ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi R8 នឹងលែងមានវត្តមានបន្តនៅលើទីផ្សារអូស្ត្រាលី

មិនយូរប៉ុន្មានបន្ទាប់ពីក្រុម Nissan បានប្រកាសថា GT-R នឹងផ្តាច់ជីវិតចេញពីប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខ នាពេលនេះក្រុមហ៊ុន Audi ក៏បានបង្ហាញចេញថា R8 របស់ខ្លួនក៏ត្រូវបានផ្តាច់ជីវិតផងដែរ។

អ្នកនាំពាក្យម្នាក់មកពីក្រុមហ៊ុន Audi ប្រចាំប្រទេសអូស្ត្រាលីបានបញ្ជាក់ថាម៉ូឌែលរថយន្ត R8 ដែលលក់នៅលើទីផ្សារប្រទេសអូស្ត្រាលីមានបរិមាណទាប នឹងកាន់តែពិសេសចំពោះម៉ាស៊ីនជាក់លាក់ដើម្បីបំពេញតាមគោលការណ៍ស្តង់ដានៃការបំភាយឧស្ម័ននៃប្រទេសអូស្រ្តាលី ដូច្នេះ Audi បានសម្រេចចិត្តផ្តាច់ជិវិត R8 V10 ចេញពីប្រទេសអូស្ត្រាលី ប៉ុន្តែវានៅតែមានវត្តមាននៅលើទីផ្សារប្រទេសផ្សេងៗទៀត

រថយន្ត Audi R8 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០០៦ ក្នុងនាមជារថយន្ត Supercar ប្រគួតប្រជែង 911s និង Ferraris។ R8 ដំណើរការដោយម៉ាស៊ីនចំណុះ ៥,២លីត្រ V10 កម្លាំង ៥៦២សេះ ឬ ៦១២សេះ(សម្រាប់ប្រភេទខ្ពស់បំផុត) ភ្ជាប់ជាមួយប្រអប់លេខDl800 Dual-clutch ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram 1500 TRX Ignition Edition ថ្មី ផលិតមានកំណត់ តម្លៃចាប់ពីខ្ទង់ ៩ម៉ឺនដុល្លារ

Ram 1500 TRX គឺជាភីកអាប់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ននេះ ដោយសារតែ Performance ក៏ដូចជាសមត្ថភាព Off-road របស់វា។

ថ្មីៗនេះក្រុមហ៊ុន Ram បានប្រកាសចេញរថយន្ត 1500 TRX ម៉ូដែលពិសេសថ្មីមួយទៀត ហៅថា Ignition Edition ដែលមាននឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៨៧៥គ្រឿងប៉ុណ្ណោះ។

រថយន្ត Ram 1500 TRX Ignition Edition ថ្មីនេះ មានតួខ្លួនពណ៌ទឹកក្រូច ក៏ដូចជាកាប៊ីនខាងក្នុងរំលេចពណ៌ទឹកក្រូចផងដែរ។ ក្រៅពីនោះ វាក៏មានតែមពិសេស និងយ៉ាន់កង់ទំហំ ១៨អ៊ីញទៀតផង។

ភីកអាប់នេះមានបំពាក់កញ្ចប់ Option “Level 2 Equipment Group” ដោយក្នុងនោះរួមមាន ដំបូលកញ្ចក់វែង panoramic sunroof, ទ្រុងដឹកមានទំពក់ចងអីវ៉ាន់, ជណ្តើរទ្រុងដឹកក្រោយ, អំពូលហ្វ្រាំង LED, កុងទ័របាញ់លើកញ្ចក់ និង មុខងារហ្វ្រាំងអាសន្នសម្រាប់អ្នកថ្មើរជើង ផងដែរ។

រថយន្ត Ram 1500 TRX Ignition Edition នៅតែបន្តប្រើម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged ទំហំ ៨ស៊ីឡាំង ដដែល ដែលអាចបង្កើតកម្លាំងបាន ៧០២សេះ និងកម្លាំងរមួល ៨៨១ញ៉ូតុនម៉ែត្រ។ សូមបញ្ជាក់ថា ភីកអាប់នេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៩៣ ២៨០ដុល្លារឡើងទៅ ហើយនឹងចេញលក់នៅចុងឆ្នាំនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាមែន! ឡានអគ្គិសនីតម្លៃថោកបំផុតលើលោក មួយខែលក់ដាច់ជាង៤ម៉ឺនគ្រឿង

រថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ចិន គឺ Wuling Hong Guang MINI EV កំពុងឈានដល់ការលក់ក្នុងកម្រិតកំណត់ត្រាថ្មីម្តងទៀត។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ក្នុងខែសីហា បានបង្ហាញថា ក្រុមហ៊ុន Wuling បានលក់ដាច់រថយន្ត Hong Guang MINI EV សរុបមានចំនួន ៤១ ១៨៨ គ្រឿង ដែលវាជាកម្រិតខ្ពស់ថ្មីលើសពេលណាៗទាំងអស់។

បើប្រៀបធៀបទៅ ក្រុមហ៊ុន Tesla បានលក់ដាច់រថយន្តរបស់ខ្លួនសរុបចំនួន ៤៤ ២៦៤គ្រឿង ខណៈពេលដែល BYD ដែលជាគូប្រជែងដ៏ធំមួយដែរ មានលក់ដាច់រថយន្តរបស់ខ្លួនចំនួន ៦០ ៨៥៨គ្រឿង កាលពីខែសីហា។

គួរឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Wuling បានលក់ដាច់រថយន្ត Wuling Hong Guang MINI EV ប្រហែលជាជិត ៤០០ ០០០គ្រឿងមកហើយ។ បើគិតទៅ វាមិនមែនជាចំនួនតិចនោះទេ ព្រោះថារថយន្តនេះទើបតែមានវត្តមាននៅលើទីផ្សាររយៈពេល ១៥ខែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ន័រវេស ទំនងជាលក់ដាច់តែឡានអគ្គិសនីសុទ្ធ និងឡាន Hybrid ប៉ុណ្ណោះត្រឹមខែមេសាឆ្នាំ២០២២

ប្រទេសន័រវេសទំនងជាប្រទេសដំបូងគេ ដែលរថយន្តថ្មីៗលក់ចេញលើទីផ្សារនឹងមានតែជាប្រភេទរថយន្តអគ្គិសនី និងរថយន្ត Hybrid តែប៉ុណ្ណោះ ដែល​ការព្យារករណ៍បង្ហាញថាវាអាចកើតមានឡើងនៅលឿនបំផុតគឺនៅខែមេសា ឆ្នាំ២០២២។

គោលដៅនៃការលុបបំបាត់រថយន្តប្រើម៉ាស៊ីនរបស់ប្រទេសន័រវេសគឺនៅ​ក្នុង​ឆ្នាំ២០២៥ ដែល​លឿន​ជាងប្រទេស​មួយ​ចំនួន​ទៀត។ យ៉ាងណាក្ដី បើផ្អែកតាម​ការវិភាគលើ​ការធ្លាក់ចុះ​នៃ​រថយន្តម៉ាស៊ីននៅប្រទេសន័រវេសចាប់តាំងពីឆ្នាំ២០១៧មក សហព័ន្ធយានយន្តន័រវេស​អះអាងថា​ រថយន្តម៉ាស៊ីនអាចនឹងបាត់មុខពីទីផ្សាររថយន្តថ្មីនៅត្រឹមខែមេសាឆ្នាំក្រោយ។

បើមើលលើចំនួនលក់រថយន្តថ្មីប្រចាំខែសីហា ឆ្នាំ២០២១ នៅប្រទេសន័រវេស រថយន្តអគ្គិសនីគឺមានចំណែក ៧២% នៃចំនួនលក់​សរុប ខណៈដែលរថយន្ត Hybrid និង PHEV មានចំណែក ២០,៤% ដែលរថយន្តម៉ាស៊ីនប្រេងសាំងមានចំណែកត្រឹម ៤,៦% ហើយ​រថយន្ត​ម៉ាស៊ីនម៉ាស៊ូតមានចំណែក ៣,២%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Raize លេចមុខនៅវៀតណាម រំពឹងលក់តម្លៃជាង ២ម៉ឺនដុល្លារ

