ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីខ្នាតតូច តម្លៃថោកបំផុតលើលោក កាន់តែលក់ដាច់ខ្លាំងក្នុងខែកញ្ញា

រថយន្តអគ្គិសនីខ្នាតតូច ដែលលក់ដាច់បំផុតរបស់ប្រទេសចិន គឺ Wuling Hong Guang MINI EV នៅតែបន្តលក់ដាច់ច្រើនខ្លាំងដដែល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងខែកញ្ញា បរិមាណសរុបនៃរថយន្ត Wuling Hong Guang MINI EV ដែលលក់ចេញមានចំនួន ៣៥ ១៦៩ គ្រឿង ពោលគឺកើនឡើង ១៤៣% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាលទ្ធផលល្អបំផុតមួយនៅឆ្នាំនេះ។

បើប្រៀបធៀបទៅ រថយន្តខ្នាតតូចនេះលក់ដាច់ជាងរថយន្ត Tesla Model Y និង Tesla Model 3 ទៅទៀត ដោយទាំងពីរម៉ូដែលនេះលក់ដាច់បានត្រឹម ៣៣ ០៣៣គ្រឿង និង ១៩ ១២០គ្រឿងប៉ុណ្ណោះ កាលពីខែមុន។

បើយោងតាមទិន្នន័យរបស់សមាគមរថយន្តដឹកអ្នកដំណើរចិន China Passenger Car Association ឬហៅកាត់ថា CPCA បានបង្ហាញថា លទ្ធផលប្រចាំឆ្នាំមានចំនួនលើសពី ៤០០ ០០០គ្រឿងបាត់ទៅហើយ។ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ បើគិតពីរយៈពេលដ៏ខ្លីដែលវាចេញលក់នៅលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Hyundai ចង់ផលិតបន្ទះឈីបខ្លួនឯង កាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផ្សេង

ប្រធានផ្នែកប្រតិបត្តិការសកលរបស់ក្រុមហ៊ុន Hyundai Motor បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះ ចង់ផលិតបន្ទះឈីបផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត។

គួរឲ្យដឹងដែរថា បញ្ហាកង្វះខាតឧបករណ៍បន្ទះឈីបអេឡិចត្រូនិកជាសកល ដែលបង្កឡើងដោយសារតម្រូវការកុំព្យូទ័រយួរដៃ និងផលិតផលអេឡិចត្រូនិកដទៃទៀត ក្នុងអំឡុងពេលមានជំងឺកូវីដ១៩ បានបិទខ្សែសង្វាក់ផលិតកម្មរថយន្តមួយចំនួននៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២១ នេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Hyundai បានផ្អាករោងចក្រខ្លះជាបណ្តោះអាសន្ន ប៉ុន្តែនាយកប្រតិបត្តិសកលនៃក្រុមហ៊ុន Hyundai លោក Jose Munoz បានប្រាប់អ្នកយកព័ត៌មានថា អ្វីដែលអាក្រក់បំផុតបានកន្លងផុតទៅហើយចំពោះកង្វះបន្ទះឈីប។

លោក Munoz បាននិយាយថា “ឧស្សាហកម្មបន្ទះឈីប មានប្រតិកម្មយ៉ាងឆាប់រហ័ស” ដោយបន្ថែមថា ក្រុមហ៊ុន Intel កំពុងវិនិយោគប្រាក់យ៉ាងច្រើនដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន។ ប៉ុន្តែក្នុងករណីរបស់យើងៗចង់មានលទ្ធភាពផលិតបន្ទះឈីបផ្ទាល់ខ្លួននៅក្នុងក្រុម ដូច្នេះយើងនឹងមានការពឹងពាក់តិចតួចនៅក្នុងស្ថានភាពដែលបែបនេះ។ វាត្រូវការការវិនិយោគ និងពេលវេលាច្រើនប៉ុន្តែនេះគឺជាអ្វីដែលយើងកំពុងធ្វើការ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមឆ្នាំ២០៣០ Honda នឹងលក់តែឡានអគ្គិសនីប៉ុណ្ណោះនៅទីផ្សារប្រទេសចិន

