ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ជំនាន់ក្រោយ ទំនងទទួលបានជម្រើសម៉ាស៊ីនដើរដោយថាមពលអ៊ីដ្រូហ្សែន

ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើម៉ាស៊ីនដើរថាមពលអ៊ីដ្រូហ្សែន សម្រាប់រថយន្ត Prius ជំនាន់ថ្មីដែលជាផ្នែកមួយថ្មីនៃម៉ាស៊ីនប្រភេទ Plug-in Hybrid។

កាលពីប៉ុន្មានសប្តាហ៍មុនទស្សនាវដ្តី Forbes បានរាយការណ៍ថា Toyota បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់បង្ហាញរថយន្ត Prius ជំនាន់ទី ៥ នៅចុងឆ្នាំ ២០២២។ រថយន្តមួយនេះទំនងជាកូនកាត់សាំង ប៉ុន្តែជម្រើសទីពីរដែលត្រូវបានគេរំពឹងថានឹងមកដល់នៅឆ្នាំ ២០២៣ ត្រូវបានគេនិយាយថានឹងបញ្ចូលម៉ាស៊ីនចំហេះខាងក្នុងអ៊ីដ្រូសែន ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ។ បន្ថែមពីនេះ តាមរបាយការណ៍ថ្មីៗនេះដោយគេហទំព័រ Best Car Web ក៏បាននិយាយអំពីរថយន្ត Prius PHEV ដើរដោយថាមពលអ៊ីដ្រូសែនដែរ ប៉ុន្តែវាអះអាងថាវានឹងមិនលេចចេញជារូបរាងមុនឆ្នាំ ២០២៥ ឡើយ។

ចាប់តាំងពីវាបង្ហាញខ្លួនតាំងពីឆ្នាំ ១៩៩៧ Toyota Prius គឺជាអ្នកត្រួសត្រាយផ្លូវក្នុងបច្ចេកវិទ្យាកូនកាត់។ ទោះយ៉ាងណាក៏ដោយឥឡូវនេះយានយន្តប្រើថាមពលអគ្គីសនីកំពុងក្លាយជាបទដ្ឋានថ្មី ដោយតម្រូវអោយស្វែងរកវិធីផ្សេង ដើម្បីសម្គាល់ខ្លួននៅលើទីផ្សារ ខណៈពេលដែលរក្សាបាននូវការកាត់បន្ថយការប៉ះពាល់បរិស្ថាន។

តាមរយៈការផ្តល់នូវជម្រើសម៉ាស៊ីនកូនកាត់អ៊ីដ្រូហ្សែន សម្រាប់រថយន្ត Prius ជំនាន់ទី៥នេះ គេជឿជាក់ថា Toyota ប្រហែលជារកឃើញនូវវិធីសាស្រ្តដ៏ឆ្លាតវៃដើម្បីរក្សាបាននូវប្រជាប្រិយនៃរថយន្តនេះ បន្ថែមជាមួយការផ្តល់នូវការមិនប៉ះពាល់ដ៏បរស្ថានផងដែរ។ ប៉ុន្តែក៏មានបញ្ហាមួយដែរកើតឡើងផងដែរ គឺកន្លែងចាក់អ៊ីដ្រូហ្សែន ថាតើមានគ្រប់គ្រាន់ឬទេ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែថ្លៃថែទាំឡាន Bugatti Chiron Pur Sport រៀងរាល់៤ឆ្នាំម្ដង ត្រូវអស់លុយជិត៤០ម៉ឺនដុល្លារ

នៅទីផ្សារអន្តរជាតិ រថយន្ត Bugatti Chiron Pur Sport មានដាក់លក់តម្លៃប្រមាណ ៣,៦លានដុល្លារ ហើយវាមានផលិតត្រឹម៦០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារពិភពលោក។

អំឡុងពេលដែលទៅដល់ទីតាំងលក់រថយន្ត Bugatti ផ្លូវការនៅសិង្ហបុរី បុរសម្នាក់ឈ្មោះថា Muhammad Al Qawi Zamani ដែលជាអ្នកផ្សព្វផ្សាយដំណឹងពីរថយន្ត បានមានឪកាសសិក្សាអំពីថ្លៃថែទាំរថយន្ត Chiron Pur Sport ដើម្បីឲ្យវា​នៅ​មាន​លក្ខណៈសម្បត្តិល្អ។