Raize គឺជារថយន្តតួខ្ពស់ខ្នាតតូចមួយ ដែលនឹងចេញលក់លើទីផ្សាររថយន្តវៀតណាមដោយក្រុមហ៊ុន Toyota ប្រចាំនៅវៀតណាមឆាប់ៗនេះ។ មុនការចេញលក់ជាផ្លូវការ មានហាងលក់ជាច្រើនបានចាប់ផ្ដើមទទួលការកក់ទិញពីអតិថិជន ដែលរំពឹងថានឹងបានរថយន្តប្រើប្រាស់នៅអំឡុងខែតុលា ឬខែវិច្ឆិកា។

Toyota Raize ដែលលក់នៅវៀតណាមមានបំពាក់ម៉ាស៊ីនចំណុះ ១,០លីត្រ ៣ស៊ីឡាំង ប្រភេទ Turbocharged អាចផលិតកម្លាំងបាន ៩៨សេះ និងប្រអប់លេខ CVT។ នៅលើទីផ្សារឥណ្ឌូណេស៊ីវិញ វាមានជម្រើសមួយទៀតដែលមានម៉ាស៊ីនចំណុះ ១,២លីត្រ អាចផលិតកម្លាំងបាន ៨៨សេះ និងប្រើលេខដៃ៥វគ្គ។

តម្លៃរបស់ Toyota Raize លក់នៅប្រទេសវៀតណាម នៅមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ប៉ុន្តែមានការរំពឹងទុកថាវានឹងមានតម្លៃចន្លោះប្រមាណ ២៣ ២៦៤ដុល្លារ ទៅប្រមាណ ២៤ ១៤០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រភេទ Hybrid ល្អបំផុតទាំង ១០ម៉ូឌែល សម្រាប់ឆ្នាំ២០២១

ជាមួយកម្រិតនៃការស៊ីប្រេង និងតម្លៃធ្វើអោយរថយន្តប្រភេទ Hybrid ធ្វើអោយរថយន្តទាំងនេះទទួលបានការគាំទ្រយ៉ាងខ្លាំង។ ខាងក្រោមនេះ គឺជារថយន្តប្រភេទ Hybrid ល្អបំផុត សម្រាប់ឆ្នាំ២០២១នេះ ដែលបានបង្ហាញពីកម្រិតស៊ីប្រេងពីទីភ្នាក់ងារ EPA។

  • Hyundai Ioniq Hybrid មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Toyota Prius មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,២លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Honda Insight មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Hyundai Sonata មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Toyota Camry មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Toyota Corolla មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Honda Accord មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,៩លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Toyota Avalon មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៥,៣លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Lexus ES មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • Kia Optima មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ៤,៦លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ចេញលក់លើទីផ្សារប្រទេសវៀតណាម ជាមួយតម្លៃចាប់ពី ២៣ម៉ឺនដុល្លារ

ក្រុមហ៊ុន JVA(Jeep Vietnam Automobile) ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Jeep បានធ្វើការចេញលក់នូវរថយន្ត RAM 1500 សម្រាប់ទីផ្សារប្រទេសវៀតណាម ជាមួយជម្រើស ៣ម៉ូឌែល។

ចំពោះទីផ្សារប្រទេសវៀតណាម RAM 1500 ផ្តល់ជម្រើស ៣ម៉ូឌែលគឺ Laramie, Laramie Night Edition និង Longhorn។ សម្រាប់ប្រភេទ Laramie មានតម្លៃ ៥ ៣៨៨លានដុង(២៣៦ ៥៥០ដុល្លារ), Laramie Night Edition មានតម្លៃ ៥ ៤៨៨លានដុង(២៤០ ៩៥០ដុល្លារ) និង Longhorn មានតម្លៃ ៥ ៦៨៨លានដុង(២៤៩ ៧៣០ដុល្លារ)។

ជាមួយតម្លៃនេះ RAM 1500 ធ្វើអោយវាក្លាយជារថយន្តភីកអាប់ថ្លៃជាងគេដែលកំពុងមានវត្តមាននៅលើទីផ្សារប្រទេសវៀតណាម និងមានតម្លៃថ្លៃជាងរថយន្ត Ford Ranger Raptor ជិត៥ដង (៥២ ៦៩០ដុល្លារ)។

