុខ។

យោងតាមគេហទំព័ររថយន្ត CarBuzz បានបង្ហាញថាឈ្មោះ Solus, Aeron និង Aonic ត្រូវបានចុះប៉ាតង់ឈ្មោះកម្មសិទ្ធ នៅការិយាល័យកម្មសិទ្ធបញ្ញាចក្រភពអង់គ្លេស ក្រោមថ្នាក់ទី១២ (Class 12) សម្រាប់រថយន្ត គ្រឿងបរិក្ខា និងគ្រឿងបន្លាស់។

គួររំលឹកផងដែរថាកាលពីខែកុម្ភៈកន្លងទៅ លោក Roger Ormisher អនុប្រធានផ្នែកទំនាក់ទំនង និង PR របស់ McLaren បានថា ការសម្រេចចិត្តបន្ថែមលើការដាក់ឈ្មោះម៉ូឌែលថ្មីពុំទាន់បានធ្វើនៅឡើយ ដោយក្នុងចំណោមរថយន្ត Supercar ម៉ូឌែល Artura កូនកាត់ Hybridថ្មី នឹងត្រូវបានទទួលមកពីឈ្មោះ Mc Laren Alphanumeric។

សម្រាប់តម្រុយឈ្មោះម៉ូឌែលថ្មីនេះ ពាក្យថា Solus មានន័យថា ម្នាក់ឯង ឬ Alone ហើយវាប្រហែលជាអាចបង្ហាញខ្លួនជាមួយកៅអីតែមួយ ដូចគួរប្រជែង Ferrari Monza SP1។ ចំណែកពាក្យថា Aeron មានន័យថា របស់ពីរ ឬ Couple of Things៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូន SUV របស់ Kia ដាក់លក់តម្លៃជាង ២ម៉ឺនដុល្លារស្ដើង នៅវៀតណាម

ក្រុមហ៊ុន Kia ប្រចាំប្រទេសវៀតណាមបានបង្ហាញចេញរថយន្ត Kia ជាច្រើនម៉ូដែលសម្រាប់ទីផ្សារវៀតណាម ដែលក្នុងនោះក៏មានរថយន្ត SUV ខ្នាតតូចម៉ូដែល Kia Sonet ផងដែរ។

រថយន្តនេះមានចែកចេញជាបួនប្រភេទ សម្រាប់ដាក់លក់លើទីផ្សារវៀតណាម ដោយមានតម្លៃចាប់ផ្ដើមពីប្រមាណ ២១ ៩២០ដុល្លារ រហូតដល់ប្រមាណ ២៦ ៧៥០ដុល្លារ។

Kia Sonet នេះមានប្រើប្រាស់ម៉ាស៊ីនប្រភេទ Smartstream ដែលមានចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១១៣សេះ ហើយវាមានប្រើប្រាស់ប្រអប់លេខដៃ៦វគ្គ និងជម្រើសប្រអប់លេខ CVT ដែលមានឈ្មោះថា Smartstream IVT។

រចនាបថខាងក្នុងនៃរថយន្តនេះមានលក្ខណៈស្រដៀងនឹងរថយន្ត Sorento ដែរ ដូចជានៅទីតាំងអេក្រង់, ម៉ាស៊ីនត្រជាក់, ប៊ូតុងបញ្ជានៅចំកណ្ដាល ប៉ុន្តែវាមានអេក្រង់ចំនួនពីរ ដោយអេក្រង់មួយទំហំ ៣,៥អ៉ីញ និងអេក្រង់មេទំហំ ១០,២៥អ៉ីញ។