តាមនោះដែរ ការប្ដូរប្រេងសម្រាប់ម៉ាស៊ីន ១៦ស៊ីឡាំង ចំណុះ៨,០លីត្រ របស់រថយន្តនេះគឺត្រូវចំណាយអស់ប្រមាណ ២៥ ០០០ដុល្លារ ដែលត្រូវប្ដូររៀងរាល់ ១៤ខែម្ដង ឬពេលជិះបានចម្ងាយ ១៦ ០០០គីឡូម៉ែត្រ។

ដោយឡែកចំពោះប្រព័ន្ធហ្វ្រាំង ស្បែកហ្វ្រាំងខាងមុខ​នឹងត្រូវអស់ទឹកប្រាក់ប្រមាណ ៤៩ ៧០០ដុល្លារ ពេលដែលត្រូវប្ដូរ, ដុំហ្វ្រាំងមានតម្លៃប្រមាណ ៩ ០០០ដុល្លារ ខណៈដែលការប្ដូរប្រេងហ្វ្រាំងគឺត្រូវចំណាយប្រមាណ ៥៩ ០០០ដុល្លារ។

ចូលដល់ផ្នែកដែលមានអាយុកាលវែងចាប់ពី ៤២ ទៅ ៤៨ខែ ដូចជា​តម្រងខ្យល់មានតម្លៃប្រមាណ ២២ ០០០ដុល្លារ, Turbocharger មានតម្លៃប្រមាណ ២៦ ០០០ដុល្លារ, ធុងប្រេងមានតម្លៃប្រមាណ ៤៤ ០០០ដុល្លារ, ផ្ទាំងកញ្ចក់មុខមានតម្លៃប្រមាណ ៥៩ ៨៥៥ដុល្លារ, ផ្លិតទឹកមានតម្លៃប្រមាណ ៣ ៨០០ដុល្លារ, ការត្រួតពិនិត្យម៉ាស៊ីនដើម្បីធានាថាមានសមត្ថភាពល្អមានតម្លៃប្រមាណ ២៨ ៦០០ដុល្លារ ហើយការលាបពណ៌ទឹកថ្នាំឡើងវិញត្រូវចំណាយប្រមាណ ៥៥ ០០០ដុល្លារ។

ជារួមទៅ ថ្លៃថែទាំរថយន្ត Chiron Pur Sport ក្នុងអំឡុងរយៈពេល៤ឆ្នាំ នឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ៣៨០ ០០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលកម្រៃបន្ថែមផ្សេងៗនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ជំនាន់ថ្មីដូររាងថ្មី ទំនងជាប្រកាសចេញឆ្នាំ២០២៣

បើផ្អែកតាមវិបសាយ Ranger6G.com បានអះអាងថាប្រភពផ្ទៃក្នុងរបស់ Ford បានផ្ដល់ដំណឹងដល់វិបសាយនេះថារថយន្ត Ranger ជំនាន់ថ្មី នឹងបង្ហាញខ្លួនជាលក្ខណៈសកលនៅក្នុងឆ្នាំ២០២៣ ដោយ​ចេញលក់មុនគេនៅទីផ្សារប្រទេសអូស្ត្រាលី និងប្រទេសថៃ រួចទើបចេញ​លក់​នៅ​សហរដ្ឋអាមេរិក។

ផ្ទៃក្នុងក្រុមហ៊ុន Ford បានហៅរថយន្តថ្មីនេះថា P703 ដែលឈ្មោះ P703N គឺជាឈ្មោះម៉ូដែលដែលបង្កើតឡើងជាពិសេសសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

វិបសាយដដែលបាន​និយាយថារថយន្ត Ford Ranger ជំនាន់ថ្មីបានសម្រេចលើការឌីហ្សាញចុងក្រោយកាលពីឆ្នាំ២០១៩ ដែលការផលិតសម្រាប់ទីផ្សារអាមេរិកនឹងចាប់ផ្ដើមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ និងចាប់ផ្ដើមដឹកជញ្ជូនដល់ហាងលក់នៅលឿនបំផុតគឺថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។