រថយន្ត RAM 1500 បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៥,៧លីត្រ V8 ផលិតកម្លាំងបាន ៣៩៥សេះ និងកម្លាំងបង្វិល ៥៥៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះស៊ីសាំងចំនួន ១៧,៤លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 Adventure ២០២២ ចេញលក់នៅទីផ្សារអឺរ៉ុប ជាមួយរូបរាងកាន់តែទាក់ទាញខ្លាំង

ក្រុមហ៊ុនតូយ៉ូតា បានបញ្ចេញរថយន្ត RAV4 Adventure សម្រាប់ទីផ្សារអឺរ៉ុបជាមួយរូបរាងលេងខ្លួនកាន់តែទាក់ទាញខ្លាំង រួមជាមួយការផ្លាស់ប្តូរមុខងារខ្លះៗហើយនេះជាលើកទីមួយផងដែរ។ រថយន្ត Toyota RAV4 Adventure ២០២២ រចនាផ្នែកខាងមុខ ដូចគ្នាទៅនឹងម៉ូដែលសម្រាប់ទីផ្សារអាមេរិច ប៉ុន្តែមានចំនុចខុសគ្នាទៅលើប៉ាណា សំណាញ់ខ្យល់ និងរបាការពារខាងផ្នែកក្រោម មុខ និងក្រោយពណ៌ទឹកប្រាក់។

គួររំលឹកផងដែរថា ការរចនានេះដូចគ្នាទៅនឹងរថយន្តគំរូ Toyota FT-AC ២០១៧ ដើម្បីបង្ហាញពីការផ្លាស់ប្តូរនៃជំនាន់ទី៤ របស់រថយន្ត RAV4។ ការរចនាឡើងវិញថ្មីទៅលើចង្កៀងមុខ និងអំពូលកាត់អ័ព្ទ LED យ៉ាងពិសេសសម្រាប់ទីផ្សារនោះ។ សម្រាប់ប្រភេទ Adventure ឬយើងហៅថាផ្សងព្រេងនេះ ត្រូវបានលេងខ្លួនជាមួយពណ៌បែបគគី ឬហៅថាប្រផេះ ជាពីរពណ៌លាយគ្នាដូចទៅនឹងរថយន្ត FJ40 Land Cruiser និងថាសកង់ធំពណ៌ប្រផេះគ្រឿមទំហំ ១៩អុីញ។ សម្រាប់ម៉ាស៊ីនប្រភេទសាំងហាយព្រីត និងធម្មតា ក្រុមហ៊ុនតូយ៉ូតា បានរចនាថាសកង់ជា២ប្រភេទ មាន ១០ប្រឡោះ ដោយពណ៌ទឹកប្រាក់បែបភ្លឺ (ប្រភេទលំដាប់កណ្តាល) និងខ្មៅរលោង (ប្រភេទលំដាប់ខ្ពស់)។

ចូលមកដល់ផ្នែកខាងក្នុងវិញ ត្រូវបានរៀបចំជាមួយពណ៌ខ្មៅ ពួកស្បែករំលេចដោយថ្នេរដេរពណ៌ទឹកក្រូច រួមជាមួយបរិក្ខាបំពាក់យ៉ាងប្រណិត ផ្តល់នូវអារម្មណ៌ស្រស់ស្រាយ។ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងហាយប្រ៊ីតជំនាន់ទី៤ ២,៥លីត្រ កម្លាំង ២១៩សេះ កម្លាំងរមួល ២២១ញ៉ូតុនម៉ែត្រ ប្រើប្រាស់បច្ចេកវិទ្យាបើកបរប៉ុង២ ប្រភេទ AWD-i system។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បង្ហាញឡូហ្គូថ្មី សាមញ្ញជាងមុន

ក្រុមហ៊ុន Volvo បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបង្អស់មួយ ដែលបានធ្វើបច្ចុប្បន្នភាពឡូហ្គូរបស់ខ្លួន ដោយទទួលយកកំណែដែលសាមញ្ញជាងមុននៃនិមិត្តសញ្ញា “Iron Mark” ដ៏ល្បីល្បាញ។

និមិត្តសញ្ញា Iron Mark ដែលរចនាឡើងថ្មីនេះ មានលក្ខណៈបែប 2D, សាមញ្ញ និងមានពណ៌ខ្មៅ។ បើប្រៀបធៀបជាមួយនឹងឡូហ្គូចាស់ វាមានលក្ខណៈបែប minimalist ជាងការរចនា 3D ចាស់ដែលបានប្រើពីមុនមក។