ក្រុមហ៊ុន Honda បានប្រកាសពីមហិច្ឆតាធំមួយសម្រាប់ទីផ្សារប្រទេសចិន ដោយមានគោលដៅ​លក់​តែរថយន្តអគ្គិសនីសុទ្ធនៅលើទីផ្សារនេះចាប់ពីឆ្នាំ២០៣០តទៅ ហើយក្រុមហ៊ុន​ក៏​គ្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួន១០ ក្នុងរយៈពេល៥ឆ្នាំសម្រាប់ទីផ្សារនេះទៀតផង។

ដើម្បីសម្រេចតាមគោលដៅនេះបាន ចាប់ពីឆ្នាំ២០៣០តទៅ Honda នឹងលែងប្រកាសចេញរថយន្តប្រើសាំងស៊េរីថ្មីទៀតហើយ និង​ធ្វើ​ឲ្យ​រថយន្ត​ថ្មី​ដែល​ដាក់​លក់​លើ​ទីផ្សារក្លាយជាប្រភេទអគ្គិសនីទាំងអស់។

Honda នឹងប្រើប្រាស់ឈ្មោះ “e:N Series” សម្រាប់ដាក់ឲ្យរថយន្តអគ្គិសនីដែលលក់នៅប្រទេសចិន ដោយចាប់ផ្ដើមពីរថយន្ត e:NS1 និងរថយន្ត e:NP1។ រថយន្តអគ្គិសនីថ្មីៗនឹងផលិតឡើងដោយក្រុមហ៊ុន​ Dongfeng Honda និង GAC Honda ដែល​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​រោងចក្រផលិតរថយន្តអគ្គិសនីក្នុងឆ្នាំ២០២៤ និងមានការនាំចេញរថយន្ត e:N Series ទៅកាន់ទីផ្សារដទៃទៀតផងដែរ។

គួរដឹងថាទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិនកំពុងតែរីកចម្រើនខ្លាំង ដោយចំនួនលក់រថយន្តអគ្គិសនី និងរថយន្ត PHEV នៅប្រទេសនេះកាលពីខែកញ្ញាគឺមានកំណើន ២០២% ធៀបនឹងឆ្នាំមុន ជាមួយចំនួនលក់ចេញសរុប ៣៣៤ ០០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញរូបភាពថ្មីនៃឡាន HR-V ប្រភេទ Hybrid មុនការដាក់លក់នៅអឺរ៉ុបជាផ្លូវការ

រថយន្ត Honda HR-V e:HEV ស៊េរីឆ្នាំ២០២១ នឹងចាប់ផ្ដើម​បង្ហាញ​ខ្លួន​តាម​ហាងលក់​រថយន្ត​នៅអឺរ៉ុបនាចុងឆ្នាំនេះ ជាមួយតម្លៃលក់ដែលមានចាប់ពីប្រមាណ ៣៦ ៩៥០ដុល្លារឡើងទៅ។

ដើម្បី​ទាញយក​ចំណាប់អារម្មណ៍មុនការចេញលក់​ Honda បានបង្ហាញចេញរូបភាពថ្មីជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងខាងក្រៅ និងរូបរាងខាងក្នុងរបស់រថយន្ត SUV ថ្មីនេះ។

ពាក្យថា e:HEV នេះដែរគឺមានន័យថា Hybrid Electric Vehicle ដែលមានន័យថា HR-V ថ្មីនេះបានចូលរួមជាមួយ CR-V និងរថយន្ត Jazz ក្នុងនាមជាជម្រើសរថយន្ត Hybrid របស់ Honda នៅសហភាពអឺរ៉ុប។ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ប្រភេទ DOHC i-VTEC ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលសរុបចូលគ្នាផលិតកម្លាំងបាន១២៩សេះ។