Ford បានបណ្ដាក់ទុនជាង ១ពាន់លានដុល្លារ លើការផលិតរថយន្ត Ford Ranger ជំនាន់ថ្មី ដែលនឹងត្រូវនាំចេញទៅកាន់ទីផ្សារជាង១០០ទូទាំងពិភពលោក។ រថយន្តថ្មីនេះគឺជាកិច្ចសហការជាមួយ Volkswagen ដែលក្នុងនោះក៏មាន​ការ​ផលិត​ចេញ​រថយន្ត Amarok ជំនាន់ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតឡាន Super Sport 300+ ផលិតរួចរាល់ជាបណ្ដើរៗហើយ

Bugatti បានសម្រេចការផលិតរថយន្ត Chiron Super Sport 300+ ចំនួន៨គ្រឿងដំបូងគេ ដែលនឹងត្រូវដឹកជញ្ជូនទៅជូនអតិថិជនតាមទីតាំងផ្សេងៗគ្នា។

វាមានរយៈពេល២ឆ្នាំហើយ ចាប់តាំងពីរថយន្ត Chiron Super Sport 300+ ប្រភេទគំរូ បាន​ទម្លុះរបាំងល្បឿន ៣០០ម៉ាយ/ម៉ (៤៨២គ.ម/ម៉) ដែលអាចរត់ដល់ល្បឿន ៣០៤,៧៧៣ម៉ាយ/ម៉។ Bugatti បានចំណាយពេល២៤ខែចុងក្រោយ ដុសខាត់រថយន្តនេះ ហើយពេលនេះវា​រួចរាល់ក្នុងការដឹកជូនអតិថិជនហើយ។

រថយន្ត Chiron Super Sport 300+ នេះមានផលិតត្រឹម ៣០គ្រឿងប៉ុណ្ណោះ ដែលរថយន្តនីមួយៗគឺមានរូបរាងខាងក្រៅដូចគ្នា គឺពណ៌ខ្មៅដែលរំលេចដោយពណ៌ទឹកក្រូច។

គួរដឹងថារថយន្តដែលដល់ដៃអតិថិជន បានរឹតត្បិតល្បឿនអតិបរមានៅត្រឹម ២៧៥ម៉ាយ/ម៉ (៤៤២គ.ម/ម៉) ប៉ុណ្ណោះ ដោយគិតគូរពីកត្តាសុវត្ថិភាពជាចម្បង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ឈប់ប្រើសារធាតុស្បែកលើរថយន្តអគ្គិសនី ចាប់ពីម៉ូដែល C40 Recharge ទៅ

Volvo គឺជាក្រុមហ៊ុនចុងក្រោយគេដែលបានចូលរួមយុទ្ធនាការមិនប្រើប្រាស់សារធាតុស្បែក ដោយបានប្រកាសថាចាប់ពីរថយន្ត Volvo C40 Recharge តទៅ រថយន្តអគ្គិសនីទាំងអស់របស់ខ្លួននឹងមិនមានវត្ថុធាតុស្បែកនោះឡើយ។

Volvo C40 Recharge

នៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុន Volvo ដាក់គោលដៅថានឹងផលិតតែរថយន្តអគ្គិសនីមួយប្រភេទប៉ុណ្ណោះ ដែលនេះមានន័យថាក្រុមហ៊ុននេះនឹងលែងប្រើប្រាស់ស្បែកទាំងស្រុងតែម្ដង។