ប្រភេទទំនើបនៃរថយន្តនេះគឺមានបំពាក់នូវមុខងារ Smart Key, មុខងារបញ្ឆេះរថយន្តពីចម្ងាយ, មានដំបូលកញ្ចក់, កញ្ចក់​មើល​ក្រោយ​អាចកាត់ចំណាំងផ្លាតដោយស្វ័យប្រវត្តិ និងមុខងារពិសេសៗដទៃទៀតផងដែរ។ រថយន្តនេះក៏មានបំពាក់ពោងសុវត្ថិភាពចំនួន៦, មានហ្វ្រាំង ABS, មុខងារ EBD, កាមេរ៉ាមើលក្រោយ, មាន Sensor មុខក្រោយ និង Sensor វាស់សម្ពាធកង់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Chevrolet Bolts ត្រូវហាមឃាត់មិនឲ្យចតនៅព្រលានយន្តហោះ ព្រោះហេតុផលមួយនេះ

ខណៈពេលដែលការប្រមូលយកចូលរោងចក្រវិញរបស់ក្រុមហ៊ុន General Motors សម្រាប់រថយន្ត Chevrolet Bolt EV នៅតែបន្ត ព្រលានយន្តហោះមួយឈ្មោះថា Northwest Arkansas National Airport នៅរដ្ឋ Arkansas កំពុងមានការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពខុសពីធម្មតា ដើម្បីការពារសាធារណជន ពីរថយន្តអគ្គិសនីខាងលើ ដែលអាចឆេះជាយថាហេតុបាន។

ដូចដែលបានឃើញតាមរយៈស្លាកខាងលើ ព្រលានយន្តហោះនោះបានសរសេរថា “ដើម្បីសុវត្ថិភាពអតិថិជន៖ ដោយសារក្រុមហ៊ុន General Motors ហៅរថយន្ត Chevrolet Bolt EV ត្រលប់ទៅវិញ ដូច្នេះម្ចាស់រថយន្តត្រូវបន្តទៅបន្ទប់គិតលុយធំ ដើម្បីទទួលបានការណែនាំ សម្រាប់កន្លែងចត។ សូមអរគុណចំពោះការអនុលោមរបស់អ្នក! “។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរបស់ព្រលានយន្តហោះខាងលើ បានបញ្ជាក់ថា ស្លាកសញ្ញានោះត្រូវបានដាក់ចាប់តាំងពីថ្ងៃទី ៣ ខែតុលាមក។

យ៉ាងណាមិញ ក្រុមហ៊ុន General Motors ក៏ណែនាំទៅដល់ម្ចាស់រថយន្តផងដែរថា កំណត់ការសាកភ្លើងត្រឹម ៩០ ភាគរយបានហើយ, សាករថយន្តឲ្យបានទៀងទាត់ និងចៀសវាងកុំឲ្យអស់ថ្មក្រោម ៧០ ម៉ាយល៍។ ដោយសារហានិភ័យនៃការឆាបឆេះ ដូច្នេះម្ចាស់រថយន្ត Bolt EV កំពុងត្រូវបានក្រុមហ៊ុន General Motors ព្រមានថា កុំទុកឲ្យរថយន្ត Bolt EV របស់ពួកគេបញ្ចូលភ្លើងក្នុងផ្ទះមួយយប់ចោល និង ចតចោលនៅខាងក្រៅភ្លាមៗបន្ទាប់ពីសាកថ្មរួច។

គួរឲ្យដឹងដែរថា ចាប់តាំងពីរថយន្ត Bolt EV ត្រូវបានឆាបឆេះដំបូង កាលពីខែសីហាឆ្នាំមុនមក ក្រុមហ៊ុន General Motors បានហៅរថយន្ត Bolt EV ដែលត្រូវបានផលិតនៅចន្លោះស៊េរីឆ្នាំ ២០១៩-២០២១ ត្រលប់មកវិញ ហើយនឹងផ្លាស់ប្តូរអាគុយថ្មីឲ្យគ្រប់ម៉ូដែលតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ផ្តួលម៉ាកអាល្លឺម៉ង់ Audi និង Mercedes-Benz សន្លប់ឈឹង!