ជាលទ្ធផលនៃជំនួយថាមពលអគ្គិសនី អាចឲ្យរថយន្តនេះស្ទុះដល់​ ១០០គ.ម/ម៉ ក្នុងពេល ១០,០៦វិនាទី។ រថយន្តនេះដែរមានសមត្ថភាពសន្សំសំចៃប្រេងបានល្អប្រសើរបំផុត ដោយជិះ១០០គីឡូម៉ែត្រ ស៊ីប្រេងប្រមាណ ៥,៤លីត្រ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានផ្នែកខាងក្នុង នៃ Honda Civic Type R ឆ្នាំ២០២២ មុនថ្ងៃប្រកាសចេញ

ក្រុមហ៊ុន Honda បានចាប់ផ្តើមធ្វើការបង្ហាញចេញជាបណ្តើរៗ នូវរូបរាងមួយផ្នែកនៃរថយន្ត Civic Type R ឆ្នាំ២០២២ ហើយឥឡូវនេះគេក៏ប្រមាញ់បានផ្នែកខាងក្នុងរបស់វាផងដែរ។

មិនខុសពីការរំពឹងទុក វាបានពាំនាំយកនូវកាប៊ីនស្រដៀងទៅនឹងរថយន្ត Honda Civic Hatchback ធម្មតា ជាពិសេសគឺតាប្លូ, រន្ធម៉ាស៊ីនត្រជាក់, អេក្រង់កម្សាន្ត និងប្លុកបញ្ជាជាដើម។ ដោយឡែក អ្វីដែលជាភាពខុសគ្នាត្រូវគេសម្គាល់ឃើញនោះគឺ កៅអីស្ព័រពណ៌ក្រហម, ខ្សែក្រវ៉ាត់ពណ៌ក្រហម, ឡូហ្គូ Type R លើកៅអី និង ថ្នេរដេរពណ៌ក្រហម។

មិនតែប៉ុណ្ណោះ អ្វីដែលគេចាប់អារម្មណ៍នោះគឺ គំរូរថយន្ត Civic Type R ឆ្នាំ២០២២ នោះ មានបំពាក់ប្រអប់លេខដៃ ៦វគ្គ ជាមួយនឹងចង្កឹះលេខស្រដៀងទៅនឹងស៊េរីមុនដែរ។ ក្រៅពីនោះ គឺវាប្រើដៃចង្កូតកាំម្ញី និងកន្លែងដាក់ដៃផ្នែកកណ្តាល។

គួររំលឹកថា ក្រុមហ៊ុន Honda បានបញ្ជាក់ថានឹងប្រកាសចេញរថយន្ត Civic Type R នៅឆ្នាំក្រោយជាផ្លូវការ ខណៈវានឹងក្លាយជាម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធចុងក្រោយបង្អស់របស់ Honda ដែលលក់នៅអឺរ៉ុប ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានប្តេជ្ញាទៅលើរថយន្តអគ្គិសនីវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន Honda បានបង្ហោះរូបថត ២សន្លឹក បង្ហាញឲ្យឃើញនូវរូបរាងរបស់ Civic Type R ប៉ុន្តែស្ថិតក្នុងសភាពបិទបាំងនៅឡើយ គ្រាន់តែបង្ហាញឲ្យឃើញនូវប៉ាណាមុខ និងរន្ធបឺតខ្យល់ធំជាងមុន, កាងមុខក្រោយមើលទៅធំជាង Civic Hatchback ធម្មតា, ដុំហ្វ្រាំង Brembo, កាងក្រោយ rear wing ធំជាងមុន ហើយមានបំពង់ស៊ីម៉ាំង ៣។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពី Civic Type R ថ្មីឡើយ ប៉ុន្តែរបាយការណ៍ចុងក្រោយមួយអះអាងថា វានឹងបំពាក់ម៉ាស៊ីនដែលទទួលបានការអាប់ដេត គឺ turbocharged ចំណុះ ២,០លីត្រ មានកម្លាំង ៣០៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ មិនតែប៉ុណ្ណោះ Honda នឹងផ្តោតទៅលើការអាប់ដេតប្រព័ន្ធជើងក្រោម និងហ្វ្រាំង ទៀតផង។