ខណៈពេលដែលក្រុមហ៊ុន Volvo បានបញ្ជាក់ថា ខ្លួនពិតជាបានធ្វើបច្ចុប្បន្នភាពឡូហ្គូ Iron Mark របស់ខ្លួនមែន ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើពេលណាទើបក្រុមហ៊ុនផលិតរថយន្តស៊ុយអែតខាងលើ នឹងចាប់ផ្តើមប្រើវានៅលើរថយន្តរបស់ខ្លួន។

បើយោងតាមសារព័ត៌មានរថយន្តម៉ាឡេស៊ី Paul Tan បានអះអាងថា ក្រុមហ៊ុន Volvo អាចបន្តប្រើឡូហ្គូបច្ចុប្បន្នរហូតដល់ឆ្នាំ ២០២២ មុននឹងប្តូរទៅការរចនាថ្មី ចាប់ពីឆ្នាំ ២០២៣ តទៅ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Volvo បានប្រើប្រាស់ឡូហ្គូ Iron Mark របស់ខ្លួន តាំងពីឆ្នាំ ១៩៣០ មកម្ល៉េស ទោះបីជាវាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនឆ្នាំមកហើយក្តី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ហាកង្វះខាតបន្ទះឈីប អាចធ្វើឲ្យឧស្សាហកម្មរថយន្ត ខាតបង់ ២១០ ពាន់លានដុល្លារនៅឆ្នាំនេះ

បញ្ហាខ្វះខាតបន្ទះឈីបអេឡិចត្រូនិក នៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មរថយន្តហើយយោងតាមក្រុមហ៊ុនពិគ្រោះយោបល់ AlixPartners បានឲ្យដឹងថា វាអាចធ្វើឲ្យឧស្សាហកម្មនេះចំណាយមិនតិចជាង ២១០ ពាន់លានដុល្លារឡើយ នៅឆ្នាំនេះ។

ក្រុមហ៊ុន AlixPartners ធ្លាប់បានធ្វើការព្យាករណ៍កាលពីខែឧសភាថា កង្វះខាតបន្ទះឈីបនេះអាចធ្វើឲ្យឧស្សាហកម្មរថយន្តខាតបង់អស់ ១១០ ពាន់លានដុល្លារ និងនាំឲ្យចំនួនផលិតរថយន្តតិចជាងមុន ចំនួន ៣,៩ លានគ្រឿង។ បន្ថែមពីលើតួលេខដែលលើសពីការប៉ាន់ស្មានខាងលើ ក្រុមហ៊ុនប្រឹក្សានេះក៏បាននិយាយដែរថា ការផលិតរថយន្តចំនួន ៧,៧ លានគ្រឿង អាចនឹងត្រូវបាត់បង់។

លោក Mark Wakefield មកពី AlixPartners បាននិយាយថា “ជាការពិតណាស់ មនុស្សគ្រប់គ្នាសង្ឃឹមថាវិបត្តិបន្ទះឈីបនឹងធូរស្រាលជាងមុននៅពេលនេះ ប៉ុន្តែព្រឹត្តិការណ៍អកុសលដូចជា ការបិទខ្ទប់កូវីដ១៩ នៅម៉ាឡេស៊ី និងបញ្ហាបន្តនៅកន្លែងផ្សេងទៀត បានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង”។

នាយកគ្រប់គ្រងនៅក្រុមហ៊ុន AlixPartners លោក Dan Hearsch បានបន្ថែមថា “រាល់កង្វះខាត ឬការរំខានដល់ការផលិតនៅផ្នែកណាមួយ គឺសុទ្ធតែប៉ះពាល់ដល់ក្រុមហ៊ុននៅជុំវិញពិភពលោក ហើយផលប៉ះពាល់ឥឡូវនេះត្រូវបានពង្រីកដោយសារតែកង្វះខាតផ្សេងទៀតផងដែរ”។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តធំៗភាគច្រើន នៅតែបន្តប្រឈមមុខនឹងកង្វះខាតបន្ទះឈីបនេះ ហើយតែងតែប្រកាសពីការផ្អាកការផលិតកម្មនៅរោងចក្រជុំវិញពិភពលោកទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+