បន្ថែមពីនេះដែរ Volvo ក៏មានគោលបំណងចង់ក្លាយជាអាជីវកម្មដែលមានការផ្គត់ផ្គង់វិលជុំមួយនៅត្រឹមឆ្នាំ២០៤០។ តាមនោះដែរនៅត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុនមានគោលបំណងចង់ឲ្យ ២៥% នៃវត្ថុធាតុដែលខ្លួនប្រើលើរថយន្ត Volvo ថ្មីគឺមានទៅដោយសារធាតុកែច្នៃឡើងវិញ និងសារធាតុបែបជីវៈ និងធានាផងដែរថាដៃគូផ្គត់ផ្គង់របស់ខ្លួននឹងប្រើប្រាស់ថាមពលកែច្នៃ ១០០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla Model 3 លក់នៅឥណ្ឌា ទំនងត្រូវកល់បូមឲ្យខ្ពស់ជាងធម្មតា ព្រោះមូលហេតុនេះ

ក្រុមហ៊ុន Tesla កំពុងតែត្រៀមខ្លួនដើម្បីដាក់បង្ហាញចេញនូវរថយន្ត Model 3 លើទីផ្សារប្រទេសឥណ្ឌា ជាផ្លូវការ។ ប៉ុន្តែកម្ពស់បាតក្រោមនៃរថយន្តនេះ អាចជាបញ្ហាធំមួយ បើនិយាយពីស្ថានភាពផ្លូវនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ន។

រថយន្ត Tesla Model 3 សំណុំដើម មានកម្ពស់បាតក្រោមត្រឹម ៥,៥អ៊ីញ (១៤០មីល្លីម៉ែត្រ) ដែលវាមិនគ្រប់គ្រាន់ឡើយសម្រាប់គេចឲ្យផុតពីការកោសបាតក្រោម នៅពេលជិះកាត់ទួល (speed bump) ធំៗ នៅតាមផ្លូវក្នុងប្រទេសឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមអះអាងថា ក្រុមហ៊ុន Tesla កំពុងគ្រោងក្នុងការកល់បូមរថយន្ត Model 3 ឲ្យខ្ពស់ជាងមុន ១អ៊ីញ (២៥មីល្លីម៉ែត្រ) ទៀត សម្រាប់លក់ក្នុងប្រទេសឥណ្ឌា ព្រោះថាឈ្មួញក្នុងស្រុក មិនអាចសារ៉េរឺស័របូមរបស់វាបានឡើយ។

បញ្ហានេះត្រូវបានរកឃើញដោយគេហទំព័ររថយន្តឥណ្ឌា Autocar India បន្ទាប់ពីវាបានធ្វើការ Review រថយន្ត Tesla Model 3 ដោយសន្និដ្ឋានថា កម្ពស់បាតក្រោមរបស់វាត្រូវតែកល់ឡើងឲ្យខ្ពស់ជាងមុន។

មិនតែប៉ុណ្ណោះ គេហទំព័រនេះក៏បានរាយការណ៍ថា IDIADA Automotive Technology បានធ្វើតេស្តលើទួល (speed bump) ចំនួន ២០០កន្លែងខុសគ្នា ដោយក្នុងនោះរថយន្ត Model 3 បានកោសបាតក្រោមលើទួលសរុប ១៦០កន្លែងបាត់ទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti Q50 ឆ្នាំ២០២២ ចេញតម្លៃលក់ជាផ្លូវការ ចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត Q50 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ មុនពេលវាមកដល់ Showroom នាចុងខែនេះ។

រថយន្ត Infiniti Q50 ឆ្នាំ២០២២ ចែកចេញជា ៣ ម៉ូដែល គឺ Luxe, Sensory និង Red Sport 400។ លក្ខណៈពិសេសសំខាន់ៗមួយចំនួនលើរថយន្តនេះមានដូចជា ពូកស្បែក, កញ្ចក់ក្តោបអូតូ, Memory Seat, Individual Intelligent Keys និងប្រព័ន្ធសំឡេង Bose Performance Series Audio ជាដើម។ ជាមួយគ្នានេះដែរ Q50 ឆ្នាំ២០២២ បានបន្ថែមមុខងារ Apple CarPlay ឥតប្រើខ្សែ ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Q50 Luxe និង Sensory ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ខណៈ Q50 Red Sport 400 ប្រើម៉ាស៊ីនដូចគ្នា តែមានកម្លាំងដល់ ៤០០សេះ និងកម្លាំងរមួល ៤៧៤ញ៉ូតុនម៉ែត្រ។ គ្រប់ម៉ូដែលប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរផងដែរ។