សូមបញ្ជាក់ជាថ្មីម្តងទៀតថា រថយន្ត Honda Civic Type R ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២២ ហើយនឹងបន្តប្រើប៉ុងមួយវិលកង់ក្រោយដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai Ioniq 5 ឆ្នាំ២០២២ ចេញលក់នៅប្រទេសនេះតែប៉ុន្មានម៉ោងសោះ ដាច់អស់គ្មានសល់

ក្រុមហ៊ុន Hyundai ប្រកាសចេញលក្ខណៈពិសេសលម្អិតនៃរថយន្ត Ioniq 5 ស៊េរីឆ្នាំ២០២២ ថ្មី សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ហើយក៏បានបញ្ជាក់ផងដែរថា សម្រាប់ចំនួនដំបូងទាំង ២៤០គ្រឿង គឺត្រូវលក់ដាច់អស់បាត់ទៅហើយ។

រថយន្ត Hyundai Ioniq 5 ឆ្នាំ២០២២ លក់នៅប្រទេសអូស្ត្រាលី មានជម្រើសកម្លាំងចំនួន ២ គឺ ប្រើម៉ូទ័រអគ្គិសនីមួយ និងប៉ុងក្រោយ មានកម្លាំង ២១៤សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ហើយមានតម្លៃចាប់ពី ៥២ ៨០០ដុល្លារ និងមួយទៀតគឺ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ២០៧សេះ និងកម្ឡាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ហើយមានតម្លៃចាប់ពី ៥៥ ៨០០ដុល្លារ។

រថយន្ត Ioniq 5 ប្រភេទប្រើប៉ុងមួយ នឹងផ្តល់ចម្ងាយបើកបរសរុប ៤៥០គីឡូម៉ែត្រ ខណៈពេលដែលប្រភេទប៉ុងពីរ អាចបើកបានត្រឹមចម្ងាយ ៤៣០គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង។

យ៉ាងណាមិញ ក្រុមហ៊ុន Hyundai Australia កំពុងតែធ្វើឲ្យយ៉ាងយករថយន្ត Ioniq 5 មកទីផ្សាររបស់ខ្លួនឲ្យបានច្រើន ស្របពេលអតិថិជនក្នុងស្រុកចំនួនជាង ១៣ ០០០នាក់ហើយ កំពុងចាប់អារម្មណ៍លើរថយន្តនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញចេញរថយន្តអគ្គិសនីថ្មីចំនួន ៥ម៉ូឌែល សម្រាប់ទីផ្សារប្រទេសចិន

ប្រទេសចិនគឺទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក ដូច្នេះហើយក្រុមហ៊ុន Honda បានប្រកាសពីគម្រោងដាក់បង្ហាញរថយន្តអគ្គសនីចំនួន ១០ម៉ូឌែលថ្មីសម្រាប់ទីផ្សារប្រទេសនេះ នៅរយៈពេល ៥ឆ្នាំខាងមុខ។

រថយន្តអគ្គសនីដែលនឹងបង្ហាញវត្តមាននាពេលខាងមុខនេះជាផ្នែកមួយនៃ e:N Series ហើយម៉ូឌែលពីរតំបូងឈ្មោះ e:NS1 និង e:NP1 នឹងដាក់លក់នៅលើទីផ្សារប្រទេសចិននាឆ្នាំក្រោយ នឹងតាមដោយម៉ូឌែល e:N Coupe, e:N GT និង e:N SUV Concept។

សម្រាប់ត្រកូល e:N Series នឹងបង្ហាញចេញអត្ថសញ្ញាណនៃ ថាមពល ឆ្លាត និងភាពស្រស់ស្អាត។ ដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង e:N Architecture ចំនួន ៣ផ្សេងៗគ្នា ដោយផ្តល់នូវជម្រើសការបើកបរ RWD, FWD និង AWD។