ជារៀងរាល់ឆ្នាំ គិតត្រឹមពេលនេះ យើងអាចដឹងកាន់តែច្បាស់ថាក្រុមហ៊ុនផលិតរថយន្តមួយណា នឹងលេចចេញជាម៉ាកប្រណីតដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក។

គួររំលឹកឲ្យដឹងដែរថា កាលពីឆ្នាំមុន BMW ឈរនៅលំដាប់កំពូល លើ Mercedes-Benz និង Lexus។ ប៉ុន្តែផ្អែកលើលទ្ធផលត្រីមាសទី៣ ឆ្នាំ ២០២១ នេះ Lexus កំពុងតែផ្តួលម៉ាកអាល្លឺម៉ង់លែងឲ្យតដៃតែម្តង។

សម្រាប់ត្រីមាសទី ៣ នៃឆ្នាំនេះ ក្រុមហ៊ុន Lexus បានលក់រថយន្តដាច់សរុបចំនួន ៨១ ០៩៣ គ្រឿង ខណៈពេលដែលម៉ាក BMW លក់រថយន្តបានត្រឹមចំនួន ៧៥ ៦១៩ គ្រឿងប៉ុណ្ណោះ។ ដោយឡែក ក្រុមហ៊ុន Mercedes ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការលក់រថយន្តដឹកអ្នកដំណើរបានចំនួន ៥៥ ១៣០ គ្រឿង ហើយ Audi អាចលក់បានតែ ៤១ ០១៩ គ្រឿងប៉ុណ្ណោះ។

យ៉ាងណាមិញ ការលក់របស់ម៉ាក BMW បានកើនឡើង ៨,៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយ Lexus បានមើលឃើញការកើនឡើង ៧,៧% ប៉ុន្តែទាំងម៉ាក Mercedes និង Audi បានបង្ហាញពីការធ្លាក់ចុះវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី MG សាកម្ដងជិះបាន៤០០គ.ម ដាក់លក់តម្លៃចាប់ពីជាង៤ម៉ឺនដុល្លារនៅអឺរ៉ុប

ក្រុមហ៊ុន MG Motor ប្រចាំតំបន់អឺរ៉ុបបានប្រកាសចេញលក់រថយន្តអគ្គិសនី MG Marvel R Electric ជាផ្លូវការ ក្រោយពីបានពន្យារពេលអស់ជាច្រើនខែរួចមក។

លើទីផ្សារអឺរ៉ុប រថយន្តនេះមានតម្លៃចាប់ពីប្រមាណ ៤៦ ៣០០ដុល្លារ សម្រាប់ប្រភេទ Comfort ហើយតម្លៃសម្រាប់ប្រភេទ Luxury គឺប្រមាណ ៥០ ៩០០ដុល្លារ ខណៈ​តម្លៃសម្រាប់ប្រភេទ Performance គឺប្រមាណ ៥៥ ៥៦០ដុល្លារ។

រថយន្តនេះមានចែកចេញជាបីប្រភេទដូចបានរៀបរាប់ខាងលើ ដែលវាមានបំពាក់ដោយអាគុយចំណុះ ៧០គីឡូវ៉ាត់ម៉ោងដូចគ្នា ដែលប្រភេទប្រើម៉ូទ័រភ្លោះអាចបើកបរបានចម្ងាយដល់ ៤០២គ.ម ហើយប្រភេទប្រើម៉ូទ័របី អាចបើកបរបានចម្ងាយ ៣៧០គ.ម។

ម៉ូទ័រភ្លោះអាចផលិតកម្លាំងបាន ១៧៧សេះ ដែលអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៧,៩វិនាទី ខណៈ​ដែលម៉ូទ័របីអាចផលិតកម្លាំងបានសរុប ២៨៤សេះ ដែលអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤,៩វិនាទីប៉ុណ្ណោះ។

គួរដឹងដែរថាអាគុយរបស់រថយន្ត Marvel R Electric នេះអាចសាកពី ៥ ដល់ ៨០% ក្នុងពេល ៤៣នាទីប៉ុណ្ណោះ ហើយអាគុយរបស់វាក៏មានមុខងារដែលអាចផ្ដល់ថាមពលដល់គ្រឿងអេឡិចត្រូនិក​នានា​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+