ចំពោះតម្លៃវិញ រថយន្ត Infiniti Q50 Luxe ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤២ ១០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈពេលដែល Q50 Sensory មានតម្លៃចាប់ពី ៤៧ ៨០០ដុល្លារ និង Q50 Red Sport 400 មានតម្លៃចាប់ពី ៥៥ ៩៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ថា ឡានអគ្គិសនីរបស់ខ្លួន មិនត្រូវការចម្ងាយច្រើនជាង ៦០០គ.មឡើយ

រថយន្តអគ្គិសនីកំពុងក្លាយជារឿងធម្មតាមួយ ហើយជាមួយនឹងការរីកលូតលាស់នៃរថយន្តអគ្គិសនី ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងសម្លឹងរកមើលអ្វីដែលអាចធ្វើទៅបាន តាមរយៈម៉ូដែលថ្មីរបស់ពួកគេ។ ទោះជាយ៉ាងណា ក្រុមហ៊ុន BMW មិនមានគម្រោងផលិតរថយន្តអគ្គិសនី ដែលមានចម្ងាយបើកបរលើសពី ៣៩៣ម៉ាយ៍ ឬ ៦០០គីឡូម៉ែត្រនោះទេ។

ខណៈពេលនិយាយជាមួយកាសែតអូស្រ្តាលី Which Car ប្រធានគម្រោង BMW i4 លោក David Ferrufino បាននិយាយថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកភ្លើងនៅជុំវិញពិភពលោក មានន័យថា BMW មិនចាំបាច់ផលិតរថយន្តអគ្គិសនីដែលមានចម្ងាយបើកបរឆ្ងាយ ដូចគូប្រជែងនោះទេ។

លោក Ferrufino បាននិយាយថា “ចម្ងាយបើកបរមួយពាន់គីឡូម៉ែត្រ មិនមែនជាគោលដៅដែលយើងមានជាមួយរថយន្តប្រើថាមពលអគ្គិសនីរបស់យើងទេ។ យើងកំពុងកំណត់គោលដៅចម្ងាយ ៦០០ គីឡូម៉ែត្រ សម្រាប់រថយន្តប្រើថាមពលអគ្គីសនីរបស់យើង និង ១០០ គីឡូម៉ែត្រជាមួយរថយន្ត plug-in hybrid ក្នុងការបើកបរប្រចាំថ្ងៃ”។

លោក Ferrufino បានបន្ថែមទៀតថា ចម្ងាយបើកបររបស់រថយន្ត BMW គឺអាស្រ័យលើផ្នែកដែលវាប្រកួតប្រជែង។

“ឧទាហរណ៍ យើងមិនគិតថាចម្ងាយ ៦០០ គីឡូម៉ែត្រនឹងសមស្របសម្រាប់រថយន្ត BMW i3 ជារថយន្តទីក្រុងនោះទេ ប៉ុន្តែនៅពេលនិយាយអំពី BMW iX ឬ i4 យើងគិតថាចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ គឺជាដំណោះស្រាយដែលអតិថិជនពេញចិត្ត”។ នេះបើតាមសម្តីរបស់លោក Ferrufino៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន BMW X7 Nishijin Edition ឆ្នាំ២០២២ ថ្មី មានផលិតត្រឹម ៣គ្រឿងគត់

ក្រុមហ៊ុន BMW ទើបតែបានប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មីមួយទៀត សម្រាប់ទីផ្សារប្រទេសជប៉ុន គឺ BMW X7 Nishijin Edition។

រថយន្ត BMW X7 Nishijin Edition ឆ្នាំ២០២២ នេះ មានពណ៌ពិសេស ហៅថា Ametrine ពី BMW Individual។ វាត្រូវបានបំផុសគំនិតដោយត្បូងមានតម្លៃ ហើយត្រូវបានបង្កើតឡើងតាមរយៈការលាយបញ្ចូលគ្នានូវ ស្រមោលពណ៌ស្វាយ Amethyst និង ពណ៌លឿង Citrine ដែលមានស្រាប់របស់ BMW។ ជាលទ្ធផល វាបង្កើតបានជាពណ៌ស្វាយ ដែលធ្វើឲ្យ Nishijin Edition លេចធ្លោខ្លាំងខុសពីម៉ូដែល X7 ធម្មតា។