Honda ពុំទាន់បង្ហាញចេញព័ត៌មានអោយស៊ីជម្រៅនោះឡើយ ប៉ុន្តែបានអះអាងថា e:NS1 និង e:NP1 នឹងផ្តល់នូវចម្ងាយបើកបរ ៥០០គីឡូម៉ែត្រ និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ោង ប្រើពេលតិចជាង ៨វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford និង VW បង្ហាញចេញរថយន្តដឹកអ្នកដំណើរ ដែលជាការចាប់ដៃគ្នាផលិតឡើង

ត្រឡប់ទៅកាន់ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុន Ford និង Volkswagen បានប្រកាសភាពជាដៃគូររួមគ្នា ក្នុងការអភិវឌ្ឍន៍រថយន្ត បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងប្រើប្រាស់គ្រោងឆ្អឹង MEB platform លើរថយន្តអគ្គសនីរបស់ Ford និងការអភិវឌ្ឍន៍រថយន្ត Volkswagen Amarok ជំនាន់ថ្មី ដែលប្រើប្រាស់គ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Ford Ranger សេរ៊ីថ្មី។

ជាមួយកិច្ចព្រមព្រៀងនេះ Ford និង​ VW នឹងធ្វើការរួមគ្នាដើម្បីផលិតរថយន្តភីកអាប់ និងរថយន្តសម្រាប់ដឹកចំនួន ៨លានគ្រឿង។ ជាក់ស្តែងនាពេលនេះសម្មតិផលនេះបានបង្ហាញចេញ ជាមួយរថយន្តដឹកអ្នកដំណើរ (Van) ឈ្មោះថា Ford Tourneo Connect។

ជាក់ស្តែងវាបានបំពាក់ជាមួយកៅអីបីជួរ ដែលមានកន្លែងដាក់ឥវ៉ាន់បានចំនួន ៣ ១០០លីត្រ។ បន្ថែមពីនេះវាក៏បានបំពាក់ជាមួយថាសកង់ទំហំ ១៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨,២៥អ៊ីញ និងកុងទ័របង្ហាញទំហំ ១០,២៥អ៊ីញ។

សម្រាប់រថយន្ត Ford Tourneo Connect បំពាក់ជាមួយជម្រើសម៉ាស៊ីនចំនួន ៣ជម្រើសគឺ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង EcoBoost ផលិតកម្លាំងបាន ១១២សេះ និងម៉ាស៊ីនម៉ាស៊ូត EcoBlue ផលិតកម្លាំងបាន ១២០សេះ និង ១១០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយមុខមាត់ថ្មី Ford Ranger ឆ្នាំ២០២៣ ស្រដៀងគ្នានឹងភីកអាប់ខ្នាតតូច Maverick

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Ford បានធ្វើការបញ្ចេញនូវរូបភាពពញ្ញាក់អារម្មណ៍ (Teaser) រួចមកហើយ សម្រាប់រថយន្ត Ford Ranger ឆ្នាំ២០២៣ ប៉ុន្តែគេនៅតែពុំទាន់មើលឃើញពីការផ្លាស់ប្តូរថ្មីនៃរថយន្តនេះ។

ជាក់ស្តែងថ្ងៃនេះ យោងតាមគេហទំព័រ Ranger6G បានធ្វើការបង្ហាញចេញនូវរូបភាពនៃរថយន្តភីកអាប់នេះកំពុងរត់នៅលើផ្លូវដោយពុំមានការបិទបាំងផ្នែកខាងមុខជិតដូចពេលកន្លងឡើយ។ ដូចទៅនឹងរូបភាពដែលបានបញ្ចេញនេះ ផ្នែកខាងមុខបំពាក់ជាមួយប៉ាណា អមដោយចង្កៀង និងអំពូលបំភ្លឺពេលថ្ងៃ រាងជាអក្ស C, Air intake នៅចំកណ្តាល និងកម្ពស់កាងទាបជាងមុន។

សម្រាប់ម៉ូឌែលឆ្នាំ២០២៣ថ្មី វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង T6 platform ជម្រើសម៉ាស៊ីន ២,៣លីត្រ EcoBoost ៤ស៊ីឡាំង កម្លាំង ៣០០សេះ និងកម្លាំង៤៤១ញ៉ូតុនម៉ែត្រ ឬ ២,៧លីត្រ EcoBoost ៦ស៊ីឡាំង កម្លាំង ៣៣០សេះ និងកម្លាំង ៥៦៣ញ៉ូតុនម៉ែត្រ ឬ ជម្រើសម៉ាស៊ីន ៣,០លីត្រ EcoBoost V6 កម្លាំង ៤០០សេះ និងម៉ាស៊ីន Plug-in Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! SUV ប្រណិតខ្នាតធំ Lexus LX សេរ៊ីឆ្នាំ២០២២ ចេញជាផ្លូវការ

ប្រិយមិត្តអ្នកស្នេហារថយន្ត Lexus ជាច្រើនបាននឹងកំពុងរង់ចាំនៃការបង្ហាញវត្តមានជាផ្លូវនៃរថយន្ត SUV ដ៏ប្រណិត និងសម្ថភាពខ្លាំងក្លានេះ នាពេលនេះផងដែរ ក្រុមហ៊ុន Lexus បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្ត SUV នេះជាផ្លូវការ ជាមួយការវិវត្តន៍ថ្មីកាន់តែទំនើប និងខ្លាំងក្លា។

ចាប់ផ្តើមនៅផ្នែកខាងក្រៅ លក្ខណៈឌីស្សាញបានវិវឌ្ឍន៍ជាមួយប៉ាណាស្ពាន់ផ្នែកខាងមុខរចនាជារបាបន្ទះចំនួន៧ ដោយនៅចន្លោះនៃរបាបន្ទះទាំងនោះនឹងជួយអោយខ្យល់ចូលក្នុងម៉ាស៊ីនរថយន្តអោយមានភាពត្រជាក់។ បន្ថែមជាមួយចង្កៀងមុខ LED រូបរាងស្លីមជាងមុន ព្រមទាំង Air Intake ធំជាងមុន និងបំពាក់ជម្រើសថាសកង់រហូតដល់ ២២អ៊ីញផងដែរ។ រីឯផ្នែកខាងក្រោមបានទទួលការផ្លាស់ប្តូរថ្មីទាំងស្រុងជាមួយអំពូល LEDក្រោយអូសជាខ្សែបន្ទាត់ពីជំហៀងផ្នែកខាងឆ្វេង រហូតមកដល់ផ្នែកខាងស្តាំ បន្ថែមជាមួយការជំនួនថ្មីនូវអក្សរឡូហ្គូ LEXUS  នៅលើទ្វាក្រោយដូចគ្នានឹងរថយន្ត NX ឆ្នាំ២០២២ ផងដែរ។

បន្តចូលទៅផ្នែកខាងមុខនៃរថយន្ត SUV នេះទទួលបានការឌីស្សាញកាន់តែទំនើប តួរយ៉ាងបានបំពាក់ជាមួយកៅអីស្បែកប្រណិត ព្រមទាំងបានប្រើប្រាស់ជាមួយឈើលើផ្នែកមួយចំនួន រួមបន្ថែមជាមួយប្រព័ន្ធតន្ត្រីដ៏ទំនើបម៉ាក Mark Levinson ចំនួន ២៥ចំណុច។ លើសពីនេះរថយន្តនេះក៏បានជាមួយការបំពាក់អេក្រង់ចំនួន២ ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Navigation, Audio Control, កាំមេរ៉ា, ប្រព័ន្ធ Multi-Terrain Monitor បង្ហាញពីឧបសគ្គភ្លាមៗ ខណៈដែលអេក្រង់ទំហំ ៧អ៊ីញ ផ្តោតសំខាន់ទៅលើប្រព័ន្ធ Climate Control និងប្រព័ន្ធ Multi-Terrain Select ក្នុងការជ្រើសរើសជម្រើសការបើកបរល្អបំផុត។