ចំណែកឯកាប៊ីនខាងក្នុងវិញ ក៏កាន់តែពិសេសដែរ។ ម៉ូដែលនេះទទួលបានឈ្មោះពី Nishijin-ori ដែលជាវាយនភ័ណ្ឌប្រពៃណី ត្រូវបានផលិតនៅក្នុងស្រុក Nishijin នៃខេត្ត Kamigyō-ku ក្នុងទីក្រុង Kyoto ប្រទេសជប៉ុន។ កាប៊ីនរបស់វាត្រូវបានបំពាក់ដោយវាយនភ័ណ្ឌពិសេស ដែលមានលំនាំស្មុគស្មាញ។ វាបបានបន្តតុបតែងលើប្លុកបញ្ជាផ្នែកកណ្តាល, តាប្លូ និង ផ្នែកខាងលើនៃ X7 Nishijin Edition ផងដែរ។

BMW បានបង្ហាញថា រថយន្ត X7 Nishijin Edition នឹងត្រូវផលិតត្រឹមតែ ៣គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ១៦,៨លានយ៉េន ឬ ១៥៣ ០០០ដុល្លារ សម្រាប់ទីផ្សារប្រទេសជប៉ុន។ វាត្រូវបានផលិតផ្អែកតាមម៉ូដែល 40d xDrive ដោយប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ turbo ទំហំ ៦ស៊ីឡាំង មានកម្ឡាំង ៣៣៥សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ទំនងជាឈប់​ផលិត​ឡាន Macan ប្រើប្រេង នៅឆ្នាំ២០២៤

រថយន្ត Porsche Macan ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈទំនងជាត្រូវពិឃាដចោលនៅ​ក្នុង​ឆ្នាំ២០២៤ ដោយសារការរឹតបន្តឹងលើ​ច្បាប់​បញ្ចេញឧស្ម័នពុល។

កន្លងមក គេ​ដឹងរួចមកហើយថារថយន្ត Macan ប្រភេទប្រើប្រេង អាចនឹងបន្តដាក់​លក់​ជាមួយ​រថយន្ត Macan ប្រភេទអគ្គិសនីដែល​នឹង​ចេញ​លក់​ឆាប់ៗ ហើយ​ក្នុងបទសម្ភាសន៍​កាលពីថ្មីៗនេះ ប្រធានផ្នែកផលិតផលរបស់ Porsche បាននិយាយថាប្រភេទប្រើប្រេងអាចនឹងបន្តដាក់លក់ប្រមាណ៣ឆ្នាំទៀត។

នៅពេលសួរថារថយន្ត Macan ប្រើប្រេងនឹងឈប់ផលិតពេលណានោះ ប្រធាន​ផ្នែកផលិតផល​របស់​ក្រុមហ៊ុន​បាននិយាយថា ៖ “បច្ចុប្បន្ននេះ នៅមិនទាន់​មាន​ការ​សម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ ប៉ុន្តែយើងសន្និដ្ឋានថា ២០២៤ នឹងជាឆ្នាំ (ដែលត្រូវបញ្ឈប់ការផលិត Macan ប្រើប្រេង)”។

គួរដឹងថារថយន្ត Macan ប្រភេទអគ្គិសនីសុទ្ធ ត្រូវបានគេដឹងទុកមុនថាវានឹងប្រើប្រាស់នូវគ្រោងឆ្អឹងថ្មីដែលមានឈ្មោះថា PPE ដែលជាការចូលរួមអភិវឌ្ឍន៍រវាងក្រុមហ៊ុន Porsche និង Audi ហើយវាទំនងជាមានបំពាក់បច្ចេកវិទ្យាអាគុយ ៨០០វ៉ុលដូចជារថយន្ត Taycan ដែរ ហើយទំនងជាអាចបើកបរបានឆ្ងាយជាងរថយន្ត Taycan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+