កាន់តែពិសេសជាមួយកៅអីផ្នែកខាងក្រោយនៃរថយន្ត បានពង្រីកខ្លួនជាមួយកន្លែងសម្រាកជើងទូលាយជាងមុន ១ ០៩២មីលីម៉ែត្រ និងខណ្ឌដោយ Console ដែលភ្ជាប់មកជាមួយរន្ធ USB, រន្ធសាកថ្ម DC និងឥតខ្សែ, កន្លែងដាក់កែវ និងឥវ៉ាន់ ព្រមទាំងអេក្រង់ Touchscreen ថ្មីដែលអាចបញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ ភ្លើងអំពូលបំភ្លឺ សម្រាប់ការអានផងដែរ។

រីឯប្រព័ន្ធជើងក្រោមនៃរថយន្ត វាបានបំពាក់ជាមួយ Double Wishbone Suspension និងបូមរ៉ឺស័រផ្នែកខាងមុខក្នងជួយរក្សាលំនឹងដៃចង្កូត និង Four-Link rear Suspension ក្នុងការជួយអោយការបើកបរមានផាសុខភាព និងស្ថេរភាព ។ Shock Absorber បានផ្លាស់ប្តូរថ្មីក្នុងការអាចអោយវាដើរតាមចលនានៃការបញ្ឈប់នៃកង់ និងកាត់បន្ថយនៃការរលាក់ និង Adaptive Variable Suspension ក្នុងការគ្រប់គ្រងប្រព័ន្ធបូម។ បន្ថែមពីនេះវាក៏បានបំពាក់ជាមួយចង្កូតប្រភេទអេឡិចត្រូនិច, ប្រព័ន្ធសុវត្តិភាព Lexus Safety System +2.5 ស្តង់ដារ និងប្រព័ន្ធជំនួយការបើកបរជាច្រើនបន្ថែមទៀត ដូចជា Crawl Control, Downhill Assist Control និង Active Height Control។

ខណៈពេលដែល Lexus មិនបានបង្ហាញពីលក្ខណៈជាក់លាក់ក្រុមហ៊ុនបានបញ្ជាក់ថារថយន្ត LX 600 ឆ្នាំ ២០២២ នឹងត្រូវបានផ្តល់ជូនជាមួយជម្រើសម៉ូឌែល Standard, Premium, Luxury, Ultra Luxury, F Sport និងពីម៉ូឌែលថ្មីដែលបង្ហាញខ្លួននាពេលឆាប់ៗ។

សម្រាប់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 នៅលើម៉ូឌែលកន្លង ត្រូវបានក្រុមហ៊ុន Lexus ផ្លាស់ប្តូរមកប្រើម៉ាស៊ីនថ្មីចំណុះ ៣,៥លីត្រ Turbo V6 ជាមួយបងប្អូនខ្លួន Toyota Land Cruiser ដែលវាអាចផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី ១០វគ្គអូតូ។

LX សេរ៊ីឆ្នាំ២០២២ មានទំងន់តិចជាងជំនាន់មុនចំនួន ២០០ គីឡូក្រាម ដោយសារទ្វារអាលុយមីញ៉ូម និងគ្រោងតួខ្លួនថ្មី។ Lexus មិនបាននិយាយអ្វីច្រើនអំពីរថយន្តស៊េរីក្រោយនេះទេ ប៉ុន្តែបានកត់សម្គាល់ថារថយន្តនេះមានភាពរឹងមាំជាងមុន ២០%។ រថយន្ត Lexus LX ឆ្នាំ ២០២២ នឹងបង្ហាញវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិចនៅត្រីមាសទីមួយឆ្នាំក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+